អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ត្បូង​​បោះឆ្នោត​​សភា ក្រោម​​ការ​​គំរាម​​កំហែង​​របស់​​ព្យុងយ៉ាង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ​ បណ្តា​ជន​កូរ៉េខាង​ត្បូង ត្រូវ​អញ្ជើញ​ឱ្យ​ចូល​រួម​បោះឆ្នោត​សភា។ បើ​តាម​ការ​ស្ទង់​មតិ​ ​គណបក្សអភិរក្ស​និយម​​កំពុង​​កាន់​អំណាច និង​គណបក្ស​ ប្រឆាំង ប្រជាធិបតេយ្យ​ ​មាន​សំឡេង​ប្រ​ដេញ​គ្នា​យ៉ាង​ប្រកៀក​ប្រកិត​បំផុត។ ជា​មួយ​នឹង​អប្រជាប្រិយភាព​របស់​ប្រធានាធិបតី​ បក្ស​កាន់​អំណាច​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់លាក់​មួយ ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក៏​នឹង​ខិត​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ម្យ៉ាង​វិញ​ទៀត​ ការ​បោះឆ្នោតសភា​កូរ៉េខាង​ត្បូង​​នេះ​​ប្រព្រឹត្ត​ទៅ​ ជួន​ចំពេល​ដែល​សហគមន៍​អន្តរជាតិ និង​កូរ៉េខាង​ត្បូង​ខ្លួន​ឯង​ផ្ទាល់​ កំពុង​ផ្តោត​ចក្ខុ​ទៅ​កាន់​កូរ៉េខាង​ជើង​ ព្រោះ​តែ​កូរ៉េខាងជើង​កំពុង​ត្រៀម​ជា​ស្រេច​នឹង​បាញ់​រ៉ុក​កែត​បង្ហោះ​ផ្កាយ​រណប នៅ​រវាង​ថ្ងៃ​ទី​១២-១៤​មេសា ឆ្នាំ​២០១២ ប៉ុន្តែ​​គ្រប់​គ្នា​យល់​ថា​ជា​លេស​បិទ​បាំង​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីស​អន្តរទ្វីប។

ការ​ចាប់​ផ្តើម​រាប់​សន្លឹក​ឆ្នោត​ នៅ​កូរ៉េខាង​ត្បូង
ការ​ចាប់​ផ្តើម​រាប់​សន្លឹក​ឆ្នោត​ នៅ​កូរ៉េខាង​ត្បូង © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​កូរ៉េខាង​ត្បូង​ប្រព្រឹត្ត​ទៅ​រាល់​បួន​ឆ្នាំ​ម្តង ! សភា​កូរ៉េខាង​ត្បូង​មាន​អាសនៈ​ សរុប ​៣០០  ប៉ុន្តែ​មាន​តែ​សមាជិក​សភា​តែ​​ ២៤៦​ប៉ុណ្ណោះ ដែល​ជ្រើស​តាំង​ដោយ​ផ្ទាល់​​ ដោយ​សំឡេង​ឆ្នោត​របស់​ពលរដ្ឋ​កូរ៉េ​ទាំង​ជាង​៤០​លាន​នាក់។ ៦៤ អាសនៈ​ ដែល​នៅ​សល់​ នឹង​ត្រូវ​ធ្វើ​ការ​តែង​តាំង​តាម​បែប​សមមាត្រ។ អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​ប្រមាណ​តែ​៥៣,៧%​ ប៉ុណ្ណោះ ! ជា​ចំនួន​តិច​មែន តែ​ច្រើ​ន​ជាង​សម័យ​បោះឆ្នោត​សភា​លើក​មុនៗ ! នេះ​ទំនង​ជាមក​ពី​មាន​ចលនា​យុវជន​យុវនារី​ចូល​រួម​ច្រើន​។ លទ្ធផល​ ជា​ផ្លូវ​ការ​នឹង​ត្រូវ​ប្រកាស​នៅ​អាធ្រាត្រ​យប់​ថ្ងៃ​ទី​ ១១ មេសា ២០១២​នេះ។

នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ការ​បោះឆ្នោត​សភា​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​តែ​មួយ​នៃ​ការ​បោះឆ្នោត​ ជ្រើស​រើស​ប្រធានាធិបតី​។ ដូច្នេះ​ ការបោះឆ្នោត​សភាលើក​នេះ​ ជា​តេស្ត​ស្ទាប​ស្ទង់​​ជំហរ​របស់​មតិ​សាធារណៈ។ ជ័យ​ជម្នះ​ថ្ងៃ​នេះ​​ជា​​ពង្រឹង​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​នោះ ៖ លោកស្រី Park Geun-hye ជា​បេក្ខនារី​ប្រធានាធិបតីបក្ស​ព្រំដែន​ថ្មី និង​ លោក​ Moon Jae-in បេក្ខជន​ប្រធានាធិបតី​​​បក្ស​ប្រជាធិបតេយ្យ​រួម។

ម្យ៉ាង​ទៀត ការ​បោះឆ្នោត​សភា​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល​សម្ពាធ​តាន​តឹង​ ក្នុង​ឧបទ្វីប និង​ ការ​គំរាម​កំហែង​សន្តិសុខ​បាន​កើន​ឡើង​ខ្លាំង ព្រោះ​តែ​កូរ៉េខាង​ជើង​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ហើយ រង់​ចាំ​តែ​ដល់​ម៉ោង​ចុច​បាញ់​បង្ហោះ​កាំជ្រួច​​របស់​ខ្លួន​តាម​បញ្ជា​ ថ្នាក់​ដឹកនាំ​ប៉ុណ្ណោះ ! ទោះ​បី​ជា​មាន​គំនាប​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ ក៏​ព្យុងយ៉ាង​មិន​ប្តូរ​ផ្លាស់​ជំហរ និង​គម្រោង​​បាញ់​បង្ហោះ​​ផ្កាយ​រណប​របស់​ខ្លួន​ដែរ !

​ថ្វី​ដ្បិត​តែ​សន្តិសុខ​​ជាតិនេះ​​​ ជា​បញ្ហាសំខាន់​​ ! រដ្ឋាភិបាល​ក្រុងសេអ៊ូល​​បាន​ថែម​ទាំង​ចាត់​ទុក​​ការ​បាញ់​រ៉ុក​កែត​​របស់​ កូរ៉េខាង​ជើង​ គ្រោង​ធ្វើ​នៅ​រវាង​ពី​ថ្ងៃ​ទី ១២ -១៦​មេសា ជា​ការ​ប្រុង​ប្រៀប​រៀប​ចំ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី  សំណុំ​រឿង​នុយក្លេអ៊ែរ​​កូរ៉េខាង​ជើង​​នេះ បាន​ក្លាយ​ជាប្រធានបទ​ដ៏​សំខាន់​មួយ​​នៃ​ការ​ឃោសនា​បោះឆ្នោត។ បណ្តា​ជន​កូរ៉េខាង​ត្បូង​ ខ្វល់​ខ្វាយ​ខ្លាំង​ ក៏​ពិត​មែន ក៏​ប៉ុន្តែ​ បញ្ហា​សេដ្ឋកិច្ច​​ជាតិ​នៅ​តែ​ជា​អាទិភាព​ចម្បង​បំផុត គ្រប​ដណ្តាប់​លើ​អ្វីៗ​ទាំង​អស់​ រហូត​អាច​និយាយ​បាន​ថា ទំនាក់ទំនង​អន្តរជាតិ​ និង​សន្តិសុខ​ជាតិ មាន​ឥទ្ធិពល​តិច​តួច​ណាស់​​ ក្នុង​ការ​បោះឆ្នោត​លើក​នេះ។

បើ​តាម​អ្នក​វិភាគ ចំណោទ​ក្នុង​ស្រុក​ មាន​ជាអាទិ៍​គម្លាត​រវាង​អ្នក​ក្រ​និង​អ្នក​មាន​ អតិផរណា ទៅ​វិញ​ទេ ដែល​ម្ចាស់​ឆ្នោត​កំពុង​ត្រូវការ​ និង​រង់​ចាំ​ដំណោះស្រាយ។ ការ​បោះឆ្នោត​នេះ​​មាន​តម្លៃស្មើ​នឹង​​​ប្រជា​មតិ អារ​កាត់​​ការ​គ្រប់គ្រង​របស់​លោក ​លី ម្យ៉ុងបាក់ ដែល​គេ​យល់​ថា​ធូរ​រលុង​ជាមួយ​ក្រុមហ៊ុន​ធំៗ​ តែ​តឹង​តែង​ជ្រុល​ជាមួយនឹង​កូរ៉េខាង​ជើង។ គណបក្ស​ប្រឆាំង​បាន​ទទួល​ការគាំទ្រ​ខ្លាំង​ពី​យុវជន​ ព្រោះ​បាន​សន្យា​ធ្វើ​ការ​រុះ​រើ​ឡើង​វិញ​ កិច្ច​ព្រមព្រៀង​ផ្តោះប្តូរ​សេរី​ជាមួយ​អាមេរិក ដែល​បណ្តា​ជន​កូរ៉េ​ខាង​ត្បូង​ភាគ​ច្រើន​យល់​ថា​​គ្មាន​សមភាព តែ​ជា​ការ​បំផ្លាញ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ