អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម ១១ កញ្ញា ២០០១៖​ចាប់​ពី​ពេល​នេះ​ទៅ ជនរងគ្រោះ​អាច​ដាក់​ពាក្យ​ប្តឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក សភា​បាន​បោះឆ្នោត​នា​ថ្ងៃ​ពុធ ទី២៨ កញ្ញា​ដោយ​ច្រានចោល​សិទ្ធិវ៉េតូ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​ទាក់ទង​នឹង​មហាភេរវកម្ម​ថ្ងៃទី១១ កញ្ញា ២០០១។ គឺ​ជា​ច្បាប់​ដែល​បាន​បើក​ផ្លូវ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​អាច​ប្រទេស​អារ៉ាប៊ីសាអូឌីត។ សូម​ជម្រាប​ជូន​ថា លោក​អូបាម៉ា​បាន​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​នឹង​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​សុក្រ ទី២៤ កញ្ញា​កន្លង​ទៅ​ដោយ​លោក​យល់​ថា ជា​ច្បាប់​ដែល​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ ពិសេស​ពលរដ្ឋ​អាមេរិកាំង​ទូទៅ។ តែ​សម្រាប់​អ្នក​ការពារ​ច្បាប់​នេះ​វិញ​យល់​ថា ជា​ច្បាប់​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

លោក​អូបាម៉ា​បាន​បរិហារ​ការ​បោះឆ្នោតនៅ​សភា​ដែល​ច្រានចោល​សិទ្ធិវ៉េតូ​របស់​លោក​លើ​ច្បាប់​បើកផ្លូវ​ឲ្យ​ប្តឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត
លោក​អូបាម៉ា​បាន​បរិហារ​ការ​បោះឆ្នោតនៅ​សភា​ដែល​ច្រានចោល​សិទ្ធិវ៉េតូ​របស់​លោក​លើ​ច្បាប់​បើកផ្លូវ​ឲ្យ​ប្តឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​លោក​អូបាម៉ា​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​រយៈពេល ៨ឆ្នាំ​មក នេះ​ជា​លើកទី១ ដែល​សិទ្ធិវ៉េតូ​របស់​លោក​ត្រូវ​បាន​សភា​បោះឆ្នោត​ច្រាន​ចោល។ ក្នុង​រយៈពេល ៨ឆ្នាំ​នៃ​ការ​កាន់​អំណាច លោក​អូបាម៉ា​បាន​ប្រើ​សិទ្ធិវ៉េតូ​ចំនួន ១២ដង តែ​លើក​ទី១២ នេះ​ត្រូវ​បាន​សភា​ទាត់​ចោល។ នៅ​អាមេរិក លោក​ប្រធានាធិបតី​មាន​សិទ្ធិប្រើ​វ៉េតូ​ប្រឆាំង​នឹង​ច្បាប់​ដែល​សភា​បាន​បោះឆ្នោត។ តែ​នៅ​ក្រោយ​ការ​ប្រើ​សិទ្ធិវ៉េតូ​របស់​ប្រធានាធិបតី ច្បាប់​ដដែល​នោះ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សភា​ជា​ថ្មី។ នៅ​លើក​នេះ សភា​អាច​បោះឆ្នោត​ច្រាន​ចោល​សិទ្ធិវ៉េតូ​របស់​ប្រធានាធិបតី តែ​ត្រូវ​រក​សម្លេងគាំទ្រ​ឲ្យ​បាន ២ភាគ៣។

បន្ទាប់​ពី​សភា​ច្រានចោល​សិទ្ធិវ៉េតូ​របស់​ប្រធានាធិបតី​ហើយ អ្វីៗ​នឹង​ត្រូវ​ចប់​ត្រឹម​នេះ មាន​ន័យ​ថា ច្បាប់​នោះ​ត្រូវ​ចូល​ជា​ធរមាន។ នេះ​ហើយ​ជា​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​លើ​ច្បាប់​ដែល​បើក​ផ្លូវ​ឲ្យ​ជនរងគ្រោះ​ក្នុង​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ អាច​ប្តឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ គួរ​រម្លឹក​ជូន​ថា ច្បាប់​នេះ​ត្រូវ​បាន​សភា​បោះឆ្នោត​គាំទ្រ​កាល​ពី​ខែ​ឧសភា តែ​ត្រូវ​បាន​លោក​អូបាម៉ា​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​កាល​ពី​ថ្ងៃទី២៤ កញ្ញា និង​ទីបំផុត​ថ្ងៃទី២៨ កញ្ញា សភា​បាន​បោះឆ្នោត​ច្រាន​ចោល​សិទ្ធិវ៉េតូ​របស់​លោក​អូបាម៉ា។
 
លោក​អូបាម៉ា៖ការ​បោះឆ្នោត​នៅ​សភា​មាន​លក្ខណៈ​នយោបាយ

នៅ​លើ​កញ្ចក់​ទូរទស្សន៍ CNN លោក​អូបាម៉ា​បាន​បរិហារ​លើ​ការ​បោះឆ្នោត​របស់​សភា​ថា មាន​លក្ខណៈ​នយោបាយ និង​ជា​កំហុស​ឆ្គង​មួយ​ធំ​ណាស់។ លោក​អូបាម៉ា​ចង់​និយាយ​សំដៅ​លើ​ការ​កេងចំណេញ​ខាង​នយោបាយ​របស់​ក្រុម​សមាជិក​សភា និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ។ លោក​អូបាម៉ា​បាន​យល់​ឃើញ​ថា ច្បាប់​មួយ​នេះ​មិន​បាន​ជួយ​ការពារ​ពលរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​វាយប្រហារ​ភេរវកម្ម ហើយ​ក៏​មិន​បាន​ជួយ​បង្កើន​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ដែរ។
 
សម្រាប់​លោក​អូបាម៉ា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​គោលការណ៍​អភ័យឯកសិទ្ធិ​ដែល​ការពារ​រដ្ឋ និង​ពលរដ្ឋ​អាមេរិកាំង មាន​ន័យ​ថា អាមេរិក និង​មន្រ្តីការទូត​អាមេរិក​នៅ​​បរទេស​ក៏​អាច​ប្រឈម​នឹង​ការ​ប្តឹង​របស់​បណ្តា​ប្រទេស​ផ្សេង​នៅ​ទូទាំង​ពិភពលោក។ ក្រៅ​ពី​លោក​អូបាម៉ា ក៏​មាន​ប្រតិកម្ម​របស់​នាយក CIA លោក John Brennan ដែល​យល់​ឃើញ​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ និង​បង្ក​ឲ្យ​មាន​ផលវិបាក​ចំពោះ​មន្រ្តីរដ្ឋាភិបាល​អាមេរិក​នៅ​ឯ​បរទេស។
 
តែ​សម្រាប់​អ្នក​ការពារ​ច្បាប់​វិញ រួម​​ទាំង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ​ផង​មិន​បាន​យល់​ឃើញ​ដូច​លោក​អូបាម៉ា​ទេ។ សម្រាប់​ពួក​គេ ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ទទួល​បាន​យុត្តិធម៌។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​បាន​ចាត់​ទុក​ការ​ប្រើ​សិទ្ធិវ៉េតូ​របស់​លោក​អូបាម៉ា​ថា​ជា​ការ​ប្រមាថ​លើ​ក្រុមគ្រួសារ​ជនរងគ្រោះ ពិសេស​អ្នក​ស្លាប់​ទាំង​ជិត ៣ ០០០នាក់។
 
ប្រភព និង​ខ្លឹមសារ​នៃ​ច្បាប់​ដ៏​ប្រទាញប្រទង់​រវាង​លោក​អូបាម៉ា និង​សភា
 
នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មហា​ភេរវកម្ម ១១ កញ្ញា ២០០១ សភា​អាមេរិក​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ទឹកដី​អាមេរិកាំង និង​និង​នៅ​បរទេស​ដែល​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នៅ​ក្នុង​អំពើ​ភេរវកម្ម​នោះ។ នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ ២០០៤ គណៈកម្មការ​ស៊ើបអង្កេត​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​មួយ​ដែល​មាន​កម្រាស់ ៨៣៨ទំព័រ​ដោយ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ជា​ស្នាដៃ​របស់​អង្គការ​ភេរវនិយម​អាល់កៃដា​មាន​មេកើយ​ឈ្មោះ​អ៊ូសាម៉ា បិនឡាដិន​ជ្រកកោណ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។
 
នៅ​ពេល​នោះ គណៈកម្មការ​ស៊ើបអង្កេត​ក៏​បាន​ដក​ការ​ចោទ​ប្រកាន់​ចេញ​ពី​អ៊ីរ៉ាក់ និង​ពី​អ៊ីរ៉ង់​វិញ។ ទាក់ទង​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត គណៈកម្មការ​ស៊ើបអង្កេត​ក៏​បាន​អះអាង​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ឬ​មេដឹកនាំជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ទេ។ តែ​ក្រុម​អ្នកតំណាងរាស្រ្ត និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ភាគ​ច្រើន​នៅ​បន្ត​សង្ស័យ​ដោយ​គេ​សំអាង​ថា តិច ឬ​ច្រើន ដោយផ្ទាល់ ឬ​ដោយ​ប្រយោល អារ៉ាប៊ីសាអូឌីត​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ។
 
ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​លើ​ហេតុផល​ចំនួន ២ ទី១ នៅ​ក្នុង​ចំណោម​ភេរវជន​អត្តឃាត​ទំាង ១៩នាក់​ដែល​បាន​បើក​យន្តហោះ​ទៅ​ទម្លាក់​ខ្លួន​កម្ទេច​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ទៅ​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក « World Trade Center » ទាំង​ពីរ​ក្នុង​ទីក្រុង​ញូយ៉ក មាន ១៥នាក់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត ទី២ ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Zacarias Moussaoui ដែល​តុលាការ​អាមរិក​កាន់ទោស​ពី​បទ​ជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម ១១ កញ្ញា​បាន​និយាយ​ប្រាប់​ក្រុម​មេធាវី​អាមេរិក​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​ថា ក្រុម​គ្រួសារ​រាជវង្ស​អារ៉ាប៊ីសាអូឌីត​បាន​ផ្តល់​លុយ​រាប់សិបលាន​ដុល្លារ​ឲ្យ​អង្គការ​ភេរវនិយម​អាល់កៃដា​ក្នុង​ទសវត្ស​ឆ្នាំ ៩០។
 
ច្បាប់​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន និង​រីយ៉ាដ​កាន់​តែ​ស្មុគស្មាញ
 
ចាប់​ពី​ពេល​នេះ​ត​ទៅ ជនរងគ្រោះ​ក្នុង​ភេរវកម្ម​ថ្ងៃ១១ កញ្ញា​អាច​ដាក់​ពាក្យ​ប្តឹង​អារ៉ាប៊ីសាអូឌីត។ ខណៈ​នេះ រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​តប​នឹង​អាមេរិក​ទេ តែ​បើ​តាម​មើល​ទៅ ទីក្រុង​រីយ៉ាដ​ក៏​នឹង​មិន​បន្ត​បិទ​មាត់​យូរ​ដែរ។ ចំណែក​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​ក៏​បាន​ដឹង​ច្បាស់​ណាស់​ចំពោះ​បញ្ហា​នេះ ពិសេស​ពី​ទំនាក់ទំនង​ល្អក់​កករ​កាន់​តែ​ខ្លាំង​នា​ពេល​ខាង​មុខ។ កន្លង​មក អារ៉ាប៊ីសាអូឌីត​ធ្លាប់​បាន​បាន​ព្រមាន​លក់​មូលប័ត្របំណុល​រដ្ឋ​ទាំង​អស់​របស់​ខ្លួន​នៅ​អាមេរិក​ដែល​គិត​ជា​ប្រាក់​សរុប​ប្រមាណ​ជា ៧៥០ ០០០លានដុល្លារ ព្រម​ទំាំង​អចលនទ្រព្យ​ផ្សេង​ទៀត​របស់​អារ៉ាប៊ីសាអូឌីត​នៅ​លើ​ទឹកដី​អាមេរិកាំង។
 
ឃើញ​ថា ច្បាប់​មួយ​នេះ​កំពុង​ចូល​ទៅ​បំពុល​ទំនាក់ទំនង​វ៉ាស៊ីនតោន និង​រីយ៉ាដ​អូឌីត​ដែល​កំពុង​តានតឹង​ស្រាប់​ឲ្យ​កាន់​តែ​ឡើង​កម្តៅ​មួយ​កម្រិត​ទៀត។ ក្រៅ​ពី​ច្បាប់​មួយ​នេះ នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​អារ៉ាប៊ីសាអូឌីត​តូចចិត្ត និង​មិនសូវ​ទុកចិត្ត​សម្ព័ន្ធមិត្ត​អាមេរិក ពិសេស​រឿង​ដែល​អាមេរិក​បាន​ទៅ​ល្អូកល្អឺន​ជាមួយ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ីសាច់ហុត​ឈាម​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ