អានតួអត្ថបទ
ថៃ

ពួក​អាវ​ក្រហម​ផ្គើន​រដ្ឋាភិបាល​ជា​ថ្មី

សំឡេង​អាវុធ​បាន​លាន់​ឮ​ ជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ខាង​ជើង​ក្រុង​បាងកក ប៉ុន្តែ​ជា​ការ​បាញ់​ឡើង​លើ​បង្អើល​ បង្ក្រាប​ពួក​បាតុករ​អាវ​ក្រហម ដែល​បាន​ដង្ហែ​ក្បួន​ឡាន​កាមីញ៉ុង និង​ម៉ូតូ​ ចេញ​ពី​សង្កាត់​Ratchaprasong នៅ​ថ្ងៃ​ពុធ​នេះ។ ជា​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដែល​ធ្វើ​ឡើង​ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​បណ្តា​ជន​ជាយ​ក្រុង​បាងកក។

ពូក​អាវ​ក្រហម​ដង្ហែ​ក្បួន​បាតុកម្ម​ម៉ូតូ និង​ឡាន​ទ្រុង​នៅ​ថ្ងៃ​ទី ២៨ មេសា ២០១០
ពូក​អាវ​ក្រហម​ដង្ហែ​ក្បួន​បាតុកម្ម​ម៉ូតូ និង​ឡាន​ទ្រុង​នៅ​ថ្ងៃ​ទី ២៨ មេសា ២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម

01:40

សំឡេង​របស់ អៀង សុខម៉ិញ

អៀង សុខម៉ិញ

ទាហាន​ និង​ប៉ូលិស ចំនួន ៤៥០ នាក់ កាន់​ដំបង ​ខែល និង ​កាំភ្លើង​ស្ទើរ​គ្រប់​ដៃ បាន​រៀប​ប្រទាក់​គ្នា​ធ្វើ​រនាំង​បាំង​ផ្លូវ​ឆ្ពោះ​ទៅ​​អាកាស​យានដ្ឋាន​អន្តរជាតិ​ចាស់​ ដែល​ឋិត​នៅ​ភាគ​ខាង​ជើង​ក្រុង​បាងកក។ ចំណែក​ទាហាន​ខ្លះ​ទៀត​ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ បាន​បាញ់​កាំភ្លើង​ឡើង​លើ ដើម្បី​បង្អាក់​ក្បួន​បាតុកម្ម​របស់​ពួក​អាវក្រហម។ បើ​យោង​តាម​សាក្សី​ខ្លះ ទាហាន​រដ្ឋាភិបាល​បាន​ទាំង​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​ទៅ​លើ​បាតុករ​ទៀត​ផង។

 
ពួក​អាវ​ក្រហម​ បាន​សម្រេច​ប្តូរ​យុទ្ធសាស្ត្រ ដោយ​ព្រឹក​មិញ ពួក​គេ​បានសម្រេច​បញ្ជូន​បាតុករ​​ ប្រមាណ​ជិត​ពីរ​ពាន់​នាក់ ជិះ​​ឡាន​ទ្រុង​ចំនួន​២០០​គ្រឿង​ និង​ម៉ូតូ​ប្រមាណ​៥០០​គ្រឿង ទម្លាយ​ចេញ​​ពីទីតាំង​សង្កាត់​Ratchaprasong ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​ទាហាន​រដ្ឋាភិបាល​ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​បាងកក។ ជា​ការ​ដង្ហែ​ក្បួន​ថ្មី​​ប្រកប​ដោយ​សន្តិភាព​ និង​អហិង្សា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ដែល​រស់​នៅ​ជាយ​ក្រុង​បាងកក។ នេះ​បើ​តាម​ការ​អះអាង​របស់​មេដឹក​នាំ​ចលនា​អាវ​ក្រហម​ម្នាក់។

ទាហាន​ថៃ​បាញ់​បង្អើល​ក្រុម​បាតុករ​អាវ​ក្រហម
ទាហាន​ថៃ​បាញ់​បង្អើល​ក្រុម​បាតុករ​អាវ​ក្រហម © Reuters

 
សេចក្តី​សង្ឃឹម​ថា​នឹង​រក​ឃើញ​ច្រក​ចេញ​ពី​វិបត្តិ​ តាម​រយៈ​ការ​ចរចា​ ត្រូវ​រលាយ​បាត់​ដូច​ផ្សែង បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក អាភិស៊ីត បាន​ច្រាន​ចោល​សំណើ​របស់​ពួក​អាវ​ក្រហម​សុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់ កាលពី​ចុង​សប្តាហ៍​មុន។

ប៉ុន្តែ​នៅ​យប់​មិញ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ BBC លោក​អាភិស៊ីត ហាក់​បន្ទន់​សំឡេង​បន្តិច​ ដោយ​បង្ហាញ​ចេតនា​ចង់​ឲ្យ​មាន​​ដំណោះ​ស្រាយ​នយោបាយ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​បរទេស​ ទាក់ទងនឹង​ការ​លាលែង​ចេញ​ពី​តំណែង លោក​អាភិស៊ីត​បាន​បញ្ជាក់​ថា “លោក​អាច​នឹង​លា​លែង​ចេញ​ពី​តំណែង​ ប្រសិន​បើ​គាត់​ជា​ឧបសគ្គ​នៃ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស។ ប៉ុន្តែ​ស្ថានភាព​នៅ​ប្រទេស​ថៃ​ពេល​នេះ​ មាន​បញ្ហា​ភេរវនិយម​មក​លាយ​ឡំ មិន​មែន​ជា​បញ្ហា​នយោបាយ​សុទ្ធ​សាធ​ទេ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ