អាមេរិកព្រមានចិន ដែលចង់ធ្វើមូលដ្ឋានទ័ព គ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងតែម្នាក់ឯង
ប៉ុន្មានថ្ងៃចុងក្រោយនេះ សង្រ្គាមពាក្យសម្តីរវាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងចិន បានផ្ទុះឡើងកាន់តែខ្លាំង។ លោកដូណាល់ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិក បានគំរាមថា អាមេរិក អាចនឹងលែងទទួលស្គាល់ “នយោបាយចិនតែមួយ” ហើយចង់ឲ្យតៃវ៉ាន់បានឯករាជ្យពេញលេញ។ ឆ្លើយតបនឹងសម្តីនេះ ចិនបានបន្ថែមល្បឿននៃការកសាងកោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូង ហើយបើយោងតាមរូបភាពផ្កាយរណប គឺចិនបានសាងសង់ មូលដ្ឋានទ័ព ដើម្បីចាំដាក់តាំងម៉ាស៊ីនបាញ់គ្រាប់មីស៊ីល ជាច្រើនគ្រឿង។ នៅថ្ងៃព្រហស្បតិ៍នេះ លោកមេបញ្ជាការតំបន់ប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិក បានថ្លែងពីក្រុងស៊ីដនី ព្រមានចិនដោយត្រង់ៗ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៥
ថ្លែងនៅចំពោះមុខវិទ្យាស្ថានLowy នៅទីក្រុងស៊ីដនី លោក Harry Harris អគ្គមេបញ្ជាការបេសកកម្មតំបន់ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក បានថ្លែងថា “សហរដ្ឋអាមេរិកនៅតែបន្តប្រឆាំងនឹងចរិកក្អេងក្អាងព្រហើនរបស់ចិន ដែលកំពុងតែធ្វើបច្ចុប្បន្ននេះ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង”។ លោកបន្តថា “សហរដ្ឋអាមេរិក មិនអាចទទួលយកបានទេ ដែលចិនវាទទី គ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងតែម្នាក់ឯង។ បើទោះបីជាចិនសង់មូលដ្ឋានទ័ព ដើម្បីដាក់តាំងកាំជ្រួចមីស៊ីល និងប្រព័ន្ធរ៉ាដាបំផ្លាញមីស៊ីល ច្រើនយ៉ាងណា ក៏អាមេរិកមិនខ្លាចដែរ”។
លោក មេបញ្ជាការកងទ័ពជើងទឹកអាមេរិករូបនេះបន្តថា “យើងមិនអាចអនុញ្ញាតឲ្យតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ច និងយោធានេះ ដែលធ្លាប់ជាតំបន់បែងចែករួមគ្នា ក្លាយទៅជាតំបន់បិទទ្វារជិត ក្រោមការក្តោបក្តាប់របស់ប្រទេសតែមួយនោះទេ។ ពួកយើងនឹងសហការគ្នា ហើយត្រៀមខ្លួនតតាំងជានិច្ច ក្នុងករណីចាំបាច់”
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែប្រកាន់ជំហរ ប្រឆាំងនឹងចិន ដោយអះអាងថា វាគឺជាសិទ្ធិ និងតួនាទីរបស់អាមេរិក ដែលត្រូវការពារសិទ្ធិធ្វើចរាចរណ៍ ក្នុងដែនសមុទ្រអន្តរជាតិ។ ចិនគ្មានសិទ្ធិអធិបតេយ្យអ្វី មកហាមឃាត់បានទេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពេលដែលលោកដូណាល់ត្រាំ បាននិយាយទូរស័ព្ទជាមួយលោកស្រីប្រមុខរដ្ឋាភិបាលកោះតៃវ៉ាន់ ហើយថែមទាំងបានព្រមានទៀត អំពីការលែងទទួលស្គាល់នយោបាយចិនតែមួយនោះ គឺចិនបានបង្កើនសកម្មភាពក្រអឺក្រទមកាន់តែខ្លាំង នៅក្នុងសមុទ្រចិនខាងត្បូង។
យោងតាមរបាយការណ៍ របស់ Asia Maritimes Transparency Initiative (AMTI) បានបង្ហាញពីរូបភាពផ្កាយរណបជាច្រើន ស្តីពីសកម្មភាពកសាងកោះសិប្បនិម្មិត នៅក្នុងតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ការកសាងនោះបានដំណើរការទៅមុខ យ៉ាងលឿនទៀតផង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រធានក្រុមការងារឯករាជ្យ ឃ្លាំមើល កិច្ចការសមុទ្រនេះ បានបញ្ជាក់ថា យោងតាមរូបភាពផ្កាយរណប គេអាចសន្និដ្ឋានបានអំពីការសាងសង់មូលដ្ឋានទ័ព និងគ្រិះទម្រ សម្រាប់ដាក់តាំងគ្រាប់មីស៊ីល និងអាចជាប្រព័ន្ធរ៉ាដាកម្ទេចគ្រាប់មីស៊ីលផងដែរ។ ក្រៅពីនេះ ចិនបានសាងសង់ ផ្លូវចុះចត សម្រាប់យន្តហោះចម្បាំងទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ