អានតួអត្ថបទ
ស៊ីរី

បន្ទាប់ពី​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ស៊ីរី ប្រទេស​អារ៉ាប់​គ្រោង​ទទួលស្គាល់​ក្រុម​ប្រឆាំង

បណ្តា​ប្រទេស​អារ៉ាប់​នឹង​ប្រកាស​ទទួលស្គាល់ “ក្រុមប្រឹក្សា​ជាតិ​ស៊ីរី” ដែល​ជា​​​ក្រុមប្រឆាំង នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះហើយ។ នេះ​បើ​យោងតាម​សមាជិក​ម្នាក់​របស់ “ក្រុមប្រឹក្សា​ជាតិ​ស៊ីរី” ដែល​បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រ​បស់​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរស៍ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ។ នៅថ្ងៃ​អាទិត្យ​នេះ សម្ព័ន្ធ​អារ៉ាប់​នឹង​ប្រជុំគ្នា នៅ​ប្រទេស​អេហ្ស៊ីប ដើម្បី​ជជែក​អំពី​វិបត្តិ​ស៊ីរី។ ក្នុងពេលជាមួយ​គ្នា មន្រ្តី​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រកាស​បដិសេធ​ព័ត៌មាន​ ដែលថា អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្នើ​ឲ្យ​​មហាសន្និបាត​អ.ស.ប. ​អនុម័ត​សេចក្តីសម្រេច​ជុំវិញ​វិបត្តិ​ស៊ីរី។​

ព្រះចៅ អាប់ឌុឡា ព្រះមហាក្សត្រ​នៃ​អារ៉ាប៊ីសាអ៊ូឌីត ធ្លាប់​បាន​លើកឡើង​ថា ពិភពលោក​កំពុង​បាត់បង់​ជំនឿ​លើ​អ.ស.ប. ក្រោយ​ពី​មាន​វ៉េតូ​របស់​រុស្ស៊ី និង​ចិន ជុំវិញ​វិបត្តិ​ស៊ីរី
ព្រះចៅ អាប់ឌុឡា ព្រះមហាក្សត្រ​នៃ​អារ៉ាប៊ីសាអ៊ូឌីត ធ្លាប់​បាន​លើកឡើង​ថា ពិភពលោក​កំពុង​បាត់បង់​ជំនឿ​លើ​អ.ស.ប. ក្រោយ​ពី​មាន​វ៉េតូ​របស់​រុស្ស៊ី និង​ចិន ជុំវិញ​វិបត្តិ​ស៊ីរី REUTERS/Saudi Press Agency/Handout
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​​មាន​វ៉េតូ​រប​ស់​រុស្ស៊ី និង​ចិន នៅ​ក្រុមប្រឹក្សា​សន្តិសុខ កាលពី​ចុងសប្តាហ៍មុន ប្រទេស​អារ៉ាប់​​​ចំនួន ៦ នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរស៍ រួមមាន អារ៉ាប៊ីសាអ៊ូឌីត កាតារ បារ៉ែន កូវ៉ែត អូម៉ង់ និង​អារ៉ាប់រួម ព្រមទាំង​ប្រទេស​អារ៉ាប់​ពីរទៀត នៅ​តំបន់​​អាហ្វ្រិក​ខាងជើង គឺ​ទុយនីស៊ី និង​លីប៊ី​ បាន​​ប្រកាស​​ផ្តាច់​រាល់​​ទំនាក់ទំនង​ការទូត​ជាមួយ​របបដឹកនាំ​ស៊ីរី។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ មានតែ​លីប៊ី​មួយ​ប៉ុណ្ណោះ ដែល​ប្រកាស​ទទួលស្គាល់​ជាផ្លូវការ​ក្រុមប្រឆាំង គឺ​ “ក្រុមប្រឹក្សា​ជាតិ​ស៊ីរី”។

គួរបញ្ជាក់ថា នៅក្នុង​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី គឺ​មាន​ក្រុមប្រឆាំង​មក​ពី​គ្រប់និន្នាការ​ទាំងអស់ ក្នុង​នោះ​ក៏មាន​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ផងដែរ។

កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ នៅក្រោយ​ការប្រជុំ​ជាមួយ​ប្រទេស​នៅឈូងសមុទ្រពែរស៍ (Gulf Cooperation Council) សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ជាតិស៊ីរី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP) ថា ប្រទេស​អារ៉ាប់​នឹង​ប្រកាស​ទទួលស្គាល់​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ក៏ប៉ុន្តែ ការប្រកាស​ទទួលស្គាល់​នេះ មិនប្រាកដ​ថា​នឹង​អាច​ធ្វើឡើង នៅ​ក្នុង​កិច្ចប្រជុំ​របស់​សម្ព័ន្ធ​អារ៉ាប់ នៅ​អេហ្ស៊ីប នៅថ្ងៃ​អាទិត្យ​នេះ​ទេ។

នៅពេលនេះ តំណាង​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ចំនួន ៤រូប កំពុង​ស្ថិត​ក្នុង​ប្រទេស​អេហ្ស៊ីប ដើម្បី​ជួបជជែក​ជាមួយ​មន្រ្តី​សម្ព័ន្ធ​អារ៉ាប់ ជុំវិញ​សំណើ​របស់​បារាំង ដែល​ចង់​បង្កើន​ “ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” ដូច​ដែល​ធ្លាប់​បាន​ធ្វើ កាល​ពី​នៅ​លីប៊ី។ លោក​នីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារាំង បាន​ស្នើ​ឲ្យ​បង្កើត​ “ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” នេះ ក្រោយ​ពី​មើលឃើញ​ថា ដំណោះស្រាយ​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ត្រូវ​ជាប់គាំង ដោយ​វ៉េតូ​របស់​រុស្ស៊ី និង​ចិន។

កាលពីថ្ងៃ​សុក្រ ​ព្រះចៅ​អាប់ឌុឡា របស់​អារ៉ាប៊ីសាអ៊ូឌីត​បាន​ថ្លែង​ថា វ៉េតូ​របស់​រុស្ស៊ី និង​ចិន នៅ​ក្រុមប្រឹក្សា​សន្តិសុខ កាលពី​ថ្ងៃទី៤​កុម្ភៈ កន្លងទៅនេះ កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​បាត់បង់​ជំនឿ​លើ​អ.ស.ប.។ នៅថ្ងៃ​សៅរ៍​ម្សិលមិញ ប្រភព​ពីមន្រ្តី​ការទូត​អ.ស.ប.​បាន​ឲ្យដឹង​ថា អារ៉ាប៊ីសាអ៊ូឌីត បាន​ដាក់​សំណើ​ឲ្យ​មហាសន្និបាត​អ.ស.ប. អនុម័ត​សេចក្តីសម្រេច​គាំទ្រ​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី។ ក៏ប៉ុន្តែ នៅថ្ងៃ​នេះ រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​បដិសេធ​ថា អារ៉ាប៊ីសាអ៊ូឌីត​មិនបាន​ធ្វើ​សំណើនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ