អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាងកក​ផុង​ខ្លួន​ក្នុង​អំពើ​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ស្លាប់​យ៉ាង​តិច​៣​នាក់ និង​របួស​ជាង​២០​នាក់ ក្នុង​ចំណោម​អ្នក​របួស​មាន​អ្នក​កាសែត​បរទេស​២​នាក់​ផង នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព និង​ពួក​អាវ​ក្រហម។ ការ​ប្រយុទ្ធ​គ្នា​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ថ្ងៃ​រសៀល និង​បន្ត​មក​ទល់​យប់​ថ្ងៃ​សុក្រ​ទី​១៤​ឧសភា​នេះ។ មេ​ដឹកនាំ​ពួក​អាវ​ក្រហម​ចោទ​រដ្ឋាភិបាល​ថា​បាន​ផ្តើម​បង្ក​សង្គ្រាម​ស៊ីវិល និង​ទាមទារ​ឲ្យ​កងទ័ព​ដកខ្លួន ថយ​ចេញ​ពី​សង្កាត់​Ratchaprasong។

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីក្រុង​បាងកក​ ថ្ងៃ​ទី ១៤ ឧសភា ២០១០
ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីក្រុង​បាងកក​ ថ្ងៃ​ទី ១៤ ឧសភា ២០១០ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

អំពើ​​ហិង្សា​កើត​ឡើង នៅ​លើ​ផ្លូវ​ថ្នល់​និង​តាម​ច្រក​ផ្សេងៗ​ដែល​នាំ​ទៅ​កាន់​សង្កាត់ Ratchaprasong ពីព្រោះ​ពួក​អាវក្រហម​បាន​ពួត​គ្នា​មក​ខ្ទប់​ផ្លូវ​កុំ​ឲ្យ​កងទ័ព​ចូល​ទៅ​ដល់​ជំរំ​ពួក​គេបាន។

 
យ៉ាងណាក៏ដោយនៅថ្ងៃសុក្រទី១៤ឧសភា​នេះ ទីក្រុង​បាងកក​កំពុង​ផុង​ខ្លួន​ក្នុង​អំពើ​ហិង្សា​ដោយ​ហេតុ​ថា​ កងទ័ព​បាន​បាញ់​រះ​ទៅ​លើ​ពួក​បាតុករ​ដែល​មិន​ខ្លាច​នឹង​ត​ដៃ​វិញ។

តាមពិតមានសញ្ញាមិនស្រួលតាំងពីយប់ថ្ងៃព្រហស្បតិ៍ទី១៣ឧសភាម្សិលមិញម៉្លេះ ដ្បិតកងទ័ព​មាន​បំណង​ចូល​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​របស់​ពួក​អាវ​ក្រហម​បាន​កាត់​ទឹក និង​កាត់​ភ្លើង​នៅ​ទីនោះ​ រីឯ​ស្ថានទូត​បរទេស​នៅ​ក្នុង​សង្កាត់​​Ratchaprasong បាន​បិទ​ទ្វារ។ ក្រោយ​មក​ឧត្តមសេនីយ៍​​ម្នាក់​​ដែល​​ស្និទ្ធ​​នឹង​​ពួក​​បាតុករ​​អាវ​ក្រហម​ត្រូវ​បានគេបាញ់ចំកណ្តាលក្បាល។ គាត់​មិនទាន់ស្លាប់ទេ​ គាត់​កំពុង​ទទួល​ការ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ តែគ្មានសង្ឃឹមនឹងអាចរស់បានឡើយ។

អំពើ​ហិង្សា​នៅ​ថ្ងៃ​សុក្រ​ទី​១៤ឧសភា​នេះ​វិញ បាន​ផ្តើម​ឡើង នៅ​ពេល​ដែល​កងទ័ព​ដើរ​សម្រុក ទៅ​កាន់​ទីតាំង​របស់​ពួក​អាវ​ក្រហម។ ដើម​ដំបូង កងទ័ព​បាន​បាញ់​ផ្សែង​បង្ហូរ​ទឹកភ្នែក និង​ក្រោយ​មក​គ្រាប់​កាំភ្លើង​មែនទែន រីឯ​ពួក​បាតុករ​វិញ បាន​នាំ​គ្នា​ដុត​ឡាន​ទាហាន កង់​ឡាន និង​ម៉ូតូ​ជាច្រើន​គ្រឿង។ ការ​ប៉ះ​ទង្គិច​គ្នា​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ថ្ងៃ​រសៀល និង​បន្ត​មក​ទល់​យប់​នេះ។

មិនមែនជាប្រតិបត្តិការរវាយបង្ក្រាបទេ

ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ប្រតិបត្តិការ​នេះ មិនមែន​ជា​ការ​បោស​សម្អាត ទីលាន​ដែល​ពួក​អាវ​ក្រហម​កាន់​កាប់​នោះ​ទេ តែ​ជា​ការ​ប្រើ​ធម៌​ក្តៅ ដើម្បី​បង្ខំ​ពួក​អាវ​ក្រហម ឲ្យ​វិល​មក​ចរចា​ជាមួយ​រដ្ឋាភិបាល​អាភីស៊ីត​វិញ។

យ៉ាង​ណា​មិញ ការ​ប្រើ​ធម៌​ក្តៅ​នេះ អាច​ជា​ដំណាក់កាល​ទី​មួយ​នៃ​ប្រតិបត្តិការ​វាយ​បង្ក្រាប។
កងទ័ព​ប្រហែល​ជា​ចង់​ច្របាច់​ក​ចលនា​ពួក​អាវ​ក្រហម​ជា​មុន​សិន តាម​រយៈ​ការ​ឡោម​ព័ទ្ធ ការ​កាត់​ភ្លើង​ និង​កាត់ទឹក ការ​បិទ​ច្រក​មិន​ឲ្យ​មាន​ការ​នាំ​ស្បៀង​អាហារ​ទៅ​ដល់​ទីតាំង​ប្រមូល​ផ្តុំ​របស់​ពួក​អាវ​ក្រហម នៅ​សង្កាត់​Ratchaprasong។ ធ្វើ​បែប​នេះ កងទ័ព​ប្រហែល ជា​ចង់​ជម្រុញ​ឲ្យ​ពួក​អាវ​ក្រហម​ខ្លះ​ចាក​ចេញ​បណ្តើរៗ​ពី​ទី​នោះ មុន​នឹង​ធ្វើការ​វាយ​បង្ក្រាប នៅ​ពេល​ក្រោយ។

គួរ​គូស​បញ្ជាក់​ថា ពួក​អាវ​ក្រហម​ដែល​ចេញ​មុខ​មក​ប្រយុទ្ធ​នឹង​កងទ័ព អត់​ពាក់​អាវ​ក្រហម​ទេ តែ​ពាក់​អាវ​ពណ៌​ចម្រុះ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​កងទ័ព​រឹង​រឹត​តែ​ពិបាក ដ្បិត​មើល​ពី​ចម្ងាយ មិន​ដឹង​អ្នក​ណា​ជា​បាតុករ អ្នក​ណា​ជា​ប្រជាជន​ធម្មតា និង​អ្នក​ណា​ជា​អ្នក​សារព័ត៌មាន។

ពួកអាវក្រហមរឹងរូសពេក ទើបកងទ័ពធ្វើអន្តរាគមន៍

កាលពី​ថ្ងៃ​ទី​១៣​ឧសភា​មុន​នេះ​សោះ នៅ​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ចេញ​រួច​ពី​ភាព​ទ័ល​ច្រក ដោយ​សន្តិវិធី ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត បាន​ដាក់​ជូន​ពួក​អាវ​ក្រហម​នូវ​ផែនទី​ចង្អុល​ផ្លូវ​មួយ។ ផែនទី​ចង្អុល​ផ្លូវ​នោះ​មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ពួក​អាវ​ក្រហម ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ការ​សម្រេច​រៀបចំ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​១៤​វិច្ឆិកា​ខាង​មុខ ក្រោយ​ពី​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​រួច។ មិន​តែ​ប៉ុណ្ណោះ អាភីស៊ីត​ថែម​ទាំង​បាន​សន្យា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល​ថៃ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​យុត្តិធម៌​សង្គម និង​ចាត់ចែង​បង្កើត​គណៈកម្មាការ​ឯករាជ្យ​មួយ​ ដើម្បី​ស៊ើប​អង្កេត ទៅ​លើ​អំពើ​ហិង្សា​ថ្ងៃ​ទី​១០​មេសា ដែល​កាល​ណោះ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​២៥​នាក់ និង​របួស​៨០០​នាក់។

ពួក​អាវ​ក្រហម​បាន​យល់​ព្រម​ទទួល​ដំណោះស្រាយ​នេះ តែ​មិន​ព្រម​បំបែក​ចលនា​បាតុកម្ម​របស់​ពួក​គេ ដ្បិត​ពួក​គេ​នៅ​មិនទាន់​ទុក​ចិត្ត​រដ្ឋាភិបាល។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​ទាមទារ​ឲ្យ​អាភីស៊ីត​ប្រកាស​ជា​ផ្លូវការ​ថ្ងៃ​រំលាយ​សភា។ អាភីស៊ីត​ក៏​បាន​យល់​ព្រម​ទៀត ដោយ​បាន​កំណត់​រំលាយ​សភា​នៅ​ដើម​ខែ​កញ្ញា និង​បាន​ទាមទារ​ឲ្យ​ពួក​អាវ​ក្រហម​បំបែក​ជួរ និង​ចាក​ចេញ​ពី​សង្កាត់​Ratchaprasong។ ក៏ប៉ុន្តែ ពួក​អាវ​ក្រហម​នៅ​តែ​មិន​ព្រម ហើយ​បាន​ទាំង​ដាក់​លក្ខខណ្ឌ​ឲ្យ​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ូថេប (Suthep) ដែល​ពួកគេ​ចោទ​ថា​ជា អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ថ្ងៃ​ទី​១០​មេសា។

ជំហរ​រឹង​រូស​បែប​នេះ​របស់​ពួក​អាវ​ក្រហម​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​តានតឹង​ឡើង​វិញ តាំងពី​ថ្ងៃ ព្រហស្បតិ៍​ទី​១៣​ឧសភា​ម្សិលមិញ​មក។ អាភីស៊ីត​បាន​ប្រកាស​ឈប់​រៀប​ចំ​បោះឆ្នោត​វិញ ហើយ​កងទ័ព​បាន​ចាប់​ផ្តើម​ឡោមព័ទ្ធ​សង្កាត់​Ratchaprasong បាន​កាត់​ភ្លើង​ និង​កាត់​ទឹក នៅ​ទីនោះ។ រីឯ​ស្ថានទូត ដូច​ជា​ស្ថានទូត​អាមេរិក និង​អង់គ្លេស ត្រូវ​បាន​បិទ​ទ្វារ។

ទន្ទឹម​គ្នា​នឹង​«សង្គ្រាម»​នៅ​តាម​ដង​ផ្លូវ​ សង្គ្រាម​ពាក្យ​សំដី​ក៏​បាន​ផ្តើម​ឡើង​ដែរ នៅ​យប់​ថ្ងៃ សុក្រ​ទី​១៤​ឧសភា​នេះ។
មេ​ដឹក​នាំ​ពួក​អាវ​ក្រហម ចោទ​អាភីស៊ីត​ថា​បាន​ផ្តើម​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ថៃ។ រីឯ ថាក់ស៊ីន ពី​បរទេស​វិញ បាន​ទាមទារ​ឲ្យ​អាភីស៊ីត​ដក​ទ័ព​ចេញ​ពី​ទី​កន្លែង​កើត​ហេតុ និង​ ផ្តើម​កិច្ច​ចរចា​ឡើង​វិញ​ជាមួយ​ពួក​អាវ​ក្រហម។

តើ​កងទ័ព​ហ៊ាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ពួក​អាវ​ក្រហម​ដែរ​ឬ​ទេ? តើ​ពួក​អាវ​ក្រហម​ភាគ​ច្រើន​ហ៊ាន​ពលី​ជីវិត ដើម្បី​ប្រយុទ្ធ​នឹង​កងទ័ព​ដែរ​ឬ​ទេ?

អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង​បាងកក​លើក​នេះ អាច​នឹង​កំណត់​ជោគ​វាសនា​អនាគត​របស់​រដ្ឋាភិបាល​ថៃ ពីព្រោះ​ការវិវឌ្ឍន៍​ទៅ​នៃ​ស្ថានការណ៍ អាច​នាំ​មក​នូវ​បរាជ័យ​ ឬ​ជ័យជំនះ នយោបាយ​សម្រាប់​អាភីស៊ីត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ