អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-រុស្ស៊ី៖​ចម្លើយ​របស់​លោក George Papadopoulus កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទើសទាល់​ចិត្ត និង​ញ័រជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៣១ តុលា​នេះ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម​ដឹក​នាំ​ដោយ​លោក​រដ្ឋអាជ្ញា Robert Mueller ស្តីពី​ការ​លូក​ដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទើសទាល់​ចិត្ត និង​ក្រពុល​មុខ​កាន់​តែ​ខ្លាំង។ ខណៈ​នេះ លោក​រដ្ឋអាជ្ញា Robert Mueller ដែល​ជា​អតីត​នាយក FBI បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​អតីត​ទីប្រឹក្សា​ចំនួន ៣នាក់​របស់​លោក​ដូណាល់ ត្រាំ គឺ​លោក Paul Manafort លោក Richard Gates និង​លោក George Papadopoulos។ តែ​ចម្លើយ​សារភាព​របស់​លោក Papadopoulos កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង ទោះ​បី​ជា​លោក​ត្រាំ​បន្ត​បញ្ជាក់​ថា គ្មាន​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ក៏​ដោយ។

លោក​រដ្ឋអាជ្ញា​អាមេរិក Robert Mueller
លោក​រដ្ឋអាជ្ញា​អាមេរិក Robert Mueller REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

ចម្លើយ​សារភាព​របស់​លោក George Papadopoulos ជា​ចម្លើយ​មួយ​ដែល​លោក​ដូណាល់ ត្រាំ​មិន​បាន​រង់ចាំ​ទាល់​តែ​សោះ។ នៅ​ក្នុង​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម​របស់​លោក​រដ្ឋអាជ្ញា Robert Mueller ស្តីពី​ការ​លូក​ដៃ​របស់​រុស្ស៊ី​ជា​យថាហេតុ​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ លោក Mueller បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​អតីត​ទីប្រឹក្សា​ចំនួន ៣នាក់​របស់​លោក​ដូណាល់ ត្រាំ គឺ​លោក Paul Manafort លោក Richard Gates និង​លោក George Papadopoulos។ ប៉ុន្តែ​រឿងរ៉ាវ​ទាក់ទង​នឹង​លោក Paul Manafort និង​លោក Richard Gates ហាក់​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ទេ។

លោក Manafort លោក Gates បាន​ជាប់ចោទ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ប្រឆាំង​អាមេរិក ពី​បទ​ទទួល​លុយ​ពុករលួយ​ពី​ប្រទេស​អ៊ុយក្រែន​ក្នុង​ចន្លោះ ២០០៦ និង​២០១៦ ហើយ​បាន​លាងលុយ​កង្វក់​នោះ​តាម​រយៈ​គណនី​នៅ​ក្នុង​ប្រទេស​ស៊ីប ព្រម​ទាំង​បាន​ចាយវាយ​លុយ​ទាំង​នោះ​យ៉ាង​សប្បាយ​ហ៊ឺហារ​ដោយ​មិន​បាច់​បង់​ពន្ធ។ ម្យ៉ាង​ទៀត រឿងរ៉ាវ​មួយ​នេះ​បាន​កើត​ឡើង​នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក ហើយ​រូប​លោក Manafort និង​លោក Gates មិន​បាន​ឆ្លើយ​ទេ​ថា តើ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ​បាន​ពឹងពាក់​រុស្ស៊ី​ឲ្យ​ចូល​អន្តរាគមន៍​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ ២០១៦ ដើម្បី​ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ឬ​អត់?។

តើ​លោក George Papadopoulos ជា​នរណា?

ខុស​ពី​លោក Paul Manafort និង​លោក Richard Gates លោក George Papadopoulos បាន​ឆ្លើយ​សារភាព​ត្រង់ៗ​ថា អ្វី​ដែល​លោក​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ FBI កាល​ពី​មករា​កន្លង​ទៅ ជា​ចម្លើយ​មិន​ពិត​ទេ។ តាម​ឯកសារ​ទម្លាយ​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​លោក​រដ្ឋអាជ្ញា Robert Mueller លោក George Papadopoulos បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឲ្យ​បេក្ខជន​ដូណាល់ ត្រាំ​ក្នុង​ខែ​មីនា ឆ្នាំ ២០១៦ ក្នុង​តួនាទី​ជា​ទីប្រឹក្សា​កិច្ចការ​បរទេស។ នៅ​ពេល​នោះ លោក Papadopoulos បាន​ព្យាយាម​ស្វែង​រក​គ្រប់​បណ្តាញ​ទាំង​អស់​នៅ​បរទេស​ដើម្បី​ឈាន​ទៅ​ទាក់ទង​នឹង​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី និង​មនុស្សជំនិត​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ លោក Papadopoulos បាន​ឆ្លើយ​សារភាព​ថា លោក​បាន​ទៅ​ជួប​គ្រូបង្រៀន​ម្នាក់​ក្នុង​ទីក្រុង​ឡុងដ៏ ហើយ​គ្រូបង្រៀន​រូប​នោះ​បាន​ណែនាំ​ឲ្យ​លោក​ជួប​នឹង​ស្រ្តី​វ័យ​ក្មេង​ម្នាក់​ដែល​គេ​ប្រាប់​ថា​ជា​ក្មួយ​របស់​លោក​ពូទីន។

បន្ទាប់​មក​ទៀត រូប​ស្រ្តីវ័យ​ក្មេង​ដដែល​នោះ​ក៏​បាន​ណែនាំ​លោក Papadopoulos ឲ្យ​ជួប​មន្រ្តីជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​នៅ​ក្នុង​ក្រសួង​ការទេស។ គឺ​ផ្តើម​ចេញ​ពី​ចំណុច​នេះ​ហើយ​ដែល​កាណាល់​រវាង​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ត្រាំ និង​ថ្នាក់ដឹកនាំ​រុស្ស៊ី​បាន​ចាប់​កសាង​ឡើង។តាម​លោក Papadopoulos រូប​គ្រូបង្រៀន​បាន​ប្រាប់​លោក​ឲ្យ​ដឹង​ថា រដ្ឋអំណាច​រុស្ស៊ី​មាន​សារ​អ៊ីមែល​រាប់ពាន់​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន​ដែល​ជា​បេក្ខនារី​ប្រធានាធិបតី​ប្រឈម​នឹង​បេក្ខជន​លោក​ដូណាល់ ត្រាំ។ លោក Papadopoulos បាន​បញ្ជាក់​បន្ថែម​ថា ថ្នាក់លើ​របស់​លោក​មិន​ត្រឹម​តែ​បាន​ដឹង​ច្បាស់​នូវ​អ្វី​ដែល​លោក​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ឲ្យ​លោក​ធ្វើ​ទៀត​ផង។

សូម​ជម្រាប​ជូន​ថា លោក Papadopoulos ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ ពី​បទ​បាន​ផ្តល់​ចម្លើយ​មិន​ពិត​ដល់​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់ FBI កាល​ពី​ខែ​មករា។ តែ​ទីបំផុត​ពេល​នេះ លោក Papadopoulos បាន​ត្រឡប់​មក​ឆ្លើយ​ការ​ពិត និង​យល់​ព្រម​រួម​សហការណ៍​ជាមួយ​ក្រុម​លោក​រដ្ឋអាជ្ញា Robert Mueller។

លោក​ដូណាល់ ត្រាំ​ចុះ​ខ្សោយ​ដោយសារ​ចម្លើយ​របស់​លោក George Papadopoulos

ចម្លើយ​សារភាព​របស់​លោក Papadopoulos បាន និង​កំពុង​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទើសទាល់​ចិត្ត និង​ក្រពុល​មុខ​យ៉ាង​ខ្លាំង។ ពិត​ណាស់​ថា​ពេល​នេះ ចម្លើយ​សារភាព​របស់​លោក Papadopoulos មិន​បាន​ធ្វើ​ឲ្យ​អំណាច និង​កៅអី​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ​ទទួល​រង​ការ​គំរាមកំហែង និង​រង្គោះរង្គើ​ដោយ​ផ្ទាល់​ទេ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​ត្រាំ​ដែល​ក្នុង​រយៈពេល​ចុង​ក្រោយ​តែងតែ​បដិសេធ​លើ​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​នឹង​ពិបាក​ចេញ​មុខ​បដិសេធ​ជា​ចំហ​ដូច​មុន​ទៀត​ឡើយ នោះ​បើ​ទោះ​បី​ជា​លោក​ត្រាំ​បន្ត​សរសេរ​នៅ​ក្នុង​ទំព័រ Twitter របស់​លោក​ថា គ្មាន​ការ​ឃុបឃិត​របស់​រុស្ស៊ី​ក៏​ដោយ។

សម្រាប់​ក្រុម​អ្នក​ស៊ើបអង្កេត​ដឹកនាំ​ដោយ​លោក​រដ្ឋអាជ្ញា Mueller ចម្លើយ​សារភាព​របស់​លោក Papadopoulos និង​កិច្ចសហប្រតិបត្តិការ​របស់​លោក Papadopoulos ជា​សក្ខីកម្ម​មួយ​ដើម្បី​បន្ត​វែក​មុខ​រក​អ្នក​រួម​គំនិត​ដែល​កំពុង​មាន​បុណ្យសក្តិ​នៅ​ក្នុង​រដ្ឋបាល​អាមេរិក​ជាមួយ​លោក​ត្រាំ ពិសេស​កូនប្រុសច្បង​របស់​លោក​ត្រាំ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ជំនួប​ជាមួយ​ស្រ្តីមេធាវី​រុស្ស៊ី​ម្នាក់​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦។ ចម្លើយ​សារភាព​របស់​លោក Papadopoulos ពេល​នេះ​នឹង​ធ្វើ​ឲ្យ​លោក​ត្រាំ​បិទមាត់​បន្តិច​ក្នុង​ការ​ចោទ​គណបក្ស​ប្រជាធិបតេយ្យ​ពី​បទ​និយាយ​ផ្តេសផ្តាស ឬ​មួយ​ក៏​ទម្លាក់​កំហុស​លើ​បណ្តាញ​សារព័ត៌មាន​អាមេរិក​មួយ​ចំនួន។

ចម្លើយ​សារភាព​របស់​លោក Papadopoulos នឹង​ធ្វើ​ឲ្យ​លោក​ត្រាំ​រវល់​នឹង​ដោះស្រាយ​បញ្ហា​មួយ​នេះ​ដោយ​មិន​ដឹង​ថា​នឹង​បិទបញ្ចប់​យ៉ាង​ដូចម្តេច។ តែ​អ្វី​ដែល​គេ​ដឹង រូបភាព និង​កិត្តិយស​របស់​លោក​ដូណាល់ ត្រាំ​នឹង​ចុះ​ខ្សោយ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ក្នុង​ពេល​ដែល​លោក​ត្រាំ​ត្រូវ​ចេញ​ទៅ​ចូលរួម​ជំនួបកំពូល APEC និង​អាស៊ាន​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ