អានតួអត្ថបទ
ថៃ

ពួក​អាវក្រហម​ប្តូរ​ពណ៌ ពួក​អាវ​លឿង​ចាប់ផ្តើម​ចេញ​ធ្វើ​សកម្មភាព

ពួកអាវក្រហម​បាន​ចាប់ផ្តើម​ប្តូរ​មកពាក់​អាវចម្រុះពណ៌ ដើម្បី​បំភ័ន​ភ្នែក​កម្លាំង​រដ្ឋាភិបាល។ ចំណែក​ពួកអាវលឿងវិញ បាន​ប្រកាស​ថា ពួកគេ​នឹង​​​ចេញ​ធ្វើ​សកម្មភាព ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ ដោយ​ចាប់ផ្តើម​ពី​ការធ្វើ​​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​បង្ខំ​ឲ្យ​កងទ័ព​ប្រើ​ច្បាប់​អាជ្ញាសឹក បំបែក​ពួក​អាវក្រហម។ ពួក​មេដឹកនាំ​អាវលឿង​បាន​ព្រមាន​ទុក​ជាមុនថា ប្រសិន​បើ​រដ្ឋាភិបាល​មិនអាច​បញ្ចប់​បាតុកម្ម​អាវក្រហម​បានទេ “សង្រ្គាមស៊ីវិល” អាច​នឹង​ផ្ទុះ​ឡើង។

ពួកអាវក្រហម​នាំគ្នា​ស្លៀក​ចម្រុះពណ៌ ដើម្បី​បំភ័ន​ភ្នែក​កម្លាំង​រដ្ឋាភិបាល
ពួកអាវក្រហម​នាំគ្នា​ស្លៀក​ចម្រុះពណ៌ ដើម្បី​បំភ័ន​ភ្នែក​កម្លាំង​រដ្ឋាភិបាល ©Reuters
ផ្សាយពាណិជ្ជកម្ម

 

08:02

បទវិភាគ​របស់ សេង ឌីណា

សេង ឌីណា

ដូចសព្វមួយដង ថ្ងៃថ្មី​ឈាន​ចូល​មកដល់ វិបត្តិនយោបាយថៃ ក៏ធ្លាក់​ចុះ​កាន់តែ​តានតឹង​មួយ​កម្រិត​ទៀត។

ពីក្រហម ទៅ​ចម្រុះពណ៌

គ្រាប់ M79 ​មួយ​គ្រាប់​ត្រូវ​បាន​គេបាញ់​ចូល​ផ្ទះ​អតីត​នាយករដ្ឋមន្រ្តី​ថៃ បណ្តាល​ឲ្យ​មនុស្ស ១១នាក់ រងរបួស។ ការវាយប្រហារ​ដោយ​គ្រាប់​បែក​មួយទៀត បាន​កើតឡើង នៅ​ទីស្នាក់ការ​ប៉ូលិស នៅខេត្ត​ឈៀងម៉ៃ។

នៅ​បាងកក ពួក​អាវក្រហម​បាន​ផ្លាស់ប្តូរ​មកពាក់​ខោអាវ​ចម្រុះពណ៌ ដើម្បី​បំភ័នភ្នែក​កម្លាំង​រដ្ឋាភិបាល ដែល​ចេះតែ​គំរាម​ថា​នឹង​ប្រើ​កម្លាំង​បំបែក​បាតុករ។ ចំណែក​នៅ​ឯ​តាម​បណ្តា​ខេត្ត​ ក្រៅ​បាងកក​ឯណោះវិញ ពួក​អាវក្រហម​បាន​នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​ ដោយ​ឃាត់​រថយន្ត​ប៉ូលិស​មិនឲ្យ​ចូល​មក​បាងកក។ ការឃាត់​រថយន្តប៉ូលិសនេះ បាន​បណ្តាល​ឲ្យ​មាន​ការប៉ះទង្គិច​គ្នា​ខ្លះៗ រវាង​ប៉ូលិស និង​បាតុករ។

អាវលឿង​ចេញធ្វើ​សកម្មភាព
 

ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨
ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨ ©AFP

ក្នុងពេលដែល​ស្ថានការណ៍​កំពុង​តែ​ច្របូកច្របល់​​ ស្រាប់តែ​ពួក​អាវលឿង​បាន​ចេញ​មកប្រកាសថា ពួកគេនឹង​ចេញ​ធ្វើ​បាតុកម្ម​ដែរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មេសា ២០១០។ បាតុកម្ម​របស់​ពួក​អាវលឿង គឺ​នឹង​ធ្វើ​នៅមុខ​ទីបញ្ជាការ​កងទ័ពថៃ ក្នុងគោលដៅ​បង្ខំ​ឲ្យ​កងទ័ព​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​បង្រ្កាប​ពួក​អាវក្រហម។

ពួក​អាវលឿង​បាន​បញ្ជាក់ថា ការ​ធ្វើ​បាតុកម្ម​នៅមុខ​បន្ទាយទាហាននេះ គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ។ ប្រសិន​បើ​រដ្ឋាភិបាល​​មិន​អាច​បញ្ចប់​បាតុកម្ម​របស់​ពួក​អាវក្រហម​ទេ សង្រ្គាម​ស៊ីវិល​អាច​នឹ​ងផ្ទុះឡើង​មិនខាន។ ការប្រកាស​បែបនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ពួក​អាវលឿង​អាច​នឹង​ប្រើ​កម្លាំង​ បង្ក​ជា​អំពើហិង្សា​ជាមួយ​ពួក​អាវក្រហម។

ហេតុអ្វី​ទាហាន​មិនព្រមបង្រ្កាប​ពួកអាវក្រហម?

ជិត ២សប្តាហ៍មក​ហើយ ដែល​គេ​តែងតែ​ឮ​រដ្ឋាភិបាល និង​អ្នកនាំពាក្យ​កងទ័ពថៃ ព្រមាន​អំពី​ការ​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម​អាវក្រហម។ កាលពីចុង​សប្តាហ៍នេះ ដំណឹង​បាន​លេចឮ​មកទៀត​ថា ទាហាន​នឹង​ចូល​ទៅបង្រ្កាប​ពួកអាវក្រហម ក្នុង​រយៈពេល ៤៨​ម៉ោង។ ក៏ប៉ុន្តែ រហូត​មកទល់ពេលនេះ ពួកអាវក្រហម​នៅតែ​កាន់កាប់​​តំបន់​រ៉ាចប្រាសង (Rajprasong) ដដែល។ តើ​មកពីហេតុអ្វី?

មូលហេតុ​អាចមាន​ច្រើន​យ៉ាង!

ទី១ ការបង្រ្កាប​បាតុកម្ម​នៅ​រ៉ាចប្រាសង​នេះ​នឹង​បង្ក​ឲ្យ​​មាន​អ្នក​ស្លាប់​ និង​របួស​ច្រើន​ជាង​​កាល​ពី​ថ្ងៃ​១០ មេសា ឆ្ងាយណាស់។

ពួក​អាវក្រហម​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅតែមួយ​កន្លែង ដោយ​មាន​គ្នា​រហូត​ដល់​ទៅ​ជិត​១ម៉ឺននាក់ ក្នុងនោះ​មាន​ទាំង​មនុស្ស​ចាស់ ស្រ្តី និង​កូនក្មេងផងដែរ។ ពួកអាវក្រហម​ក៏ថែម​ទាំងបាន​ប្រុងប្រៀប​ខ្លួន ដើម្បី​តស៊ូ​តទល់​នឹង​ការ​បង្រ្កាប​ពី​សំណាក់​កម្លាំង​រដ្ឋាភិបាល​។
លើសពីនេះ​ទៅទៀត តំបន់​រ៉ាចប្រាសង ជា​តំបន់​សម្បូរ​ទៅ​ដោយ​ស្ថានទូត​បរទេស។ រាល់ការ​ប្រើ​កម្លាំង​បង្រ្កាប​ទៅលើ​បាតុកម្ម នឹង​ត្រូវ​ធ្វើ​ក្រោម​ក្រសែភ្នែក​​អ្នក​សង្កេតការណ៍​បរទេស។

ដូច្នេះ កងទ័ព​ទំនង​ជាមិនដែល​មានគម្រោង​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ ដូចការ​ប្រកាស​ជាសាធារណៈនោះទេ។ ការ​ប្រកាស​​តាម​ទូរទស្សន៍គំរាម​ពី​ការ​ប្រើ​​កម្លាំង​បង្រ្កាប រហូត​ដល់​ព្រមាន​ពី​ការ​ប្រើ​គ្រាប់កាំភ្លើង​មែនទែន​បាញ់​ទៅលើ​បាតុករ​ផង​នោះ ទំនង​ជា​ធ្វើ​ឡើង ក្នុង​យុទ្ធសាស្រ្ត​កំញើញ​​ពួក​អាវក្រហម​​ឲ្យ​ដកថយ​តែប៉ុណ្ណោះ។

ទី២ អសកម្មភាព​របស់​កងទ័ព ប្រហែល​ជា​បណ្តាល​មក​ពី​​​ការមិនចុះសម្រុងគ្នា​រវាង​រដ្ឋាភិបាល និង​កងទ័ព ឬ​នៅ​ក្នុង​ចំណោម​ជួរ​កងទ័ព​ថៃ​ខ្លួន​ឯងតែម្តង។

គេតែងតែ​សង្កេត​ឃើញ​ថា ខាង​រដ្ឋាភិបាល​​បាន​ដាក់​បញ្ជា​ឲ្យ​កងទ័ព​ប្រើ​កម្លាំង​បង្រ្កាប​​ពួក​អាវក្រហម។ ក៏ប៉ុន្តែ លោក​អានុពង្ស ប៉ាវចិន្តា ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងគោកថៃ តែងតែ​បាន​​ប្រកាស​មិនព្រម​ប្រើ​កម្លាំង​​ទៅលើ​បាតុករ ដោយ​បាន​លើក​ឡើង​ថា ពួកបាតុករ​មិនមែន​ជា​ឧក្រិដ្ឋជន​នោះទេ។

ម្យ៉ាងទៀត គេ​ក៏តែងតែ​សង្កេត​ឃើញ​ដែរ​ថា អ្នកនាំពាក្យ​កងទ័ពថៃ និង​លោក​អានុពង្ស តែងតែ​និយាយ​ផ្ទុយគ្នា ដែល​ធ្វើ​ឲ្យ​គេ​សន្និដ្ឋានថា ការមិនចុះសម្រុងគ្នា​កើតមាន​ឡើង​ នៅ​ក្នុង​ជួរ​កងទ័ព​ថៃ​ខ្លួន​ឯងតែម្តង។

អាវលឿងចេញមុខ អានុពង្ស​អាច​អស់ជម្រើស
 

លោក​អាភិស៊ីត និង​លោក​អានុពង្ស បង្ហាញ​មុខ​រួមគ្នា តាម​កញ្ចក់ទូរទស្សន៍​ជាតិ
លោក​អាភិស៊ីត និង​លោក​អានុពង្ស បង្ហាញ​មុខ​រួមគ្នា តាម​កញ្ចក់ទូរទស្សន៍​ជាតិ ©Reuters

កាល​ពីយប់​ថ្ងៃសៅរ៍ លោក​អាភិស៊ីត នាយករដ្ឋមន្រ្តីថៃ បាន​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ជាមួយ​នឹង​លោក​អានុពង្ស ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព​រវាង​រដ្ឋាភិបាល និង​កងទ័ព។ ក៏ប៉ុន្តែ នៅទីបញ្ចប់​​ គេនៅតែ​មើលទៅ​ឃើញ​ថា លោក​អានុពង្ស នៅតែ​បន្ត​រក្សា​ជំហរ​របស់​គាត់​ដដែល គឺ​មិនចង់​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម។

ទោះជាយ៉ាងណា លោក​អានុពង្ស​ធ្លាប់​បាន​ប្រកាស​ថា លោក​មិន​ឲ្យ​កងទ័ព​ប្រើ​អាវុធ​បាញ់​​លើ​ជនជាតិថៃ​ស្លូតត្រង់ ក៏ប៉ុន្តែ លោក​ក៏​នឹង​មិន​ឈរឱបដៃ​មើល​ជនជាតិថៃ​ប្រកាប់​ប្រចាក់​គ្នា​នោះដែរ។

នៅពេលនេះ ពួកអាវលឿង​បាន​ចេញមុខ ហើយ​គំរាម​​ចាត់វិធានការ​ដោយ​ខ្លួនឯង ដើម្បី​បញ្ចប់​បាតុកម្ម​របស់​ពួក​អាវក្រហម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ពួកអាវលឿង និង​ពួកអាវក្រហម​​អាច​នឹងប៉ះទង្គិចគ្នា បង្ក​ជា​អំពើហិង្សា។ ដល់ពេលនោះ តើ​លោក​អានុពង្ស អាចនឹង​បដិសេធ​មិនព្រមប្រើ​កម្លាំង​ទៀត​ដែរឬទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ