អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូណាល់ ​ត្រាំ​ ទៅ​​​ម៉ិចស៊ិក​ និយាយ​រឿង​សង់​ជញ្ជាំង​​ព្រំដែន​​​ជាមួយ​​​ប្រធានាធិបតី​Nieto​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃពុធ​​​ម្សិលមិញ ​លោក​ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី មកពី​បក្ស​សាធារណរដ្ឋ​អាមេរិក បាន​បំពេញ​ទស្សនកិច្ចរយៈពេលខ្លី ​នៅ​ម៉ិចស៊ិក​​ ជួបប្រធានាធិបតី ​អិនរិកខា ផេនញៀ ញែតតូ Enrique Pena Nieto។ លោក​ត្រាំប្រកាន់​នយោបាយ​អន្តោប្រវេសន៍​តឹងរ៉ឺង ធ្លាប់​បាន​រិះគន់​ជនជាតិ​ម៉ិចស៊ិក​យ៉ាង​ធ្ងន់​ ក្នុងពេល​កន្លងមក។ 

ប្រធានាធិបតីម៉ិចស៊ិក លោក​ផេនញៀ ​​ញែតតូ និង​លោក​ដូណាល់ ត្រាំ នៅក្រុង​ម៉ិចស៊ិកកូ​ ថ្ងៃ៣១សីហា ២០១៦។
ប្រធានាធិបតីម៉ិចស៊ិក លោក​ផេនញៀ ​​ញែតតូ និង​លោក​ដូណាល់ ត្រាំ នៅក្រុង​ម៉ិចស៊ិកកូ​ ថ្ងៃ៣១សីហា ២០១៦។ REUTERS/Henry Romero
ផ្សាយពាណិជ្ជកម្ម

 

ទស្សនកិច្ច​នេះ ធ្វើអោយ​ប្រជាជន​ម៉ិចស៊ិក​​ខឹងសម្បារ​នឹង​ប្រធានាធិបតី​ញែតតូ ​ដែល​ហ៊ាន​ទទួលជួប​លោក​ត្រាំ។ លោក​ត្រាំ​បានជជែក​ពី​រឿង​សង់ជញ្ជាំង​​តាម​ព្រំដែន​ប្រទេស​ទាំង២ ក្នុងទិសដៅ​ទប់ស្កាត់​គ្រឿងញៀន អាវុធ រឺ​សកម្មភាព​ខុសច្បាប់​ផ្សេងៗ​របស់ជនខិលខូច។

ទាំង​លោក​ត្រាំ ទាំង​ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ទំលាក់​បន្ទុក​​ការ​ឧបត្ថម្ភ​ការ​សាងសង់ជញ្ជាំង​ព្រំដែន​​ អោយគ្នា​ទៅវិញទៅមក។ ​

នៅ​ម៉ិចស៊ិក ​លោក​ត្រាំ​លើកឡើង​ថា អាមេរិក​មាន​សិទ្ធិ​សង់​ជញ្ជាំង​តាម​ព្រំដែន​​ខ្លួន
ម្សិលមិញ​ លោក​ត្រាំ​បាន​បន្ទន់​ឥរិយាបថ​​បន្តិច​មកវិញ ជាមួយ​ប្រជាជន​ម៉ិចស៊ិក​។ លោកត្រាំ​ខំអួត​សរសើរ​ពី​លក្ខណៈសម្បត្តិ​របស់​ជនជាតិ​ម៉ិចស៊ិក។ ទស្សនកិច្ច​នៅ​ម៉ិចស៊ិក​ម្សិលមិញ គឺ​ប្រធានាធិបតី​ញែតតូ ជាអ្នក​អញ្ជើញ​លោកត្រាំ​អោយ​ទៅម៉ិចស៊ិកទេ។ ទស្សនកិច្ច​ម្សិលមិញ ដូច​ផ្លេកបន្ទោរ​អញ្ចឹង ព្រោះ​ជាទស្សនកិច្ច​រយៈ​ពេល​តែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ។ ​អាជ្ញាធរ​ម៉ិចស៊ិក​​​ប្រកាស​អោយ​ប្រជាជន​ដឹង​នៅពេល​ចុងក្រោយ​បំផុត ដោយសារ​​ខ្លាច​ប្រជាជន​ខឹង ព្រោះ​កន្លងមក លោក​ត្រាំធ្លាប់​រិះគន់​មើលងាយ​ជនជាតិ​ម៉ិចស៊ិក។

ក្នុង​ការឃោសនាបោះឆ្នោត​​​កន្លងមក​ ​លោក​ដូណាល់ ​ត្រាំ ធ្លាប់​ប្រមាថ​​ប្រជាជន​ម៉ិចស៊ិក រិះគន់​ទាំង​រដ្ឋាភិបាល​ម៉ិចស៊ិក​ធ្ងន់ធ្ងរ​ ​រហូត​ប្រើពាក្យ​ថា  ម៉ិចស៊ិក​បញ្ជូន​ពលរដ្ឋ​​​​​ដែល​អស់សាច់ ​ដែល​អន់បំផុត  អោយចូល​មក​សហរដ្ឋ​អាមេរិក។ ជនទាំងនោះ​ត្រូវបាន​លោក​ត្រាំ​ ចាត់ទុកថា ​​ជនចាប់រំលោភ​កាម​ឧក្រិដ្ឋជន​ រឺ​ជនពាល​ជួញដូរ​គ្រឿងញៀនជាដើម។ លោក​ត្រាំ​ថែមទាំង​សន្យា​សង់ជញ្ជាំងព្រំដែន​រវាង​ប្រទេស​ទាំង២ ហើយ​អោយ​ម៉ិចស៊ិក​ជាអ្នកចេញលុយ​សង់​ទៀតផង។ លោកត្រាំ​ថែមទាំង​ថា ​​អាចចរចា​​ឡើងវិញ លើ​​សន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី ​ដែល​អាមេរិក កាណាដា ​និងម៉ិចស៊ិក​ ​ចុះហត្ថលេខា​រួមគ្នា ឆ្នាំ១៩៩៤​ទៀតផង។

​ម៉ិចស៊ិកពិតជាមិនអាច​​​​ទទួលយក​ការ​ប្រមាថ​​នេះទេ។ កាលពី​ដើម​ខែមិនា ប្រធានាធិបតី​​​ញែតតូ បាន​​ប្រដូច​​លោក​ត្រាំ ទៅ​នឹង​ជនផ្តាច់ការ​អ៊ីត្លែរ រឺ​ក៏​មូសូលីនី។ ដើម្បី​បន្ធូរ​កំហឹង​ម៉ិចស៊ិក​​ លោក​ត្រាំ ត្រូវតែ​កែប្រែ​ឥរិយាបថ​ខ្លួន​ អញ្ចឹង​​ហើយ។

ម្យ៉ាងទៀត ទស្សនកិច្ច​នៅ​ម៉ិចស៊ិក​នេះ ក៏​បានជួយ​លើកមុខលើកមាត់​លោក​ត្រាំ ដែរ ថា​តើ​លោក​អាច​មាន​ឥរិយា​បថ​​ដូចម្តេច​ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក ​បើ​លោក​ជាប់ឆ្នោត​ នៅខែ​វិច្ឆិកាខាងមុខ​។ ​ម្សិលមិញ លោក​ត្រាំ​ខំ​បង្ហាញ​ថា ទោះ​លោក​ទៅ​ម៉ិចស៊ិក ក៏​លោក​នៅតែ​អាច​ប្រកាន់​ជំហរ​អន្តោប្រវេសន៍តឹងតែង​ដដែល ចំពោះជនជាតិ​ម៉ិចស៊ិក​​ ​ដែល​កំពុង​រស់នៅ​ខុសច្បាប់ នៅ​សហរដ្ឋ​អាមេរិក។

លោកត្រាំ​​​ហ៊ាន​ជជែកពី​រឿង​​​ជញ្ជាំង​តាម​ព្រំដែនជាមួយម៉ិចស៊ិក​ ជញ្ជាំង​ដែល​លោកត្រាំ​ ធ្លាប់​លើកឡើង ក្នុង​ការ​រិះគន់​ម៉ិចស៊ិក កាលពីមុន។ ​ហើយ​ប្រធានាធិបតី​ម៉ិចស៊ិក​ទៀត ក៏​ព្រមព្រៀង​​​​ធ្វើការងារ​ព្រំដែន​ជាមួយ​អាមេរិកទៀត ដូច្នេះ វា​លើកមុខមាត់​លោក​ត្រាំ​បាន​មួយចំណែក​ដែរ ក្នុង​ទស្សនកិច្ច​នេះ។

លោកត្រាំ​ថា​ម៉ិចស៊ិក​មិនទាន់ដឹង​​ទេ តែ​ម៉ិចស៊ិក​នឹងចេញលុយ​សង់ជញ្ជាំងព្រំដែន
ពេលទស្សនកិច្ច​នៅម៉ិចស៊ិក​ម្សិលមិញ លោក​​ត្រាំ​មិនបាន​លើកឡើង​ពី​រឿងលុយកាក់​សង់ជញ្ជាំង​ព្រំដែន​​ ជាមួយ​ប្រធានាធិបតី​ញែតតូទេ។ ពេលលោក​ត្រាំ​ចាកចេញ​ពី​ទីក្រុងម៉ិចស៊ិចកូ​ទៅបាត់ លោក​ញែតតូ ​​​ប្រាប់ថា លោកគូស​​បញ្ជាក់​ទៅ​លោកត្រាំ​រួចហើយថា ម៉ិចស៊ិក​មិនចេញលុយ​សង់ជញ្ជាំងព្រំដែន​នេះទេ។ ​តែល្ងាចឡើង ​​ពេល​​លោកត្រាំ ទៅ​ដល់​អាមេរិកវិញ​ លោកត្រាំ​បានលើកឡើង​ថា ជឿលោកចុះ ​ម៉ិចស៊ិក​នឹង​ចេញលុយ​សង់ជញ្ជាំង​នេះ។ លោកថា ​ជនជាតិ​ម៉ិចស៊ិក​មិនទាន់ដឹង​រឿងនេះ​ទេ តែ​ពួកគេ​នឹង​ចេញលុយ​សង់។

ឃើញថា ពាក្យ​លោកត្រាំ និងពាក្យ​ប្រធានាធិបតី​ម៉ិចស៊ិក បញ្ច្រាសគ្នា​ស្រឡះ។ យោងតាម​ពាក្យ​លោកត្រាំ យើងអាច​ថា លោក​ត្រាំ​រាងក្រឡិចក្រឡុច​បន្តិច។ មិនដឹងថា លោក​បាន​សន្យា បាន​និយាយអ្វីខ្លះ​ជាមួយ​លោក​ញែតតូ នៅ​ម៉ិចស៊ិក​ទេ បានជា​លោក​ហ៊ានថា ពួកគេ​មិនទាន់ដឹងរឿង​ តែពួកគេ​នឹង​ចេញលុយ​សង់។

ពិចារណាទៅ រឿងអី​ដែល​ម៉ិចស៊ិក​ត្រូវសង់​ជញ្ជាំង​ដែល​លោក​​ត្រាំ ដែល​អាមេរិក​ចង់បាន​ទៅកើត​គឺលោកត្រាំ​ គឺ​អាមេរិក​ខ្លួនឯង​តើ ​ដែលចង់​សង់វាឡើង ដើម្បី​​​ដោះស្រាយ​បញ្ហា​ព្រំដែន។

​នយោបាយ​អន្តោប្រវេសន៍ដ៏​តឹងតែង​​​របស់​​លោក​ត្រាំ
ក្រៅពី​រឿង​ជញ្ជាំង​ព្រំដែនជាប់ម៉ិចស៊ិក ​នៅភាគខាងត្បូង​អាមេរិក ​នយោបាយ​អន្តោប្រវេសន៍​របស់​លោកត្រាំ គឺ​មិនអនុគ្រោះ​ទាល់តែសោះចំពោះ​ជនដែល​រស់នៅ​អាមេរិក​ខុសច្បាប់។​ ​សហរដ្ឋ​អាមេរិក​មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​១១លាននាក់ ភាគច្រើន​ជា​ជនជាតិ​ម៉ិចស៊ិក។

​សម្រាប់​លោកត្រាំ ​បញ្ហា​អន្តោប្រវេសន៍​ធ្វើអោយ​អាមេរិក​ជួបអំពើ​ហិង្សា ​ដែលគេ​ពិបាក​ពន្យល់បាន។ ​ ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​មួយចំនួន គឺ​បង្កឡើង​ដោយ​ជនអន្តោប្រវេសន៍​ខុសច្បាប់។ លោកត្រាំ​ធ្លាប់​លើកឡើងពី​ការបង្កើត​កងកម្លាំង​ពិសេស ទទួលបន្ទុក​បណ្តេញ​ជនអន្តោប្រវេសន៍ អោយ​ត្រលប់​ទៅ​នៅប្រទេស​កំណើត​វិញ។ ខុសពីប្រធានាធិបតី​មុនៗ បើ​លោកត្រាំ​ជាប់ឆ្នោត លោក​ត្រាំ​មិនលើកលែង​ជនរស់នៅ​ខុសច្បាប់​ រឺ​ជន​ដែល​មាន​ក្រដាសស្នាម​ហួសសុពលភាព​ទេ។

ប្រជាជន​ម៉ិចស៊ិក​មិនស្វាគមន៍​ទស្សនកិច្ច​លោកត្រាំ
លោក​ត្រាំធ្លាប់​ប្រមាថ​​​ម៉ិចស៊ិកឥតប្រណីមាត់​​​ តែ​​ប្រធានាធិបតី​ញែតតូ បែរជា​អញ្ជើញ​លោកត្រាំអោយ​ទៅ​ទស្សនកិច្ច​ម៉ិចស៊ិក​។ ប្រជាជន​មិនយល់ពី​ទង្វើ​របស់​​ប្រធានាធិបតី​ញែតតូ​ ហើយ​នាំគ្នា​ខឹង​នឹង​លោកញែតតូ។ បាតុករ​ម៉ិចស៊ិក​មួយ​ចំនួន​តូច ​បាន​​​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច លោកត្រាំ។ ​អតីត​ប្រធានាធិបតី​ វីនសាន់តេ ហ្វុក បាន​ប្រកាស​មិនស្វាគមន៍​លោកត្រាំ​ទៀតផង។

គេនៅចាំថា ​​​ក្រោយពេល​លោកត្រាំ​ចោទថា ម៉ិចស៊ិកបញ្ជូន​ប្រជាជន​អស់សាច់ អោយទៅនៅ​អាមេរិក ​ប្រធានាធិបតី​​ម៉ិចស៊ិក​ គឺ​លោក​​ញែតតូ បានប្រដូច​លោក​ត្រាំ ទៅនឹង​ជនផ្តាច់ការ​អ៊ីត្លែរ​នៅ​អាល្លឺម៉ង់។ ​តែ​ឥឡូវ ​លោក​ញែតតូ​ហាក់ដូចជាប្តូរ​ជំហរ​ខ្លួនវិញ ដោយ​អញ្ជើញ​លោកត្រាំ​អោយ​មក​លេងម៉ិចស៊ិក ហើយ​ចាប់ដៃ​ទទួល​លោក​ត្រាំថែមទៀត។ ​តែ​លោក​ញែតតូ​ក៏បាន​អញ្ជើញ​លោកស្រី​គ្លីនតុន​ដែរ។ លោកញែតតូ​ចង់​ប្រាប់ប្រជាជន​ថា លោក​ចង់​អោយ​ម៉ិចស៊ិក​បានពិភាក្សា​​ជាមួយ​អនាគត​ប្រធានាធិបតី​អាមេរិក។

សម្រាប់​ពលរដ្ឋ​ម៉ិចស៊ិក ទស្សនកិច្ច​លោក​ត្រាំ ជា​ទស្សនកិច្ច​ប្រមាថ​ម៉ិចស៊ិក ក្នុង​ទឹកដី​ម៉ិចស៊ិក​​តែម្តង។ ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​​ញែតតូ កំពុង​ធ្លាក់ចុះ​ដុនដាប​ខ្លាំង ក្នុងចំណោម​ប្រជាជន​១៣០លាននាក់ ​មាន​ប្រជាជន​ប្រមាណ​២៥ភាគរយ​ប៉ុណ្ណោះ​ដែលនៅ​គាំទ្រ​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ