អានតួអត្ថបទ
អាស៊ាន

អាស៊ាន​ខ្វល់ខ្វាយ​នឹង​បញ្ហា​លិច​នាវា​កូរ៉េ​ខាង​ត្បូង និង​វិបត្តិ​នៅ​ហ្កាហ្សា

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់​ថា អាស៊ាន គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ សម្តែង​នូវ​ការ​ខ្វល់ខ្វាយ​ចំពោះ​ភាពតានតឹង​ជុំវិញ​ការ​លិច​នាវាចម្បាំង​ កូរ៉េ​ខាង​ត្បូង និង​វិបត្តិ​នៅ​តំបន់​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន។ អាស៊ាន​គ្រោង​ចេញ​សេចក្តីថ្លែងការណ៍​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស ដែល​នឹង​បើក​ធ្វើ​នៅថ្ងៃ​ចន្ទ​ស្អែក។

អាស៊ាន​បើក​ធ្វើ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​វេទិកា​សន្តិសុខ​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក ពីថ្ងៃ​ទី១៩-២៣ កក្កដា ២០១០ នៅ​ហាណូយ
អាស៊ាន​បើក​ធ្វើ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​វេទិកា​សន្តិសុខ​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក ពីថ្ងៃ​ទី១៩-២៣ កក្កដា ២០១០ នៅ​ហាណូយ ©AFP
ផ្សាយពាណិជ្ជកម្ម

01:58

សេចក្តីរាយការណ៍​របស់ សេង ឌីណា

បើ​តាម​​គម្រោង​សេចក្តី​ថ្លែងការណ៍​​​នេះ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​សម្តែង​នូវការ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​ចំពោះ​ការ​លិចនាវាចម្បាំង​របស់​កូរ៉េ​ខាង​ត្បូង ដែល​បង្ក​ឲ្យ​មាន​ភាពតានតឹង​កាន់តែ​ខ្លាំងឡើងៗ នៅ​ឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែ អាស៊ាន​នឹង​មិន​ធ្វើការ​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ ក្នុង​រឿង​លិចនាវា​នេះ​ឡើយ។

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​អាស៊ាន នឹង​ចាប់​បើក​ធ្វើ​ពី​ថ្ងៃ​ចន្ទ​ស្អែក រហូត​ដល់​​ថ្ងៃ​សុក្រ នៅទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម។ ក្នុងពេលជាមួយគ្នា អាស៊ាន​ក៏​នឹង​រៀបចំ​បើក​ធ្វើ​វេទិកា​ប្រចាំ​ឆ្នាំ​ ស្តីពី​សន្តិសុខ​តំបន់​ផង​ដែរ​ ដោយ​មាន​ការ​ចូលរួម​ពី​ រដ្ឋមន្រ្តីការបរទេស​នៃ​ប្រទេស​ជាសមាជិក​ទាំង ២៧​ប្រទេស ដែល​ក្នុង​នោះ​ក៏មាន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ចិន​ កូរ៉េ​ខាង​ត្បូង កូរ៉េ​ខាង​ជើង ជប៉ុន និង​រុស្ស៊ី ផងដែរ។

កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​សុំ​ឲ្យ​វេទិកា​សន្តិសុខ​អាស៊ាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​បាញ់​ពន្លិច​នាវា​ចម្បាំង​របស់​ខ្លួន។ ក៏ប៉ុន្តែ អ្នកវិភាគជាច្រើន​យល់ថា វេទិកា​អាស៊ាន​នឹង​មិន​ធ្វើការ​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ តាមការចង់បាន​របស់​កូរ៉េ​ខាង​ត្បូង​នេះទេ។ នៅ​ក្នុង​គម្រោង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​​ ​រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន​បាន​អំពាវនាវ​​ផងដែរ​ឲ្យ​គ្រប់ភាគី​ជម្លោះ​មាន​ភាពអត់ធ្មត់​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​ឡើង​ថែមទៀត។​

ទាក់ទងនឹង​បញ្ហា​នៅ​តំបន់​ហ្កាហ្សា​វិញ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​គ្រោង​​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា ចំពោះ​​ប្រតិបត្តិការ​​កងទ័ព​អ៊ីស្រាអែល ដែល​បាន​ធ្វើ​ការ​វាយប្រហារ​ទៅលើ​នាវា​ដឹកជំនួយ​ទៅហ្កាហ្សា កាល​ពី​ថ្ងៃ​ទី៣១ ឧសភា។ ក្នុង​ពេល​ជាមួយ​គ្នា អាស៊ាន ក៏នឹង​​អំពាវនាវ​ផងដែរ​ឲ្យ​អ៊ីស្រាអែល​​បញ្ឈប់ការ​រារាំង​ការដឹកជំនួយ​មនុស្សធម៌​ចូល​ទៅ​តំបន់​ហ្កាហ្សា ហើយ​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចាប់​បើក​ឡើងវិញ​នូវ​កិច្ចចរចា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ ឈាន​ទៅ​បង្កើត​រដ្ឋ​​ប៉ាឡេស្ទីន​ឯករាជ្យ​ និង​បញ្ចប់​ជម្លោះ​ជាមួយ​អ៊ីស្រាអែល។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន ឥណ្ឌូនេស៊ី​ គឺ​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំជាងគេបំផុត នៅលើពិភពលោក។ ក្រៅពីនេះ ម៉ាឡេស៊ី និង​ប៊្រុយណេ ក៏ជា​ប្រទេស ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ