អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​ Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ​ក្នុង​ប្រទេស​អាល្លឺម៉ង់មាន​ដំណើរការ​រអាក់​ រអួល​ដោយ​ហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស ​Islande
ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ​ក្នុង​ប្រទេស​អាល្លឺម៉ង់មាន​ដំណើរការ​រអាក់​ រអួល​ដោយ​ហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស ​Islande ©reuters
ផ្សាយពាណិជ្ជកម្ម

ទទួល​រង​ការប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី ដែល​ជា​សរុប ខាត​៤០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នេះ​បើ​យោង​ទៅ​តាម​សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អាស៊ី និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា AAPA។ ម្ល៉ោះ​ហើយ បាន​ជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ AAPA បាន​បង្ខំ​ឲ្យ​ធ្វើ​ការសិក្សា និង​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់ ទៅ​លើ​ស្ថានភាព​ទូទៅ ពីព្រោះ​សមាគម​នេះ​យល់​ឃើញ​ថា វិធានការ​បង្ការ​របស់​បណ្តា​ប្រទេស​អឺរ៉ុប​មាន​លក្ខណៈ​តឹងតែង​ជ្រុលហួស។

ទោះ ​ជា​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ផ្តើម​បើក​ដែន​អាកាស​របស់​ខ្លួន​បណ្តើរៗ​ក៏​ដោយ ក៏​ស្ថានភាព​នៅ​តែ​បន្ត​ឋិត​ក្នុង​វិបត្តិ ត​ទៅ​ទៀត ពីព្រោះ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំ​ភ្លើង អាច​ធ្វើ​ឲ្យ​គាំង​ម៉ាស៊ីន​យន្តហោះ ហើយ​ដរាប​ណា សន្តិសុខ​នៅ​តែ​ធានា​មិន​បាន​ទេ ដរាប​នោះ​បណ្តា​រដ្ឋាភិបាល​អឺរ៉ុប​នឹង​មិន​អនុញ្ញាត​ឲ្យ​យន្តហោះ​ធ្វើការ​ ហោះហើរ​ឆ្លងកាត់​ដែន​អាកាស​នៃ​ប្រទេស​ពួក​គេ​វិញ ដូច​មុន​ទេ។

ការ​ គាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស ក៏​បាន​ផ្តើម​ជះ​ឥទ្ធិពល​អាក្រក់​ដែរ ទៅ​លើ​ក្រុមហ៊ុន​អាស៊ី​មួយ​ចំនួន​ដែល​រកស៊ី​ជាមួយ​អឺរ៉ុប។ មាន​ជា​បឋម ឧស្សាហកម្ម​វាយនភណ្ឌ។ នៅ​ប្រទេស Bangladesh សម្លៀក​បំពាក់​រាប់​សិប​តោន​ត្រូវ​បាន​ស្តុក​ចោល រង់ចាំ​ការដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប។ ម្ចាស់​ក្រុមហ៊ុន​កំពុង​បារម្ភ​ក្រែង​អ្នក​ដែល​បាន​ចុះ​កិច្ចសន្យា​ហើយ បែរ​ជា​បដិសេធ​មិន​ព្រម​ទទួល​ទំនិញ ដោយហេតុ​តែ​មាន​ការយឺតយ៉ាវ។

ដោយ​ ឡែក នៅ​ចិន ជា​ពិសេស​នៅ​ខេត្ត​Guangdong ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស រោងចក្រ​កាត់ដេរ​ជា​ច្រើន​ចាប់​ផ្តើម​បន្ថយ​សកម្មភាព​របស់​គេ ដោយហេតុតែ​ការយឺតយ៉ាវ​ខ្លាំង​ក្នុង​ការដឹក​ជញ្ជូន​សម្លៀក​បំពាក់​តាម​ផ្លូវ​ អាកាស​ទៅ​កាន់​អឺរ៉ុប។

នៅប្រទេស​ជប៉ុន អស់​មាន​ត្រី​Saumon ​ធ្វើ ​Sushi​

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège
ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège ©reuters

ប្រជាជន​ ជប៉ុន​ដែល​ចូលចិត្ត​បរិភោគ​ត្រី​ឆៅ ត្រូវការ​នាំ​ត្រី​Saumon ៩០​ភាគរយ ពី​ប្រទេស​ក្រៅ ជាអាទិ៍​មក​ពី​ប្រទេស​Norvège ពីព្រោះ​ត្រី​Saumon ដែល​នេសាទ​បាន​នៅ​ជប៉ុន​មាន​ចំនួន​មិន​គ្រប់គ្រាន់​ទេ ដើម្បី​យក​មក​ធ្វើ​Sushi។

ឧទាហរណ៍ ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ នៅ​ផ្សារ​Tsukiji ដែល​ជា​ផ្សារ​ត្រី​Saumon ធំ​ជាង​គេ​នៅ​ទីក្រុង​Tokyo អ្នក​លក់​ក៏​ដូច​អ្នក​ទិញ​ត្រី នាំ​គ្នា​ត្អូញត្អែរ ពីព្រោះ​គ្មាន​ត្រី​Saumon​មក​ពី​ប្រទេស​Norvège។

ដោយហេតុ​តែ​គ្មាន​ ជើង​យន្តហោះ​មក​ពី​អឺរ៉ុប ក្រុមហ៊ុន​ជប៉ុន​Saihoku ដែល​ទិញ​ត្រី​Saumon​២​ពាន់​តោន​ក្នុង​មួយ​ឆ្នាំៗ ពី​ប្រទេស​Norvège បាន​ខាត​ប្រាក់​អស់​ជិត ៣០​ម៉ឺន​ដុល្លារ ក្នុង​អំឡុង​ពេល​ប្រាំមួយ​ថ្ងៃ​ចុង​ក្រោយ​នេះ។

ដោយឡែក ក្រុមហ៊ុន​Nissan នឹង​បិទ​រោងចក្រ​ចំនួន​បី នៅ​ថ្ងៃ​ស្អែក​នេះ មួយ​នៅ​ជាយ​ក្រុង​Tokyo និង​ពីរ​ទៀត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស។ មូលហេតុ​គឺ​មក​ពី​Nissan ទិញ​គ្រឿង​ឡាន​ខ្លះ​ដូច​ជា Systèmes d’air comprimé ជា​ដើម មក​ពី​ប្រទេស​Irlande សម្រាប់​រថយន្ត modèle Cube Murano និង Rogue។ ដោយហេតុតែ​អស់​Systèmes d’air comprimé ហ្នឹង ដ្បិត​គ្មាន​ជើង​យន្តហោះ​មក​ពី​អឺរ៉ុប ទើប​ក្រុមហ៊ុន​Nissan គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បិទ​រោង​ចក្រ​ខ្លះ ចោល​មួយ​រយៈ។

រីឯ ក្រុមហ៊ុន​Samsung នៅ​កូរ៉េខាងត្បូង​វិញ គេ​កំពុង​តែ​មួម៉ៅ​ចិត្ត​ខ្លាំង ពីព្រោះ ការដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប ទូរស័ព្ទ​ដៃ​ចំនួន​២០​ម៉ឺន​គ្រឿង​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​៣០​ លាន​ដុល្លារ ត្រូវ​បាន​អាក់​ខាន។

ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ថា ការ​បិទ​ដែន​អាកាស​អឺរ៉ុប​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំ​ភ្លើង​នៃ​ប្រទេស​Islande គឺ​ជា​វិបត្តិ​សេដ្ឋកិច្ច​មួយ​ថ្មី ដែល​កំពុង​ជះ​ចំហាយ​របស់​វា​ទៅ​ដល់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ