អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប៧៥ឆ្នាំ​នៃការ​រំដោះ​ជំរំ​លត់​ដំ​ណាហ្ស៊ី Auschwitz

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី ២៣​មករា ២០២០​ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល ជាង​៤០​ប្រទេស ត្រូវ​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ ហ្សេរុយសាឡិម ដើម្បី​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ការ​រំដោះ​​ជំរំ​លត់​ដំ​ Auschwitz ​នៅ​ប្រទេស​ប៉ូឡូញរបស់​ពួក​ណាហ្ស៊ី​។ ​ ពិធីរំលឹក​​​ប្រវត្តិសាស្ត្រ​ ជា​ឱកាស​បង្ហាញនូវការ​រួប​រួម​និង​ស្រុះស្រួល​គ្នា​។ ប៉ុន្តែ​ពិធី​ឧទ្ទិសវិញ្ញាណក្ខន្ធ​ ដែល​រៀប​ចំ​ធ្វើ​នៅ​ស្តូប​ Yad Vashem ប្រទេស​អ៊ីស្រាអែល បាន​ក្លាយ​ជា​វេទិកា​​ពង្រឹង​នយោបាយ​ជាតិ​ ​ប្រជែងកាច់​គ្នា​រវាង​រុស្ស៊ី​ ​ប៉ូឡូញ​ និងអ៊ីស្រាអែល​ ​ទៅ​វិញ។

ជំរំ Auschwitz របស់​ពួកណាហ្ស៊ី នៅ​ប៉ូឡូញ
ជំរំ Auschwitz របស់​ពួកណាហ្ស៊ី នៅ​ប៉ូឡូញ REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀរ ពូទីន ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ប្រមុខ​រដ្ឋ​អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ... កំពុង​ជួប​ជុំ​គ្នា​នៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ចូល​រួម​ក្នុង​កម្មវិធីដ៏​ធំ ដែល​ពុំ​ធ្លាប់មាន​​រៀប​ចំ​ឡើងទេ ពីមុន​មក។ នោះ​គឺ​ការ​ រំលឹក​ខួប​៧៥​ឆ្នាំ​នៃ​ការ​រំដោះជំរំAuschwitz ​ជំរំ​លត់​ដំដ៏​ធំ​មួយរបស់​ពួក​ណាហ្ស៊ី​។

​តាម​រយៈ​ការ​​ប្រារព្ធ​ខួប​នៃ​ការ​រំដោះ​ជំរំ​ Auschwitz អ៊ីស្រាអែលចង់​ឧទ្ទិស​​​សប្តាហ៍នេះ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ និង​ចង់ឱ្យ​ពិភពលោក​ពិចារណា​រក​វិធី ផ្ទេរ​ការ​ចង​ចាំ​ដល់​ក្មេង​ជំនាន់​ក្រោយៗ ថា​មាន​​ទង្វើ​ប្រល័យ​ពូជសាសន៍​​លើ​ជនជាតិ​ជ្វីហ្វ ពី​សំណាក់​ពួក​ណាហ្ស៊ី។ រក្សាប្រវត្តិសាស្ត្រ​និង​ផ្ទេរ​ការ​ចងចាំ ​ ​ទៅ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ ជា​កង្វល់​របស់​ពិភពលោក​ទាំង​មូល ព្រោះ​សន្ទុះ​នៃ​ការ​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ​ នៅ​តែ​​ផុសផុល​ជានិច្ច និង​កំពុង​កើន​ឡើង​ មិន​ថា​នៅ​អាល្លឺម៉ង់​ឬ​នៅ​បារាំង​ទេ។ ម្យ៉ាង​វិញ​ទៀត សោកនាដកម្ម​​កន្លងទៅទើប​​តែ​៧៥ឆ្នាំទេ តែបើ​តាមការ​ស្រាវជ្រាវ​របស់ការិយាល័យ Schoen Consulting ​បច្ចុប្បន្ននេះ​មានពលរដ្ឋអាមេរិក​ពេញ​វ័យដល់​ទៅ​​៤១​%​ មិន​ដឹង​ថា​ ជំរំ​លត់ដំ​របស់​ពួក​ណាហ្ស៊ី​ Auschwitz នៅ​ទីណាទេ និង​១១% (ឬ​១ភាគ​៥​នៃ​ពលរដ្ឋ​អាមេរិក​អាយុ​ពី​១៨ទៅ​៣៤​ឆ្នាំ) មិន​ដែល​បានដឹង មិន​ដែល​បាន​ឮ​ គេ​និយាយសោះ​អំពី​ជំរំAuschwitz។

ចុះ​នៅពេល​ផុតពី​​​មនុស្ស​ចាស់​ជំនាន់​មុន​ ដែល​បាន​ឆ្លង​កាត់​ហេតុការណ៍​ផ្ទាល់​ទៅ តើ​ប្រវត្តិសាស្ត្រ​នៃ​ការ​ចង់សម្លាប់​ផ្តាច់​ពូជ​ជ្វីហ្វ​ពី​សំណាក់​ពួកណាហ្ស៊ី​នឹង​ទៅ​ជា​យ៉ាងណា ? មាន​តែ​​រក្សា​ប្រវត្តិសាស្ត្រ​ ទទួលស្គាល់​ឱ្យ​មានការ​សិក្សា​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​អ៊ីស្រាអែល​ដោយ​ពួកអាល្លឺម៉ង់​ណាហ្ស៊ី​ ទើប​អាច​ធានា​បាន​ថា​ក្មេង​ជំនាន់​ក្រោយនឹង​​​យល់អំពី​ថា​តើ​អ្វី​​ទៅជា​ការស្អប់​ខ្ពើម​ដល់​ឫសគល់​ និង​ការ​ប៉ុនប៉ង​របស់​ពួក​ណាហ្ស៊ី​ចង់​កម្ចាត់​ពូជជ្វីហ្វ​ឱ្យ​អស់លែង​កកើត​វិញ​បាននៅ​​អឺរ៉ុបនោះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​ក្រុមប្រឹក្សាជន​ជាតិ​ជ្វីហ្វ​ពិភពលោក។

ជំរំ​ប្រល័យពូជ​សាសន៍​ជ្វីហ្វ

ជំរំ​ Auschwitz មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ពួក​អាល្លឺម៉ង់​ណាហ្ស៊ីបាន​ចូល​ឈ្លានពាន​និង​គ្រប់គ្រង​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។ Auschwitz ជា​ជំរំ​លត់ដំ ឃុំឃាំង និង​មណ្ឌល​ប្រល័យ​ជីវិត​មនុស្ស​ទាំង​ហ្វូងៗ របស់​ពួក​អាល្លឺម៉ង់ណាហ្ស៊ី ដែល​បាន​បើក​ទ្វារ​នៅ​​ឆ្នាំ​១៩៤០ និង​រំដោះ​បាន​នៅ​ថ្ងៃ​ទី ២៧​មករា ១៩៤៥ ដោយ​កងទ័ព​រុស្ស៊ី។

ក្នុង​រយៈ​ពេល​៥​ឆ្នាំ មាន​ជីវិតមនុស្ស ក្មេង​ ចាស់ ប្រុស​ ស្រី ជាង​មួយ​លាន​នាក់ ១សែន​នាក់ដែល​គេ​ដឹកមក​ទាំង​ហ្វូងៗ​តាម​រថ​ភ្លើង​មក​ដាក់​ក្នុង​ជំរំ​នេះ ត្រូវ​បាន​សម្លាប់ ដោយ​ហ្កាស ដោយ​បាញ់​នឹង​កាំភ្លើង និង​ខ្លះ​​ដោយ​ជំងឺ ដោយ​អត់​អាហារ ឬ​ទារុណកម្ម ក្រោម​មូលហេតុ​តែ​មួយ​ គឺ​ពួកគេ​ជាជនជាតិ​ជ្វីហ្វ (អ៊ីស្រាអែល)។ យោល​លើ​ទំហំ​នៃ​ជំរំ​ និង​ចំនួន​ជនរងគ្រោះ Auschwitz បាន​ក្លាយ​ជា​និម្មិត្តរូប​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ ពី​សំណាក់​ពួក​អាល្លឺម៉ង់​ណាហ្ស៊ី ដែល​ក្នុង​អំឡុង​ពេល​កាន់​អំណាច បាន​សម្លាប់​ជីវិត​ជនជាតិ​ជ្វីហ្វ​អស់​ជាង​៦​លាន​នាក់។ ដើម្បី​​ប្រវត្តិសាស្ត្រ​និង​ការ​ចងចាំ ជំរំ​Auschwitz ត្រូវ​បាន​យូណេស្កូ ​ចាត់​បញ្ចូល​ជា​បេតិកភណ្ឌ​មនុស្សជាតិ​នៅ​ឆ្នាំ​១៩៧៩។

ប៉ុន្តែ​៧៥​ឆ្នាំ​ក្រោយ​ ការ​រំលឹក​ប្រវត្តិសាស្ត្រ​ ត្រូវ​បាន​ជ្រៀតជ្រែក​ដោយ​នយោបាយ។ ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បានបដិសេធ​មិន​មក​ចូល​រួម​ក្នុង​កម្មវិធី​ ដែល​រៀបចំ​ឡើង​ដោយ​អ៊ីស្រាអែល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៣​មករា ២០២០ នៅ​បូជនីយស្ថាន Yad Vashem ទេ។ មូលហេតុ​មកពី​អ៊ីស្រាអែល​ជា​ម្ចាស់​ផ្ទះ ​ជ្រើសរើស​យក​ប្រធានាធិបតី​រុស្ស៊ី​​ឱ្យ​ដើរ​ជា​តួអង្គ​សំខាន់រំលឹក​ពី​តួនាទី​របស់​សហភាព​សូវៀត​ក្នុង​សង្គ្រាម តែ​​មិន​ផ្តល់​ឱកាសឱ្យ​​ប៉ូឡូញ ដែល​ជា​ប្រទេស​រងគ្រោះ​ផ្ទាល់​​ បាន​ចេញ​ស្តី​ទេ។ ប៉ូឡូញ​ខ្លាច​ក្រែង​ថា​លោក​ពូទីនដែល​​​ទើប​បាន​ធ្វើការ​ចោទ​ប្រកាន់​កាលពី​ថ្មីៗ​ថា ប៉ូឡូញ​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ ថ្លែង​ពាក្យ​ចោទ​ប្រកាន់​បែប​នេះ​ជា​ថ្មីទៀត ដោយ​ប៉ូឡូញ​មិន​អាច​តប​ត​អ្វី​បាន​ ទើបសុខចិត្ត​មិន​​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​​តែម្តង។

តាម​របៀបវារៈ សុន្ទរកថា​សំខាន់ៗ​ ត្រូវ​ ត្រៀម​ប្រគល់​ទៅ​ជូន​​ប្រមុខ​ដឹកនាំ​ បារាំង រុស្ស៊ី អង់គ្លេស​ ​សហរដ្ឋ​​អាមេរិក និង​អ៊ីស្រាអែល។

នៅ​ថ្ងៃ​ទី ២៧​​មករា ២០២០ ប៉ូឡូញ​នឹង​ប្រារព្វ​ពិធី​រំលឹក​ខួបនៃការ​រំដោះ​ជំរំ​ពី​ដៃ​ពួកណាហ្ស៊ី តាម​ទម្លាប់ នៅ​​ក្នុង​ជំរំ​Auschwitz តែ​ម្តង ​ ប៉ុន្តែ​ប៉ូឡូញ មិន​អញ្ជើញ​លោក​វ្លាដេមៀរ ពូទីន​ទេ។ ឯ​ខាង​បារាំង​ នឹង​តំណាង​ដោយ​នាយករដ្ឋមន្ត្រី សហរដ្ឋ​អាមេរិក​ដោយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ អាល្លឺម៉ង់និងអ៊ីស្រាអែល​​ដោយ​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ