អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ប្រវត្តិសាស្ត្រ​សម្រាប់​អ្នក​ឈ្នះ» គួរ​ត្រូវ​បញ្ចប់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ គឺ​ជា​ខួប​គម្រប់​២០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ (២៣តុលា​១៩៩១ -២៣​តុលា​២០១១)។ ​គណបក្ស​សម រង្ស៊ី​ដែល​ជា​បក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ប្រកាស​ថា​នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​ថ្ងៃ​២៣​តុលា​ដែល​គណបក្ស​នេះ​ចាត់ទុក​ជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ប្រទេស​កម្ពុជា។ ​ ប៉ុន្តែ ​គណបក្ស​កាន់​អំណាច​វិញ​ចាត់​ទុក​ថ្ងៃ​២៣​តុលា​ថា​គ្រាន់​តែ​ជា​កូន​របស់​ថ្ងៃ​៧​មករា​១៩៧៩​តែ​ប៉ុណ្ណោះ។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​នៅ​កម្ពុជា​ ប្រវត្តិសាស្ត្រ​កើត​ចេញ​ពី​ការ​កំណត់​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ ​ឬ​និយាយ​តាម​បែប​ផ្សេង ​គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នក​ឈ្នះ។

ប្រជាពលរដ្ឋខ្មែរ នៅ​កាណាដា​ធ្វើ​បាតុកម្ម​​រំលឹក​ខួបទី ១៩ឆ្នាំ​ កិច្ចព្រមព្រៀង​ប៉ារីស​នៅមុខសភាជាតិក្រុង អូតាវ៉ា
ប្រជាពលរដ្ឋខ្មែរ នៅ​កាណាដា​ធ្វើ​បាតុកម្ម​​រំលឹក​ខួបទី ១៩ឆ្នាំ​ កិច្ចព្រមព្រៀង​ប៉ារីស​នៅមុខសភាជាតិក្រុង អូតាវ៉ា VOKK
ផ្សាយពាណិជ្ជកម្ម

តើ​អ្វី​ទៅ​ជា​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស​កម្ពុជា? ​សំណួរ​នេះ​ប្រហែល​ជា​គេ​ពិបាក​នឹង​រក​ចម្លើយ​ណាស់។ ​គ្រាន់តែ​មួយ​ជំនាន់​មនុស្ស​ចុង​ក្រោយ​នេះ​ ម្នាក់ៗ​បាន​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ ​មិន​ដឹង​ជា​ប៉ុន្មាន​ក្បាល​ទៅ​ហើយ​ទេ​ ពោល​គឺ​របប​ដឹកនាំ​មួយ​មាន​ប្រវត្តិសាស្ត្រ​មួយ​ តែ​បក​ស្រាយ​ខុសគ្នា​ស្រឡះ​សម្រាប់​ព្រឹត្តិការណ៍​តែ​មួយ។ ​និយាយ​ឲ្យ​ចំ ​ការ​សរសេរ​ប្រវត្តិសាស្ត្រ​ គឺ​យោង​ទៅ​តាម​ទស្សនៈ​របស់​អ្នក​នយោបាយ​ទាំងស្រុង។

អ្វី​ដែល​គេ​អាច​រៀន​សូត្រ​បាន​ពី​ប្រវត្តិសាស្ត្រ​ទាំង​នោះ​គឺ​ អ្នក​ឈ្នះ​ជា​«វីរបុរស» ​ចំណែក​ឯ​អ្នក​ចាញ់​គឺ​ជា​«ជន​ក្បត់​ជាតិ»។ ​ទស្សនៈ​នេះ​បាន​បង្កើត​ឲ្យ​មាន​វប្បធម៌​សងសឹក​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​មិន​ចេះ​ចប់។ ​គំនុំ​សង​សឹក​គ្នា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​ពួក​ខ្មែរក្រហម​សម្លាប់​ផ្តាច់​ពូជ​អ្នក​ណា​ដែល​គេ​ចោទ​ថា​ក្បត់ ​ឬ​ជា​ខ្មាំង ​ដែល​ទីបំផុត​ ជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​រាប់​លាន​នាក់​ត្រូវ​បាន​សម្លាប់​ក្រោម​ពាក្យ​ចោទ​ប្រកាន់​ និង​ការ​សង្ស័យ​ថា​ជា​«ជនក្បត់»។

បើ​ទោះបី​ជា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដូច្នេះ​ក៏ដោយ ​ហើយ​បើ​ទោះបី​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​នៅ​ជ្រងោៗ​ចំពោះ​មុខ​ក៏​ដោយ​ ក៏​ទស្សនៈ​នយោបាយ​សងសឹក​នៅ​តែ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ដែរ។ ​ដោយ​គ្រាន់​តែ​ពិនិត្យ​មើល​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន​រវាង​គូ​ប្រជែង​នយោបាយ​សព្វ​ថ្ងៃ ​គេ​ក៏​នឹង​ឃើញ​យ៉ាង​ងាយ​អំពី​កម្រិត​នៃ​គំនុំ​សងសឹក​គ្នា​ដែល​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ​ការ​ខ្វែង​ទស្សនៈ​គ្នា​ជុំវិញ​អត្ថន័យ​ថ្ងៃ​៧​មករា ​និង​ថ្ងៃ​២៣​តុលា​ក៏​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បញ្ជាក់​បាន​ថា​ ប្រវត្តិសាស្ត្រ​នៅ​តែ​ស្ថិត​នៅ​លើ​បបូរ​មាត់​របស់​អ្នក​នយោបាយ​តែ​ដដែល​ ពោល​គឺ​ប្រវត្តិសាស្ត្រ​ថ្មី​នឹង​ត្រូវ​សរសេរ​ឡើង​សម្រាប់​អ្នក​ឡើង​កាន់​អំណាច​ថ្មី។

ជា​ការ​ពិត​ណាស់​ នៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក​ អ្នក​ដឹកនាំ​ដែល​ឡើង​កាន់​អំណាច​ថ្មី​ និង​អ្នក​ដែល​ចេញ​ពី​អំណាច​ទៅ​ ថ្វីដ្បិត​តែ​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ជូរចត់​ជាមួយ​គ្នា​ក៏​ដោយ ​ក៏​ពួកគេ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ​និង​ដោយ​ចាប់​ដៃ​គ្នា​រលាក់។ ​ទោះ​បី​ជា​ត្រូវ​ចុះ​ចេញ​ពី​អំណាច​ ក៏​អតីត​ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ទាំង​នោះ​នៅ​តែ​មាន​កិត្តិយស​ក្នុង​នាម​ជា​អតីត​អ្នក​ដឹកនាំ​មួយ​រូប​របស់​ប្រទេស។ ​រីឯ​អ្នក​ដឹកនាំ​ថ្មី​ត្រូវ​បន្ត​ធ្វើ​អ្វី​ដែល​អ្នក​ចាស់​បាន​ធ្វើ​រួច​ហើយ ​និង​កែ​តម្រូវ​កន្លែង​ណា​ដែល​ខ្លួន​គិតថា​អ្នក​ដឹកនាំ​មុន​អនុវត្ត​មិន​ត្រឹម​ត្រូវ​ តែ​អ្វី​ដែល​សំខាន់​គឺ ​អ្នក​ដឹកនាំ​ថ្មី​ និង​អ្នក​ដឹកនាំ​មុន​ អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ និង​រស់​ក្នុង​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​និង​មោទនភាព​ជាតិ។

ប៉ុន្តែ ​បច្ចុប្បន្ន​នេះ ​គំរូ​មិន​ល្អ​មួយ​ចំនួន​កំពុង​បង្ហាញ​ឡើង​នៅ​ក្នុង​ឆាក​នយោបាយ​អន្តរជាតិ។ ជាក់ស្តែង ​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ដឹកនាំ​ផ្តាច់ការ​របស់​កាដាហ្វី​នៅ​ប្រទេស​លីប៊ី​ដែល​គាំទ្រ​ដោយ​អង្គការ​ OTAN​ បាន​នាំគ្នា​ទះ​ដៃ​អបអរ​សាទរ​នៅ​ពេល​ដែល​ពួកគេ​បាន​សម្លាប់​កាដាហ្វី​ដូច​សត្វធាតុ។ ​ចំណែក​ឯ​មហាអំណាច​ធំៗ​ដែល​ជា​បិតា​ប្រជាធិបតេយ្យ​ទាំងឡាយ​ក៏​នាំ​គ្នា​គាំទ្រ ​និង​សម្តែង​ការ​សប្បាយ​ចិត្ត​នៅ​ចំពោះ​មុខ​រូបភាព​ដ៏​អាណោច​អាធ័ម​នៃ​ការ​កាប់​សម្លាប់​អ្នក​ចាញ់​ដែល​អស់​លទ្ធភាព​តដៃ ​ដោយ​មិន​បាន​អើពើ​ដល់​ការ​គោរព​សិទ្ធិមនុស្ស​ ឬ​គោរព​ច្បាប់​ទម្លាប់​អ្វី​ឡើយ។ ​តើ​នេះ​មិន​មែន​ជា​«យុត្តិធម៌​សម្រាប់​អ្នក​ឈ្នះ» ​ដែល​ពោរពេញ​ដោយ​គំនុំ​សងសឹក​ដ៏​អាក្រក់​ទេ​ឬ? ​ត្រង់​ចំណុច​នេះ​ បណ្តា​ប្រទេស​ទាំង​នោះ​ ប្រហែល​ជា​ត្រូវ​យក​គំរូ​តាម​កម្ពុជា​វិញ​ទើប​ត្រូវ​ ពីព្រោះថា​ កម្ពុជា​កំពុង​កាត់​ទោស​អតីត​មេដឹកនាំ​ផ្តាច់ការ​ ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ (ដែល​ឃោរឃៅ​ជាង​កាដាហ្វី​ទៅទៀត)​ ទៅ​តាម​ច្បាប់​ជាតិ ​និង​អន្តរជាតិ។

យ៉ាងណា​ក៏​ដោយ​ចុះ ​គំនុំ​សងសឹក​តាម​យុទ្ធសាស្ត្រ​ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»​ គួរតែ​ត្រូវ​លុប​បំបាត់​ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា​ជា​ចាំបាច់​ ដើម្បី​ស្វែងរក​ភាព​សុខដុមរមនា​ជូន​ប្រទេស ​និង​ប្រជាជាតិ​ខ្មែរ​ ជាពិសេស​ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​ពិត​មួយ​សម្រាប់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​យក​ទៅ​រៀន​សូត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ