អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ​ ចាត់ទុក​​ចិន​​និង​​រុស្ស៊ី​​ជា​​គូប្រជែង​ចម្បង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​ម្សិលមិញ​ រដ្ឋបាល​​លោក​ដូណាល់ ត្រាំ បាន​ចាត់ទុក​ចិន​និង​រុស្ស៊ី​ ថា​ជាគូប្រជែង​ចម្បង​​​របស់​​អាមេរិក។ ​រដ្ឋបាល​អាមេរិក​​​យល់ថា​ ចិន​និង​រុស្ស៊ី​គំរាម​ផ្ទាល់​ សុវត្ថិភាព​សន្តិសុខ​និង​ភាព​រុងរឿង​​របស់​សហរដ្ឋ​អាមេរិក។ ក្នុង​សន្ទរកថា នៅ​ក្រុង​វ៉ាស៊ីនតោន ម្សិលមិញ​នេះ លោក​ដូណាល់ ត្រាំ បាន​បង្ហាញ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិអាមេរិក ដោយ​បាន​លើកឡើង​ថា “អាមេរិក​នឹង​​ឈ្នះ”។ ​​​

​លោកដូណាល់ ត្រាំ ថ្លែង​សន្ទរកថា​ស្តីពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អាមេរិក ថ្ងៃ១៨​ធ្នូ​២០១៧
​លោកដូណាល់ ត្រាំ ថ្លែង​សន្ទរកថា​ស្តីពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អាមេរិក ថ្ងៃ១៨​ធ្នូ​២០១៧ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

ចិន​និង​រុស្ស៊ី ជា​គូប្រជែង​អាមេរិក​​ក្នុង​ក្តារអុក​អន្តរជាតិ

សេតវិមាន​​បាន​​ចេញ​របាយការណ៍​យុទ្ធសាស្ត្ររបស់​ប្រធានាធិបតីអាមេរិក ​​​ចោទ​​​ចិន​ និងរុស្ស៊ី​ចំមុខ​តែម្តង​ថា គំរាម​សន្តិសុខ និង​ភាព​រុងរឿង​របស់​ជាតិ​អាមេរិក។ ​​តាំងតែ​ពី​លោក​ដូណាល់ ត្រាំ ជាប់ឆ្នោត​មក មាន​ពាក្យ​ចចាមអារ៉ាម និង​ការ​សង្ស័យ​ថា រុស្ស៊ី​លូកដៃ​ចូល​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ជួយអោយ​លោក​ត្រាំ បាន​ឈ្នះឆ្នោត។ អាមេរិក​ក៏​ស៊ើបអង្កេត​លើ​រឿងនេះ​ដែរ។

ជាទូទៅ អ្នកនយោបាយ​អាមេរិក​មិនពេញចិត្ត​រុស្ស៊ីទេ ហើយ​ក៏​គ្មានអ្វី​ពិបាក​ឆ្ងល់ដែរ ពេល​ឃើញសេតវិមាន​ ​ចុះផ្សាយ​របាយការណ៍​​ ​ថា​រុស្ស៊ី​គំរាម​សន្តិសុខ​អាមេរិក​នោះ។ របាយការណ៍​សេតវិមាន​លើកឡើង​​​​បែបយ៉ាង​​ថា រុស្ស៊ី​ដាក់ឥទ្ធិពល​ក្នុង​ប្រព័ន្ធអ៊ីនធ័រនែត រឺ​ក៏​ព័ត៌មានវិទ្យា នៅ​ទូទាំង​ពិភពលោក។ សម្រាប់​អាមេរិក រឿងនេះ​វា​ប៉ះពាល់​ប្រជាធិបតេយ្យ​​ច្បាស់ណាស់។ ដោយឡែក រដ្ឋបាល​​លោក​ដូណាល់ ត្រាំ ​​ ​មិនហ៊ាន​ចោទ​រុស្ស៊ី​ចំៗ​ថា លូកដៃ​ក្នុង​ការបោះឆ្នោត​អាមេរិក​ទេ ព្រោះ​លោក​ដូណាល់ ត្រាំ មិន​ទទួល​ស្គាល់​​ថា លោក​បាន​ជាប់ឆ្នោត​ដោយសារ​បាន​រុស្ស៊ីជួយ​ជ្រោមជ្រែង​ទេ។ ​​​​​​

​បើ​យោងតាម​សារព័ត៌មានReuters ​វិញ ​អាមេរិកបាន​​ផ្ញើតេឡេក្រាម​​ទៅអោយ​​ស្ថានទូត ខ្លួន​​នៅ​ទូទាំង​ពិភពលោក ដោយពន្យល់ថា ​រុស្ស៊ី​ប៉ុនប៉ង​ធ្វើមិនអោយ​អឺរ៉ុប​មិន​ទុកចិត្ត​ចំពោះ​ការសន្យា​របស់​អាមេរិ​ក។ ​ហើយ​ថែមទាំងថា រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ហ្ស៊កហ្ស៊ី សបង្ហាញ​ថា រុស្ស៊ី​ចង់ប្រើ​កម្លាំងបាយ​ប៉ះពាល់​បូរណភាព​រដ្ឋនានា​ក្នុង​តំបន់។ ​

សេតវិមាន​ប្រហែល​មិនសប្បាយចិត្ត​នឹង​លោ​កពូទីន​ប៉ុន្មានទេ បានជា​ហ៊ាន​ចោទ​រុស្ស៊ី​ធ្ងន់ធ្ងរ​យ៉ាងនេះ ​ព្រោះ​​ក្នុង​សន្នសីទ​កាសែត​ថ្មីៗ​នេះ ប្រធានាធិបតី​រុស្ស៊ី​បានរិះគន់​អាមេរិកចាស់មាត់​ដែរទាក់ទង​បញ្ហា​នុយក្លេអ៊ែរ។ លោកពូទីន​​ថា​ អាមេរិក​បាន​ប្រើ​​អាវុធ​នុយក្លេអ៊ែរ​២លើក ទំលាក់​​នៅ​ជប៉ុន ​ដោយ​គ្មាន​លេស​អះអាង។ ​លោក​ពូទីន​ប្រាប់​អ្នកកាសែត​​ថា ​​កូរ៉េខាងជើង​ចង់​គិតរឿង​នុយក្លេអ៊ែរឡើងវិញ ក៏ដោយសារ​តែ​ឃើញ​អាមេរិក​ធ្វើសកម្មភាព​ប្រឆាំង​លីប៊ី និង​អ៊ីរ៉ាក់​ដែរ។ ​​​

សេតវិមា​នច្បាស់ជា​ខឹង​នឹង​លោកពូទីន​មិនស្ទើរទេ។ អញ្ចឹង ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អាមេរិក អាមេរិក​ត្រូវតែ​រក​គន្លឹះ​ចោទទៅរុស្ស៊ី​វិញ។ លោកដូណាល់ ត្រាំ លើកឡើង​ថា ការដែល​អាមេរិកខំ​សហការ​ជាមួយ​រុស្ស៊ី ទប់ស្កាត់ភេរវកម្ម​នៅ​រុស្ស៊ី​នោះ ក៏​ដោយសារ​តែ​ដើម្បី​ការពារ​ជាតិអាមេរិក​ដែរ។

ទាក់ទង​នឹង​ចិន​វិញ សេតវិមាន​រិះគន់​ចិន​ពី​នយោបាយ​ពាណិជ្ជកម្ម និង​ការពង្រីក​ទីតាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សេតវិមាន​ចោទ​ថា ចិន​លួច​ថវិកា​រាប់រយពាន់លាន​ដុល្លារ ​រៀងរាល់ឆ្នាំ​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា។ អាមេរិក​តែងចោទ​ថា ចិ​នរកស៊ី​មិនស្មោះត្រង់ជា​ប្រចាំ​​ទៅហើយ។ សេតវិមាន​ចោទ​ថា​ចិន​លួចយក​ទិន្នន័យ​អាមេរិក ចោទ​ថា​ចិន​ចង់​ចែកចាយ​​ប្រព័ន្ធ​ផ្តាច់ការ​នៅ​អាស៊ី។​

និយាយរួមមកវិញ លោកដូណាល់ ត្រាំ យល់ថា​ ការប្រឹងប្រែង​ជួយ​អោយ​រុស្ស៊ី និង​ចិន​បាន​សម្របខ្លួន​ទៅក្នុង​ស្ថាប័ន​អន្តរជាតិ​ ​កន្លងមក ​​ការប្រឹងប្រែង​នេះ​គឺ​បរាជ័យហើយ។ ដូច្នេះ អាមេរិក​ចង់​សើរើ​មើល​នយោបាយ​​​នេះ​ឡើងវិញ។ ​

របាយការណ៍​យុទ្ធសាស្ត្រសន្តិសុខ​ប្រធានាធិបតី​អាមេរិក​​ផ្តោត​លើ​អាទិភាព​៤ចំណុច

អាទិភាព​ទាំង​៤ចំណុច ទី១​​គឺការពារ​ប្រជាជន ការពារ​ជាតិ ទី២ លើកតម្កើង​ភាពរុងរឿង​ជាតិ ទី៣ ប្រើ​កម្លាំង​រក្សា​សន្តិសុខ​ ហើយ​ទី៤​គឺ​ពង្រីក​ឥទ្ធិពល​អាមេរិក។ ​ដើម្បី​សម្រេច​បាន​អាទិភាព​ទាំងនេះ ​​ អាមេរិក​ផ្តោត​​​លើ​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​អន្តោប្រវេសន៍​ខុសច្បាប់។ អាមេរិក​​នៅតែ​បន្ត​ចង់​សង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិចស៊ិក ​​ចង់​​បញ្ចប់​កម្មវិធី​ចាប់​ឆ្នោត ផ្សងសំណាង​​ដើម្បី​ទទួលបាន​វីសា​ទៅ​អាមេរិក។

ក្រៅពីនេះ ​សេតវិមាន​ក៏បានលើកឡើង​ពី​ប្រទេសដែល​អាមេរិក​ចាត់ទុក​ថា គំរាម​សន្តិសុខ​​ជាតិ​​អាមេរិក​ដែរ នោះគឺ​កូរ៉េខាងជើង ដូចយើង​បាន​ដឹង​កន្លងមក ហើយ​ក៏​មាន​អ៊ីរ៉ង់ក្នុង​បញ្ជី​​ផងដែរ។ រដ្ឋបាល​លោក​ត្រាំ​​ចាត់ទុក​​​ដែរ​ថា ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ ​គំរាម​សន្តិសុខជាតិ​អាមេរិក។​

ដោយឡែក លោក​ដូណាល់ ត្រាំ មិនបាន​ចាត់ទុក​​ ការប្រែប្រួល​អាកាសធាតុ​ថា ជា​ការ​​គំរាម​សន្តិសុខ​​អាមេរិក​ទេ។ ​មិនដូច​​​លោកអូបាម៉ា​អាណត្តិ​​មុន​ទេ។ រដ្ឋបាល​លោក​អូបាម៉ា​អាណត្តិមុន ចាត់ទុកថា ការប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​រហូត​ទៅ​ដល់​សន្តិសុខ​ផែនដី​ទៀតផង។ តែ​លោកត្រាំ​មិនគិត​ដូចគ្នា​ទេ។ កន្លងមក លោកត្រាំ​បាន​ដកអាមេរិក​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស។ លោក​ពន្យល់​ថា ​រដ្ឋាភិបាល​អាមេរិក​ប្រកាន់​ជំហរ​អព្យាក្រិត្យ​រវាង​តំរូវការ​ថាមពល ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការការពារ​បរិស្ថាន។ ដើម្បី​ការពារ​បរិស្ថាន សេតវិមាន​ផ្តោត​យុទ្ធសាស្ត្រ​ទៅលើ​​ការ​រីកចម្រើន​បច្ចេកវិទ្យា រឺ​ធ្វើអ្វីៗ​អោយកាន់តែ​ទំនើប​ជាដើម។​

ឃើញថា យុទ្ធសាស្ត្រ​ការពារ​បរិស្ថាន​របស់​រដ្ឋបាល​លោ​កត្រាំ ខុសពី​រដ្ឋបាល​លោក​អូបាម៉ា​។ លោកត្រាំ ច្បាស់ជា​គិតដល់​សេដ្ឋកិច្ច​អាមេរិក​ជាធំហើយ ទើបបាន​ជាមិនចង់​ធ្វើអ្វី​ដូចគេ ក្នុង​ការការពារ​បរិស្ថាន ព្រោះថា បើ​ធ្វើតាម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ​វា​អាច​​ប៉ះពាល់​ដល់​​ផលប្រយោជន៍​សេដ្ឋកិច្ច​។ អញ្ចឹងអាមេរិ​កចង់ធ្វើអ្វី​ដែល​ខ្លួន​អាចធ្វើបាន ពោលគឺ​ដូច​លោកត្រាំ​ថាអញ្ចឹង អាមេរិកខា ហ្វឺស “America First “ គឺ​អាមេរិក​ត្រូវគិត​ខ្លួនឯងជាមុន​សិនហើយ ចង់ផែនដី​កើនកំដៅ​យ៉ាងម៉េច​ក៏​យ៉ាងនុង​ទៅ !

ចិន​និង​រុស្ស៊ី​បញ្ចេញ​ប្រតិកម្ម​តប​នឹង​អាមេរិក

ក្រោយ​​​រដ្ឋបាល​អាមេរិក​​ចោទ​ថា ចិន​និង​រុស្ស៊ី​គំរាម​សន្តិសុខ​អាមេរិក​ ចិន​និង​រុស្ស៊ី​មិន​បាន​បង្អង់​យូរទេ បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ។ ចិននិង​រុស្ស៊ី​បាន​បរិហារ​ពី​គោលគំនិត​សង្គ្រាម​ត្រជាក់​​​ និង​គំនិត​​ចក្រភពរបស់​អាមេរិក។ ​ចិន​ជំរុញ​អោយ​អាមេរិក​​ឈប់​និយាយ​ផ្តេសផ្តាស​​ពី​បំណងយុទ្ធសាស្ត្រ​របស់​ចិន​ អោយ​អាមេរិក​បោះបង់ចោល​គោលគំនិត​សង្គ្រាម​ត្រជាក់​​ដ៏ហួសសម័យ​របស់​ខ្លួន។  រុស្ស៊ី​វិញ​លើកឡើង​ថា មិនអាច​ទទួលយក​បានឡើយ ​​ការដែល​អាមេរិក​ចាត់ទុក​រុស្ស៊ី​​​​ ថា​គំរាម​សន្តិសុខ​​ជាតិ​អាមេរិក៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ