អានតួអត្ថបទ
រុស្ស៊ី

គោល​ជំហរ​ទីក្រុង​ម៉ូស្គូ ចំពោះ​ស្ថានការណ៍​នៅ​ប្រទេសស៊ីរី

ថ្លែង​ក្នុងសន្នីសិទ​កាសែត​ ក្រោយ​ពី​ទទួល​ជួប​សមភាគី​ឥណ្ឌា លោករដ្ឋមន្ត្រី ការបរទេស​រុស្ស៊ី Serguei Lavrov ដោយមាន​ប្រសាសន៍ ប៉ះ​លើ​ប្រទេសស៊ីរី បញ្ចេញ​យោបល់ ថា ស្ថានការណ៍​នៅ​ទីនោះ ចាប់ផ្តើម​រំលឹក​ឲ្យ​ឃើញ​ជា​បណ្តើរៗ ពី​សង្គ្រាមស៊ីវិល នេះ​គឺ​ក្រោយពី​ពួក​យោធាដែល​រត់​ចោល​ជួរ​កងទ័ព​រដ្ឋាភិបាល បាន​វាយប្រហារ​ទៅលើ មូលដ្ឋាន​មួយ​ដ៏​សំខាន់ នៅជិត​រដ្ឋធានី ដាម៉ាស។

Serguei Lavrov  រដ្ឋមន្រ្តីការបទេស​រុស្ស៊ី
Serguei Lavrov រដ្ឋមន្រ្តីការបទេស​រុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​រុស្ស៊ី ក៏​បាន​លើក​ឡើង​ថា តាម​យោបល់​ទីក្រុងម៉ូស្គូ សំខាន់​ត្រូវតែ ចាត់ចែង​ឲ្យ​មាន​កិច្ចចរចា យ៉ាង​ឆាប់​បំផុត ហើយ​ប្រសើរ​បំផុត ត្រូវ​ទទួល រ៉ាបរង​ភារកិច្ច​នេះ គឺ”សម្ព័ន្ធ​រដ្ឋ​អារ៉ាប” ដែលមុន​ដំបូង​ត្រូវ​អំពាវនាវ ភាគី​បដិបក្ខ នៅស៊ីរី​ឲ្យ​បញ្ឈប់ អំពើ​ហិង្សា។ ហើយ​កិច្ចចរចា​សោត ត្រូវ​ប្រព្រឹត្ត​ទៅ ដោយ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។ រីឯ​ទីកន្លែង ដ៏​គាប់ប្រសើរ​បំផុត សម្រាប់​ធ្វើ​កិច្ចចរចា​បែបនេះ តាម​មតិ​ម៉ូស្គូ គឺ ទីស្នាក់ការ​របស់ ”សម្ព័ន្ធ​រដ្ឋអារ៉ាប” នៅទីក្រុង គែរ។

ចំណុចមួយ​ទៀត ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov បាន​ចង្អុល​ឲ្យឃើញ ក្នុងសន្នីសិទ​កាសែត​នោះ គឺថា ទីក្រុងម៉ូស្គូ ចេញមុខ​ឲ្យមា​ពួក​អ្នកសង្កេតការណ៍របស់ “សម្ព័ន្ធរដ្ឋអារ៉ាប”ស្ថិតនៅ​ប្រចាំការ ក្នុងប្រទេស​ស៊ីរី។ តាម​ប្រសាសន៍​គាត់ កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ថ្នាក់​ដឹកនាំស៊ីរី​ខ្លួនឯង បានថ្លែង​អំពី​ភាពត្រៀម​ខ្លួន​ទទួល​ពួកអ្នកសង្កេតការណ៍​ទាំងនោះ ហើយ ធានា​ឲ្យ​គេ​វត្តមាន នៅតាម​កន្លែងណា​ក៏ដោយ នៅតាម​ទីប្រជុំជន​ណាក៏ដោយ នៃ​ប្រទេស​ស៊ីរី ដើម្បី​ឲ្យគេ​បានឃើញ​នឹង​ភ្នែក​គេផ្ទាល់ អំពី​រាល់អ្វីៗ​ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅទីនោះ។

តាមយោបល់​លោក Serguei Lavrov “សម្ព័ន្ធ​រដ្ឋអារ៉ាប” ត្រូវតែ​បន្ត​ការខំស្វះស្វែង​តាមផ្លូវ ការទូត ឆ្ពោះ​ទៅដោះស្រាយ​លុះទាល់តែបាន​រួច នូវ​ទំនាស់​ផ្ទៃក្នុង​ស៊ីរី។

គួរ​និយាយ​ថា ពីរ​ថ្ងៃមុន លោក​ប្រមុខ​ការទូត​រុស្ស៊ី បាន​ទទួល​ជួប នៅម៉ូស្គូ ជាមួយ​ប្រធាន “ក្រុមប្រឹក្សា​ជាតិ​ស៊ីរី” ជា​មេដឹកនាំ​ភាគី​ប្រឆាំង នៅស៊ីរី គឺ​លោក Buhran Galioun។ ក្នុង​ជំនួប​នោះ លោក Lavrov បាន​អំពាវនាវ ភាគី​ប្រឆាំង នៅស៊ីរី ឲ្យ​ធ្វើ​កិច្ចចរចា ជាមួយ​រដ្ឋាភិបាល​លោក ប្រធានាធិបតី Assad។ តាមយោបល់​ម៉ូស្គូ លុះណា​តែតាម​ផ្លូវ​ចរចា ទើប​ភាគី​ប្រឆាំង​អាច​ភ្ជាប់ខ្លួន ទៅនឹង “ផែនការ​ខាងស្តារ​ឲ្យមាន​សន្តិភាព​ឡើងវិញ” ក្នុង​ប្រទេស​ស៊ីរី។ ផែនការ​នេះ បំផុសមក ដោយ “សម្ព័ន្ធ​រដ្ឋអារ៉ាប” គឺ បដិសេធ​អំពើ​ហិង្សា ក្នុង​ឋានៈ​ជា​មធ្យោបាយ សម្រាប់​សមិទ្ធិ គោលដៅ​នយោបាយ។

ប៉ុន្តែ លោក Buhran Galioun បានថ្លែងថា ភាគីប្រឆាំង នៅស៊ីរី មិនត្រឹមតែ​មិនព្រម​ធ្វើឡើយ កិច្ច​ចរចា ជាមួយ​របប​ដែលប្រឡាក់​ទៅដោយ​ថ្លុកឈាម បាញ់សម្លាប់ ប្រជាបាតុករ តាមតួលេខ អ.ស.ប. គឺស្លាប់អស់ជាង៣.៥០០នាក់ទៅហើយ តែ​ក៏​បន្ត​ទាមទារ ពី​លោកប្រធានាធិបតី Assad ឲ្យ​លាចេញ​ពីមុខ​តំណែង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ