អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ចិន​ក្រោម​ការ​ដឹកនាំ​របស់​ម៉ៅសេទុង​ក្រោយ​ជ័យជម្នះ​ឆ្នាំ​១៩៤៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​សាធារណរដ្ឋ​ប្រជាមានិតចិន​ ក្រោម​ការ​ដឹកនាំ​របស់​ម៉ៅសេទុង ក្រោយ​ជ័យជម្នះ​លើ​រដ្ឋាភិបាល​ចាង កាយចៀក នៅ​ឆ្នាំ​១៩៤៩។

ផ្សាយពាណិជ្ជកម្ម

សាធារណរដ្ឋ​ប្រជាមានិតចិន (ចិន​កុម្មុយនិស្ត) ត្រូវ​បាន​ម៉ៅសេទុង​ប្រកាស​បង្កើតឡើង នៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៤៩ ក្រោយ​ពី​បាន​បណ្តេញ​រដ្ឋាភិបាល​គួមីនតាង របស់​ចាង កាយចៀក​ឲ្យ​ធ្លាក់​ពី​អំណាច ហើយ​រត់ទៅ​បង្កើត​រដ្ឋាភិបាល​និរទេស នៅ​កោះតៃវ៉ាន់។

ការ​ឡើងមក​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​កើតឡើង ដោយ​សារ​តែ​ចរន្ត​បី នៃ​សាធារណមតិចិន ដែល​វេញ​បញ្ចូល​គ្នា៖

  • ទីមួយ ចលនា​ជាតិនិយម​ចិន​ប្រឆាំង​នឹង​បរទេស ដែល​បាន​កើតមាន​ឡើង​ចាប់តាំង​ពី​សង្រ្គាមអាភៀន នៅ​អំឡុង​សតវត្សរ៍​ទី​១៩
  • ទីពីរ ការចងអាឃាត​រវាង​វណ្ណៈ​ខ្ពស់ទាប ជាពិសេស រវាង​វណ្ណៈ​កសិករ និង​អភិជន​ម្ចាស់ដី
  • ទីបី ការ​ខឹងសម្បារ​​របស់​ប្រជាជន​ទូទៅ​គ្រប់​វណ្ណៈ​ទាំងអស់​ចំពោះ​អំពើ​ពុករលួយ និង​អសមត្ថភាព​របស់​របស់​រដ្ឋាភិបាល​គួមីនតាង​របស់​ចាង កាយចៀក

នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត ប្រជាជន​ចិន​ទាំងអស់​ត្រូវ​បាន​គេ​បែងចែក​ជា​វណ្ណៈ​កសិករ វណ្ណៈ​មធ្យម និង​វណ្ណៈ​អភិជន​ម្ចាស់ដី ហើយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​តែងតែ​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​​ជា​សាធារណៈ ដើម្បី​បើក​ឲ្យ​វណ្ណៈកសិករ​ធ្វើការ​រិះគន់​​ពួក​អភិជន ព្រមទាំង​ដាក់​សម្ពាធ​ឲ្យ​ពួកគេ​សារភាព​នូវ​ទោសកំហុស​ពី​អតីតកាល​ ឬ​បោះបង់​នូវ​ដីធ្លី ឬ​ទ្រព្យសម្បត្តិ​ផ្សេងទៀត ដើម្បី​យក​ទៅ​ដាក់​ជា​សម្បត្តិ​រួម។

នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៤៩ ទៅ​ឆ្នាំ​១៩៥៧ ដីធ្លី​​កសិកម្ម​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនិស្ត​រៀបចំ​ដាក់​ជា​សម្បត្តិ​រួម ឬ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​របស់​សមូហភាព ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ក្រុម​សាមគ្គី​​បង្កបង្កើនផល” ហើយ​ផល​ដែល​ក្រុម​សាមគ្គី​ផលិតបាន​ត្រូវ​កាត់​ឲ្យ​រដ្ឋ​ពី ៥% ទៅ ១០%។
 

សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​ទីក្រុង​វិញ​ក៏​ត្រូវ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ផងដែរ ដោយ​គ្រប់សហគ្រាស​ឯកជន​ទាំងអស់​ត្រូវ​រដ្ឋាភិបាល​​កុម្មុយនិស្ត​យក​មក​ដាក់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​រាល់​សកម្មភាព​រកស៊ី​ជា​លក្ខណៈ​ឯកជន​ទាំងអស់​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រៅច្បាប់។ អ្នក​ជំនួញណា​ដែល​សុខចិត្ត​សហការ​ជាមួយ​បក្ស​កុម្មុយនិស្ត​ ត្រូវ​បាន​រក្សា​ឲ្យ​នៅ​កាន់តំណែង​​នៅ​ក្នុង​ក្រុមហ៊ុន តែ​ក្នុង​ឋានៈ​ជា​បុគ្គលិក​រដ្ឋ។ ចំណែក​ឯ​អ្នក​ជំនួញ​ដែល​​មិនព្រម​សហការជាមួយ​បក្ស​កុម្មុយនិស្ត ត្រូវ​​ប្រឈមមុខ​នឹង​ការ​ដាក់ទោស ហើយ​ខ្លះ​ក៏​ត្រូវ​បង្ខំ​ចិត្ត​​​ចោល​ផ្ទះសម្បែង ចោល​ទ្រព្យសម្បត្តិ ដោយ​រត់ភៀសខ្លួន​ចេញទៅ​តៃវ៉ាន់ ឬ​ហុងកុង។

និយាយ​ពី​ទំនាក់ទំនង​ក្រៅប្រទេស​វិញ សាធារណរដ្ឋ​ប្រជាមានិតចិន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​សហភាព​សូវៀត ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ដូចគ្នា។ នៅ​ដើម​ឆ្នាំ​១៩៥០ ម៉ៅសេទុង ដែល​ជា​លេខាបក្ស និង​ជូ អេនឡាយ ដែល​ជា​នាយករដ្ឋមន្រ្តី បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ ដើម្បី​ចរចា​ចុះ​​សន្ធិសញ្ញា​មិត្តភាព​ជាមួយ​សហភាព​សូវៀត។ តាមរយៈ​សន្ធិសញ្ញា​មិត្តភាព​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួលបាន​នូវ​ជំនួយ​ជាច្រើន​ពី​សំណាក់​សហភាព​សូវៀត។ យុវជន​ចិន​ប្រមាណ​ជា ២ម៉ឺននាក់​បាន​ទទួល​អាហារូបករណ៍​ ដើម្បី​ទៅរៀន​នៅ​សហភាព​សូវៀត ចំណែក​សាស្រ្តាចារ្យ និង​វិស្វករ​សូវៀត​ប្រមាណ​ជា ១ម៉ឺននាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​បង្រៀន​ និង​ផ្តល់​ប្រឹក្សា​ដល់​អ្នក​ជំនាញ​ចិន ក្នុងការ​សាងសង់​ផ្លូវថ្នល់ ស្ពាន ទំនប់ និង​រោងចក្រ។

សម្រាប់​សហរដ្ឋ​អាមេរិក ការឡើងកាន់​អំណាច​របស់​ពួក​កុម្មុយនិស្ត​នៅ​ចិន គឺ​ជា​បរាជ័យ​ដ៏ធំមួយ​នៃ​នយោបាយ​ការបរទេស​អាមេរិក នៅ​ក្នុង​សម័យកាល​នោះ។ ក៏ប៉ុន្តែ បើទោះបី​ជា​យ៉ាងនេះ​ក៏ដោយ រដ្ឋការ​របស់​លោក​ Harry Truman បាន​ទាញ​នូវ​ក្តីសន្និដ្ឋាន​មួយ​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន ដឹកនាំ​ដោយ ចាង កាយចៀក ​បាន​បាត់បង់​ការ​គាំទ្រ​ទាំងស្រុង​ពី​សំណាក់​ប្រជាជន​ចិន ដូច្នេះ រដ្ឋាភិបាល​នេះ​មិនសក្តិសម​នឹង​ទទួល​ជំនួយ​ពី​អាមេរិក​តទៅទៀត​ទេ។

នៅ​ឆ្នាំ​១៩៥០ កងទ័ព​​កុម្មុយនិស្ត​ចិន​រៀបចំ​ប្រុងប្រៀបខ្លួន ដើម្បី​វាយលុក​លើ​តៃវ៉ាន់ ក្នុងគោលដៅ​កម្ទេច​រដ្ឋាភិបាល​របស់​ចាង កាយចៀក ឈានទៅ​​បញ្ចប់​សង្រ្គាម​ស៊ីវិល​ឲ្យ​បាន​ជា​ស្ថាពរ។ នៅ​ពេលនោះ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីងតោន​បាន​កំណត់​ថា អាមេរិក​នឹង​លែង​លូកដៃ​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល​នេះតទៅទៀត​ ដោយ​ចង់​ទុក​ឲ្យ​​តៃវ៉ាន់​ប្រឈមមុខ​ជាមួយ​ចិន​កុម្មុយនិស្ត​តែ​ម្នាក់​ឯង។ ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ផ្លាស់ប្តូរ​ទាំងអស់ នៅ​ពេល​ដែល​សង្រ្គាម​កូរ៉េ​ផ្ទុះឡើង នៅ​ខែ​មិថុនា ឆ្នាំ​១៩៥០។

នៅ​ក្នុង​រយៈពេល៣ឆ្នាំ (១៩៥០-១៩៥៣) កងទ័ព​អាមេរិក និង​កងទ័ព​កុម្មុយនិស្ត​ចិន​ ត្រូវ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ផ្ទាល់ នៅ​ក្នុង​សង្រ្គាម​កូរ៉េ ដោយ​អាមេរិក​​គាំទ្រ​កូរ៉េ​ខាង​ត្បូង ហើយ​ចិន​គាំទ្រ​កូរ៉េ​ខាងជើង។

នៅ​ពេលនោះ បក្ស​កុម្មុយនិស្ត​ចិន​​​​គិត​ថា អាមេរិក​ចង់​យក​សង្រ្គាម​កូរ៉េ​មក​ធ្វើ​ជា​លេស ដើម្បី​ចូល​ឈ្លានពាន​ចិន ក្នុងគោលដៅ​ផ្តួលរំលំ​របប​កុម្មុយនិស្ត ហើយ​នាំ​ចាង កាយចៀក មក​កាន់​អំណាច​វិញ។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ​​គិត​ថា សង្រ្គាម​កូរ៉េ​ផ្ទុះឡើង គឺ​ដោយសារ​តែ​ចិន​ជា​អ្នក​ដុតបញ្ឆេះឡើង ក្នុងគោលដៅ​​ពង្រីក​ឥទ្ធិពល​កុម្មុយនិស្ត នៅ​ក្នុង​តំបន់។ ដូច្នេះ សម្រាប់​អាមេរិក ចិន​កុម្មុយនិស្ត​គឺ​ជា​គ្រោះថ្នាក់​ដ៏ចម្បងមួយ​ចំពោះ​ចលនា​ប្រជាធិបតេយ្យ​នៃ​ប្លុក​សេរី។ ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​សង្រ្គាម​កូរ៉េ​ចាប់ផ្តើម​ផ្ទុះឡើង លោក​ប្រធានាធិបតី​អាមេរិក Harry Truman បាន​បញ្ជូន​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ឲ្យ​ទៅ​ឈរជើង​នៅ​ច្រក​សមុទ្រ​ដែល​នៅ​ចន្លោះ​​តៃវ៉ាន់ និង​ចិនដីគោក ដោយ​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​នយោបាយ​ដែល​បាន​ដាក់ចេញ​ពីពេលមុន​ដែល​ថា​នឹង​មិន​​លូកដៃ​ធ្វើ​អន្តរាគមន៍ នៅ​ក្នុង​សង្រ្គាម រវាង​​ចិន​កុម្មុយនិស្ត និង​ចិនតៃវ៉ាន់។

សង្រ្គាម​កូរ៉េ​ គឺ​ជា​ចំណុច​របត់​ដ៏សំខាន់​មួយ ដែល​កំណត់​អនាគត​នៃ​​ទំនាក់ទំនង​ចិន-អាមេរិក នៅ​ក្នុងរយៈពេល​រាប់ទសវត្សរ៍​ក្រោយៗ​មក​ទៀត។ នៅ​ក្នុងរយៈពេល​ជិត ៣០ឆ្នាំ​ ក្រោយ​សង្រ្គាម​កូរ៉េ សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​​​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ព្រមទាំង​បាន​ហាមឃាត់​ពលរដ្ឋ​អាមេរិក​មិន​ឲ្យ​ធ្វើដំណើរ​ឬ​ធ្វើការ​រកស៊ី​អ្វី​ទាំងអស់​ជាមួយ​ចិនដីគោក។ សម្រាប់​អាមេរិក រដ្ឋាភិបាល​ស្របច្បាប់​របស់​ចិន​មានតែមួយគត់ គឺ​រដ្ឋាភិបាល​របស់​ចាង កាយចៀក នៅតៃវ៉ាន់ ដែល​ត្រូវ​បាន​គេ​ប្រគល់​សិទ្ធិ​ឲ្យ​កាន់កាប់​អាសនៈ​ជា​តំណាង​ប្រទេស​ចិន​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប។ មេដឹកនាំ​កុម្មុយនិស្ត​ចិន​វិញ​បាន​កំណត់​ថា សហរដ្ឋ​អាមេរិក​ ដែល​កាល​ពី​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ធ្លាប់​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា ក្នុងការ​ប្រយុទ្ធតទល់​នឹង​ជប៉ុន តែ​ឥឡូវនេះ​ គឺ​អាមេរិក​ដែល​ជា​សត្រូវ​ដ៏ធំបំផុត​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ