អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណើន​សេដ្ឋកិច្ច​ជប៉ុន​នៅឆ្នាំ២០១១​ត្រូវបាត់បង់​អស់៥០%​ដោយហេតុតែ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​និងរលកយក្ស​ស៊ូណាមី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​OCDE បាន​ប្រមាណថា​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​នៅ​ឆ្នាំ២០១១​ត្រូវ​បាត់បង់​អស់​៥០%​ ​ ដោយត្រូវ​ធ្លាក់​មកនៅ​ត្រឹម​០,៨%​នៅ​ឆ្នាំ២០១១​ ​ ដោយហេតុតែ​មាន​គ្រោះ​មហន្តរាយ​រញ្ជួយដី​ ​​ រលកយក្ស​ស៊ូណាមី​ និង​នុយក្លេអ៊ែរ។ចំណែកឯ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​នៅឆ្នាំ២០១២​វិញ​​អាចមាន​ដល់ទៅ​២,៣%​ទល់​ នឹង​ការ​គ្រោងទុក​ថា​មាន​តែ​១,៣%​ប៉ុណ្ណោះ។​ ទាំងនេះ​ ក៏​ដោយសារតែ​មាន​សកម្មភាព​ស្ថាបនា​សាងសង់​ប្រទេស​ជប៉ុន​ឡើងវិញ។

តំបន់​ទីក្រុង​តូក្យូ​​ដែល​មាន​​ប្រជាជន​៣៥លាននាក់​​រស់នៅ​​ ​ ក៏​ជា​​តំបន់​មួយ​​ប្រៀបបាន​​ទៅនឹង​​ “បេះដូង”​​នៃ​ម៉ាស៊ីន​​សេដ្ឋកិច្ច​​ជប៉ុន​
តំបន់​ទីក្រុង​តូក្យូ​​ដែល​មាន​​ប្រជាជន​៣៥លាននាក់​​រស់នៅ​​ ​ ក៏​ជា​​តំបន់​មួយ​​ប្រៀបបាន​​ទៅនឹង​​ “បេះដូង”​​នៃ​ម៉ាស៊ីន​​សេដ្ឋកិច្ច​​ជប៉ុន​ © REUTERS
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​ អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​OCDE​ ​ កំណើន​សេដ្ឋកិច្ច​ជប៉ុន​នៅ​ឆ្នាំ២០១២​អាចមាន​សន្ទុះ​លឿន​ខ្លាំង​ជាង​ការ​គ្រោងទុក​ ​ ដោយសារតែ​មាន​សកម្មភាព​ស្ថាបនា​សាងសង់​ប្រទេស​ជប៉ុន​ឡើងវិញ។

 
គួរកត់​សម្គាល់ថា​ ​ គ្រោះមហន្តរាយ​រញ្ជួយដី​ ​ រលកយក្ស​ស៊ូណាមី​ ​ និង​នុយក្លេអ៊ែរ​បាន​កើត​មាន​នៅ​ចំពេល​ដែល​ប្រទេស​ជប៉ុន​ចាប់​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​បាន​ស្គាល់​សកម្មភាព​សេដ្ឋកិច្ច​ទន់ខ្សោយ​នៅ​ចុងឆ្នាំ២០១០។​ ហើយ​ផលវិបាក​ដែល​កើតមាន​នៅ​តំបន់​ប៉ែកឦសាន​នៃ​ប្រទេស​ជប៉ុន​ដែល​ទទួល​រង​គ្រោះ​រញ្ជួយដី​ ​ ​រលកយក្ស​ស៊ូណាមី​និង​នុយក្លេអ៊ែរ​គឺ​ពិត​ជា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក្រៃលែង។

ហេតុ​ដូច្នេះហើយ​ បាន​ជា​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​OCDE​យល់ថា​ ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​នៅឆ្នាំ២០១១​អាចមាន​ត្រឹម​តែ​០,៨%​ទល់នឹង​១,៧%​ដែលបាន​គ្រោងទុក។​ ចំណែកឯ​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​នៅឆ្នាំ២០១២​វិញ​​អាចមាន​ដល់ទៅ​២,៣%​ទល់​នឹង​ការ​គ្រោងទុក​ថា​មាន​តែ​១,៣%​ប៉ុណ្ណោះ។​ ទាំងនេះ​ ក៏​ដោយសារតែ​មាន​សកម្មភាព​ស្ថាបនា​សាងសង់​ប្រទេស​ជប៉ុន​ឡើងវិញ។

អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​OCDE​បាន​រំលឹក​ឲ្យដឹង​ទៀតថា​ ​ ហេដ្ឋារចនា​សម្ព័ន្ធ​និង​អគារ​ទាំងឡាយ​របស់​ជប៉ុន​បាន​ស្គាល់​ការ​ខូចខាត​ដល់ទៅ​២០៨​ពាន់លាន​អឺរ៉ូ។

ក៏​ប៉ុន្តែ​ ទាំងនេះ​គេ​ពុំ​ទាន់​គិតដល់​ករណី​ពុំ​ជាក់ច្បាស់​ជាច្រើនទៀត​ ​ មាន​ដូចជា​ ​ “​រយៈពេល​នៃ​កង្វះ​ចរន្ត​អគ្គិសនី​សម្រាប់​ប្រើប្រាស់”​ ​ “បញ្ហា​បង្ក​ឡើង​ដោយ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា”​ ​ ហើយនិង​ “​ប្រក្រតិទិន​និង​ទំហំ​នៃ​ប្រាក់​ចំណាយ​សាធារណៈ​សម្រាប់​ការ​ស្ថាបនា​សាងសង់​ប្រទេស​ជប៉ុន​ឡើងវិញ”។

សូមបញ្ជាក់ថា​ ​ ការបញ្ឈប់​សកម្មភាព​នៃ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជប៉ុន​មួយចំនួន​បាន​បណ្តាល​ឲ្យ​កើតមាន​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ទីក្រុង​តូក្យូ​ដែល​មាន​ប្រជាជន​ប្រមាណ​៣៥លាននាក់​រស់នៅ​ ​ ហើយក៏​ជា​តំបន់​មួយ​ប្រៀប​ផ្ទឹមបាន​ទៅនឹង​ “បេះដូង”​នៃ​ម៉ាស៊ីន​សេដ្ឋកិច្ច​ជប៉ុន។

នៅ​ទីបំផុត​ ​ ផលិតផល​ដុល​ក្នុង​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ២០១១​នេះ​អាច​ស្គាល់​ការ​ធ្លាក់​ស្រុត​ចុះ​ខ្លាំង​នៅ​ត្រីមាស​ទីពីរ​ ​ ក៏​ប៉ុន្តែ​ពុំ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេកឡើយ។

ហើយ​នៅ​ត្រីមាស​ទីបី​ឆ្នាំ២០១១​ ​ ផលិតផល​ដុល​ក្នុង​ប្រទេស​ជប៉ុន​អាច​មាន​សន្ទុះ​ខ្លាំងក្លា​ឡើងវិញ។​ ទាំងនេះ​ ក៏​ដោយសារតែ​៖

ទី១-មាន​ការ​ចំណាយ​ប្រាក់​សាធារណៈ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ធ្វើការ​ស្ថាបនា​សាងសង់​ឡើងវិញ។

ទី២-ការធ្វើ​វិនិយោគ​របស់​សហគ្រាស​ទាំងបង្ខំ​ដើម្បី​ទិញ​ដាក់​ជំនួស​វិញ​នូវ​ម៉ាស៊ីន​ឧបករណ៍​មួយ​ចំនួន​ដែល​បាន​ខូចខាត​ដោយ​គ្រោះមហន្តរាយ។

ទី៣-ការសាងសង់​យ៉ាង​សកម្ម​នូវ​លំនៅដ្ឋាន​សម្រាប់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ផ្ទះ​សម្បែង​របស់​ខ្លួន។

ហើយ​ អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​OCDE ​បាន​ព្រមាន​ប្រាប់ថា​ ​ “បញ្ហា​បរិត្តផរណា​déflation នៅតែ​កើតមាន​ជាបន្ត”​ ​ “ការទិញដូរ​ហូបចុក​អាច​ធ្លាក់ចុះ​ទាបជាង​ការ​បង្កើត​ផលិតផល​រហូត​ដល់ចុង​ឆ្នាំ២០១២”។

សូមបញ្ជាក់ថា​ ​ ក្រោយពី​បាន​ស្គាល់​សកម្មភាព​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ប្រមាណ​៦,៣%​នៅ​ឆ្នាំ២០០៩​ ​ ដោយហេតុ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​រួចមក​ ​ នៅ​ឆ្នាំ២០១០​ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​បាន​ស្ទុះ​កើនឡើង​ខ្លាំង​ដល់ទៅ​៣,៩%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ