អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ងាក​ទៅរក​ចិន ដើម្បី​សងសឹក​អាមេរិក រឺក៏​ជា​តម្រូវការ​ជាក់ស្តែង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ណាជីប រ៉ាហ្សាក់​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ចិន ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​ជាមួយ​ចិន។ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​នៅ​ចិន​នា​ពេល​នេះ ​ គឺ​ធ្វើ​​ឲ្យ​គេ​នឹក​ឃើញ​ទៅ​ដល់​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន ​កាល​ពី​២​សប្តាហ៍មុន​នៅ​ចិន​ដែរ​ ដោយ​ហ្វីលីពីន​ បាន​សម្រេចចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​អាមេរិក ​ ហើយ​ងាក​ទៅ​សុំ​ជំនួយ​ពី​ចិន។ ម៉ាឡេស៊ី ​ដែល​ពីមុន​មក​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​តើ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​មាន​បំណង​យ៉ាងណា ​ ​នៅ​ពីក្រោយ​ទស្សនកិច្ច​នៅ​ចិន ​ក្នុង​ពេល​នេះ?

លោកណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​(ខាងឆ្វេង​) ​និង​​លោក​លី កឺឈាំង​ នាយករដ្ឋមន្ត្រី​​ចិន​ ក្នុង​​ពេល​​ចុះ​​ហត្ថលេខា​​កិច្ច​សហប្រតិបត្តិការ​​យោធា​ ថ្ងៃទី​១ វិច្ចិកា​ ២០១៦
លោកណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​(ខាងឆ្វេង​) ​និង​​លោក​លី កឺឈាំង​ នាយករដ្ឋមន្ត្រី​​ចិន​ ក្នុង​​ពេល​​ចុះ​​ហត្ថលេខា​​កិច្ច​សហប្រតិបត្តិការ​​យោធា​ ថ្ងៃទី​១ វិច្ចិកា​ ២០១៦ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា៖

ទៅ​ដល់​ទីក្រុង​បេកាំង ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​ ៣១​តុលា ​លោក ​ណាជីព រ៉ាហ្សាក់ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ ត្រូវ​បាន​ទទួល​ដោយ​លោក​លី កឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន ​ក្នុង​ពិធី​លៀង​សាយភោគ ​ ​ដ៏​អធិកអធម្ម។ កម្មវត្ថុ​ផ្លូវការ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​នៅ​ចិន​ក្នុង​ពេល​នេះ​ គឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​ និង​កិច្ច​សន្យា​ទិញ​សម្ភារៈ​យោធា ​សរុប​ទាំង​អស់​១០​ច្បាប់ ​​ដែល​ម៉ាឡេស៊ី ​ចង់​ចុះ​ហត្ថលេខា​ជាមួយ​ចិន។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​គឺ​ម៉ាឡេស៊ី ​ មាន​បំណង​ទិញ​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​ចិន ​ដែល​មាន​សមត្ថភាព​ផ្ទុក​គ្រាប់​មីស៊ីល។ ក្រៅ​ពី​នេះ ​នៅ​មាន​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ ផ្នែក​ទ័ព​ជើងទឹក ​ ដែល​ម៉ាឡេស៊ី ​និង​ចិន​ បាន​ចុះ​រួម​គ្នា ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១ វិច្ឆិកា។ ម៉ាឡេស៊ី ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​រាប់​សិប​ឆ្នាំ​មក​ហើយ ​បែរ​ជា​ទៅ​ចុះ​កិច្ចសន្យា​ទិញ​សម្ភារៈ​ និង​សហប្រតិបត្តិការ​យោធា ​ជាមួយ​ចិន​ទៅ​វិញ។ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​និង​ងឿង​ឆ្ងល់​ណាស់។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នោះ ​ គឺ​ថា​ម៉ាឡេស៊ី ​និង​ចិន ​កំពុង​តែ​មាន​ជម្លោះ​នឹង​គ្នា ​ក្នុង​ការ​ដណ្តើម​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

រំលឹក​ទៅ​ដល់​ពីរ​សប្តាហ៍​មុន ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតឺ​ ប្រធានាធិបតី​ហ្វីលីពីន ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចិន​ដែរ ​ ដើម្បី​សុំ​ការ​សហការ ​និង​ជំនួយ​វិនិយោគ​របស់​ចិន ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ហ្វីលីពីន។ រដ្ឋាភិបាល​ហ្វីលីពីន ​សុខចិត្ត​បំភ្លេច​រឿង​ជម្លោះ​វិវាទ​ក្នុង​ដែន​សមុទ្រ​ ហើយ​សន្យា​បែងចែក​ភោគផល​ជាមួយ​ចិន​ តាម​តែចិន​ចង់​បាន។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ប្រធានាធិបតី​ហ្វីលីពីន ​ បាន​ប្រកាស​ដោយ​ត្រង់ៗ​ថា ​ ​ពី​ថ្ងៃ​នេះ​ទៅ​ ហ្វីលីពីន ​លែង​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ទៀត​ហើយ។

ម៉ាឡេស៊ី​ចោល​អាមេរិក ​ស្រវ៉ាចិន?
តើ​ម៉ាឡេស៊ី ​កំពុង​តែ​ធ្វើ​ត្រាប់​តាម​ហ្វីលីពីន​ដែរ​រឺ​យ៉ាងណា? ​តាំងពី​ដើម​មក ​ គឺ​មាន​តែ​អាមេរិក​មួយ​គត់ ​ ដែល​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ឲ្យ​ម៉ាឡេស៊ី ​ជា​ពិសេស​ក្នុង​វិស័យ​កងទ័ព​អាកាស។ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ អ្នក​ណា​ដែល​មិនដឹង​ ថា​ហ្វីលីពីន ​និង​ម៉ាឡេស៊ី ​គឺ​ជា​កូន​ចៅ​របស់​អាមេរិក? តែ​ពេល​នេះ​ អ្វីៗ​ហាក់​កំពុង​ផ្លាស់​ប្តូរ​ទាំងស្រុង។ ចិន​ហាក់​កំពុង​តែ​ជំនួស​សហរដ្ឋ​អាមេរិក ​ ដែល​ចេះ​តែ​ខ្សោយ​ទៅៗ​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
 
ឆ្នាំ​២០១៤​លោក​អូបាម៉ា​ បាន​អញ្ជើញ​មក​ដល់​ម៉ាឡេស៊ី ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក។ បន្ទាប់​មក​ លោក​ណាជីប រ៉ាហ្សាក់ ​ក៏បាន​អញ្ជើញ​ទៅ​ដល់​កោះ​ហាវ៉ៃ ​ដើម្បី​លេង​កីឡា​វាយ​កូន​ហ្គោល ​ជាមួយ​លោក​អូបាម៉ា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ស្ថិត​ក្នុង​បរិបទ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​ថែមទាំង​លួច​អនុញ្ញាតិ ​ឲ្យ​កងទ័ព​អាមេរិក ​ប្រើ​មូលដ្ឋានទ័ព​នៅ​លើ​ដី​ម៉ាឡេស៊ី​ ដោយ​ស្ងាត់ៗ​ទៀត​ផង។

ប៉ុន្តែ ​ស្រាប់តែ​នៅ​ចុងខែ​សីហា​ឆ្នាំ​២០១៥ ​ម៉ាឡេស៊ី ​និង​ចិន​ បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ដែល​បាន​បង្ក​ឲ្យ​មាន​ចំងល់​យ៉ាង​ខ្លាំង។ មក​ដល់​ពេល​នេះ ​ស្រាប់​តែ​ម៉ាឡេស៊ី​ទិញ​នាវា​ផ្ទុក​មីស៊ីល​របស់​ចិន​ ហើយ​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ចិនទៀត។ តើ​ចន្លោះ​ពេល​នេះ​ មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​ បាន​ជា​ធ្វើ​ឲ្យ​លោក​ ណាជីប រ៉ាហ្សាក់ ​ប្តូរ​ចិត្ត​លឿន​យ៉ាងនេះ?

សងសឹក​អាមេរិក?
យើង​ប្រហែល​ជា​នៅ​មិនទាន់​ភ្លេច​ទេថា​ ឆ្នាំ​២០១៥ ​កន្លង​ទៅ​នេះ ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​ជួប​នឹង​រឿង​អាស្រូវ​ពុករលួយ ​បង្វិល​លុយ​រដ្ឋ​ដ៏​ធំ​មហិមា។ មូលនិធិ​ម៉ាឡេស៊ី ​ដើម្បី​ការអភិវឌ្ឍន៍ ​ដែល​ហៅ​កាត់​ថា ​1MDB ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បក្សពួក​ស្នឹត​ស្នាល​នឹង​លោក ​ណាជីប រ៉ាហ្សាក់ ​ហើយ​ដែល​លោក​ណាជីប រ៉ាហ្សាក់​ខ្លួនឯង​ខិតខំ​អំពាវនាវ​គាំទ្រ​នោះ ​បាន​ធ្វើ​ឲ្យ​បាត់​ប្រាក់​វិនិយោគ​របស់​រដ្ឋ​ ដល់​ទៅ​១ពាន់​លាន​ដុល្លារ។

ស្របពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ កំពុង​ប្រឈមមុខ​នឹង​រឿង​អាស្រូវ​ដ៏​ធំ ​ដែល​បាន​ធ្វើ​ឲ្យ​មូលនិធិ​1MDB ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ ស្ទើតែ​ដួល​បះជើង​នោះ​ ស្រាប់​តែ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥ ​មាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​សហប្រតិបត្តិការ​ថាមពល​នុយក្លេអ៊ែរ ​បាន​មក​សេង​យក​ភាគហ៊ុន​របស់​មូលនិធិ​ 1MDB ស្ទើតែ​ទាំងអស់ ​ក្នុង​តំលៃ​​ជាង​២៣០០​លាន​ដុល្លារ។ ក្នុង​ក្រសែរ​ភ្នែក​លោក ​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​ចិន​បាន​ក្លាយ​ជា​អ្នក​មាន​គុណ​របស់​លោក​បាត់​ទៅហើយ ​ ស្រប​ពេល​ដែល​ប្រទេស​មហាមិត្ត​ផ្សេង​ទៀត ​បែរ​ខ្នង​ដាក់​លោក។

មិនត្រឹម​តែ​មិន​បាន​ជួយ​លោក​ណាជីប រ៉ាហ្សាក់ ​និង​បក្ស​ពួក​ក្នុង​ការ​លាក់​លុយ​ទុច្ចរិត ​នៅ​ខែ​កក្កដា​ ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​ទាំង​សម្រេច​កាត់ផ្តាច់​ចរាចរណ៍​ហិរញ្ញវត្ថុ​ ក្នុង​តំលៃ​ប្រមាណ​ជា​១ពាន់​លាន​ដុល្លារ ​របស់​ក្រុមហ៊ុន​មួយ​ចំនួ​នដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​បក្ស​ពួក​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។ តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក ​ផែនការ​ទិញ​លក់​អចលនទ្រព្យ ​ជាច្រើន​នៅ​អាមេរិក​ គឺ​ត្រូវ​បាន​ប្រើ​ដោយ​ប្រាក់ ​ដែល​បាន​មក​ពី​ការ​បន្លំ ​ក្នុង​ខ្ទង់​មូនិធិរដ្ឋ​របស់​ម៉ាឡេស៊ី ​របស់​ធនាគារ ​1MDB ​នេះឯង។ ម្តង​នេះ​ទៀត ​លោក​ណាជីប រ៉ាហ្សាក់​ កាន់តែ​អស់​ជំនឿ​ចិត្ត​លើ​សហរដ្ឋ​អាមេរិក។ ដូច្នេះ​ វា​អាច​មិន​ខុស​ទេ ​ ដែល​អ្នក​វិភាគ​មួយ​ចំនួន​ហ៊ាន​និយាយ​ថា ​ ការ​ដែល​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ងាក​ទៅ​សហការ​ជាមួយ​ចិន​ ដោះដៃ​ចោល​អាមេរិក​នា​ពេល​នេះ ​ គឺ​ដោយសារ​គាត់​ចង់​សងសឹក​អាមេរិក។

តម្រូវការ​ជាក់​ស្តែង ​គឺ​ម៉ាឡេស៊ី ​ត្រូវការ​ទុន​វិនិយោគ​ពីចិន៖
វា​អាច​មាន​ចំណែក​កំហឹង​ផ្ទាល់​ខ្លួន​ ដែល​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​សម្រេចចិត្ត​ងាក​ទៅ​រក​ចិន។ តែ​វា​ក៏​អាច​មាន​ហេតុផល ​ដែល​ជា​តម្រូវការ​ជាក់ស្តែង។តម្រូវ​ការ​ជាក់ស្តែង​នោះ ​គឺ​ មិន​ខុស​ពី​ ហ្វីលីពីន​ទេ​ ម៉ាឡេស៊ី ​ត្រូវការ​លុយ​ពី​ចិន។ គេ​ត្រូវការ​លុយ​ដើម្បី​វិនិយោគ។ ខណៈ​ដែល​ចិន​ រិះ​រក​គ្រប់​វិធី ​ដើម្បី​ហុច​ដៃ ​ឲ្យលុយ​ទៅ​ម៉ាឡេស៊ី​ និង​ហ្វីលីពីន ​ អាមេរិក​ឯណោះ ​កាន់តែ​ខ្សោយ​ទៅៗ ​ហាក់​មិន​ចង់​ធ្វើ​អ្វី​ទាល់តែ​សោះ​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​គឺ​ជា​ទិដ្ឋភាព​ជាក់ស្តែង ​ដែល​គេ​អាច​សង្កេត​បាន ​ នៅ​ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា។ លោក​អូបាម៉ា ​បាន​ផ្តល់​អាទិភាព​ដល់​កិច្ចការ​ផ្ទៃ​ក្នុង ​ វិបត្តិ​សង្គម​ វិបត្តិ​អត់​ការងារធ្វើ​របស់​ប្រជាជន​អាមេរិក ​ជាជាង​កិច្ចការ​​នយោបាយ​ការបរទេស។

 
នរណា​មិន​ត្រូវការ​ប្រាក់? ​នរណា​មិន​ត្រូវការ​ទុន​វិនិយោគ? យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីងហួ ​ម៉ាឡេស៊ី ​កំពុង​ត្រូវការ​ជំនួយ​វិនិយោគ​ពី​ចិន​ ក្នុង​ការ​សាងសង់​ខ្សែរ​រថភ្លើង​ល្បឿនលឿន ​ ពី​ទីក្រុង​កូឡាឡុំពួរ ​ទៅ​សឹង្ហបុរី ​ ព្រម​ទាំង​កសាង​កំពង់ផែ​ជាច្រើន​ទៀត។ មានតែ​ចិន​ទេ ​ដែល​មាន​ប្រាក់​ធ្វើ​ហេដ្ឋរចនា​សម្ព័ន្ធ​ទាំងនេះ។

លោក​សាស្ត្រចារ្យ Zhang Baohui ​នៃ​សកលវិទ្យាល័យ​ហុងកុង​ យល់ថា ​ ប្រទេស​ក្នុង​តំបន់​អាស៊ាន ​ត្រូវការ​ចិន​ ហើយ​ចង់​បាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ ព្រោះ​គេ​ដឹង​ថា ​ចំណង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ចិន​ និង​នាំ​ឲ្យ​ពួកគេ​ចំណេញ។ ចំណែក​លោក​ Michael Auslin ​អ្នក​វិភាគ​នៅ​American Enterprise Institutនៅ​ទីក្រុង​វ៉ាស៊ីនតោន ​ យល់​ថា ​ចាប់​តាំង​ពី​ដំបូង ​ ក្នុង​ពេល​ដែល​អាមេរិក ​ចង់​លូកដៃ​ជួយ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ​ ថ្នាក់​ដឹកនាំ​ម៉ាឡេស៊ី ​បាន​មាន​ការ​ប្រុង​ប្រយ័ត្ន​រួច​ទៅ​ហើយ ​ដោយ​មិន​ចង់​បង្ហាញ​ថា​ប្រទេស​ខ្លួន​ស្ថិត​ក្រោម​បង្គាប់​របស់​អាមេរិក​ទេ ​ដើម្បី​អាច​ងាយ​រលាស់​ខ្លួន​វិញ​ ក្នុង​ករណី​ដែល​អាមេរិក​បកក្រោយ។

លោក Ernest Bower ប្រធានBower Group Asia ​និយាយ​ថា​ គ្រប់គ្នា​កំពុង​ងាក​ទៅ​រក​ចិន។ រដ្ឋាភិបាល ​និង​ថ្នាក់ដឹក​នាំ​អាមេរិក​អាណត្តិ​ក្រោយ ​ គួរ​យក​បញ្ហា​នេះ​ទៅ​ពិចារណា។ លោក​បន្ថែម​ថា ​ប្រទេស​តូចៗ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដឹង​ខ្លួន​ថា​ ចង់សុខ​ ត្រូវ​តែ​ចាប់​ដៃ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ចិន​ ព្រោះ​គេ​លែង​សង្ឃឹម​លើ​អាមេរិក​ទៀត​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ