អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​បារ៉ាក់ អូបាម៉ា​ព្យាយាម​ការពារ Obamacare ខ្លាំង​ម្ល៉េះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ផុតអាណត្តិ​បារ៉ាក់ អូបាម៉ា​បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​បិទទ្វារ​ជាមួយ​ក្រុម​អ្នកតំណាងរាស្រ្ត និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​តិច​នា​ថ្ងៃពុធ ទី៤ មករា។ កម្មវត្ថុ​របស់​លោក​អូបាម៉ា គឺ​ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ទប់ទល់​នឹង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​ដែល​គ្រោង​នឹង​លប់​ចោល​ច្បាប់​មួយ​ចំនួន​អនុម័ត​ក្នុង​ជំនាន់​លោក ពិសេស​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ដែល​ហៅ​ថា « Obamacare »។

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​បារ៉ាក់ អូបាម៉ា​ព្យាយាម​ការពារ Obamacare ខ្លាំង​ម្ល៉េះ?
អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​បារ៉ាក់ អូបាម៉ា​ព្យាយាម​ការពារ Obamacare ខ្លាំង​ម្ល៉េះ? Joe Raedle/Getty Images
ផ្សាយពាណិជ្ជកម្ម

លោក​បារ៉ាក់ អូបាម៉ា​មិន​ចង់​ឲ្យ​លោក​ដូណាល់ ត្រាំ​ប៉ះពាល់​ដល់​ច្បាប់​ធានា​រ៉ាប់រង​សុខភាព« Obamacare »ទាល់​តែ​សោះ។ ការ​មិន​ចង់​ឲ្យ​កែប្រែ ឬ​លុបចោល « Obamacare » មិនមែន​ដោយសារ​តែ​ច្បាប់​មួយ​នេះ​កំពុង​ផ្តល់​ផលប្រយោជន៍​ឲ្យ​ក្រុម​គ្រួសារ​លោក​អូបាម៉ា​ទេ តែ​វា​កំពុង​ជួយ​ឲ្យ​ពលរដ្ឋ​អាមរិក​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​សុខភាព​ដោយ​មាន​ជំនួយ​ពី​រដ្ឋ។ គេ​អាច​និយាយ​បាន​ថា « Obamacare » ជា​កេរដំណែល​តែ​មួយ​គត់​របស់​លោក​អូបាម៉ា​នៅ​ក្នុង​រយៈពេល ១០ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក។

ការ​ហ៊ាន​និយាយ​ដូច​នេះ ព្រោះ « Obamacare » គឺ​ជា​ប្រធានបទ​អាទិភាព​ស្លាប់រស់​ដែល​លោក​អូបាម៉ា​បាន​សន្យា​សម្រេច​ឲ្យ​បាន​តាំង​ពី​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក៏​ដូច​ជា​ការ​កាន់​តំណែង​រយៈពេល ២អាណត្តិ។ កំណត់​សម្គាល់​មួយ​ទៀត « Obamacare » គឺ​ជា​ច្បាប់​ដ៏​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​សភា​ក៏​ដូច​ជា​នៅ​ក្នុង​ព្រឹទ្ធសភា។ « Obamacare » ត្រូវ​បាន​សភា​បោះឆ្នោត​អនុម័ត​ក្នុង​ពី​ឆ្នំា ២០១០ តែ​គេ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃទី១ មករា ឆ្នាំ ២០១៤ ទើប​« Obamacare » ចូល​ធរមាន​ពេញលេញ។
 
នៅ​សល់​តែ ២សប្តាហ៍​ទៀត​ប៉ុណ្ណោះ ពោល​នៅ​ថ្ងៃទី២០ មករា អាណត្តិ​របស់​លោក​អូបាម៉ា​នឹង​ត្រូវ​បញ្ចប់ តែ​លោក​អូបាម៉ា​មិន​ចង់​ឃើញ « Obamacare » ចប់​អាណត្តិ​ដូច​លោក​ទេ។

អ្វី​ទៅ​ជា​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា​ដើម្បី​ការពារ« Obamacare »?

សមរភូមិ​ដែល​ត្រូវ​តទល់​គ្នា​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ គឺ​នៅ​សភា និង​ព្រឹទ្ធសភា​ដូច​ដែល​គណបក្ស​សាធារណរដ្ឋ​ធ្លាប់​បាន​ប្រើ​ដើម្បី​ប្រឆាំង​នឹង​សំណើ​លោក​អូបាម៉ា។ នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ក្រុម​អ្នកតំណាងរាស្រ្ត និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ថ្ងៃ​ពុធ ទី៤ មករា លោក​អូបាម៉ា​បាន​អំពាវនាវ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ប្រជាធិបតេយ្យ​ទាំង​អស់​ឲ្យ​ត្រៀមខ្លួន​ប្រឆាំង​រាល់​ទង្វើ​របស់​ក្រុម​សាធារណរដ្ឋ​ដែល​មាន​គម្រោង​បោះឆ្នោត​កែប្រែ ឬ​លុបច្បាប់​មួយ​ចំនួន​របស់​លោក ពិសេស​ច្បាប់ « Obamacare »។

គឺ​អាច​និយាយ​បាន​ថា លោក​អូបាម៉ា​បាន​ប្រើ​យុទ្ធសាស្រ្ត​ឧទ្ទាម ដោយ​ស្នើ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​តិច​មែន តែ​អាច​បន្ត​ប្រើ​សំឡេង​ប្រឆាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ជាប់​គាំង​នៅ​សភា​ក្នុង​ការ​បោះឆ្នោត​កែប្រែ ឬ​លុប​ចោល​ច្បាប់​ណា​មួយ​ដែល​បាន​អនុម័ត​ក្នុង​ជំនាន់​លោក​នា​ពេល​កន្លង​មក។ យុទ្ធសាស្រ្ត​ឧទ្ទាម​របៀប​នេះ​ក៏​ធ្លាប់​បាន​ប្រើ​ដោយ​ក្រុម​សាធារណរដ្ឋ​ដែល​បាន​ជំទាស់​នឹង​សំណើ​របស់​លោក​អូបាម៉ា។ ក្រៅ​ពី​ប្រើ​យុទ្ធសាស្រ្ត​ឧទ្ទាម​នៅ​សភា លោក​អូបាម៉ា​ក៏​អាច​ប្រើ​ចលនា​មហាជន​ឲ្យ​ជួយ​បន្ត​គាំទ្រ « Obamacare » ដែរ។

លទ្ធផល​ស្ទង់មតិ​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​អាមេរិក​ដល់​ទៅ ៧៥% បាន​សម្តែង​មតិ​ចង់​ឲ្យ​មាន​ការ​រក្សា​ទុក​ច្បាប់​ធានា​រ៉ាប់រង​សុខភាព « Obamacare » របស់​លោក​អូបាម៉ា។ គិត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​អាមេរិក​ជាង ២០លាននាក់​បាន​ទទួល​សេវា​ធានា​រ៉ាប់រង « Obamacare » ដោយ​មាន​ជំនួយ​ពី​រដ្ឋ​ជា​លើកទី១ នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។

បើ « Obamacare »ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​អាមេរិក ចុះ​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​ចង់​លុបចោល?

រហូត​មក​ដល់​ពេល​នេះ ហេតុផល​ដែល​លោក​ដូណាល់ ត្រាំ​បាន​លើកឡើង​គឺ​ថា « Obamacare » បាន​ធ្វើ​ឲ្យ​ថៅកែ​ចំណាយ​លុយ​ច្រើន ហើយ​រដ្ឋ​ក៏​បាន​ចាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ដែរ​នៅ​ក្នុង​បញ្ហា​សុខភាព​សាធារណៈ។ ពាក្យពេចន៍​ដដែល​នេះ​ក៏​ត្រូវ​បាន​រម្លឹក​ជា​ថ្មី​ដោយ​លោក Mike Pence អនុប្រធានាធិបតី​ថ្មី​របស់​លោក​ដូណាល់ ត្រាំ​នា​ថ្ងៃ​ពុធ ទី៤ មករា។ លោក Pence បាន​ថ្លែង​ច្បាស់ៗ​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា អាទិភាព​របស់​លោក​ដូណាល់ ត្រាំ គឺ​លុបចោល​ច្បាប់ « Obamacare » ព្រោះ​ជា​ច្បាប់​ដែល​កំពុង​ទទួល​បរាជ័យ និង​ដែល​មាន​ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​មិន​ទទួល​យក​ទេ។

តាម​លោក Pence ច្បាប់« Obamacare » នឹង​ត្រូវ​ដាក់​ជំនួស​ដោយ​ច្បាប់​ថ្មី​ស្តីពី​សុខភាព​ដែល​មាន​ប្រសិទ្ធិភាព​ជាង​ច្បាប់« Obamacare » និង​ដែល​រដ្ឋ​ចំណាយ​លុយ​តិច។ លោក Pence បាន​បន្ថែម​ថា ពេល​វេលា​បាន​ឈាន​មក​ដល់​ហើយ​ដែល​ត្រូវ​គោរព​ពាក្យ​សន្យា​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​សម័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ឃើញ​ថា ទាំង​លោក​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ថ្មី​មិន​បោះបង់​ចោល​គម្រោង​កំចាត់ « Obamacare » ទេ តែ​បញ្ហា​នៅ​ត្រង់​ថា​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​លោក​ដូណាល់ ត្រាំ​ស្នើ​ច្បាប់​អ្វី​ថ្មី​ស្តីពី​សុខភាព​ដែល​នឹង​ត្រូវ​ចូល​ទៅ​​ជំនួស​ច្បាប់ « Obamacare » នៅ​ឡើយ​ទេ។

អ្វី​ដែល​លោក​ដូណាល់ ត្រាំ​បាន​សន្យា​នោះ​គឺ​ថា ពលរដ្ឋ​អាមេរិក​ដែល​បាន​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​សុខភាព « Obamacare » នឹង​មិន​បាត់បង់​សេវាធានា​រ៉ាប់រង​សុខភាព​របស់​ខ្លួន​ទេ​ក្នុង​ពេល​ដែល​ច្បាប់ « Obamacare » ត្រូវ​កែប្រែ ត្រូវ​ជំនួស​ដោយ​ច្បាប់​ថ្មី ឬ​មួយ​ក៏​ត្រូវ​លុបចោល​ទាំង​ស្រុង​នោះ។ ចំណែក​លោក​អូបាម៉ា​ក៏​បាន​បន្ត​ជំរុញ​ពលរដ្ឋ​អាមេរិក​ឲ្យ​បន្ត​ទៅ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន « Obamacare »។

សូម​ជម្រាប​ជូន​ថា​តាម​រដ្ឋធម្មនុញ្ញ​អាមេរិក សភា​អាច​បោះឆ្នោត​លុប​ច្បាប់​ណា​មួយ​ដែល​ទើប​បាន​អនុម័ត​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ក្រុម​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​អាច​បោះឆ្នោត​លុប​ច្បាប់​ណា​ដែល​ទើប​អនុម័ត​ថ្មីៗ​ក្នុង​ជំនាន់​រដ្ឋបាល​លោក​អូបាម៉ា ពិសេស​ច្បាប់​ការពារ​បរិស្ថាន​ដែល​ដាក់​ពិន័យ​ចំពោះ​រោងចក្រសហគ្រាស​ដែល​បញ្ចេញ​ផ្សែងពុល​ច្រើន។ តែ​លោក​ដូណាល់ ត្រាំ​យល់​ថា ច្បាប់​មួយ​នេះ​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក។ ដោយឡែក រឿង​លុប​ច្បាប់ « Obamacare » ហាក់​ដូច​ពិបាក​បន្តិច ព្រោះ​ជា​ច្បាប់​ដែល​បាន​បោះឆ្នោត​តាំង​ពី​ឆ្នាំ ២០១០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ