អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីន៖កិច្ចព្រមព្រៀងសន្តិភាព​ជា​ប្រវត្តិសាស្រ្ត និង​ផុយស្រួយ​រវាង​រដ្ឋាភិបាល និង​ចលនាឧទ្ទាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​អ៊ីស្លាម​មួយ​ឈ្មោះ « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម » បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មីនា។ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល​រវាង​តំណាង​រដ្ឋាភិបាល និង​ថ្នាក់ដឹកនំា​ក្រុម​ឧទ្ទាម​រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម។ កិច្ចព្រមព្រៀង​សន្តិភាព​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បិទបញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​គ្នា​ដ៏​យូរ​លង់​រវាង​កម្លំាង​រដ្ឋាភិបាល និង​កម្លំាង​ឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​និយម​នៅ​តំបន់​ប៉ែក​ខាង​ត្បូង។ តែ​ក្រុមអ្នកវិភាគ​បាន​យល់​ឃើញ​ថា គឺ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ផុយស្រួយ​ជា​ទីបំផុត។

កូនក្មេង​ពីរនាក់​កំពុង​ដើរ​ពីមុខ​កម្លំាងឧទ្ទាម​នាឱកាស​​អង្គប្រជុំ​ស្តីពីកិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​ក្នុង​ប្រទេស​ហ្វីលីពីន
កូនក្មេង​ពីរនាក់​កំពុង​ដើរ​ពីមុខ​កម្លំាងឧទ្ទាម​នាឱកាស​​អង្គប្រជុំ​ស្តីពីកិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​ក្នុង​ប្រទេស​ហ្វីលីពីន AFP PHOTO / TED ALJIBE
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្លំាង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​ជ្រុល​នៅ​តំបន់​ប៉ែក​ខាង​ត្បូង គឺ​ជា​ជម្លោះ​មួយ​ដ៏​រុំារ៉ៃ និង​យូរ​លង់​ជាង​គេ​នៅ​អាស៊ី។ តំាង​តែ​ពី​ដើម​ទសវត្ស​ឆ្នំា ៧០ មក​ម្ល៉េះ​ដែល​ក្រុម​ឧទ្ទាម​អ៊ីស្លាម​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​បាន​ផ្តើម​កាន់​អាវុធ​ប្រយុទ្ធ​ទល់​នឹង​កម្លំាង​រដ្ឋាភិបាល​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​តំបន់​បង់សាម៉ូរ៉ូ​ស្ថិត​ក្បែរ​កោះ​មីនដាណាវ។ គ្រាន់​តែ​ក្នុង​រយៈពេល ៤៥ឆ្នំា​កន្លង​ទៅ ជម្លោះ​ប្រដាប់អាវុធ​រវាង​គូបដិបក្ខ​ទំាង​ពីរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១៥ម៉ឺននាក់។ បច្ចុប្បន្ន ប្រទេស​ហ្វីលីពីន​មាន​ប្រជាពលរដ្ឋ​សរុប​ជិត ១០០លាននាក់ ក្នុង​នោះ​មាន ៨០% ជា​អ្នកកាន់​សាសនា​គ្រិស្ត និង​មាន​ប្រមាណ​ជា ៥លាននាក់​ជា​អ្នកកាន់សាសនា​អ៊ីស្លាម។ អ្នកកាន់សាសនា​អ៊ីស្លាម​ទំាង ៥លាននាក់​បាន​ចាត់​ទុក​តំបន់​បង់សាម៉ូរ៉ូ​ស្ថិត​ប៉ែកខាងត្បូង ជា​ដែនដី​ដូនតា​របស់​ពួក​គេ

កន្លង​មក និង​ក្រៅ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវអាវុធ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល និង​ក្រុមឧទ្ទាម​អ៊ីស្លាម​ក៏​ធ្លាប់​បាន​ជួប​ចរចា និង​ព្យាយាម​ជួបចរចា​គ្នា​អស់​រយៈពេល ១៧ឆ្នំា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ទីបំផុត កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ទើប​បាន​រក​ឃើញ តែ​ជា​កិច្ចព្រមព្រៀង​មួយ ឲ្យ​ទៅ ឲ្យ​មក មាន​ន័យ​ថា រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​យល់ព្រម​ប្រគល់​ស្វ័យភាព​ឲ្យ​តំបន់​បង់សាម៉ូរ៉ូ រីឯ​ចលនា​ឧទ្ទាម « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម » បាន​យល់ព្រម​ទម្លាក់​អាវុធ​ចុះ និង​បញ្ឈប់​ការ​តស៊ូ​របស់​ខ្លួន​តែ​ត្រឹម​ណេះ។

ជាមួយ​គ្នា​នេះ ក៏​នៅ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ត្រូវ​គោរព ទី១ តំបន់​ស្វ័យត​បង់សាម៉ូរ៉ូ​ត្រូវ​មាន​រដ្ឋសភា និង​កម្លំាង​សន្តិសុខ​ដាច់​ដោយឡែក​របស់​ខ្លួន ទី២ រដ្ឋអំណាច​ក្នុង​តំបន់​ត្រូវ​រក្សា​ទុក​ប្រាក់ចំណូល​បាន​មក​ពី​ការ​ប្រមូលពន្ធ ឬ​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ចំនួន ៧៥% ទី៣ ច្បាប់​អ៊ីស្លាម​ឆារីយ៉ា​នឹង​ត្រូវ​អនុវត្ត​លើ​អ្នកកាន់សាសនា​អ៊ីស្លាម​គ្រប់រូប​សម្រាប់​កិច្ចការ​ស៊ីវិល គឺ​មិន​មែន​សម្រាប់​កិច្ចការ​ទ័ណ្ឌកម្ម​ទេ។ ចំណែក​រដ្ឋាភិបាល​វិញ នៅ​បន្ត​រក្សា​បុព្វសិទ្ធិ​របស់​ខ្លួន​ក្នុង​វិស័យ​ការពារជាតិ ការបរទេស និង​រូបិយវត្ថុ។

ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត តែ​ផុយស្រួយ

គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​ចលនាឧទ្ទាម​អ៊ីស្លាម​ពេល​នេះ​អាច​នឹង​បិទបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ជា​ស្ថាពរ​នៅ​ហ្វីលីពីន​នោះ។ ចូរ​កុំ​ភ្លេច​ថា នៅ​ហ្វីលីពីន​សព្វថ្ងៃ មិន​មែន​មាន​តែ​ចលនា​ឧទ្ទាម « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម » មួយ​គត់​ទេ គឺ​មាន​ចលនា​ឧទ្ទាម ព្រម​ទំាង​ចលនា​ទ័ពព្រៃ​ជា​ច្រើន​ផ្សេង​ទៀត ដូច​យ៉ាង​ចលនា​ទ័ពព្រៃ Abu Sayyaf។ តែ​យ៉ាង​ណា​ក៏​ដោយ មាន​ចលនា​ឧទ្ទាម​តែ​ពីរ​គត់​ដែល​បាន​ទាមទារ​ផ្តាច់​ទឹកដី​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​ជា​ផ្លូវការ គឺ​ចលនា​ឧទ្ទាម « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​ជាតិ » ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នំា ១៩៧០ និង​ចលនា​ឧទ្ទាម « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម » ដែល​បាន​ប្រសូត្រ​ចេញ​ក្នុង​ឆ្នំា ១៩៧៨។ ចលនា​ឧទ្ទាម « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម » នេះ​បាន​ចាប់​កំណើត ក្រោយ​ពី​មាន​ការ​ប្រេះឆា​ផ្ទៃក្នុង​របស់ « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​ជាតិ »។

កាល​ពី​ឆ្នំា ១៩៩៦ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ក៏​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម​ម្តង​ហើយ តែ​ជាមួយ « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​ជាតិ »។ ទីបំផុត កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ភាគី​នីមួយៗ​រំលោភបំពាន។ ឥឡូវ​នេះ កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចលនា​ឧទ្ទាម « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​អ៊ីស្លាម » វិញ​ម្តង។ ផ្អែក​តាម​កិច្ចព្រមព្រៀង ចលនា​ដែល​មាន​កម្លំាង​ទាហាន ១០ ០០០នាក់​មួយ​នេះ​បាន​យល់ព្រម​ឈប់​ច្បំាង និង​ទម្លាក់​អាវុធ​ចុះ។ តែ​ចលនា​ឧទ្ទាម​មួយ​ទៀត គឺ « រណសិរ្យ​ម៉ូរ៉ូ​រំដោះ​ជាតិ » មិន​ទទួល​ស្គាល់ និង​បាន​ព្រមាន​ថា ពួក​គេ​នឹង​បន្ត​កាន់​អាវុធ​ប្រយុទ្ធ​តស៊ូ​ជា​បន្ត​ទៀត។

ចំណែក​នៅ​ខាង​រដ្ឋាភិបាល​វិញ អ្វីៗ​ក៏​មិន​មែន​ត្រូវ​ចប់​ត្រឹម​ចុះ​ហត្ថលេខា​ពេល​នេះ​ដែរ។ បើ​អ្វីៗ​ត្រូវ​មាន​ដំណើរ​ទៅ​មុខ​ដូច​ការ​គ្រោង​ទុក​នោះ គេ​ត្រូវ​ការ​ពេល​យ៉ាង​តិច ២ឆ្នំា​ដើម្បី​អាច​អនុវត្ត​កិច្ចព្រមព្រៀង​នោះ ព្រោះ​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ​ត្រូវ​ដាក់​ឲ្យ​សភា​បោះឆ្នោត​ទទួល​យក​នូវ​អត្ថបទ​ច្បាប់​ស្វ័យភាព​មួយ ព្រម​ទំាង​មាន​ការ​អនុម័ត​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៀត។ បន្ទាប់​មក​នៅ​ឆ្នំា ២០១៥ អត្ថបទ​ច្បាប់​នោះ​នឹង​ត្រូវ​ដាក់​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ។ ដូច្នេះ​ឃើញ​ថា នៅ​មាន​ផ្លូវ​វែងឆ្ងាយ​ទៅ​មុខ​ទៀត​ដែល​ត្រូវ​ដើរ ដោយ​ភាគីនីមួយៗ​សង្ឃឹម​ថា នឹង​គ្មាន​ឧបសគ្គ​អ្វី​ចូល​មក​រារំាង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ