អានតួអត្ថបទ
កម្ពុជា-តុលាការខ្មែរក្រហម

ឌុច​​ត្រូវ​បាន​​បន្ត​​ឃុំខ្លួន​​នៅតុលាការ​​ខ្មែរក្រហម​​

លោកស្រី ​ជា លាង ​និង​លោក អាន់​ឌ្រូ ខេ​លី ( Andrew Cayley )​ សហ​ព្រះរាជអាជ្ញា​របស់​តុលាការ​ខ្មែរក្រហម​ បាន​សរសេរ​លិខិត​រួមគ្នា ​ដាក់​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ​ដើម្បី​បាន​ស្នើសុំ​បន្ត​ឃុំខ្លួន​ទណ្ឌិត ​លោក កាំង​ហ្កេក​អ៊ាវ​ ហៅ ឌុច​ នៅ​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ខ្មែរក្រហម​។ ​លោក កាំង​ ហ្កេក​អ៊ាវ ​អតីត​មេគុក​ទួលស្លែង ​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មួយជីវិត​នឹង​ត្រូវ​ឡើង​ធ្វើ​ជា​សាក្សី នៅ​ក្នុង​សំណុំរឿង​០០២ នា​ចុង​ខែ​មីនា​នេះ។​ម្យ៉ាងទៀត​ មកដល់​ពេល​នេះ ​គេនៅ​មិន​ទាន់​សម្រេច​ថា ​លោក កាំង​ ហ្កេក​អ៊ាវ ​ហៅ ឌុច​ត្រូវ​ផ្ទេរ​ទៅ​ជាប់​ពន្ធនាគារ​ថ្នាក់​ជាតិ​ណា​មួយ​នៅឡើយ​ទេ។

ឌុច​​ត្រូវ​បាន​​បន្ត​​ឃុំខ្លួន​​នៅតុលាការ​​ខ្មែរក្រហម​​
ឌុច​​ត្រូវ​បាន​​បន្ត​​ឃុំខ្លួន​​នៅតុលាការ​​ខ្មែរក្រហម​​ REUTERS/Nhet Sokheng
ផ្សាយពាណិជ្ជកម្ម

 

លិខិត​របស់​សហ​ព្រះរាជអាជ្ញា​តុលាការ​ខ្មែរក្រហម ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១២ បញ្ជូន​ទៅ​កាន់​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​របស់​ក្រសួង​មហាផ្ទៃ ​លើ​ករណី​របស់​ទណ្ឌិត ​លោក កាំង ​ហ្កេក​អ៊ាវ ហៅ ឌុច។​ សាលដីកា​ផ្តន្ទាទោស​ ឌុច​ ដាក់​ពន្ធនាគារ​មួយ​ជិវិត​ បាន​ចូល​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី៣ខែ​កុម្ភៈ ​ឆ្នាំ​២០១២។

សំណើសុំ​ការអនុវត្តន៍​​ទោស ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១២​ លោកស្រី ជា លាង​ និង​លោក អាន់​ឌ្រូ ខេ​លី ​សហ​ព្រះរាជអាជ្ញា​របស់​តុលាការ​ខ្មែរក្រហម ​បាន​បង្ហាញ​សេចក្តី​ព្រួយបារម្ភ​ថា ​ការផ្ទេរ​បញ្ជូន​ទណ្ឌិត​ឈ្មោះ កាំង ហ្កេក​អ៊ាវ ពី​មន្ទីរ​ឃុំឃាំង​នៅ ​អ​.​វ​.​ត​.​ក​. ទៅកាន់​ពន្ធនាគារ ​អាច​នឹង​ធ្វើឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​ចូលរួម​របស់​គាត់​ ក្នុងនាម​ជា​សាក្សី​នៅក្នុង​ដំណើរការ​នីតិ​វិធី នៅ​ចំពោះមុខ​តុលាការ​ខ្មែរក្រហម។ ​ដូច្នេះ​សហ​ព្រះរាជ​អាជ្ញា​ សូម​ស្នើ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​ទណ្ឌិត​ឈ្មោះ កាំង​ ហ្កេក​អ៊ាវ​ បន្ត​ជាប់ឃុំ ​នៅ​តុលាការ​ខ្មែរក្រហម។

តាម​សហ​ព្រះរាជអាជ្ញា ឌុច ​បន្ត​ជាប់ឃុំ​នៅ​តុលាការ​ខ្មែរក្រហម ​រហូត​ដល់​ធ្វើ​ជា​សាក្សី​ចប់​ និង​រហូត​ដល់មាន​ការយល់ព្រម​លើ​ការកំណត់​ពន្ធនាគារ ​ដើម្បី​ឃុំខ្លួន ឌុច។

លោក នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ​បាន​លើកឡើង​ថា លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច​ ប្រហែល​ជា​ឡើង​ផ្តល់​សក្ខីកម្ម ​ក្នុង​សំណុំរឿង​០០២ ​នៅ​ចុង​ខែ​មីនា​នេះ​។ ​ក៏​ប៉ុន្តែ​គេមិន​​ដឹងថា ​ឌុច នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ ​ដើម្បី​ផ្តល់​សក្ខីកម្ម ​ក្នុងនាម​ជា​សាក្សី ​នៅ​តុលាការ​ខ្មែរក្រហម​ទេ។

ក្នុងនាម​សាក្សី ​លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច ​នឹង​បង្ហាញ​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល​ ប្រព័ន្ធ​ទំនាក់​ទំនង​ការងារ​ក្នុង​របប​ខ្មែរក្រហម ​ព្រម​ទាំង​លើក​បង្ហាញ​ពី​តួនាទី​របស់​លោក នួន ជា ​លោក​អៀង​សារី ​និង​លោក​ខៀវ​សំផន។

តុលាការ​ខ្មែរក្រហម​ នឹង​ចាប់​ផ្តើម​សវនាការ​លើ​សំណុំរឿង​០០២ ឡើងវិញ​ នៅ​ថ្ងៃច័ន្ទ​ទី១២ ​ខែ​មីនា​ ឆ្នាំ​២០១២ ​បន្ទាប់​ពី​ឈប់សម្រាក ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។

តុលាការ​ខ្មែរក្រហម​នៅថ្ងៃនេះ​ ក៏​បាន​ផ្សព្វផ្សាយ​ពី​ការ​អនុម័ត​គម្រោង​ថវិកា​ នៅ​ឆ្នាំ​២០១២ ​ង​ឆ្នាំ​២០១៣ ​ដែល​ប្រទេស​ម្ចាស់​ជំនួយ​បាន​យល់ព្រម​ កាលពី​សប្តាហ៍​មុន​ នូវ​ទឹកប្រាក់​សរុប ៨៩,៦ លាន​ដុល្លារ​។ ​ក្នុងនោះ ៤៥,៧ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១២ និង ៤៣,៩ លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៣​។ ថវិកា​សម្រាប់​ភាគី​ជាតិ មាន​ចំនួន ២០ លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ