អានតួអត្ថបទ
ស៊ីរី

សម្ព័ន្ធអារ៉ាប់​ស្នើ​ឲ្យ​អ.ស.ប.​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ស៊ីរី

កាលពី​ថ្ងៃ​អាទិត្យ ១២​កុម្ភៈ ម្សិលមិញ​នេះ សម្ព័ន្ធ​អារ៉ាប់​បាន​​ចេញ​សម្រេច​ផ្តល់ការ​គាំទ្រ​ទាំង​ផ្នែកនយោបាយ និង​ហិរញ្ញវត្ថុ​ដល់​ក្រុមប្រឆាំង ព្រមទាំង​បើកផ្លូវ​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ “ក្រុមប្រឹក្សា​ជាតិស៊ីរី" ដែល​តំណាង​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី។ ក្នុង​ពេល​ជាមួយគ្នា សម្ព័ន្ធអារ៉ាប់​ក៏​បាន​សម្រេច​ផងដែរ​ថា​នឹង​​បញ្ឈប់ជាស្ថាពរ​នូវ​បេសកកម្ម​សង្កេតការណ៍​នៅ​ស៊ីរី ប៉ុន្តែ បាន​ស្នើ​ឲ្យ​អ.ស.ប.​បញ្ជូន​កងរក្សា​សន្តិភាព​ទៅ​ស៊ីរី។

អគ្គលេខាធិការ​សម្ព័ន្ធអារ៉ាប់ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស នៅ​អេហ្ស៊ីប ថ្ងៃអាទិត្យ ១២​កុម្ភៈ ២០១២
អគ្គលេខាធិការ​សម្ព័ន្ធអារ៉ាប់ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស នៅ​អេហ្ស៊ីប ថ្ងៃអាទិត្យ ១២​កុម្ភៈ ២០១២ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

យោងតាម​សំណើ​របស់​សម្ព័ន្ធអារ៉ាប់ (មាន​ប្រទេស ដែល​និយាយ​ភាសាអារ៉ាប់​ ចំនួន ២២ ជាសមាជិក) កងរក្សា​សន្តិភាព ដែល​ត្រូវ​បញ្ជូន​ទៅ​ស៊ីរី គឺ​ជា​កងកម្លាំង​រួម អ.ស.ប.-សម្ព័ន្ធ​អារ៉ាប់។ បេសកកម្ម​រួមគ្នា​បែបនេះ ក៏​ធ្លាប់​បាន​ធ្វើ​ដែរ នៅ​ប្រទេស​ស៊ូដង់ (កងមួកខៀវ​រួម​អ.ស.ប.-សហភាព​អាហ្រ្វិក)។

សំណើ​របស់​សម្ព័ន្ធអារ៉ាប់​បាន​ទទួលនូវការ​គាំទ្រ​ពី​សំណាក់​សហភាព​អឺរ៉ុប ក៏ប៉ុន្តែ ត្រូវ​រដ្ឋាភិបាល​ស៊ីរី​ប្រកាស​ច្រានចោល​ភ្លាមៗ ដោយ​ចោទថា​ វា​ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ស៊ីរី។

គួរបញ្ជាក់ថា ស្ថាប័ន​ដែលមាន​សមត្ថកិច្ច​សម្រេច​បញ្ជូន​កង​រក្សា​សន្តិភាព​អ.ស.ប. (កងមួកខៀវ) គឺ​ក្រុមប្រឹក្សា​សន្តិសុខ។ ដូច្នេះ រាល់​សំណើ​ឲ្យ​បញ្ជូន​កងទ័ព​មួកខៀវ​ទៅ​ស៊ីរី គឺ​ប្រាកដ​ជា​ត្រូវ​ប្រឈមមុខ​នឹង​វ៉េតូ​របស់​រុស្ស៊ី ដែល​ជាសម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី។

កាលពី​ថ្ងៃសុក្រ ៤​កុម្ភៈ ២០១២​កន្លងទៅនេះ រុស្ស៊ី រួមជាមួយ​ចិន ទើបនឹង​បាន​ប្រើសិទ្ធិវ៉េតូ រារាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​សេចក្តីសម្រេច​​គាំទ្រផែនការ​របស់​សម្ព័ន្ធអារ៉ាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី។

នៅថ្ងៃ​ចន្ទនេះ រដ្ឋមន្រ្តីក្រសួងការបរទេស​រុស្ស៊ី​បាន​ឲ្យដឹងថា រុស្ស៊ី​កំពុង​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​សំណើ​របស់​សម្ព័ន្ធអារ៉ាប់ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា​ក៏បាន​បញ្ជាក់ផងដែរ​ថា ការដាក់ពង្រាយ​កងកម្លាំង​រក្សា​សន្តិភាព​ទៅស៊ីរី​នឹង​មិនអាច​ធ្វើទៅបានទេ ប្រសិនបើ​គ្មាន​បទឈប់បាញ់​ជាមុនទេនោះ។

ការទាមទារ​ឲ្យ​មានបទឈប់បាញ់​មុននឹង​បញ្ជូន​កងរក្សា​សន្តិភាព គឺជាគោលការណ៍ ដែល​អ.ស.ប.​ប្រកាន់​យក​តាំងពីដើមមក។ ជាទូទៅ មុននឹង​សម្រេច​បញ្ជូន​កងទ័ពមួកខៀវ ក្រុមប្រឹក្សា​សន្តិសុខ​តែងតែ​ទាមទារ​ឲ្យ​មាន​ការព្រមព្រៀង​ពី​គ្រប់ភាគី​ជម្លោះ ដើម្បី​ធានាថា គ្រប់ភាគី​ជម្លោះ​ពិតជា​មាន​សុឆន្ទៈ​ ក្នុងការ​បញ្ចប់​ជម្លោះពិតមែន។ ម្យ៉ាងទៀត កងទ័ពមួកខៀវ មិនមែនជា​កងទ័ពប្រយុទ្ធនោះទេ។ ដូច្នេះ គេមិនចង់​ដាក់ពង្រាយ​កងទ័ពមួកខៀវ ទៅកាន់​សមរភូមិប្រយុទ្ធនោះទេ។

កន្លងមក គេ​ក៏​ធ្លាប់​ឃើញ​អ.ស.ប.​ ​អនុញ្ញាត​ឲ្យ​មាន​បេសកកម្ម​រក្សា​សន្តិភាព នៅមុន​មាន​បទឈប់បាញ់​ដែរ (ប្រតិបត្តិការ​របស់​អង្គការ NATO នៅ​អតីត​យូហ្គោស្លាវី) ក៏ប៉ុន្តែ ប្រតិបត្តិការ​នេះ គេគួរហៅថា​ជា​ប្រតិបត្តិការ​ “បង្កើតសន្តិភាព” ជាជាង “រក្សា​សន្តិភាព”។ ប្រសិនបើ​គេ​ចង់​ដាក់ពង្រាយកងទ័ពទៅស៊ីរី ដោយ​គ្មាន​បទឈប់បាញ់ ដូចដែល​អង្គការ NATO ធ្លាប់​ធ្វើ​នៅ​អតីត​យូហ្គៅស្លាវី​មែន គឺមានន័យថា គេ​ត្រូវ​ធ្វើសង្រ្គាម​ជាមួយ​កងទ័ព​ស៊ីរី។ រហូតមកទល់ពេលនេះ គេ​ហាក់ដូចជាមិនទាន់​​ឃើញ​មាន​​​ប្រទេស​ណាមួយ​ចង់​បញ្ជូន​កងទ័ព​ទៅធ្វើ​សង្រ្គាម​នៅ​ស៊ីរី​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ