អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បេក្ខជន​ណា​នឹង​ក្លាយ​ជា​អនាគត​ប្រធានាធិបតី​បារាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការិយាល័យ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជុំ​ទីពីរ បាន​ចាប់ផ្តើម​បើក​តាំងពី​ម៉ោង ៨ព្រឹក​នៅក្នុង​ប្រទេស​បារាំង។ ប្រជាជន​បារាំង​ប្រមាណ ៤៦​លាននាក់​ត្រូវ​ទៅបោះឆ្នោត នៅថ្ងៃអាទិត្យ​ទី ៦​ឧសភានេះ ដើម្បី​ជ្រើសរើស​អនាគត​ប្រធានាធិបតី​បារាំង ពី​ក្នុងចំណោម​បេក្ខជន​ពីរ​រូប គឺ​លោក​François Hollande មកពី​គណបក្ស​ឆ្វេងនិយម​PSនិង​លោក​Nicolas Sarkozy ដែល​ជា​ប្រធានាធិបតី​បារាំង​ផុតអាណត្តិ និង​មក​ពី​គណបក្ស​ស្តាំនិយម UMP។

អ្នកបោះឆ្នោត​បារាំងឈរ​នៅមុខរូប​បេក្ខជន​ប្រធានាធិបតី ទាំងពីរ François Hollande(ស្តាំ) និង Nicolas Sarkozy នៅថ្ងៃ​អាទិត្យ ថ្ងៃ​បោះឆ្នោតជុំទីពីរ​
អ្នកបោះឆ្នោត​បារាំងឈរ​នៅមុខរូប​បេក្ខជន​ប្រធានាធិបតី ទាំងពីរ François Hollande(ស្តាំ) និង Nicolas Sarkozy នៅថ្ងៃ​អាទិត្យ ថ្ងៃ​បោះឆ្នោតជុំទីពីរ​ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​បារាំង​បាន​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ជុំទីពីរ ជាមួយ​នឹង​ការស្ទង់មតិ​ចុងក្រោយ​បំផុត (ចេញផ្សាយ​ថ្ងៃ​សុក្រ​ទី ៤ ឧសភា) ដែល​បាន​បង្ហាញ​ថា លោក​François Hollande មក​ពី​គណបក្ស​សង្គមនិយម ដែល​ជា​គណបក្ស​ប្រឆាំង​មាន​ប្រជាប្រិយភាព​ច្រើន​ជាង​លោក​Nicolas Sarkozy មក​ពី​គណបក្ស​UMP​ដែល​ជា​គណបក្ស​កាន់អំណាច។ តាម​ការស្ទង់មតិ លោក​ François Hollande អាច​ទទួល​សំឡេងឆ្នោត ៥២​ភាគរយ ចំណែក​លោក​Nicolas Sarkozy អាច​ទទួល​បាន​សំឡេង តែ​៤៨​ភាគរយ​ប៉ុណ្នោះ។

តាមក្រសួង​មហាផ្ទៃ​បារាំង រហូត​មកដល់​ពាក់កណ្តាល​ថ្ងៃ​អាទិត្យ អ្នក​ទៅបោះឆ្នោត​មាន​ចំនួន ៣០,៦៦​ភាគរយ គឺ​កើនឡើង បើប្រៀបធៀប​នឹង​រយៈពេលដូច​គ្នា នៅជុំទីមួយ (២៨,២៩)។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ នៅក្នុង​ប្រទេស​បារាំង តួលេខ​ក្នុង​ការស្ទង់មតិ​កន្លងមក ក៏ដូច​ជា​មិនសូវ​ខុស​ប៉ុន្មាន​ពី​លទ្ធផល​ដែល​នឹងចេញមក​ដែរ។ លោក​François Hollande បាន​ក្លាយ​ជា​បេក្ខជន​កាន់តែ​ប្រជាប្រិយ រហូត​ដល់​ទទួល​បាន​សំឡេង​ឈ្នះឆ្នោត​(២៨,៦៣) នាំមុខ​លោក​ប្រធានាធិបតី​អស់​អាណត្តិ​Nicolas Sarkozy​( ២៧,១៨) នៅជុំទីមួយ។ នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជុំទីមួយ កាលពី​ថ្ងៃ​ទី ២២​មេសា​កន្លងទៅ មេដឹកនាំ​បក្ស​ឆ្វេងនិយម​ជ្រុល និង​គណបក្ស​ការពារ​បរិស្ថាន ដែល​ចាញ់ឆ្នោត ជុំទីមួយ ក៏​បាន​ចុះចូល​ជាមួយ​បេក្ខជន​ហូឡង់ និង​ប្រកាស​ប្រាប់​អ្នក​ដែល​បោះឆ្នោត​ឲ្យ​ខ្លួន ជិត ៤​លាននាក់ ហ្នឹង ទៅ​បោះឆ្នោត​គាំទ្រ​លោក​ហូឡង់ នៅជុំទីពីរ។

មួយវិញទៀត លោក​François Bayrou ដែល​ជា​ប្រធាន​គណបក្ស​កណ្តាលនិយម​ ក៏​ទើបបាន​ប្រកាស​កាលពីថ្ងៃ​ព្រហស្បតិ៍ថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោក​ហូឡង់​ដែរ។ ការប្រកាស​របស់​លោក​Bayrou បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ព្រោះ​តាម​ប្រពៃណី​នយោបាយ​បារាំង គណបក្ស​កណ្តាល​និយម​តែងតែ​បោះឆ្នោត​ឲ្យ​គណបក្ស​ស្តាំនិយម ដែល​ជា​គណបក្ស​របស់​លោក​Nicolas Sarkozy។ ប៉ុន្តែ លោក​Bayrou បាន​និយាយ​ការពារ​ខ្លួន​ថា លោក​មិន​អាច​បោះឆ្នោត​ឲ្យ​លោក​Nicolas Sarkozy ដែលកំពុង​ដើរ​នយោបាយ ងាក​រេ ទៅ​យកចិត្ត​ម្ចាស់​សំឡេង​ឆ្នោត មក​ពី​គណបក្ស​ស្តាំ​និយម​ជ្រុល​Front National របស់​Marine Le​pen ដែល​ជា​គណបក្ស​សត្រូវ​របស់​គណបក្ស​ស្តាំនិយម​របស់​លោក។

ចំណែក​លោក​Nicolas Sarkozy រហូតមកដល់ពេលនេះ គ្មាន​គណបក្ស​ណាមួយ​ចេញមុខ​គំាទ្រ​លោកទេ។ លោក​ស្រី Marine Le Pen ប្រធាន​គណបក្ស​ស្តាំនិយមជ្រុល បាន​ប្រកាស​រួចហើយថា លោកស្រី នឹង​បោះឆ្នោត​ស មានន័យថា មិនបោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ទាំងអស់។ យ៉ាងណា​ក៏ដោយ មេដឹកនាំបក្ស​ស្តាំ​និយមជ្រុល នៅតែ​ផ្តល់​សិទ្ធិ​ដល់​អ្នកគំាទ្រ​ខ្លួន​ឲ្យ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង។ ជោគវាសនា​របស់​លោក​ Nicolas Sarkoy​នៅចាំ​សង្ឃឹម​តែ​ទៅលើ​អ្នកបោះឆ្នោត​រារែក គឺ​អ្នក​ដែល​មិន​បាន​ទៅបោះឆ្នោត នៅជុំទីមួយ​ប្រមាណ ២០ភាគរយ។

លទ្ធផល​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង នៅ​ម៉ោង​៨យប់ (ម៉ោង​ក្នុង​ប្រទេស​បារាំង)។ ការប្រកួតប្រជែង​គ្នា​រវាង​គណបក្ស​នយោបាយ​បារាំង​មិន​ទាន់​ចប់​ត្រឹមណេះ​ទេ។ ប្រជាជន​បារាំង​ត្រូវ​ទៅចូលរួម​បោះឆ្នោត​សភា នៅខែ​មិថុនា ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ