អានតួអត្ថបទ
ស៊ីរី

បន្ទាប់ពី​វ៉េតូ​រុស្ស៊ី​និង​ចិន សំណុំរឿង​ស៊ីរី​វិលត្រឡប់​ទៅដល់​អ.ស.ប.​សាជាថ្មី

សេចក្តីព្រាង​ស្នើឡើង​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​បញ្ជូន​ទៅដល់​មហាសន្និបាត​អ.ស.ប. កាលពីថ្ងៃ​សុក្រ ១០​កុម្ភៈ ម្សិលមិញ។ សេចក្តីព្រាង​នេះ​មាន​ខ្លឹមសារ​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​នឹង​សេចក្តីព្រាង នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​រុស្ស៊ី និង​ចិន​វ៉េតូ កាលពី​សប្តាហ៍​មុន។ ក្នុងពេល​ជាមួយគ្នា តួកគី​ក៏គ្រោង​ស្នើសុំ​ផងដែរ​ឲ្យ​អ.ស.ប.​ចាត់វិធានការបន្ទាន់ ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ស៊ីរី។

បាតុកម្ម​ប្រឆាំង​នឹង​លោក​បាស្ហា អាល់អាសាដ នៅ​ទីក្រុង Homs ប្រទេស​ស៊ីរី ថ្ងៃសុក្រ ១០កុម្ភៈ ២០១២
បាតុកម្ម​ប្រឆាំង​នឹង​លោក​បាស្ហា អាល់អាសាដ នៅ​ទីក្រុង Homs ប្រទេស​ស៊ីរី ថ្ងៃសុក្រ ១០កុម្ភៈ ២០១២ REUTERS/Handout
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាង​ស្នើឡើង​ដោយ​អារ៉ាប៊ីសាអ៊ូឌីត នៅពេលនេះ ចែង​អំពី​ការគាំទ្រ​ទាំងស្រុង​ចំពោះ​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី។ យោងតាមផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់ លោក​បាស្ហា អាល់អាសាដ ត្រូវ​ចុះចេញ​ពី​តំណែង ហើយ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​អនុប្រធានាធិបតី​ស៊ីរី ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​រួបរួមជាតិ ដែល​រួមបញ្ចូល​ក្រុមប្រឆាំង។

នៅ​ក្នុង​​សេចក្តីព្រាង​​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ កាល​ពី​សប្តាហ៍​មុន ក៏​មាន​ចែង​អំពី​ផែនការ​នេះ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រុស្ស៊ី និង​ចិន​ជំទាស់។ ក៏ប៉ុន្តែ នៅ​មហាសន្និបាត​អ.ស.ប. (​មាន​​ប្រទេស​ជាសមាជិក​ចំនួន ១៩៣​) គ្មាន​ប្រទេស​​​ណាមួយ​មាន​សិទ្ធិវ៉េតូ ដូចជា នៅ​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ។ ប៉ុន្តែ សេចក្តីសម្រេច​របស់​មហាសន្និបាត​ក៏​មិនមាន​អំណាច​ច្បាប់ ដូច​ជា​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ។

មហាសន្និបាត​អ.ស.ប. គ្រោង​នឹង​លើក​សំណើ​របស់​អារ៉ាប៊ី​សាអ៊ូឌីត​មក​ប្រជុំ​ពិភាក្សា នៅ​ថ្ងៃ​ចន្ទ សប្តាហ៍ក្រោយ ហើយ​គេ​រំពឹង​ថា ការ​បោះឆ្នោត​អនុម័ត​​អាច​នឹង​ប្រព្រឹត្ត​ទៅ នៅ​ចុង​សប្តាហ៍។

នៅថ្ងៃ​សៅរ៍​នេះ រដ្ឋមន្រ្តី​ក្រសួងការបរទេស​តួកគី​បាន​ប្រកាស​ថា ​តួកគី​ក៏​គ្រោង​នឹង​ដាក់សំណើ​មួយ​ទៅ​អ.ស.ប.​ដែរ ដើម្បី​ស្នើ​ឲ្យ​ចាត់វិធានការ​បន្ទាន់ ក្នុងការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​ជួយ​ជនស៊ីវិល​ស៊ីរី ដែល​កំពុង​ទទួលរងនូវការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ស៊ីរី។

គួរបញ្ជាក់ថា តួកគី​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់នឹង​ប្រទេស​ស៊ីរី និង​ជា​អតីត​សម្ព័ន្ធមិត្ត​របស់​ស៊ីរី។ ក៏ប៉ុន្តែ រដ្ឋាភិបាល​តួកគី​បាន​សម្រេច​កាត់ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​របបដឹកនាំ​លោក​អាសាដ ក្រោយ​ពី​អាជ្ញាធរ​ស៊ីរី​បាន​ប្រើ​កម្លាំង​បង្រ្កាប​បាតុករ​ប្រឆាំង។

បណ្តា​ប្រទេស​អារ៉ាប់ នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរស៍ កំពុង​ប្រជុំគ្នា នៅថ្ងៃ​សៅរ៍​នេះ ដើម្បី​ជជែក​អំពី​​​វិបត្តិ​ស៊ីរី។ នៅថ្ងៃ​អាទិត្យ​ស្អែក សម្ព័ន្ធ​អារ៉ាប់​​ក៏​នឹង​បើក​កិច្ចប្រជុំ​មួយ​ដែរ នៅ​ទីស្នាក់ការ ក្នុង​ប្រទេស​អេហ្ស៊ីប។

កន្លងមក នាយករដ្ឋមន្រ្តី​ប្រទេស​កាតារ​ធ្លាប់​បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោកចង់​ឲ្យ​ប្រទេស​អារ៉ាប់​បញ្ជូន​កងទ័ព​ទៅ​ស៊ីរី ដើម្បី​បញ្ឈប់​​ការ​បង្ហូរឈាម​​ជនស៊ីវិល។ ក៏ប៉ុន្តែ សំណើនេះ​ហាក់ដូចជា​មិនទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ផ្សេង​ទៀតនោះទេ។ នៅពេលនេះ ដោយសារ​តែ​ដំណោះស្រាយ​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​ជាប់គាំង ដោយ​សារ​តែ​វ៉េតូ​របស់​រុស្ស៊ី និង​ចិន រដ្ឋាភិបាល​កាតារ​អាច​នឹង​សម្រេច​ផ្តល់​ជំនួយ​ជា​លុយ និង​សព្វាវុធ​ដល់​ក្រុមឧទ្ទាម​ស៊ីរី ដូច​ដែល​កាតារ​ធ្លាប់​ធ្វើចំពោះ​ក្រុមឧទ្ទាម​លីប៊ី កន្លងមក។

កាលពីថ្ងៃ​សុក្រ រដ្ឋមន្រ្តី​ក្រសួងការបរទេស​រុស្ស៊ី បាន​ចោទ​​ដោយ​មិនបញ្ចេញ​ចំឈ្មោះ​ថា ​ប្រទេស​លោកខាងលិច​ខ្លះ កំពុង​ផ្តល់​សព្វាវុធ និង​​អ្នកជំនាញ​ខាង​យោធា​ ទៅ​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ