អានតួអត្ថបទ
ប៉ូឡូញ

ប្រធាន​រដ្ឋសភា​ប៉ូឡូញ លាពី​តំណែង ក្រោយ​រឿង​អាស្រូវ ជិះយន្តហោះ​​រដ្ឋសម្រាប់​កិច្ចការ​ផ្ទាល់​ខ្លួន

ថ្ងៃទី​ព្រហស្បតិ៍ ទី​៨សីហា ប្រធាន​រដ្ឋសភា​ប៉ូឡូញ លោក Marek Kuchcinski (ម៉ារេក គួចជីនស្គី​) បាន​សុំ​លាលែង​ពីតំណែង ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ យក​យន្ត​ហោះ​របស់​រដ្ឋ ដើម្បីជិះ​ដំណើរ​កម្សាន្ត សម្រាប់​ក្រុម​គ្រួសារ​​និង​មិត្តភក្តិ​បក្សពួករបស់​ខ្លួន​។ រឿង​អាស្រូវ​នេះ ធ្លាយ​ចេញតាម​រយៈ​កាសែត​នៅក្នុងស្រុក និង​តាម​ការ​ចោទប្រកាន់​របស់​គណបក្ស​ប្រឆាំង។ បើ​តាម​គម្រោង នៅ​ថ្ងៃ​សុក្រ​ទី​៩សីហា​ អ្នក​តំណាង​រាស្ត្រ​នឹងជជែក​ពិភាក្សា​ដេញដោលគ្នាចំពោះ​សំណុំ​រឿង​នេះ ក៏ប៉ុន្តែ ដោយសារតែ​ប្រធាន​សភាបាន​​សុំ​ចុះចេញពីតំណែងទៅហើយ សវនាការ​ជជែក​ពិភាក្សា ក៏ត្រូវ​លុបចោលដែរ។

Marek Tadeusz Kuchciński ថ្លែងសុំ​ទោស​ប្រជាជាតិ ប្រសិន​បើ​ទង្វើ​របស់​ខ្លួន ប៉ះពាល់​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​។​
Marek Tadeusz Kuchciński ថ្លែងសុំ​ទោស​ប្រជាជាតិ ប្រសិន​បើ​ទង្វើ​របស់​ខ្លួន ប៉ះពាល់​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​។​ @Reuters
ផ្សាយពាណិជ្ជកម្ម

​ប្រធានរដ្ឋសភាប៉ូឡូញ ម៉ារេក គួចជីនស្គី បានប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ និងយន្តហោះ​យោធា ជា​ច្រើន​គ្រឿង ដែល​ជា​សម្ភារៈ​របស់​រដ្ឋ ដើម្បី​​ជិះ​សម្រាប់ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ជិះ​មិន​តិច​ជាង១០០ដង​នោះទេ នៅក្នុង​អំលុង​ចន្លោះ​ពេល​ ពី​ខែ​មីនា២០១៨ រហូត​ដល់​ ខែ​ឧសភា ២០១៩។ នេះ​បើ​យោង​តាមឯ​កសារ​ដែល​លាត​ត្រដាង​ឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង​និងបាន​ត្រូវ​​ចុះ​ផ្សាយ​ព្រោង​ព្រាត​​ក្នុង​ទំព័រ​​កាសែត។​

​​ឯកសារភស្តុតាង​​បង្ហាញ​ថា លោក​​ប្រធានរដ្ឋសភាប៉ូឡូញ បាន​រួម​ដំណើរជាច្រើន​លើក ស្ទើររាប់​ភ្លេច ​ជិះ​​ជាមួយ​ក្រុម​គ្រួសារ ប្រពន្ធកូន និងមិត្តភក្តិ ​រួម​ទាំង​សមាជិក​អ្នក​នយោបាយ​នៅ​បក្ស​ជាមួយ​គ្នា ដោយ​​ប្រើប្រាស់​ជើង​​យន្តហោះសាធារណ​របស់​​រដ្ឋ សម្រាប់​ជិះ​ទៅ​លេង​ស្រុក​កំណើត គឺជិះ​ចេញ​ពីរដ្ឋធានី​ វ៉ាសូវី ទៅកាន់ក្រុងរ្សែសស្សូវ​ ​Rzeszow ​ភាគ​អគ្នេយ៍​នៃប្រទេស ដែល​​ស្រុក​កំណើត​របស់​ខ្លួន។

ចំណែក​ ភរិយា​របស់លោកវិញ នៅពេល​ខ្លះ​ បាន​ជិះ​យន្ត​តែម្នាក់​ឯង ដោយ​គ្មាន​ស្វាមីជិះ​ជា​មួយ​ទេ​។ បន្ថែមពីនេះ លោក​​​ប្រធានរដ្ឋសភា បាន​ប្រើប្រាស់​គម្រោង​ថវិការ​សម្រាប់​អភិវឌ្ឍ​វិស័យ​យោធា ទៅ​ចាយ​វាយ​ចំណាយ​លើ​ថ្លៃ​ជិះ​យន្ត​ហោះ​របស់ប្រពន្ធគាត់ទៀត​ផង​។​

នេះបើ​តាម​ការ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​មុខ​តំណែង​ជា​ប្រធានរដ្ឋសភាប៉ូឡូញ គឺ​ជា​មនុស្ស​សំខាន់​ទី​២ សម្រាប់​ប្រទេស។ លោក ម៉ារេក គួចជីនស្គី ប្រកាស​ចុះ​ចេញ​ពី​មុខ​តំណែង​នេះ ក្រោយ​ពី​ជជែក​ពិភាក្សា​យ៉ាងយូរ ជាមួយ​ថ្នាក់​ដឹកនាំ​គណ​បក្សអភិរក្សជាតិនិយម​របស់ខ្លួន។ ទោះបី​ជា​ប្រកាស​សុំ​ឈប់​ពីតំណែងក្តី តែ​លោកនៅតែ​​អះអាងថា សកម្មភាព​​ដែល​ខ្លួន​ជិះ​យន្ត​ហោះ​រដ្ឋ​កន្លង​មក​នោះ គឺ​មិនបំពាន​រំលោភ​ច្បាប់អ្វី​​ឡើយ។ តែ​លោកក៏​បាន​ថ្លែង​សុំ​ទោសប្រជាជាតិ​ ប្រសិន​បើ​ទង្វើ​របស់ខ្លួន​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ។​

ចំពោះគណបក្ស​ប្រឆាំង​ប៉ូឡូញ គឺនៅ​មិន​អស់​ចិត្ត​ទេ។ ពួក​គេ​បាន​ថែមទាំង​ចោទ​ថា ​នៅ​មាន​សមាជិក​របស់​បក្ស​កាន់អំណាច​ជាច្រើន​នាក់ទៀត ដែល​ក៏បាន​ប្រើប្រាស់​​ជើង​ហោះហើរ​ដោយចាយ​លុយ​រដ្ឋ​ ខុស​ច្បាប់​​​ ហើយ​បំពាន​អំណាច​រដ្ឋ។ ក្នុង​សំណុំ​រឿង​ដូចគ្នា​នេះ​ ពួកបក្ស​ប្រឆាំង​​ក៏​បាន​ចោទ​ប្រកាន់​ដែរ ចំពោះ​អតីត​ប្រធានាធិបតី​ប៉ូឡូញ លោក ដូណាល់ ថាស់ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប ជិត​ផុត​អាណត្តិ ថា​បាន​ប្រើ​យន្ត​ហោះ​របស់​រដ្ឋ សម្រាប់​ជិះ​ដំណើរ​ ដើម្បី​កិច្ច​ការ​ផ្ទាល់​ខ្លួន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ