អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាងជើង គំរាម​កុំឲ្យ​អាមេរិក និង​កូរ៉េ​ខាងត្បូង ​ប្រលែង​​ជាមួយ​ល្បែង​នុយក្លេអ៊ែរ​ឲ្យ​សោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​កូរ៉េ​ខាងត្បូង ​និង​សហរដ្ឋ​អាមេរិក ​បាន​រួមគ្នា​ធ្វើ​សមយុទ្ធ​បង្ហោះ​យន្ត​ហោះ​ចម្បាំង​ ទៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង ​កាល​ពី​ថ្ងៃ​សៅរ៍​ទី៨​កក្កដា ​ នៅ​ថ្ងៃ​អាទិត្យ​៩​កក្កដានេះ​ របប​ផ្តាច់ការ​គីម ជុងអ៊ុន ​បាន​បញ្ចេញ​ប្រតិកម្ម ​គំរាម​ទៅ​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង ​ថា​កំពុង​តែ​ជម្រុញ​បញ្ហា ​ឲ្យ​ដើរ​ដល់​មាត់​ច្រក​សង្រ្គាម​នុយក្លេអ៊ែរ។ ជា​ការពិត ​ការ​គំរាម​កំញើញ ​ប្រើ​កំលាំង​ទៅ​វិញ​ទៅមក​ ពិតជា​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ។ នៅសល់​តែ​ច្រក​មួយ​គត់ ​គឺតាម​ផ្លូវ​ការទូត។

គីម ជុងអ៊ុន អបអរនឹងជោគជ័យនៃការបាញ់​សាកល្បង​កាំជ្រួច​បាលីស្ទីក ថ្ងៃទី​៤ កក្កដា ២០១៧
គីម ជុងអ៊ុន អបអរនឹងជោគជ័យនៃការបាញ់​សាកល្បង​កាំជ្រួច​បាលីស្ទីក ថ្ងៃទី​៤ កក្កដា ២០១៧ KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​យោធា ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨​កក្កដា​ គឺ​កងទ័ព​អាកាស​អាមេរិក​ និង​កូរ៉េ​ខាងត្បូង ​បាន​ប្រើ​យន្តហោះ​ចម្បាំង ​ចំនួន​៤គ្រឿង ​ ធ្វើ​ការ​សាក​ល្បង​ ហោះ​ទៅ​កំទេច​ ទីតាំង​បញ្ជាការដ្ឋាន​ទ័ព​កូរ៉េ​ខាងជើង ​ និង​កំទេច​ទីតាំង​បាញ់​បង្ហោះ​មីស៊ីល​ របស់​កូរ៉េ​ខាងជើង។ វា​គឺ​ជា​ការ​ហាត់​សម​ ក៏​ប៉ុន្តែ ​គ្រប់គ្នា​ដឹង​ច្បាស់​ណាស់ ​ថា​ ​វា​គឺ​សារ​ផ្ញើរ​ទៅ​កាន់ ​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាងជើង​ថា ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង ​កំពុង​តែ​រុញ​ច្រាន​ ឲ្យ​កើត​សង្រ្គាម​នុយក្លេអ៊ែរ

គ្មានអ្វី​ប្លែក​ទេ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ របប​ព្យុងយ៉ាង ​បាន​មាន​ប្រតិកម្ម​ឆ្លើយ​តប​មក​វិញ ​តាម​រយៈ​សារព័ត៌មាន ​Rodong ​ដែល​ជា​សារព័ត៌មាន​រដ្ឋ​​បំរើ​របប​នេះតែ​មួយ​គត់។ កាសែត​នេះ​បាន​សរសេរ​ថា ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង ​កំពុង​តែ​រុញ​ស្ថាន​ការណ៍ ​ឲ្យ​ចូល​ទៅ​កាន់​ដំណាក់​កាល​មួយ ​ដែល​អាច​ឈាន​ក្លាយ​ទៅ​ជា​សង្រ្គាម​នុយក្លេអ៊ែរ ​បាន​គ្រប់​ពេល​វេលា។ កាសែត​នេះ​សរសេរ​បន្ត​ថា ​ អាមេរិក​ និង​កូរ៉េ​ខាងត្បូង ​ មិនខុស​ពី​សត្វ​មមៀច ​កំពុង​ប្រឡែង​ភ្លើង​ទេ។ ការ​ដែល ​បញ្ជា​យន្តហោះ​ចម្បាំង ​ហោះ​មក​ហាត់​សម​ធ្វើ​ការ​ទំលាក់​គ្រាប់ ​ក្បែរ​ដី​កូរ៉េ​ខាង​ជើង ​ បើ​សិន​ជា​មាន​ករណី​ភ្លាត់​ស្នៀត​ណា​មួយ​នោះ ​ នោះ​សង្រ្គាម​នុយក្លេអ៊ែរ​នឹង​ផ្ទុះ​ជា​មិន​ខាន។

ជា​ការពិត ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ ដែល​របប​ផ្តាច់ការ​គីម ជុងអ៊ុន​ បាន​ប្រើ​ពាក្យ​គំរាម ​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​របស់​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង។ យ៉ាង​ណាមិញ ​កូរ៉េ​ខាង​ជើង​ ធ្លាប់​ទាំង​បាននិយាយ​ទៀតថា​ បើក្នុង​ករណី​អាមេរិក ​ប្រើ​កំលាំង​ដាក់​គេ ​គេ​និង​កំទេច​កូរ៉េ​ខាងត្បូង ​ឲ្យ​ឆ្ងាញ់​ដៃ​តែម្តង។ ហើយ​ព្យុងយ៉ាង​អួត​ថា ​ការ​កំទេច​កូរ៉េ​ខាងត្បូង ​ឲ្យ​ក្លាយ​ជា​ផេះ ​គឺ​ងាយ​ដូច​បក​ចេក​ដូច្នោះ។

ចិន និង​អាមេរិក​ សន្យា​ចាប់ដៃ​គ្នា ​ដោះស្រាយ​វិបត្តិ​កូរ៉េ​ខាងជើង

លោក ស៊ី ជីនពីង ​និង​លោក​ដូណាល់ ត្រាំ ​នៅ​ហំបួរ ​ប្រទេស​​​អាល្លឺម៉ង់​ ថ្ងៃ​​សៅរ៍​​ទី​៨​​កក្កដា ២០១៧
លោក ស៊ី ជីនពីង ​និង​លោក​ដូណាល់ ត្រាំ ​នៅ​ហំបួរ ​ប្រទេស​​​អាល្លឺម៉ង់​ ថ្ងៃ​​សៅរ៍​​ទី​៨​​កក្កដា ២០១៧ Reuters

ការ​គំរាម​កំញើញ​ទៅ​វិញ​ទៅ​មក ​វា​រឹតតែ​បន្ថែម​ភាព​តានតឹង ​ហើយ​អាច​រុញច្រាន​ស្ថានការណ៍​ឲ្យ​ទ័ល​ច្រក​ ក្លាយ​ជា​សង្រ្គាម​ពិតមែន។ រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ធ្លាប់​បាន​គំរាម ​កំទេច​កូរ៉េ​ខាង​ជើង​ទៀត​ផង​ បើ​ចាំបាច់។ លោក ​ដូណាល់ ត្រាំ ​ខុស​ពី​លោក​អូបាម៉ា។ លោក​ដូណាល់ ត្រាំ ​ចង់​ប្រើ​ធម៌ក្តៅ​ជាង​ មិន​ថា​តាម​រយៈ​ការ​គំរាម​ប្រើ​កំលាំង​ រឺ​តាម​រយៈ​ការ​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ទៅ​លើ​កូរ៉េ​ខាង​ជើង​ទេ។

កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​គេ​សង្កេត​ឃើញ ​លោក​ដូណាល់ ត្រាំ​ បាន​បន្ទន់​ឥរិយាបថ​ច្រើន ​ហើយ​សុខចិត្ត​ស្តាប់ ​និង​សហការ​ជាមួយ​ចិន ​ដើម្បី​ប្រើ​យុទ្ធសាស្ត្រ​ការទូត។ កាល​ពី​ពេល​មុន ​គេ​សង្កេត​ឃើញ​លោក​ត្រាំ ​បាន​បញ្ចេញ​ចរិក​ អន្ទះ​អន្ទែង ​ក្តៅ​ក្រហល់​ក្រហាយ ​ហើយ​បាន​រិះគន់​ចិន​ចំៗ​ទៀត​ផង។ ក៏​ប៉ុន្តែ ​កាល​ពី​ពេល​ជួប​គ្នា ​នៅ​ហំបួរ ​ លោក​ដូណាល់ ត្រាំ ​បាន​សុំ​ឲ្យ​ចិន​ បន្ត​ដាក់​គំនៀប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​កូរ៉េ​ខាង​ជើង។

ចំណែក​លោក ​ស៊ី ជីនពីង​វិញ ​បាន​លើក​ឡើង​ថា ​លោក​យល់​ពី​សេចក្តី​ខ្វាយខ្វល់ ​របស់​រដ្ឋាភិបាល​អាមេរិក ​ទាក់ទិន​នឹង​វិបត្តិ​កូរ៉េ​ខាង​ជើង​នេះ។ ចិន​ក៏​មិន​ខុស​ពី​អាមេរិក​ដែរ ​ដូច្នេះ ​គ្រប់គ្នា ​ត្រូវ​សហការ​គ្នា​ ដោះ​ស្រាយ​វិបត្តិ​នេះ។ លោកស៊ី ជីនពីង ​បាន​បន្ថែម​ថា ​“​ជួនកាល ​ដំណោះស្រាយ​ វា​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ យូរ​ជាង​អ្វី​ដែល​យើង​ចង់បាន។ តែ​យ៉ាង​ណា ​ការ​អត់ធ្មត់​របស់​យើង ​ ប្រាកដ​ជា​ហុចផល ​ទៅ​ថ្ងៃ​ខាងមុខ”។

ក្នុងន័យ​នេះ ​ចិន​ បាន​សំណូមពរ​ ឲ្យ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ ប្រឹងប្រែង​អត់​ធ្មត់​ កុំ​ក្រហល់​ក្រហាយ ​ទៅតាម​ការ​កំញើញ​របស់​កូរ៉េ​ខាង​ជើង។ លោក​ស៊ី ជីនពីង ​សន្យា​ថា ​ចិន​នឹង​បន្ថែម​ការ​ប្រឹងប្រែង ​ សាកល្បង​ចរចា ​ជាមួយ​ព្យុង​យ៉ាង ​តាម​ផ្លូវ​ទូត។

តាមពិត​ទៅ ​កន្លង​មក​ លោក​ដូណាល់ ត្រាំ ​ច្រង៉េងច្រង៉ាង ​ក្អេងក្អាង ​គំរាម​ប្រើ​កំលាំង​ដាក់​កូរ៉េ​ខាងជើង ​ហើយ​ថែម​ទាំង​បាន​រិះគន់​ចិន​ ថា​មិន​ព្រម​ដាក់​គំនាប​លើ​កូរ៉េ​ខាង​ជើង​នេះ​ បាន​បង្ហាញ​ថា ​លោក​ដូណាល់ ត្រាំ​ មិន​ស្គាល់​សំណុំរឿង​នេះ​ និង​មិន​យល់​ពី​វិបត្តិ​នេះ​ច្បាស់​ទេ។ តែ​បន្ទាប់​ពី​បាន​ទទួល​ការ​ផ្តល់​ប្រឹក្សាពី​អ្នក​ជំនាញ​ជាច្រើន ​លោក ​ដូណាល់ ត្រាំ ​ក៏បាន​បន្ថយ​កំដៅ​មក​វិញ។ ដូចគ្នា​ដែរ ​ ទាំង​កូរ៉េ​ខាង​ត្បូង ​ទាំង​ជប៉ុន​ និង​ចិន ​សុទ្ធ​តែ​បាន​ព្យាយាម​ទប់​ ទាញ​លោក​ដូណាល់ ត្រាំ ​ឲ្យ​ស្ងប់​មក​វិញ ​មុន​នឹង​អ្វីៗ​ហួស​ពេល។

ភាព​មិន​ទៀតទាត់​ នៃ​គោល​នយោបាយ​ការបរទេស​អាមេរិក ​ដែល​ធ្វើឲ្យ​កូរ៉េ​ខាងជើង​លែង​ទុកចិត្ត

កូរ៉េ​ខាងជើង​ យក​អាវុធ​នុយក្លេអ៊ែរ ​ជា​មធ្យោបាយ ​ការពារ​របប​កុម្មុយនីស្ត​របស់​ខ្លួន។ បញ្ហា​ចោទ​ គឺ​រដ្ឋាភិបាល​របស់​អាមេរិក​ ឯណោះទេ​ ដែល​ពីមួយ​ទៅ​មួយ ​មិនមាន​គោល​នយោបាយ​ការទូត​ ដូចគ្នា​ ទាក់​ទិន​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង។ កាល​ពី​ជំនាន់ ​លោក​គ្លីនតុន ​កូរ៉េ​ខាង​ជើង ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​ព្យួរទុក​កម្មវិធី​នុយក្លេអ៊ែរ​ម្តង​រួច​មក​ហើយ ​នៅ​ពី​ឆ្នាំ​១៩៩៤។ ក្នុង​រវាង​រយៈ​ពេល​៨ឆ្នាំ ​កិច្ច​ព្រមព្រៀង​នេះ ​បាន​ទប់​មិន​ឲ្យកូរ៉េ​ខាងជើង ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ ​ជា​ថ្នូរ​ជាមួយ​នឹង ​ការ​ប្រគល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវីល​ ដើរ​ដោយ​ចំហាយ​ទឹក។ តែ​ទីបំផុត​ គឺ​សហរដ្ឋ​អាមេរិក​ទេ ​ដែល​មិន​បាន​គោរព​កិច្ច​សន្យា ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ។

មកដល់​អាណត្តិ​លោក ​Gorge W.Bush ​នយោបាយ​ការ​ទូត​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ​ដែល​ពេលនោះ​អាមេរិក​ បាន​ចោទ​កូរ៉េ​ខាងជើង​ថា​បាន​លួច​ចំរាញ់​ជាតិ​អ៊ុយរ៉ានីញូម​យ៉ាង​សំងាត់។ តែ​តាម​ការ​ពិត ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​លោក​ប៊ូស ​គឺ​មិនខុស​ពី​ការ​ចោទ​ប្រកាន់​ដោយ​ប្រឌិត​ ថា​របប​សាដាម​ ហ៊ូសេន ​មាន​អាវុធ​ប្រល័យ​លោក​នោះ​ទេ។ មក​ដល់​ជំនាន់​លោក​ អូបាម៉ា ​អ្វីៗ​នៅ​នឹង​ថ្កល់​មួយ​កន្លែង។ ហើយ​ទន្ទឹម​គ្នា​នោះ ​កូរ៉េ​ខាង​ជើង​ បាន​ចាប់ផ្តើម​អភិវឌ្ឍន៍​កម្មវិធី​នុយ​ក្លេអ៊ែរ​ឡើង​វិញ ​ ព្រោះ​គេ​លែង​ទុកចិត្ត​អាមេរិក​ទៀត​ហើយ ​ ខ្លាច​វាសនា​ខ្លួន​ធ្លាក់​ដូច​របប​សាដាម ហ៊ូសេន។

កុំ​ដេញខ្លា​ ឲ្យ​ទ័លច្រក!

គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​សង្រ្គាម​ផ្ទុះឡើង​ទេ ​ជា​ពិសេស ​ចិន​ កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន។ កូរ៉េខាង​ជើងមិន​ទៅ​ល្ងង់​ វាយ​អាមេរិក​មុន​ទេ។ បើ​ធ្វើ​មែន ​គឺ​មិន​ខុស​ពី​ការ​ធ្វើ​អត្តឃាត​ទេ។ ដូច្នេះ ​ដំណោះស្រាយ​តែ​មួយគត់​ គឺ​ត្រូវ​មាន​ភាគី​ណាមួយ ​អត់​ធ្មត់​ខាំមាត់ ​ហើយ​រៀបចំ​ឲ្យ​មាន​ការ​ចរចា​តាម​ផ្លូវ​ទូត។ កូរ៉េ​ខាង​ជើង ​ធ្វើសកម្មភាព​គំរាម​បច្ចុប្បន្ន​នេះ ​ គឺ​មិន​ខុស​ពី​ការ​ទ័លច្រក​ទេ។ ដូច្នេះ ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ ​គឺ​ជា​ជំរើស​តែ​មួយគត់ របស់​កូរ៉េ​ខាង​ជើង​ ដើម្បី​ឲ្យ​អ្នក​ផ្សេង​ខ្លាច​ខ្លួន ​ ហើយ​អាច​ផ្តល់​សម្បទាន​ខ្លះ​ឲ្យ​ខ្លួន។

ដូច្នេះ​មក​ទល់​ពេល​នេះ ​កូរ៉េ​ខាងជើង ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ទ័លច្រក​ដដែល ​ហើយ​យក​អាវុធ​នុយក្លេអ៊ែរ ​ដើម្បី​ការពារ​ខ្លួន។ ការ​កំញើញ​របស់​កូរ៉េ​ខាង​ជើង​នេះ ​ ក៏​ជា​វិធីសាស្ត្រ​ ធ្វើ​ឲ្យ​កើត​ជា​បញ្ហា​រវាង​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ដែរ។ កូរ៉េ​ខាងត្បូង ​និង​ជប៉ុន​ នឹង​យក​ឱកាស​នេះ ​ចាំមើល​ថា​តើ​អាមេរិក​ ហ៊ាន​លះបង់ ​ការពារ​ពួក​ខ្លួន​ដល់​កំរិត​ណា?

មន្ត្រី​របស់​រដ្ឋាភិបាល​លោកត្រាំ ​ខ្លះគេ​និយាយ​ថា ​អាមេរិក​ មិន​បន្ទាប​ខ្លួន​ ទៅ​និយាយ​ជាមួយ​របប​ពាល ​ដូច​កូរ៉េ​ខាងជើង​ទេ។ អញ្ចឹង​ អ្វីៗ​គឺ​វា​អាស្រ័យ​ថា​តើ​អាមេរិក​ សុខចិត្ត​ធ្វើ​សម្បទាន​ និង​អត់ធ្មត់​ដល់​កំរិត​ណា។ អ្វី​ដែល​គ្រោះថ្នាក់​បំផុត​ ​គឺ​ចរិក​ ម្តងក្តៅ​ម្តង​ត្រជាក់ ​របស់​លោក​ដូណាល់ ត្រាំ​ទៅ​វិញ​ទេ ​ដែល​អាច​ធ្វើ​ឲ្យ​សង្រ្គាម​នុយក្លេអែរ​ផ្ទុះឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ