អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉េកាំងនឹង​ដំឡើងថ្លៃ​ប្រាក់យ័ន​៥%​នៅ​ឆ្នាំ២០១១​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសចិន​ដែល​ត្រូវការ​មាន​រូបិយប័ណ្ណ​ខ្លាំង​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ទប់ទល់​នឹង​បញ្ហា​អតិផរណា​ ហើយនិង​ដើម្បី​បញ្ចៀស​កុំឲ្យ​កើតមាន​bulle​បំប៉ោង​ទិញលក់​កេងយក​ចំណេញ​ដែល​ជា​ប្រភព​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ ​ នឹង​ប្រហែល​ជា​អាច​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ចិន​ប្រមាណ​៥%​នៅ​ចំពោះមុខ​ប្រាក់​ដុលា្លរ​អាមេរិក​នៅ​ឆ្នាំ២០១១​នេះ។ 

ទីក្រុង​​ប៉េកាំង​​ប្រហែល​​ជា​អាច​​ដំឡើង​ថ្លៃ​​ប្រាក់យ័ន​​ចិន​​ប្រមាណ​​៥%​​នៅ​ចំពោះមុខ​​ប្រាក់​ដុលា្លរ​​
ទីក្រុង​​ប៉េកាំង​​ប្រហែល​​ជា​អាច​​ដំឡើង​ថ្លៃ​​ប្រាក់យ័ន​​ចិន​​ប្រមាណ​​៥%​​នៅ​ចំពោះមុខ​​ប្រាក់​ដុលា្លរ​​ © Reuters
ផ្សាយពាណិជ្ជកម្ម

បើយោង​តាម​ប្រភព​សារព័ត៌មាន​ចិន​បាន​ឲ្យ​ដឹងថា​ ​ នៅ​ត្រីមាស​ទីមួយ​ឆ្នាំ២០១១​នេះ​ ​ ទីក្រុង​ប៉េកាំង​ប្រហែល​ជា​អាច​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ចិន​ប្រមាណ​៥%​នៅ​ចំពោះមុខ​ប្រាក់​ដុលា្លរ​អាមេរិក។​ តើ​មាន​មូលហេតុ​អ្វី​មក​ជំរុញ​ឲ្យ​ប្រទេស​ចិន​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​របស់​ខ្លួន​ខ្លាំង​បែប​នេះ?​ ​ តើ​ទីក្រុង​ប៉េកាំង​ទាញ​យក​ផល​ចំណេញ​អ្វី​ខ្លះ​ពី​ការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​នេះ?

 

យើង​បាន​ដឹង​ហើយថា​ ​ បើ​ប្រាក់យ័ន​ចិន​មាន​តម្លៃ​ខ្ពស់​ ​ វា​អាច​ជា​កត្តា​មួយ​ដ៏​ប្រពៃ​សម្រាប់​ជួយ​កាត់​បន្ថយ​ការចំណាយ​ទៅលើ​ការ​នាំ​ទំនិញ​ឬ​វត្ថុ​ធាតុដើម​ចូលពី​បរទេស។​ ការនាំ​ទំនិញ​ឬ​វត្ថុធាតុ​ដើម​ពី​បរទេស​ដែល​មាន​តម្លៃ​ថ្លៃពេក​នេះ​ហើយ​ដែល​ជា​ប្រភព​នៃ​ការ​បង្ក​ឲ្យ​កើតមាន​បញ្ហា​អតិផរណា​ឬ​បញ្ហា​ទំនិញ​ឡើងថ្លៃ​នៅ​ប្រទេសចិន។​ គួរ​បញ្ជាក់ថា​ ​ ប្រទេស​ចិន​ដែល​ជា​រោងចក្រ​សម្រាប់​ពិភពលោក​ទាំងមូល​តែង​ត្រូវ​ការ​នាំចូល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នូវ​វត្ថុ​ធាតុ​ដើម​សព្វបែប​យ៉ាង​និង​ប្រេង​ឥន្ធនៈ​សម្រាប់​ចិញ្ចឹម​បំប៉ន​ឧស្សាហកម្ម​របស់​ខ្លួន​ដែល​កំពុង​ស្រេក​​​ឃ្លាន​ត្រូវការ​យកមក​បង្កើន​ផលិតផល​កម្មន្តសាល​សម្រាប់​នាំចេញ​ទៅលក់​ទូទាំង​ពិភពលោក។

 
បើ​យោងតាម​ប្រភព​វិនិយោគិន​ខ្លះ​ថា​ ​ រូបិយប័ណ្ណ​ចិន​អាច​ឡើង​ថ្លៃ​ដល់ទៅ​៣%​នៅ​ឆ្នាំ២០១១​នេះ។​ រីឯ​អ្នក​ឯកទេស​ខ្លះទៀត​យល់ថា​ ​ ប្រាក់យ័នចិន​អាច​ឡើងថ្លៃ​ប្រមាណ​២%​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ២០១១​ ​ ដោយសារ​តែ​មាន​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ហ៊ូ​ជិនតាវ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​១៩​មករា​ខាងមុខនេះ។

 
ក៏​ប៉ុន្តែ​លោក​Jiang Yaoping អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​គូស​បញ្ជាក់ថា​ ​ ការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ដែល​ធ្លាប់មាន​កាលពី​ពេលមុនៗ​ពុំសូវ​មាន​ឥទ្ធិពល​អ្វី​មក​ជួយ​កាត់បន្ថយ​ការសល់ផល​ពាណិជ្ជកម្ម​របស់​ប្រទេសចិន​ក្នុង​ការ​ដោះដូរ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើយ។​ ឧនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដោះដូរ​ជាមួយ​ប្រទេស​ចិន​នេះ​ហើយ​ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីមួយ​និង​ ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ។​ គួរកត់​សម្គាល់ថា​ ​ ទោះបីជា​មាន​ការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ចិន​នៅ​ឆ្នាំ២០០៥​រួច​ហើយ​ក្តី​ ​ ក៏​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​មាន​ឧនភាព​ពាណិជ្ជកម្ម​ជានិច្ច​ក្នុង​ការ​ដោះដូរ​ជាមួយ​ទីក្រុង​ប៉េកាំង។

 
ហេតុ​ដូច្នេះ​ហើយ​ ​ បាន​ជា​សេតវិមាន​បាន​ដាក់​សម្ពាធ​ទៅលើ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​នៅ​ពេល​ថ្មីៗ​នេះ​ថា​ ​ ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​កាត់​បន្ថយ​ទៅលើ​ឧនភាព​ពាណិជ្ជកម្ម​អាមេរិកាំង​ក្នុង​ការ​ដោះដូរ​ជាមួយ​ប្រទេស​ចិន។​ ហើយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ក៏​សម្តែង​ឲ្យ​ឃើញ​នូវ​សុឆន្ទៈ​អាមេរិកាំង​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉េកាំង។​ ទាំងនេះ​មុន​មាន​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ហ៊ូ​ ជិនតាវ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩មករា​ខាងមុខនេះ។

 
សូមបញ្ជាក់ថា​ ​ នារយៈពេល​១០ខែ​ពោលគឺ​ពី​ខែមករា​ដល់​ខែតុលា​ឆ្នាំ២០១០​ ​ ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ ​ ឧនភាព​ពាណិជ្ជកម្ម​អាមេរិកាំង​បាន​កើនឡើង​ដល់ទៅ​២០%​ពោលគឺ​បាន​កើនឡើង​ដល់​២៧០​ពាន់លាន​ដុល្លារ​អាមេរិក​ឬ​ត្រូវជា​២០០​ពាន់លាន​អឺរ៉ួ។

 
ចំណែកឯ​អ្នក​នាំពាក្យ​នៃ​សេតវិមាន​លោក​Robert Gibbs​បាន​ថ្លែង​បញ្ជាក់ថា​ ​ ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ដាក់​សម្ពាធ​ទៅលើ​ទីក្រុង​ប៉េកាំង​ដើម្បី​ឲ្យ​ភាគី​ចិន​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​របស់ខ្លួន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ