អានតួអត្ថបទ
បារាំង - ប៉ូឡូញ

ប្រធានាធិបតីបារាំង ប្រាប់ពីបំណងកាត់បន្ថយភាពតានតឹងជាមួយប៉ូឡូញ

ថ្ងៃអង្គារ​ ទី​៤កុម្ភៈ ជាថ្ងៃទី២និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង ក្នុងប្រទេសប៉ូឡូញ។ នៅក្នុងថ្ងៃទស្សនកិច្ចទី១ នាថ្ងៃចន្ទ ទី​៣កុម្ភៈ លោក ម៉ាក្រុង បានជួបសន្ទនាជាមួយប្រធានាធិបតី និង នាយករដ្ឋមន្រ្តីប៉ូឡូញ ក្នុងទីក្រុងវ៉ាសូវី ហើយបន្ទាប់មក ប្រមុខរដ្ឋបារាំងបានជួបសំណេះសំណាលជាមួយសហគមន៍បារាំង នៅប៉ូឡូញ​។ នាឱកាសនោះ ប្រធានាធិបតីបារាំង បានពន្យល់ប្រាប់សហគមន៍បារាំងពីបំណងរបស់លោកក្នុងការកាត់បន្ថយភាពតានតឹងជាមួយប៉ូឡូញ។ 

លោកប្រមុខរដ្ឋបារាំង Emmanuel Macron ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ។
លោកប្រមុខរដ្ឋបារាំង Emmanuel Macron ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ។ Reuters
ផ្សាយពាណិជ្ជកម្ម

«ពេលកន្លងទៅ យើងមានការយល់ឃើញមិនដូចគ្នា រហូតឈានដល់ឈ្លោះគ្នាខ្លះផង។ ក៏ប៉ុន្តែ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ប្រទេសយើងទាំងពីរ ក៏ដូចជាប្រទេសនៅក្នុងសហគមអឺរ៉ុបដែរ គឺយើងត្រូវបើកទំព័រប្រវត្តិសាស្ត្រថ្មី។

យើងរាល់គ្នាសុទ្ធតែបានដឹង បានឃើញ គ្រប់គ្នាស្រាប់ហើយ ថាទំនាក់ទំនងប៉ុន្មានឆ្នាំចុងក្រោយនេះ ជួបភាពប្រទាំងប្រទើស ពេលខ្លះ វាហាក់ដើរថយក្រោយ, មានការប្រឈមមុខតឹងសរសៃកដាក់គ្នា បែរខ្នងដាក់គ្នា និងជះកំហឹងដាក់គ្នា។

ចំពោះសភាពការនេះ ប៉ូឡូញបានងាកទៅរកស៊ីនិងស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ជាជាងចាប់ដៃរកស៊ីជាមួយប្រទេសដៃគូក្នុងសហភាពអឺរ៉ុបដូចគ្នា។ ចំពោះផ្នែកបរិស្ថានអាកាសធាតុវិញ ប៉ូឡូញក៏ហាក់ងាកចេញពីគោលគំនិតរបស់សហភាពអឺរ៉ុបទៀតផង។ ខ្ញុំក៏បានលើករឿងនេះបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយលោកប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប៉ូឡូញ រួចហើយដែរ។

ដូច្នេះយើងឃើញច្បាស់ថា តម្លៃនៃគោលការណ៍របស់សហភាពអឺរ៉ុប ពេលខ្លះក៏លំបាកនឹងជំរុញដែរ តែយើងមានក្រុមប្រឹក្សាអឺរ៉ុប តុលាការសហភាពអឺរ៉ុប ជាអ្នកសម្រេច តម្រង់ផ្លូវ។

ប្រទេសបារាំងរបស់យើង ក៏មិនចង់ឃើញសមាជិកណាមួយ ត្រូវកាត់ទោសនោះទេ​ហើយយើងក៏មិនមែនជាអ្នកត្រូវផ្តល់មេរៀនឱ្យប្រទេសណាមួយដែរ តែបារាំងយើងការពារតម្លៃរបស់សហភាពអឺរ៉ុប ដែលកំពុងតែប្រឈម។»

សូម​បញ្ជាក់ថា តាំងពី​ការ​ឡើង​កាន់​អំណាច​របស់​បក្ស​អភិរក្សនិយម​នៅ​ប៉ូឡូញ​នៅ​២០១៥​មក ថ្នាក់​ដឹកនាំ​ក្រុង​ប៉ារីស​ ហាក់​មិន​សូវ​ត្រូវ​រ៉ូវ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុង​វ៉ាសូវី សោះ​។ មួយ​ឆ្នាំក្រោយ​មក គឺ​នៅឆ្នាំ​២០១៦​ ប៉ូឡូញ​បា​នផ្តាច់​កុងត្រា​ជាមួយ​ក្រុម​ហ៊ុន​ផលិត​យន្ត​ Airbus របស់​បារាំង ហើយ​​បញ្ឈប់​ ការ​បញ្ជាទិញនិង​​បញ្ចូនឧទ្ធម្ភាគចក្រ​ ដែល​មាន​តម្លៃ​ទឹក​ប្រាក់ ប្រមាណ​​៣ពាន់​លាន​អឺរ៉ូ។ នេះគឺហាក់រដូច​ជាការ​រញ្ជួយ​ដី​មួយ ចំពោះ​ទិដ្ឋភាព​ការទូត​រវាង​បារាំង​និង​ប៉ូឡូញដែរ​។ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ថ្ងៃ​របស់​ប្រមុខរដ្ឋ​បារាំង​នៅ​ប៉ូឡូញ គឺ​លោក ​ម៉ាក្រុង សង្ឃឹម​ថា​នឹងអាច​ជួយ​សម្រួល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​​​ឱ្យ​ប្រសើរ​ឡើងវិញ។ ការ​ពង្រឹង​ទំនាក់ទំនងទូត​និង​ពាណិជ្ជកម្ម​​ជាមួយ​ប៉ូឡូញ ក៏​ជា​ការ​សន្យា​មួយ​របស់​លោក ​ម៉ាក្រុង ​ផង​ដែរ នៅពេល​ដែល​លោក​ឈ្នះ​ជាប្រធានាធិបតីបារាំង ឆ្នាំ២០១៧៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ