អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហាសន្និបាត​អ.ស.ប​ផ្តោតខ្លាំង​លើ​សំណុំរឿង​អាវុធគីមី​ស៊ីរី និង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ បើក​សម្ពោធ នៅ​ថ្ងៃ​អង្គារ​នេះ នៅទីក្រុង​ញូវយ៉ក។ ដូចយើង​បាន​ដឹង​ហើយ​ថា ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ដែល​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី ១ តុលា មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នឹង​ផ្តោត ​ពិភាក្សា​លើ​សំណុំរឿង​ធំៗ ដូចជា​ការបំផ្លាញ​អាវុធ​គីមី របស់​រដ្ឋាភិបាល​ស៊ីរី អាវុធ​នុយក្លេអ៊ែ​របស់​អ៊ីរ៉ង់ និង​សង្រ្គាម​នៅ​អាហ្រ្វិក។

បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​កំពុង​រៀប​ចំ​កន្លែង​ដើម្បី​ទទួល​មហាសន្និបាត​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី ២៤ កញ្ញា
បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​កំពុង​រៀប​ចំ​កន្លែង​ដើម្បី​ទទួល​មហាសន្និបាត​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី ២៤ កញ្ញា ©REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃ​បើកដំបូង មហាសន្និបាត​នឹង​ផ្តោត​លើ​យន្តការ​ដើម្បី​សន្តិភាព​នៅស៊ីរី​ផង និង​លើ​ការបំផ្លាញ​អាវុធគីមី​របស់​ស៊ីរី​ផង។ ការប្រើអាវុធ​គីមី នៅ​ស៊ីរី កំពុង​ក្លាយ​ជា​ប្រធានបទ​នាំមុខគេ ដោយសារ​តែ​អង្គការ​សហប្រជាជាតិ​បាន​រកឃើញ​ថា ពិតជាមាន​ការប្រើ​អាវុធ​គីមី​​សម្លាប់​មនុស្ស​រាប់រយ នាក់ នៅក្នុង​ប្រទេស​ស៊ីរី។ នៅក្នុង​មហាសន្និបាតថ្ងៃនេះ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី បារាំង ហូឡង់ ដែល​ជា​អ្នកព្រមាន​ប្រើយន្តការ​យោធា ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី ត្រូវ​ឡើង​ថ្លែងការណ៍​ពី​ជំហរ​របស់​ប្រទេស​ទាំងពីរ ទៅលើ​វិបត្តិ​ស៊ីរី។

អ្វី​ដែល​សំខាន់ និង​ដែល​គេ​ទន្ទឹង​រង់ចាំ គឺ​ការប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប ដែល​នឹង​ធ្វើ​នៅក្រៅ​ក្របខ័ណ្ឌ​មហាសន្និបាត និង​ដែល​តាមពិត ជា​អ្នកសម្រេច​លើ​ជោគវាសនា​ស៊ីរី។

តាម​លោករដ្ឋមន្រ្តីការបរទេស​របស់​ប្រទេស​បារាំង ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ គេនឹង​ធ្វើ​ឲ្យ​ចេញ​សេចក្តី​សម្រេច​មួយ ទាក់ទង​នឹង​ការបំផ្លាញ​អាវុធ​គីមី​របស់​ស៊ីរី ពោល​គឺ​គេ​នឹង​ពិភាក្សា ហើយ និង​អាច​បោះឆ្នោត​អនុម័ត​លើ​កិច្ចព្រមព្រៀង ដែល​រុស្ស៊ី និង​អាមេរិក​បាន​រកឃើញ​រួមគ្នា នៅទីក្រុង​ហ្សឺណែវ កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ។

ប៉ុន្តែ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​មិនងាយ​នឹង​អាច​ចេញ​ស្រួល ក្នុង​សប្តាហ៍នេះ ដូច​តាមការអះអាង​របស់​រដ្ឋមន្រ្តីបរទេស​បារាំង ព្រោះថា រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី នៅ​តែ​ប្រឆាំង មិន​ចង់​ឲ្យ​គេ​ប្រើ​កម្លាំង​យោធា នៅករណី​ដែល​រដ្ឋាភិបាល​ស៊ីរី​មិន​គោរព​កិច្ច​ព្រមព្រៀង​បំផ្លាញ​អាវុធ​គីមី។ មួយវិញទៀត នៅក្រោយ​ពេល ដែល​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​បញ្ជូន​បញ្ជី​រាយមុខ​អាវុធ​គីមី​ទៅ​ឲ្យអង្គការ​ត្រួតពិនិត្យ អាវុធ​នុយក្លេអ៊ែរ រុស្ស៊ី​ទើប​ចេញ​មុខ​ជំទាស់ មិន​យល់ស្រប​ពី​មធ្យោបាយ​បំផ្លាញ​អាវុធ​គីមី​ស៊ីរី។ បើសិន​ជារុស្ស៊ី ដែល​ជាអ្នកមាន​សិទ្ធិ​វេតូ​ជា​មួយ​ចិន នៅ​តែ​ប្រឆាំង នោះ​ គេសង្ឃឹម​តិចតួចណាស់​ថា វិបត្តិ​ស៊ីរី នឹង​អាច​គេ​ដោះស្រាយ​ចេញ​រួច នៅក្នុង​មហាសន្និបាត​លើកនេះ។

កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាផ្ទាំងស៊ីប​មួយ​ទៀត នៅក្នុង​មហាសន្និបាត
នៅមុន​មហាសន្និបាត​ចាប់ផ្តើម ទីក្រុង​តេអេរ៉ង់ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី ខិតខំ​ប្រឹងប្រែង សម្រុក​នយោបាយ​ការទូត ដើម្បី​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ។ លោក​ប្រធានាធិបតី​ អ៊ីរ៉ង់ ហាសាន រូហានី ដែល​ត្រូវ​គេ​មើលឃើញថា ជាអ្នកដឹកនាំ​មិនសូវអភិរក្ស​ដូច​ប្រធានាធិបតី​មុន បាន​ប្រកាស​ហើយ​ថា អ៊ីរ៉ង់​ត្រៀម​ខ្លួន​ដើម្បី​ចរចា​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ លោក​ហាសាន រូហានី ដែល​នៅ​តែ​បដិសេធ​ពីការលួច​ផលិត​អាវុធ​នុយក្លេអ៊ែរ និយាយ​ការពារ​សិទ្ធិ​របស់​អ៊ីរ៉ង់ ក្នុង​ការប្រើប្រាស់​នុយក្លេអ៊ែរ​ស៊ីវិល។

ដោយសារ​តែ​នយោបាយ​បើកផ្លូវ​របស់​អ៊ីរ៉ង់ រដ្ឋមន្រ្តីការបរទេស​របស់​ក្រុមប្រទេស​ដើម្បី​កិច្ចចរចា​៥ ភាគី​បូក ១ នឹង​ជួប​ប្រជុំគ្នា នៅក្រៅ​ក្របខណ្ឌ​មហាសន្និបាត ដើម្បី​ពិភាក្សា ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ចាប់តាំង​ពី​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ តាំងពី​ឆ្នាំ ១៩៧៩ នេះ​ជា​លើកទីមួយ ដែល​រដ្ឋមន្រ្តីការបរទេស​អាមេរិក បាន​ចូលរួម​ក្នុង​តុចរចា​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រោះ កន្លងមក គ្រាន់​តែ​អ្នកតំណាង​តែ​ប៉ុណ្ណោះ​ដែល​ចូល​តុចរចា ក្នុង​ក្របខណ្ឌ​របស់​ទីភ្នាក់ងារ ថាមពល​នុយក្លេអ៊ែរ AIEA។

តាម​គម្រោង ក្រៅ​តែ​ពី​កិច្ចប្រជុំ​របស់រដ្ឋមន្រ្តី​របស់​ក្រុមប្រទេស​ទាំងប្រាំ​បូកមួយ លោកប្រធានាធិបតី​អ៊ីរ៉ង់ នឹង​ត្រូវ​ជួប លោក​ប្រធានាធិបតី​បារាំង នៅ​ក្រោយ​មហាសន្និបាត។ ហើយ នៅប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទៀត ក៏ មាន​ពាក្យ​លេចលឺ​ថា លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក៏​នឹង​អាច​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ដែរ នៅក្រៅ​ក្របខណ្ឌ​មហាសន្និបាត​អ.ស.ប។

លោកអូបាម៉ា​អាចជួប​លោកប្រធានាធិបតី​អ៊ីរ៉ង់
នៅថ្ងៃ​នេះ ប្រធានាធិបតី​អាមេរិក និង​អ៊ីរ៉ង់ នឹង​អាច​ឃើញគ្នា ដោយសារ​លោកអូបាម៉ា​នឹង​ត្រូវ​ឡើង​សុន្ទរកថា មុន​លោក​ប្រធានាធិបតី អ៊ីរ៉ង់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ បើតាម​អ្នកវិភាគខ្លះ ជំនួប​រវាង​លោកអូបាម៉ា និង​លោក​រ៉ូហានី ឬ​យ៉ាងហោច​ចាប់ដៃគ្នា នឹង​អាច​កើតឡើង នៅក្នុង​ពិធី​ទទួល​ភោជនាហារ​ដែល​លោកអគ្គលេខាធិការ​បាន គីមូន​ជា​ម្ចាស់​រៀបចំ នៅ​យប់​ថ្ងៃ​អង្គារនេះ។

ជំនួប​រវាង​ប្រមុខដឹកនាំ​ទាំងពីរ​សំខាន់ នេះ បើសិន​ជា​អាច​មានមែន ព្រោះថា ​ជា​លើក​ទីមួយ ចាប់តាំង​ពីអាមេរិក​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូតជាមួយ​អ៊ីរ៉ង់  បន្ទាប់ពី​អ៊ីរ៉ង់​ផ្លាស់ប្តូរ​របប​ដឹកនាំ ក្រោយ​បដិវត្តន៍​សាសនា ឆ្នាំ ១៩៧៩។ គឺ​ឆ្នាំ​នោះឯង ដែល​ក្រុមនិស្សិត​អ៊ីរ៉ង់​បាន​ចូលលុកលុយ​ស្ថានទូត​អាមេរិក និង​ចាប់ប្រជាជន​អាមេរិក ធ្វើ​ជា​ចំណាប់ខ្មាំង ដែល​ធ្វើ​ឲ្យ​អាមេរិក ខឹង កាត់ទូត និង​ដាក់ទណ្ឌកម្ម​ជាឯកត្តោភាគី។ ចាប់តាំងពីពេលនោះ អាមេរិក និង​សហគមន៍​អន្តរជាតិ​ដែល​មាន​ការសង្ស័យ​ថា អ៊ីរ៉ង់​កំពុង​ពួនសំងំ​ផលិតគ្រាប់បែប​បរិមាណូ បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជាពិសេស ការហាម​មិន​ឲ្យ​ទិញប្រេង ពី​អ៊ីរ៉ង់ ហាម​មិន​ឲ្យ​ដឹកអាវុធ​ទៅអ៊ីរ៉ង់ ហើយ​ដែល​សំខាន់​ជាងគេ គឺ​ផ្អឹបទុក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ឬ​មន្រ្តី​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់។ ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក និង​អឺរ៉ុប បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ជួប​វិបត្តិ​កាន់តែធ្ងន់ធ្ងរ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​​ចុងក្រោយនេះ

មក​ដល់​សព្វថ្ងៃ​នេះ ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ ៥ភាគី បូក១​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ប៉ុន្តែ លោករូហានី ដែល​មាន​នយោបាយ​ទន់ភ្លន់​ជាង ប្រធានាធិបតី​មុន បាន​បោះដៃ ចង់​ចរចា​ជាមួយ​អាមេរិក។ លោក​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​លោកអូបាម៉ា។ លោកអូបាម៉ា​វិញ​ទទួលស្គាល់​​ថា លោកបាន​ទាក់ទង​ជាមួយ​លោក​រូហានី​តាមរយៈសំបុត្រ ដែល​នៅក្នុង​នោះ លោក​បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់បញ្ចេញ​សកម្មភាព​ជាក់ស្តែង ដើម្បី​បញ្ជាក់ថា អ៊ីរ៉ង់​គ្មាន​មហិច្ឆតា​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ជំនួប ​ជាមួយ​ប្រធានាធិបតី​អាមេរិក និង​អាច​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​ជឿជាក់ គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ ព្រោះថា ចង់ ឬ​មិនចង់ គឺ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ដែល​កំពុង​ច្របាច់​ក​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​បច្ចុប្បន្ន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ