អានតួអត្ថបទ
កូរ៉េ

ការដាក់ពង្រាយ​កាំជ្រួចមីស្ស៊ីល​កូរ៉េខាងជើង​នៅជិត​ព្រំដែ​ន​កូរ៉េខាងត្បូង​

កូរ៉េ​ខាង​ជើង​បាន​ដាក់​ពង្រាយ​កាំជ្រួច​missiles​ sol-air​ បាញ់​បាន​ឆ្ងាយ​គឺ​បាញ់​ពី​ដី​សំដៅ​ទៅ​អាកាស​ នៅ​ជិត​ព្រំដែន​កូរ៉េ​ខាង​ត្បូង​ស្រប​តាម​ព័ត៌មាន​ផ្តល់​ដោយ​កាសែត​កូរ៉េ​ខាង​ត្បូង​ Chosun​ Ilbo​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​៤សីហា​នេះ​ ដោយ​យោង​ទៅ​លើ​ប្រភព​ព័ត៌មាន​យោធា​កូរ៉េ​ខាង​ត្បូង។ 

លោក​​ គីម ​ចុង​អ៊ីល​ ប្រមុខ​ដឹកនាំកូរ៉េ​ខាង​ជើង​
លោក​​ គីម ​ចុង​អ៊ីល​ ប្រមុខ​ដឹកនាំកូរ៉េ​ខាង​ជើង​ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:21

សេចក្តីរាយការណ៍របស់​ វីនស្តុន រតនា

ស្រប​តាម​ប្រភព​ព័ត៌មាន​យោធា​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​ទិនានុប្បវត្តិ​ Chosun​ Ilbo​ យក​មក​ចុះ​ផ្សាយ​ នៅ​ថ្ងៃ​ពុធ​៤សីហា​នេះ​ កាំជ្រួច​missiles​ SA-5​ ជា​ច្រើន​ដើម​ ត្រូវ​បាន​លើក​ពី​ខែត្រ​ Hwanghae ​ នៅ​ប៉ែក​និរតី​ប្រទេស​ កាល​ពី​ខែ​មីនា​ បន្ទាប់​ពី​ការលិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​យក​មក​ដាក់​នៅ​ជិត​ព្រំដែន​កូរ៉េ​ខាង​ត្បូង​វិញ​ ដើម្បី​រារាំង​កុំ​ឱ្យ​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង​អាច​ហោះ​ទៅ​វាយ​សំពង​លើ​ទី​ដៅ​ជា​យុទ្ធសាស្ត្រ​នៃ​កូរ៉េ​ខាង​ជើង។ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បដិសេធ​ពុំ​ព្រម​ធ្វើ​អត្ថាធិប្បាយ​អំពី​ព័ត៌មាន​ទាំង​នេះ​ទេ។

 
កង​ទ័ព​កូរ៉េ​ខាង​ជើង​បាន​ទិញ​កាំជ្រួច​missiles​ SA-5​ បាញ់​បាន​ចម្ងាយ​ ២៥០គីឡូម៉ែត្រ​​ចំនួន​៣៥០​ដើម​និង​រាន​សំរាប់​បាញ់​កាំជ្រួច​មីស្ស៊ីល​ចំនួន​២០​ ពី​សហភាព​សូវៀត​ នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៨០។

ម្យ៉ាង​ទៀត​ ​ កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​៤សីហា​នេះ​ដែរ​ បាន​ព្រមាន​ប្រាប់​ថា​ ខ្លួន​នឹង​ពុំ​អត់​ឱន​ឱ្យ​ចំពោះ​ “​ ការបង្ក​រឿង​ហេតុ​អ្វី​ណា​មួយ​ឡើយ​ “​ មុន​ពេល​សមយុទ្ធ​ថ្មី​របស់​ខ្លួន​ នៅ​សមុទ្រ​លឿង​ បន្ទាប់​ពី​ព្យុងយ៉ាង​បាន​គំរាម​ថា​នឹង​ឆ្លើយ​តប-ត​វិញ​ចំពោះ​ល្បែង​សង្គ្រាម​នេះ។

សមយុទ្ធ​កូរ៉េ​ខាង​ត្បូង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​សំរាប់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ហើយ​និង​ត្រូវ​ឩទ្ទិស​ចំពោះ​កិច្ច​ការពារ​ប្រឆាំង​នឹង​នាវា​មុជ​ទឹក​ ​ ៤ខែ​បន្ទាប់​ពី​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់​បែក​បុក​កម្ទេច​កប៉ាល់​ចម្បាំង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​មក។

កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​ចាត់​ទុក​សមយុទ្ធ​នេះ​ថា​ជា​ “​ ការ​លុកលុយ​មួយ​ដោយ​ចំពោះ​ “​ ដោយ​គំរាម​ថា​នឹង​ “ធ្វើ​ការឆ្លើយ​តប​ត​វិញ​យ៉ាង​ខ្លាំង​“។

របប​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​ដែល​គាំ​ទ្រ​ដោយ​រដ្ឋការ​ប៉េកាំង​បាន​បដិសេធ​ជានិច្ច​ថា​ ខ្លួន​ពុំ​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ទេ។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ចុង​ខែ​កក្កដា​មុន​នេះ​ បាន​​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដ៏​សំខាន់​បំផុត​ ដើម្បី​ព្រមាន​ប្រាប់​កូរ៉េ​ខាង​ជើង​ឱ្យ​ដឹង​ខ្លួន​ជាមុន​។

ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​ជិត​ដិត​របស់​ព្យុងយ៉ាង​បាន​ប្រឆាំង​នឹង​សមយុទ្ធ​នេះ​ ហើយ​ក៏​ពុំ​ព្រម​រួម​ចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការថ្កោល​ទោស​ព្យុងយ៉ាង​ក្នុង​រឿង​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ