ក្រោយពីការចេញផ្សាយរបាយការណ៍ស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ លើសំណុំរឿង អ៊ីស្រាអែលបាញ់នាវាដឹកជំនួយ ស្លាប់ជនជាតិទួរគី៩នាក់ កាលពីឆ្នាំ២០១០ ម្សិលមិញនេះ អាជ្ញាធរទួរគី បានបណ្តេញឯករដ្ឋទូតអ៊ីស្រាអែល ប្រចាំក្រុងអង់ការ៉ាចេញ និងសម្រេចព្យួរកិច្ចព្រមព្រៀងយោធាជាមួយនឹងប្រទេសអ៊ីស្រាអែលទៀត ព្រមទាំងប្រាថ្នាឡើងទៅប្តឹងផ្តល់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញការបិទខ្ទប់តំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។
គណៈកម្មការស៊ើបអង្កេត អង្គការសហប្រជាជាតិ បានចោទប្រកាន់ ថា អ៊ីស្រាអែល បានប្រើកម្លាំងយោធា ជ្រុលហួសហេតុ និងមិនសមហេតុផល នៅក្នុងប្រតិបត្តិការ ថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១០ ប្រឆាំងនឹងនាវាដឹកជំនួយតួកគីនោះ ប៉ុន្តែរបាយការណ៍បានគាំទ្រសកម្មភាព អ៊ីស្រាអែល ក្នុងការប្រើសិទ្ធិស្របច្បាប់ការពារសន្តិសុខជាតិ ទប់ទល់នឹងសកម្មជនជ្រុលនិយមខ្លះ ដែលមានរៀបចំគម្រោងបះបោរ និងអំពើហិង្សា។
អ្វីដែលតួកគី ទាមទារចង់បាន តាំងពីដំបូង និងនៅតែទទូចចង់បានរហូតមកដល់ឥលូវនេះ គឺពាក្យ “សុំទោស” ផ្លូវការ ពីអ៊ីស្រាអែល មិនមែនត្រឹមតែពាក្យ “សោកស្តាយ”ទេ។ ដូច្នេះ អនុសាសន៍របស់អង្គការសហប្រជាជាតិ ដែលដាក់ទៅកាន់អ៊ីស្រាអែល មិនគ្រប់គ្រាន់សម្រាប់តួកគីឡើយ។
របាយការណ៍ក៏បានផ្តល់ហេតុផលត្រឹមត្រូវដល់អ៊ីស្រាអែល ដែលធ្វើការបិទខ្ទប់ការចេញចូលតំបន់ហ្កាហ្សា ជាហេតុធ្វើឲ្យតួកគី ច្រឡោតកាន់តែខ្លាំង និងព្រមាននាំសំណុំរឿងនេះ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រុងឡាអេ។
របាយការណ៍កម្រាស់ ១០៥ទំព័រ ដែលបានសរសេរចប់ តាំងពីជាច្រើនខែមកហើយ ប៉ុន្តែអង្គការសហប្រជាជាតិ មិនព្រមបោះផ្សាយ ដោយចង់ទុកពេលឲ្យអ៊ីស្រាអែល និងតួកគី ផ្សារភ្ជាប់ទំនាក់ទំនងការទូតធម្មតាឡើងវិញសិននោះ មិនត្រូវបានភាគីពាក់ព័ន្ធទាំងពីរយល់ព្រមទាំងលើខ្លឹមសារ ទាំងសេចក្តីសម្រេចចុងក្រោយទេ។ ប្រធានាធិបតីតួកគី ចាត់ទុករបាយការណ៍នេះ ជា "មោឃៈ”។ ប្រមុខការទូតតួកគីវិញ បានធ្វើសេចក្តីថ្លែងការណ៍ គំរាមដោយមិនចំៗ ថា នឹងអាចមានចាត់វិធានការសន្តិសុខនៅតាមដែនសមុទ្ទផង។
ថ្វីដ្បិតតែប្រទេសទាំងពីរ បានចងសម្ព័ន្ធភាពគ្នាយ៉ាងស្អិតល្មួត កាលពីឆ្នាំ ១៩៩០មកលើវិស័យសហប្រតិបត្តិការយោធា និងពាណិជ្ជកម្មក៏ដោយ ក៏ទំនាក់ទំនងនេះបានធ្លាក់ចុះដុនដាប ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០០៨-២០០៩ ពោលគឺចាប់តាំងពីអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារលើតំបន់ ហ្កាហ្សា ដែនដីប៉ាឡេស្ទីនមក។ សូមបញ្ជាក់ថា តាមប្រវត្តិសាស្ត្រ និងវប្បធម៌ តួកគីជាប្រទេសកាន់សាសនាអ៊ីស្លាម ប្រជាជនតួកគីស្អប់ខ្ពើមអ៊ីស្រាអែល ដែលជាជនជាតិJuifណាស់ ព្រោះពួកគេមានចំណង មនោសញ្ចេតនាសាមគ្គីភាព កប់ជ្រៅ ជាមួយបណ្តាជនប៉ាឡេស្ទីន អ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា។ ដូច្នេះរដ្ឋាភិបាលតួកគី ចាំបាច់ត្រូវធានាមតិសាធារណៈតួកគីឲ្យបាន។
បើយើងជឿលើប្រសាសន៍របស់ប្រធានាធិបតីតួកគី រាល់វិធានការកាត់ផ្តាច់ទំនាក់ទំនងការទូត ព្យួរកិច្ចព្រមព្រៀងយោធា ជាដំណាក់កាលដំបូងនៃការប្រឆាំងនឹងរដ្ឋអ៊ីស្រាអែលតែប៉ុណ្ណោះ។
ចំណែកខាងអ៊ីស្រាអែលវិញ ក៏រក្សាជំហររបស់ខ្លួនដែរ គឺមិនប្រើពាក្យសុំទោសដាច់ខាត ហើយព្រមទាំងអះអាងថាខ្លួនក៏មានមធ្យោបាយដាក់គំនាបលើតួកគីវិញ ដែរ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ផ្ទាល់ក៏បានសម្តែងក្តីព្រួយបារម្ភ ចំពោះភាពតានតឹងរវាងអ៊ីស្រាអែល និងតួកគីនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ