អានតួអត្ថបទ
ចិន-កងទ័ព

ចិនធ្វើ​សមយុទ្ធ​យោធា បាញ់គ្រាប់​មីស៊ីលពិតៗ ចេញ​ពី​នាវា​ចម្បាំង​តែមួយ​គត់​របស់ខ្លួន

មួយ​សប្តាហ៍​ក្រោយ​មាន​សង្រ្គាម​ពាក្យ​សម្តី ​រវាង​អាមេរិក​ និង​ចិន ​ស្តីពី​បញ្ហា​កោះ​តៃវ៉ាន់ ​និង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​នៅ​ថ្ងៃ​សុក្រ​ទី​១៦​ ធ្នូនេះ ​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​បូហៃ ​ស្ថិត​នៅ​ភាគ​ខាង​ជើង ​ដោយ​បាន​ប្រើប្រាស់​នាវា​ចម្បាំង​របស់​ខ្លួន​ ហើយ​បាន​បាញ់​គ្រាប់​មីស៊ីល​ជាច្រើន​គ្រាប់ ​ទៀត​ផង។ តាម​ការ​វិភាគ ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធានា​ពេល​នេះ។

យន្តហោះប្រដេញ J-15 របស់ចិន កំពុងតែត្រៀម​ខ្លួន​​ហោះ​ចេញ​ពី​នា​វា​Liaoning ក្នុងពេល​ធ្វើ​សមយុទ្ធ​ ថ្ងៃសុក្រ​ទី​១៦ ធ្នូ ២០១៦
យន្តហោះប្រដេញ J-15 របស់ចិន កំពុងតែត្រៀម​ខ្លួន​​ហោះ​ចេញ​ពី​នា​វា​Liaoning ក្នុងពេល​ធ្វើ​សមយុទ្ធ​ ថ្ងៃសុក្រ​ទី​១៦ ធ្នូ ២០១៦ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ​បាញ់​គ្រាប់​ពិតៗ​ បាន​ធ្វើ​ឡើង​ដោយ​កងទ័ព​ចិន ​ នៅ​ក្នុង​ឈូង​សមុទ្រ​បូហៃ ​ ភាគ​ខាង​ជើង​ប្រទេស​ចិន។ ចិន​បាន​ប្រើប្រាស់​នាវា​ចម្បាំង ​Liaoning ​ដែល​ជា​នាវា​ចម្បាំង​តែ​មួយ​គត់​របស់​ចិន។ តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ កងទ័ព​ប្រជាមានិត​ចិន​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​សមយុទ្ធ​នេះ ​ កងទ័ព​ចិន ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង ​ជាង​១០គ្រឿង ​ នាវា​អាអេរ៉ូណាវ៉ាល់ ​មួយ​ចំនួន​ ហើយ​គ្រាប់​មីស៊ីល​ជាង​១០​គ្រាប់ ​ក៏ត្រូវ​បាន​បាញ់​សាកល្បង​ផងដែរ។

 
ចំណែក​ទូរទស្សន៍ ​CCTV ​វិញ​បាន​ផ្សាយ​រូបភាព​វីដេអូ​ ដោយ​គេ​ឃើញ​មាន​យន្តហោះ​ចម្បាំង​ចិន ​ បាន​ហោះ​ចេញ​ពី​នាវា​ចម្បាំង ​ព្រមទាំង​គ្រាប់​មីស៊ីល ​ដែល​ត្រូវ​គេ​បាញ់​បង្ហោះ​ទៅ​​លើ​មេឃ ​ដោយ​មាន​ផ្សែង​អូស​បន្លាយ​តាម​ពី​ក្រោយ។

ខាង​ក្រសួង​ការពារជាតិ​ចិន ​បាន​បញ្ជាក់​ថា ​សមយុទ្ធ​នេះ​គឺជា​សមយុទ្ធ ​ដើម្បី​សាកល្បង​ប្រើ​អាវុធ ​ និង​សម្ភារៈ​ទាំងអស់ ​ហើយ​ក៏​ជា​ឱកាស​ដើម្បី​ឲ្យ​កង​កម្លាំង​ជំនាញ ​អាច​ធ្វើ​ការ​ហាត់រៀន ​ និង​សាកល្បង​សមត្ថភាព​ផង​ដែរ។

តែយ៉ាង​ណាក្តី ​ គេ​មិន​អាច​មិន​គិត​បាន​ទេ ​ថា​សមយុទ្ធ​យោធា​របស់​ចិន​នា​ពេល​នេះ ​ ​គឺ​ក្នុង​ន័យ​បង្ហាញ​កំលាំង​ នៅ​ក្រោយ​ពេល​ដែល​ចិន ​និង​អាមេរិក​ បាន​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​នឹង​គ្នា ​ក្នុង​សំណុំ​រឿង​តៃវ៉ាន់​ និង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ មួយវិញ​ទៀត ​ចិន​កំពុង​តែ​ធ្វើ​គ្រប់​មធ្យោបាយ ​ ដើម្បី​ក្លាយ​ខ្លួន​ជា​មហាអំណាច​យោធា​ដ៏ធំ ​តាម​រយៈ​ការ​ប្រើប្រាស់​អាវុធ​បច្ចេកវិទ្យា​ចុងក្រោយ។

សូម​បញ្ជាក់​ថា ​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ​ដែល​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា ​ដោយ​ប្រើប្រាស់​នាវា​ចម្បាំង ​Liaoning ។ នាវា​នេះ​ គឺ​ចិន​បាន​ទិញ​ពី​រុស្ស៊ី ​ហើយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​កញ្ញា ​ឆ្នាំ​២០១២។ តែយ៉ាង​ណា ​គ្មាន​នរណា​ដឹង​ទេ​ថា ​ នាវា​ចម្បាំង​នេះ ​ មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​បាន​ខ្លះ​នោះ​ទេ។ ដោយ​ឡែក ​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​ចិន​ នៅ​មិន​ទាន់​ស្ទាត់​ជំនាញ ​ក្នុង​ការ​ចុះចត​យន្តហោះ ​នៅ​លើ​នាវា​ចម្បាំង​នៅឡើយ​ទេ។​ អ្នក​ជំនាញ​កងទ័ព​អាកាស​ប្រទេស​លោក​ខាងលិច ​តែងតែ​បដិសេធ ​មិន​ចង់​បង្រៀន​បច្ចេក​ទេស​នេះ ​ទៅ​ខាង​ចិន​ទេ៕

គ្រាប់មីស៊ីល​ពិតៗ​ ដែល​ចិន​​បាន​បាញ់​​សាកល្បង​ ក្នុងពេល​​ធ្វើ​សមយុទ្ធ​យោធា​ ថ្ងៃ​ទី​​១៦ ធ្នូ​​២០១៦
គ្រាប់មីស៊ីល​ពិតៗ​ ដែល​ចិន​​បាន​បាញ់​​សាកល្បង​ ក្នុងពេល​​ធ្វើ​សមយុទ្ធ​យោធា​ ថ្ងៃ​ទី​​១៦ ធ្នូ​​២០១៦ REUTERS/Stringer

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ