អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នយោបាយ «ទឹកនិងប្រេង» គួរ​តែ​ត្រូវ​លុប​បំបាត់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ឆាក​នយោបាយ​ប្រទេស​កម្ពុជា​បាន​ឈាន​ចូល​ក្នុង​របត់​ថ្មី​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ នោះ​គឺ​ការ​ផ្លាស់ប្តូរ​ពី​របប​ដឹកនាំ​បក្ស​តែ​មួយ​មក​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ​ប៉ុន្តែ ​ការ​ប្រែប្រួល​នេះ​ហាក់​ដូច​ជា​មាន​តែ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ។ ​និយាយ​ពី​ផ្នត់គំនិត​អ្នកនយោបាយ​ អ្វី​ដែល​ហាក់​ដូច​ជា​មិន​ប្រែប្រួល​សោះ​ឬ​ក៏​ប្រែ​ប្រួល​តិច​តួច​បំផុត​នោះ​គឺ ​ទស្សនៈ ​«ទឹកនិងប្រេង​» ដែល​មិន​អាច​រលាយ​ចូល​គ្នា​បាន​រវាង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​និង​បក្ស​កាន់​អំណាច។ ​នេះ​ជា​ចំណុច​គ្រោះ​ថ្នាក់​មួយ​ដែល​គួរ​លុប​បំបាត់​ជា​ចាំបាច់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី
ផ្សាយពាណិជ្ជកម្ម

សម្រាប់​សង្គម​ប្រជាធិបតេយ្យ ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​នៅ​ពេល​ដែល​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ដើរ​នយោបាយ​បញ្ច្រាស​ទិស​គ្នា ​ហើយ​ពេល​ខ្លះ​ប៉ះ​ទង្គិច​គ្នា​បែក​ផ្កា​ភ្លើង​ក៏​មាន។​ បើ​មិន​ដូច្នោះ​ទេ ​គេ​ក៏​មិន​បាច់​ហៅ​ថា​របប​ពហុបក្ស​ធ្វើ​អ្វី​ដែរ។ ​ក្នុង​ន័យ​នេះ ​សង្គ្រាម​នយោបាយ​រវាង​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ។

ប៉ុន្តែ ​អ្វី​ដែល​ចម្លែក​នៅ​ត្រង់​ថា​ ការ​ប្រឆាំង​គ្នា​របស់​អ្នកនយោបាយ​កម្ពុជា​គឺ​គ្មាន​ទី​បញ្ចប់ ​គ្មាន​កាលៈទេសៈ​លើកលែង ​ហើយ​ក៏​គ្មាន​ថ្ងៃ​រលាយ​ចូល​គ្នា​បាន​ដែរ​ ពោល​គឺ​មិន​ខុស​អ្វី​ពី​ធម្មជាតិ​«ទឹកនិងប្រេង»​នោះ​ឡើយ។ ​នៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក ​មាន​កាលៈ​ទេសៈ​លើក​លែង​ជាច្រើន​ដែល​រដ្ឋាភិបាល ​និង​បក្ស​ប្រឆាំង​ទុក​ផលប្រយោជន៍​នយោបាយ​មួយ​ឡែក​សិន​ ហើយ​បែរ​មក​ជជែក​គ្នា​អំពី​ផលប្រយោជន៍​ជាតិ ​និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ធំ​ជាង​ផលប្រយោជន៍​នយោបាយ​ទៅ​ទៀត។ ​ជាក់ស្តែង ​នៅ​ពេល​ដែល​ទឹក​ជំនន់​កំពុង​វាយ​លុក​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ថៃ​ នាយក​រដ្ឋមន្ត្រី ​យីងឡាក់​ ស៊ីណាវ៉ាត្រា ​និង​អតីត​នាយក​រដ្ឋមន្ត្រី​ចាញ់​ឆ្នោត​អាភីស៊ីត​វាចាជីវ៉ា ​ដែល​ជា​គូសត្រូវ​នយោបាយ​ដ៏ជូរចត់​ក្នុង​រយៈពេល​កន្លង​ទៅ ​បែរ​ជា​អង្គុយ​រួមតុ​ជា​មួយ​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រទេស​ជាតិ។

ការ​លើក​បញ្ហា​នេះ​ពិត​ជា​គ្មាន​បំណង​លើក​តម្កើង​ជាតិ​សាសន៍​ដទៃ​ណាមួយ​ឡើយ​ ប៉ុន្តែ ​វា​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​សម្រាប់​ជា​មូលដ្ឋាន​ផ្លូវ​គំនិត​ក្នុង​ការ​ពិចារណា​តែ​ប៉ុណ្ណោះ​ពីព្រោះ ​ជួនកាល​ ការ​រៀន​សូត្រ​ពី​ចំណុច​ខ្លាំង​របស់​គូសត្រូវ​ក៏​ជា​គន្លឹះ​នៃ​ជ័យ​ជម្នះ​មួយ​ដែរ។ ​ម្យ៉ាងទៀត​ទិដ្ឋភាព​បែប​នេះ​គឺជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​ពី​ព្រោះ​ការ​ប្រឆាំង​គ្នា​របស់​អ្នកនយោបាយ​គឺ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ដែល​ជា​ផល​ប្រយោជន៍​រួម និង​ធំ​ជាង​អ្វី​ទាំង​អស់។ ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ប្រយោជន៍​ជាតិ​ត្រូវ​បាន​គំរាម​កំហែង​ អ្នកនយោបាយ​ត្រូវ​ទុក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​មួយ​អន្លើ​សិន​ជា​ចាំបាច់។ ដោយឡែក​នៅ​កម្ពុជា ​ការ​ប្រឆាំង​គ្នា​ក្នុង​ឆាក​នយោបាយ​ហាក់​ដូចជា​មាន​គោល​ដៅ​តែ​ដើម្បី​ឈ្នះ​តែប៉ុណ្ណោះ​ទោះបី​ជា​ប្រទេស​ជាតិ​ក្លាយ​ទៅ​ជា​អ្វី​ក៏ដោយ​ចុះ។ ​បទពិសោធន៍​ដ៏​ជូរចត់​ទាំង​នេះ​ធ្លាប់​បាន​កើត​មាន​ជា​ហូរហែ​ ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​ធ្លាប់​បាន​ភ្លក់​រសជាតិ​រួច​ហើយ​ដែរ។

បច្ចុប្បន្ន​នេះ ​ផ្នត់គំនិត​យក​ឈ្នះ ​ប្រកាន់​ឈ្នះ ​គ្មាន​ព្រំដែន​នៅតែ​ដិត​ដាម​យ៉ាង​ជ្រៅ​ក្នុង​ទស្សនៈ​របស់​អ្នកនយោបាយ​តែ​ដដែល។ ​ជាក់ស្តែង​ ទោះបី​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ទទួល​រង​ការ​បំពាន​ពី​ប្រទេស​ជិត​ខាង ​ក៏​ដូច​ជា​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ក៏ដោយ​ ក៏​អ្នកនយោបាយ​មិន​បាន​បង្ហាញ​ពី​ទស្សនៈ​រួម ហើយ​ការ​ពួតដៃ​គ្នា​ដើម្បី​ដោះស្រាយ​ដែរ​ ផ្ទុយទៅវិញ ​ប្រធានបទ​ដែល​ជា​ប្រយោជន៍​ជាតិ​ទាំង​នោះ​បែរ​ជា​ក្លាយ​ទៅ​ជា​សង្គ្រាម​ពាក្យ​សម្តី​ដើម្បី​កេង​ចំណេញ​នយោបាយ​តែរៀងៗ​ខ្លួន​ទៅវិញ។ ​ពិត​ហើយ​ថា​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​ និង​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​ក៏​ធ្លាប់​បាន​ជួប​គ្នា​មួយ​លើក​ជា២​លើក​រួច​មក​ហើយ​ដែរ ​ប៉ុន្តែ ​ជំនួប​ទាំង​នោះ ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​មែន​ទែន​ទៅ​គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ប្រទេសជាតិ។

យ៉ាង​ណា​ក៏ដោយ​ចុះ ​ជំនួប​រវាង​មេដឹកនាំ​នយោបាយ​បក្ស​ប្រឆាំង ​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​គឺ​ជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់​បើ​ទោះបី​ជា​ក្នុង​រូបភាព​ណា​ក៏ដោយ ​ពីព្រោះ​វា​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​វប្បធម៌​ពិភាក្សា​គ្នា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នយោបាយ។ ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ជាមួយ​លោកស្រី​ មួរ សុខហួរ ​នៅ​ឯ​មន្ទីរ​រដ្ឋសភា​កាលពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយទៀត​ដែល​គួរ​ឲ្យ​លើក​ទឹកចិត្ត​ដែរ។ ​យ៉ាង​ហោច​ណាស់​ រាល់​ជំនួប​ម្តងៗ ​អ្នកនយោបាយ​អាច​កាត់​បន្ថយ​ភាព​តានតឹង ​និង​ការ​គុំកួន​គ្នា​បាន​មួយ​កម្រិត​ដែរ​ ប្រសិន​បើ​ជំនួប​នោះ​មិន​បង្កប់​ដោយ​ចេតនា​ផ្សេង​ទេ​នោះ។ ​សូម​ឲ្យ​ជំនួប​ទាំងនោះ​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​ការ​កសាង​វប្បធម៌​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​សម្រាប់​អ្នកនយោបាយ​ខ្មែរ។ ​ការ​បណ្តែត​បណ្តោយ​ឲ្យ​ស្ថានភាព​«ទឹកនិងប្រេង»​នៅ​តែ​បន្ត​មាន​អត្ថិភាព ​វា​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អនាគត​ប្រទេសជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ