អានតួអត្ថបទ
ចិន

នាយករដ្ឋមន្ត្រីចិន​ពុំព្រម​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ចិន​

គ្មាន​មូលហេតុ​អ្វី​ដែល​គួរឲ្យ​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័នចិន​យ៉ាង​គំហុក​ឡើយ។​ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​Wen jiabao​កាលពី​ថ្ងៃពុធ​ម្សិលមិញ​នៅ​ទីក្រុង​ញូយ៉ក​ ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ការ​ទាមទារ​យ៉ាង​រន្ថាន់​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា​ បាន​រក្សា​ប្រាក់យ័ន​ចិន​ឲ្យ​ឋិត​នៅក្នុង​តម្លៃ​មួយ​យ៉ាងទាប​បែប​សិប្បនិម្មិត។ 

លោកនាយករដ្ឋមន្ត្រីចិន Wen jiabao
លោកនាយករដ្ឋមន្ត្រីចិន Wen jiabao © Reuters/David Gray
ផ្សាយពាណិជ្ជកម្ម

01:50

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅ​ក្នុង​សុន្ទរកថា​មួយ​ធ្វើ​នៅ​មុខ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​ចិន-អាមេរិក​ ​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ពាណិជ្ជករ​សំខាន់ៗ​ទាំងពីរ​ប្រទេស​ ​ លោក​ នាយក​រដ្ឋមន្ត្រី​ចិន​Wen jiabao​បាន​ថ្លែង​ថា​ ​ “​គ្មាន​មូលហេតុ​អ្វី​ដែល​គួរឲ្យ​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​ចិន​យ៉ាង​គំហុក​ឡើយ​”​។

“​បើ​ប្រសិនជា​តម្លៃ​ប្រាក់យ័ន​ចិន​ត្រូវ​ដំឡើង​ថ្លៃ​ពី២០%​ទៅ៤០%​ដូច​ការ​ទាមទារ​របស់​រដ្ឋាភិបាល​​អាមេរិក​មែននោះ​ ​ គេ​ពុំ​ដឹង​ជា​សហគ្រាស​ចិន​ប៉ុន្មាន​ទេ​ដែល​នឹង​ត្រូវ​បិទទ្វារ​ដោយ​ហេតុតែ​ធនក្ស័យ។​ កម្មករចិន​ប៉ុន្មាន​លាន​នាក់​ទៅ​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ដោយហេតុ​តែ​គ្មាន​ការងារ​ធ្វើ។​ ហើយ​វិបត្តិ​សង្គម​មួយ​ដ៏​ធំ​មួយ​នឹង​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិន​”។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ចិន​Wen jiabao​កាលពី​ថ្ងៃពុធ​ម្សិលមិញ​នៅ​ទីក្រុង​ញូយ៉ក។

ចំណែកឯ​លោក​ប្រធានា​ធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​វិញ​ ​ បាន​ថ្លែង​សន្យា​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​ នឹងបន្ត​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ចិន​ ​ ដើម្បី​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​យល់ព្រម​ដំឡើង​ថ្លៃ​ប្រាក់យ័ន​របស់​ខ្លួន។

រីឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ឯណោះ​ក៏​ធ្លាប់បាន​ដំឡើង​សំឡេង​តឹង​ដាក់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា​ ​ ប្រទេស​ចិន​ពុំ​អាច​បន្ត​រក្សា​ប្រាក់យ័ន​ឲ្យ​ឋិត​នៅ​ទាប​បែប​នេះ​ទៀតឡើយ។​ ទីក្រុង​ប៉េកាំង​ត្រូវ​តែ​ប្តូរ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន។

គួរកត់​សម្គាល់ថា​ ​ ទីក្រុង​ប៉េកាំង​បាន​បន្ធូរ​សម្រួល​វិធានការ​ក្នុង​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ជាមួយ​ប្រាក់​ដុល្លារ​អាមេរិក​កាលពី​ខែ​មិថុនា​កន្លងទៅ។​ ប៉ុន្តែ​ចាប់ពីពេល​នោះ​មក​ ​ ប្រាក់យ័ន​ចិន​បាន​ឡើង​ថ្លៃ​តែ​១,៦%​ប៉ុណ្ណោះ​នៅមុខ​ប្រាក់​ដុល្លារ​អាមេរិក។
សមាជិក​សភា​អាមេរិក​ខ្លះ​យល់ថា​ ​ ប្រាក់យ័នចិន​បាន​បញ្ចុះ​តម្លៃ​បែប​សិប្បនិម្មិត​ប្រមាណ​ពី​២៥%​ទៅ​៤០%។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ពន្ធ​បន្ថែម​ជា​ទណ្ឌកម្ម​ទៅលើ​ផលិតផល​ចិន​ដែល​នាំ​ចូល​ទីផ្សារ​អាមេរិកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ