អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ប្តូរ​យុទ្ធសាស្រ្ត​ការពារ​ប្រទេស​ពី​ភាគខាងជើង​មក​ខាងត្បូង​វិញ

រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត នៅ​ថ្ងៃ​សុក្រ​នេះ យុទ្ធសាស្រ្ត​ការពារ​ប្រទេស​ថ្មី​របស់​ខ្លួន សម្រាប់​រយៈពេល ១០​ឆ្នាំ​ខាងមុខ​នេះ ដោយ​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​លែង​សូវ​ការពារ​ផ្នែកជើង តែ​បែរ​ជា​មក​ពង្រឹង​ទ័ព​នៅ​ខាងត្បូង​ប្រទេស។ បើតាម​ឯកសារ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ចំណងជើង​ថា ទិសដៅ​ស្តីពី​កម្មវធីការពារជាតិ ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​កងទ័ព​នេះ​ធើ្វ​ឡើង​ដោយសារ ជប៉ុន​បាន​មើលឃើញ​ពី​សក្តានុពល​ផ្នែកទ័ព​របស់​ចិន និង​ការគំរាម​កំហែង​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង

នាវា​ចម្បាំង​របស់​ជប៉ុន នៅ​ក្នុង​សមុទ្រ​លឿង
នាវា​ចម្បាំង​របស់​ជប៉ុន នៅ​ក្នុង​សមុទ្រ​លឿង ©Reuters
ផ្សាយពាណិជ្ជកម្ម

05:34

បទ​អត្ថាធិប្បាយ​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ក្រោយ​ពី​សង្រ្គាម​ត្រជាក់​បាន​ផុត​រលត់​ទៅ ជប៉ុន​បាន​ពង្រាយ​ទ័ព​របស់​ខ្លួន​នៅ​ផ្នែកខាង​ជើង​ប្រទេស គឺ​នៅ​លើ​កោះ​Hokkaido ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ណាមួយ​ពី​សំណាក់​សហភាព​សូវៀត និង​ក្រោយ​មក​ក្លាយ​ជា​រុស្ស៊ី។ ប៉ុន្តែ ជប៉ុន ពេលនេះ បានមើល​ឃើញ​ថា ការគំរាមកំហែង​មកលើ​សន្តិសុខ​របស់​ជប៉ុន មិន​មែន​មក​ពី​ខាងជើង​ទេ ប៉ុន្តែ​មក​ពី​ខាងត្បូង​ជប៉ុន​ទៅវិញ នោះ គឺ ពី​ចិន និង​កូរ៉េខាងជើង។

ការបង្កើន​សក្តានុពល​ទ័ពចិន និង​ការផលិតអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​កំពុង​ធ្វើ​ឲ្យ​ជប៉ុន​ឈឺក្បាល និង​ធ្វើការ​ប្រយ័ត្នប្រយែងខ្ពស់។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជប៉ុន​នៅ​តែ​មាន​បារម្ភ​ជាប់ជានិច្ច នៅពេល​ឃើញ​ចិន​កាន់​តែ​ពង្រឹង និង​អភិវឌ្ឍ​ផ្នែកទ័ព​កាន់តែ​ទំនើបៗ។ ជប៉ុន​បាន​មើលឃើញ​ចិន​តែ​បង្កើន​ថវិកា​សម្រាប់​វិស័យ​ការពារ​របស់​ខ្លួន (ចិន​ចំណាយ​លុយ​១០០​ពាន់​លាន​ដុល្លារ សម្រាប់​វិស័យការពារជាតិ​ឆ្នាំ ២០១០)។

មួយ​វិញទៀត ជប៉ុន​កាន់តែ​ព្រួយចិត្ត​ថែមទៀត​ដែល​បាន​សម្គាល់​ឃើញ​ចិន​ចេះ​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ​ចេះតែ​បង្កើន​ការល្បាតទ័ព នៅ​ក្នុងតំបន់​សមុទ្រ​លឿង ជាពិសេស​គឺ​នៅ​ម្តុំ​ប្រជុំកោះ​Senkaku ដែល​ជប៉ុន និង​ចិន​ទាមទារ តវ៉ា​យក​ទៅ​គ្រប់គ្រង​រៀងៗខ្លួន។ គួរ​រំលឹក​ថា វិបត្តិការទូត​ចិន និង​ជប៉ុន​កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរក្នុង​ឆ្នាំ នេះ គឺ​ក្រោយ​ពី​ជប៉ុន​បាន​ចាប់​ឃាត់ទុក​អ្នកបើកទូក​នេសាទ​ចិន ដែល​ចិន​បានចាត់ទុក​ថា គឺ​ជា​រំលោភច្បាប់​មួយ​យ៉ាងធ្ងន់ធ្ងរ។

លើកនេះ ជប៉ុន​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ការពារ​ដ៏​សំខាន់​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ផង និង​ដើម្បី​ការពារ​ពី​ការវាយប្រហារ​ណាមួយ​ពី​ខាងកូរ៉េខាងជើង​ផង។ សម្រាប់ជប៉ុន ការបាញ់​សាកល្បង អាវុធ​នុយក្លេអ៊ែរ​កន្លងមក​របស់​ទីក្រុង​ព្យុងយ៉ាង និង​ការបន្ត​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូមដើម្បី​ផលិត​អាវុធនុយក្លេអ៊ែរ​របស់​ប្រទេស​កម្មុយនិស្ត​នេះ គឺ​កំពុង​តែ​គំរាម​កំហែង​ដល់​សន្តិសុខ និង​សន្តិភាព​របស់​ជប៉ុន និង​ប្រទេស​ក្នុង​តំបន់។ ហើយ​បើតាម​ឯកសារ​ដែល​ចែកចាយ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦​ធ្នូ​នេះ ជប៉ុន​បាន​ចាត់ទុក​កូរ៉េខាងជើង​ថា​ជា ”សត្រូវ”​របស់ខ្លួន។

ក្នុង​យុទ្ធសាស្រ្ត​ថ្មី​នេះ ជប៉ុន​នឹង​កាត់បន្ថយ​កម្លាំង​ជើងគោក តែ​មក​ពង្រឹង​ផ្នែក​ជើងទឹក និង​ទ័ព​អាកាសវិញ។ ក្រសួង​ការពារជាតិ​ជប៉ុន​នឹង​បន្ថែម​នាវាមុជទឹក​ពី​១៦ ទៅ ២២​គ្រឿង និង​អភិវឌ្ឍ​យន្តហោះ​ប្រដេញ​របស់ខ្លួន​ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង។ ហើយនៅចំពោះមុខ​នៃ​ការគំរាមកំហែង​បាញ់​ជា​ញយដង អាវុធ​នុយក្លេអ៊ែរ ពី​ខាងកូរ៉េខាង​ជើង ជប៉ុន​នឹង​បង្កើន​ទ្វេដង ចំនួន​នាវាចម្បាំង និង​យន្តហោះចម្បាំង​ដែល​មាន​បំពាក់​ដោយ​គ្រាប់​មីស៊ីល​ជា​ខែល ប្រឆាំង​នឹង​គ្រាប់មីស៊ីល។

នៅ​ក្នុង​ការពង្រឹង​ផ្នែក​ការពារ​នៅ​ ខាងត្បូងនេះ ជប៉ុន ដែល​ស្ថិត​ក្នុង​សមុទ្រលឿង ជប៉ុន​ក៏​គ្រោង​នឹង​ធ្វើការ​សហការ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដូចជា​អាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី និង​ឥណ្ឌា។ ទ័ព​របស់​ជប៉ុន​នឹង​ត្រូវ​ដាក់​ពង្រាយជិត​កោះ​Okinawa ​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិកាំង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ