អានតួអត្ថបទ
ស៊ីរី

ផុត​ឱសានវាទ តើ​សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​អ្វី​ទៀត ?!

​ក្រុង​ដាម៉ាស អាច​នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​វិធានការ​មួយ​ចំនួន ពី​សំណាក់​​សម្ព័ន្ធ​អារ៉ាប​ ព្រោះ​ស៊ីរីមិន​បាន​គោរព​តាម​ផែនការ​ដោះស្រាយ​វិបត្តិ ដែល​តម្រូវ​ឲ្យ​របប​ដឹកនាំ​លោក បាស្ហា អាល់ អាសាទ បញ្ឈប់​ការ​បង្ក្រាប​ហិង្សា និង​ដក​កម្លាំង​យោធា​ចេញ​ពី​ទី​សាធារណៈ។ ឱសានវាទ​ ដែល​កំណត់​ដោយ​សម្ព័ន្ធ​អារ៉ាប បាន​ចូល​ដល់​ទីបញ្ចប់​តាំង​ពី​អាធ្រាត្រ​យប់​មិញ​ម្ល៉េះ។ ​​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស មេ​ដឹកនាំ​ផ្តាច់​ការ​ស៊ីរីមិន​អើ​ពើ​ឡើយ។ តាម​រយៈ​បទ​សម្ភាសន៍​ ជា​មួយនឹង​សារព័ត៌មាន​អង់គ្លេស Sunday Times លោក ​ Bachar el-Assad បាន​ផ្គើន​តប​វិញ​ នៅ​យប់មិញ​ថា ស៊ីរី មិន​ចុះ​ញ៉ម នឹង​ប្រតិបត្តិការ​យោធា​អន្តរជាតិ​ជាយថាហេតុ​មួយ​ណា​ឡើយ។

លោក Bachar al-Assad និង​ឧត្តមសេនីយ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ស៊ីរី
លោក Bachar al-Assad និង​ឧត្តមសេនីយ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ស៊ីរី REUTERS/Sana/Files
ផ្សាយពាណិជ្ជកម្ម

 

សម្ព័ន្ធ​អារ៉ាប​បាន​ព្យួរ​សមាជិកភាព​ស៊ីរី ពី​អង្គការ​ កាលពី​ថ្ងៃ​ទី ១២​វិច្ឆិកា​ រួច​ទៅ​ហើយ ! សេចក្តី​សម្រេច​នោះ គឺ​​​ថា​ជា​ស្នូរ​ជួង​​ដាស់​សតិ​មេ​ដឹកនាំផ្តាច់​ការ​ស៊ីរី ថា​នឹង​អាច​មាន​​ទណ្ឌកម្ម​ការទូត ឬ​សេដ្ឋកិច្ច បន្ត​បន្ទាប់​គ្នា។ ពេល​នេះ​ សម្ព័ន្ធ​អារ៉ាប​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់លាស់​នៅ​ឡើយ​ទេ។

សម្ព័ន្ធ​អារ៉ាប​ល្បី​ឈ្មោះ​ថា​ជា​អង្គការ​មួយ​ដែល​មាន​សមាជិក​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​កាតារ សម្ព័ន្ធ​អារ៉ាប​បានសម្រេចរួម​គ្នា​​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ប្រទេស​ស៊ីរី។

សម្ព័ន្ធ​អារ៉ាប​ទំនង​ជា​នឹង​ត្រូវ​ ប្រកាស​អំពី​វិធានការ​ដាក់​ទណ្ឌកម្មថ្មីៗ លើ​ស៊ីរី​ នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ​ ក្រោម​ការ​ទន្ទឹង​រង់​ចាំ​បំផុត​ពី​សំណាក់​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ សហគមន៍​អន្តរជាតិ​ដែល​ត្រូវ​ការ​ជំនួយ​ពី​សម្ព័ន្ធ​អារ៉ាប ដើម្បី​អាច​បញ្ជូន​សំណុំ​រឿង​ស៊ីរី ទៅ​កាន់​​​អង្គការ​សហប្រជាជាតិ​ ជា​ថ្មីម្តង​ទៀត។

លើក​មុន​ សេចក្តី​សម្រេច​ចិត្ត​ថ្កោល​ទោស​របប​លោក​អែល-អាល់​អាសាទ បាន​ទទួល​បរាជ័យ​ នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ព្រោះ​ចិន និង​រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​ប្រឆាំង។ ប៉ុន្តែ​ម្តង​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​អារ៉ាប​យ៉ាងសន្ធឹកសន្ធាប់ សេចក្តី​សម្រេចចិត្តមួយ​ ទំនង​ជា​អាច​មាន​ជីវិត​រស់​ឡើង​វិញ។ មហាសន្និបាត​អង្គការ​សហប្រជាជាតិនឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​សប្តាហ៍​ក្រោយ។ ការពារ​ជីវិត​ជន​ស៊ីវិល ជា​ភារៈចាំ​បាច់​ ដែល​ត្រូវ​ធ្វើ ៖ ក្នុង​រយៈពេល​តែ៨ខែ​ មាន​ជនស៊ីវិល ជាង​៣៥០០​នាក់​បាន​បាត់​បង់​ជីវិត ក្នុង​ការ​បង្ក្រាបរបស់​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ