អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

ចិនថា​ ការស្ថាបនា​មូលដ្ឋាន​ទ័ព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​គឺ​ជា​ការ​ការពារ​ខ្លួន

ពីរថ្ងៃ​​បន្ទាប់​ពី​មាន​ការ​ផ្សាយ​រូបភាព​ផ្កាយរណប ​ ដែល​បង្ហញ​ពី​សកម្មភាព​របស់​ចិន ​ដែល​កំពុង​សាងសង់​ទីតាំង​ដាក់តាំង​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ ហើយ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ បាន​មាន​ប្រតិកម្ម​ថ្កោលទោស​ចំពោះ​ទង្វើ​បំពាន​របស់​ចិន​នេះ ​ ក្រសួង​ការពារជាតិ​ចិន ​បាន​ចេញ​មុខ​មក​អះអាង​ថា ​ចិន​ពិត​ជា​កំពុង​កសាង​មូលដ្ឋាន​ទ័ព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មែន ​ ហើយ​នេះ​គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ចិន ​ក្នុងការ​ការពារ​ខ្លួន។

AMTI/Reuters
ផ្សាយពាណិជ្ជកម្ម

ពីមុន​រដ្ឋាភិបាល​ចិន ​តែងតែ​ប្រកែក​ថា ​កោះ​សិប្បនិម្មិត​ដែល​គេ​កំពុង​តែ​សាងសង់ ​នៅក្នុង​ប្រជុំ​កោះ​Spratleys ​នោះ ​គឺ​ជា​មណ្ឌល​ស្រាវជ្រាវ​ធនធាន​សមុទ្រ ​និង​ជា​កន្លែង​សង្រ្គោះ​អ្នក​នេសាទ​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​ រូបភាព​ផ្សាយ​រណប​បាន​បង្ហាញ​យ៉ាង​ច្បាស់ ​ពី​អ្វី​ដែល​ចិន​កំពុង​តែ​កសាង​នៅ​ក្នុង​ដែន​ទឹក​ ដែល​កំពុង​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឡើយ នោះ។

 
ក្រុម​ការងារ​របស់​ Asia Maritimes Transparency Initiative ​បាន​អះអាង​ថា ​ ដោយ​យោង​លើ​រូបភាព​ផ្កាយ​រណប ​គឺ​អ្វី​ដែល​ចិន​កំពុង​សាងសង់​នៅ​លើ​កោះ​សិប្បនិម្មិត​ជា​ច្រើន​កន្លែង​នោះ ​ ​គឺ​ទំនង​ជា​ទីតាំង​ដាក់​បញ្ឈរ​ប្រព័ន្ធ​រ៉ាដា​បំផ្លាញ​គ្រាប់​មីស៊ីល ​និង​ទីលាន​ចុះ​ចត​យន្តហោះ​ចម្បាំង​ទៀត​ផង។ សំណង់​ទាំង​អស់​នេះ ​ នឹង​អាច​ជាបណ្តុំ​មូលដ្ឋាន​ទ័ព​ដ៏​ធំ ​របស់​ចិន ​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នៅថ្ងៃ​ព្រហស្បតិ៍ ​ទី​១៥ ធ្នូ ​ក្រសួង​ការពារ​ចិន​ បាន​ចេញ​មុខ​ទទួល​ស្គាល់ ​ដោយ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ​ចិន​ពិត​ជា​កំពុង​កសាង​ប្រព័ន្ធ​មូលដ្ឋាន​កងទ័ព ​ដ៏​ធំមួយ​មែន ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ទោះ​យ៉ាងណា​​ ​ក្រសួង​ការពារជាតិ​ចិន​បន្ថែម​ថា ​ សំណង់​នៅ​លើ​កោះ​សិប្បនិម្មិត​ទាំង​អស់ ​គឺ​ភាគ​ច្រើន​ជា​សំណង់​ ដែល​មាន​ទិសដៅ​បំរើ​ឲ្យ​កិច្ចការ​ស៊ីវីល។ ចំណែក​ឯ​សំណង់​ដែល​មាន​លក្ខណៈ​ផ្នែក​កងទ័ព​វិញ ​គឺ​វា​ជា​ការ​សាងសង់​ដ៏​ស្របច្បាប់ ​ដែល​មាន​ទិសដៅ​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ​មិនមែន​ដើម្បី​ទៅ​​វាយ​អ្នក​ណា​មុន​នោះទេ។ ក្រសួង​ការពារជាតិ​ចិន​ បន្ត​ថា ​បើ​នរណា​ម្នាក់ ​មក​អួត​ក្អេងក្អាង ​សំញ៉ែញ​អាវុធ​ នៅ​ខាង​មុខ​​របង​ផ្ទះ​របស់​អ្នក ​ តើ​អ្នក​ត្រូវ​ត្រៀម​កំលាំង​ដើម្បី​ការពារ ​ផ្ទះ​អ្នក​ដែរ​រឺ​ទេ?

សូម​បញ្ជាក់​ថា ​អ្វី​ដែល​ខាង​រដ្ឋាភិបាល​ចិន​ ហៅថា​ជា​ការ​ការពារ​ខ្លួន​នេះ ​ ​តែ​សម្រាប់​សហរដ្ឋ​អាមេរិក​ ​វា​គឺ​ជា​ការ​គំរាម​ដល់​ស្ថិរភាព​តំបន់​ទាំងមូល ​ព្រោះ​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​ជា​ច្រក​ចេញចូល​ឆ្លង​កាត់​ ​នៃ​នាវា​ដឹក​ទំនិញ​អន្តរជាតិ។ គឺ​ស្ថិត​ក្នុង​កម្មវត្ថុ​នៃ​ការ​ការពារ​សន្តិសុខ ​តំបន់​ចរាចរណ៍​ដែនទឹក​អន្តរជាតិ​នេះ​ហើយ​ ទើប​អាមេរិក​ បាន​បញ្ជូន​នាវា​ល្បាត​ជា​ច្រើន​គ្រឿង ​ទៅ​តំបន់​នោះ ​ដើម្បី​រក្សា​សន្តិសុខ។ តែ​ការ​នេះ ​ត្រូវ​បាន​ចិន​យល់​ថា ​ជាការ​គម្រាម​ដល់​អធិបតេយ្យ​របស់​ចិន។

ជាងនេះ​ទៅទៀត ​ការ​ស្ថាបនា​កោះ​សិប្បនិម្មិត ​ដើម្បី​ដាក់​តាំង​មូលដ្ឋាន​ទ័ព​របស់​ចិន​នេះ​ ​គឺ​ចិន​ធ្វើ​នៅ​ក្នុង​តំបន់​ដែល​កំពុង​ជាប់​ជម្លោះ​នៅ​ឡើយ។ បើ​និយាយ​ពី​ក្រម​ខណ្ឌ​ច្បាប់​អន្តរជាតិ​ គឺចិន​ បាន​បំពាន​ទាំង​ស្រុង។ តែបើ​យើង​ក្រលេក​មក​មើល​ប្រទេស​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិន​ ក្នុង​សំណុំ​រឿង​ដែន​សមុទ្រ​នេះវិញ​ គឺ​គេ​ឃើញ​ថា​ប្រទេស​មួយ​ចំនួន ​ ដូចជា​ហ្វីលីពីន ​និង​ ម៉ាឡេស៊ី ​ហាក់​បាន​បន្ថយ​ការ​តទល់​ជាមួយ​ចិន​ ហើយ​សុខចិត្ត​ចរចា​ដោយ​ចាញ់ប្រៀប  ​ជា​ថ្នូរ​ជាមួយ​ជំនួយ​សេដ្ឋកិច្ច​ ដែល​ចិន​បាន​សន្យា។ មាន​តែ​វៀតណាម ​និង​ឥណ្ឌូណេស៊ី​តែ​ប៉ុណ្ណោះ ​ដែល​បន្ត​ប្រកាន់​ជំហរ​រឹងមាំ ​ទាមទារ​ឲ្យ​ចិន​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ