អានតួអត្ថបទ
ខ្មែរក្រហម

តើ​ការ​កាត់ទោស​អតីត​មេដឹកនាំ​​ខ្មែរក្រហម​ពិតជា​រឿង​ឥត​ប្រយោជន៍​មែន​ឬ?

អស់រយៈពេល​ជិត​ ៥ឆ្នាំហើយ ដែល​តុលាការ​ខ្មែរក្រហម​​បាន​ធ្វើការ​​កាត់ទោស​អតីតមេដឹកនាំ​ខ្មែរក្រហម។ មាន​ជន​ជាប់សង្ស័យ​​ចំនួន ៥នាក់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់ ក្នុងនោះ មាន​ជនសង្ស័យម្នាក់ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​តុលាការ​កាត់ទោស​ជាស្ថាពរ​ឲ្យ​ជាប់​គុក​អស់មួយជីវិត។ ក៏ប៉ុន្តែ មកទល់នឹង​ពេលនេះ ​អ្នក​មាន​គំនិត​ប្រឆាំង​នឹង​តុលាការ​នេះ​ហាក់​ដូចជា​នៅ​តែ​មាន​ច្រើន​នៅឡើយ។ តើ​ហេតុអ្វី​បានជា​មាន​អ្នក​ប្រឆាំង​នឹង​តុលាការ​ខ្មែរ​ក្រហម​នេះ? តើ​តុលាការ​នេះ​ពិតជា​មិនគួរ​ត្រូវគេ​​បង្កើតឡើង​មែនឬ?

អង្គសវនាការ​នៃ​តុលាការ​ខ្មែរក្រហម
អង្គសវនាការ​នៃ​តុលាការ​ខ្មែរក្រហម ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

៥ឆ្នាំ ក្រោយ​ពេល​តុលាការ​ខ្មែរក្រហម​ចាប់ផ្តើម​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ជិត ៨ឆ្នាំ បើ​រាប់​ចាប់តាំង​ពី​ពេល​ច្បាប់​បង្កើត​អង្គជំនុំជម្រះវិសាមញ្ញ​នេះ​បាន​ចូល​ជា​ធរមាន នៅតែ​មាន​មនុស្ស​ច្រើន​គិត​ថា ការ​បង្កើត​តុលាការ​នេះ គឺ​ជា​រឿង​ឥតប្រយោជន៍។

គំនិតប្រឆាំង​នឹង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​កើតមាន​ឡើង តាំង​ពី​មុន​ពេល​បង្កើត​តុលាការ​ខ្មែរក្រហម​មកម៉្លេះ។ នៅក្នុងចំណោម​​អ្នកដែលប្រឆាំង​នឹង​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​​នេះ គេ​សង្កេតឃើញ​មាន​ចរន្តពីរ៖

  • ​ក្រុម​ទីមួយ​ គឺ​អ្នក​ដែល​មិនចង់​ឲ្យ​មាន​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​តែម្តង
  • ក្រុម​ទីពីរ គឺ​អ្នក​ដែល​ចង់​ឃើញ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​គេ​នាំ​យកទៅ​កាត់ទោស ក៏ប៉ុន្តែ ត្រូវ​កាត់ទោស​ ​នៅ​តុលាការ​អន្តរជាតិ​សុទ្ធសាធ មិនមែន​នៅ​​តុលាការ​បែប​កូនកាត់ ដូចជា​តុលាការ​បច្ចុប្បន្ន​នេះទេ។

អ្នក​ដែល​មិន​ចង់​ឲ្យ​បង្កើត​តុលាការ​កូនកាត់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម យល់​ថា តុលាការ​បែបនេះ​នឹង​មិនអាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​មិនអាច​បើក​កកាយ​រក​ការពិត​នៃ​របប​ខ្មៅងងឹត​នេះ​បានទេ។ គេ​បារម្ភ​អំពី​ការ​ខ្វះ​ឯករាជ្យ និង​អព្យាក្រឹតភាពនៃ​ចៅក្រម​ខ្មែរ។ បារម្ភ​អំពី​សម្ពាធ​ផ្នែក​នយោបាយ ដែល​អាច​ធ្វើ​ឲ្យ​ដំណើរការ​ស៊ើបអង្កេត​ត្រូវ​រអាក់រអួល ឬ​មិនបាន​គ្រប់ជ្រុងជ្រោយ។

ជាការពិត យើង​សង្កេត​ឃើញ​ថា ដំណើរការ​តុលាការ​ខ្មែរក្រហម​នេះ​ពិតជា​មាន​ការ​យឺតយ៉ាវ​មែន តាំងពី​ដំណើរការ​ចរចា​បង្កើត រហូតដល់​ពេល​ដំណើរការ​នីតិវិធី។ ដើម្បី​សម្រុះសម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង សមត្ថកិច្ច​របស់​តុលាការ​ត្រូវបាន​កំណត់​ត្រឹមតែ​ឲ្យ​កាត់ទោស​អតីត​មេដឹកនាំ​ថ្នាក់​កំពូលៗ​នៃ​របប​ខ្មែរក្រហម​តែប៉ុណ្ណោះ។ ចំណែក​បទល្មើស​ទៀតសោត ក៏​ត្រូវ​កំណត់​តែ​ចំពោះ​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ក្នុង​ចន្លោះពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច​ដែរ ពោលគឺ​ពី​ចន្លោះ​ថ្ងៃទី១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី៦ មករា ឆ្នាំ១៩៩៧៩​តែប៉ុណ្ណោះ។

ដល់ពេល​តុលាការ​ចាប់ផ្តើម​ដំណើរការ​កាត់ទោស ក៏​គេ​តែងតែ​សង្កេតឃើញ​មាន​ភាព​រអាក់រអួល​មិនចេះចប់​ដែរ។ កាលពី​ដំបូង​ឡើយ ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​គេ​គ្រោង​ធ្វើ​តែ​ក្នុង​រយៈពេល​ បីឆ្នាំ​ប៉ុណ្ណោះ។ កញ្ចប់ថវិកា​ក៏មាន​សម្រាប់​តែ​បីឆ្នាំ​ដែរ។ ប៉ុន្តែ រហូត​មកទល់​ពេលនេះ​ ដំណើរការ​កាត់ទោស​បាន​អូសបន្លាយ​ពេល​រហូតដល់​ទៅ ៥ឆ្នាំ​ទៅហើយ ឯ​ថវិកា​​សម្រាប់​ដំណើរការ​សាលាក្តី​ក៏​ចេះតែ​ត្រូវ​បង្កើន​ម្តងហើយ​ម្តងទៀត ប៉ុន្តែ គេ​ទើប​នឹង​ធ្វើការ​កាត់ទោស​បាន​អតីត​មេគុក​ខ្មែរក្រហម​ម្នាក់។ បញ្ហា​ខ្វះខាត​ថវិកា​បន្ថែម​សម្រាប់​ដំណើរការ​សាលាក្តី នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ក៏​នៅតែ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ។ ឯ​រឿងចម្រូងចម្រាស ជុំវិញ​ការ​បន្ត​ចោទប្រកាន់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗ​ទៀត បន្ទាប់​ពី​សំណុំរឿង ០០២ ក៏​នៅតែ​កើតមាន​ឥតឈប់។ ការតែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ក៏​ជា​បញ្ហា​ចម្រូងចម្រាស។ ទាំងនេះ​សុទ្ធសឹង​តែជា​ហេតុផល​ដែល​នាំឲ្យ​មាន​ការ​រិះគន់​ទៅ​លើ​ទម្រង់​តុលាការ​បែប​កូនកាត់​នេះ។

ក៏ប៉ុន្តែ សំណួរ​សួរថា បើ​​បង្កើត​​តុលាការ​កូនកាត់​នេះ​ទេ តើ​គេ​​ពិតជា​អាច​​នាំ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទៅ​​កាត់ទោស​នៅតុលាការអន្តរជាតិ​សុទ្ធសាធ​បាន​ដែរ​ឬទេ? តើ​ធ្វើ​ដូចម្តេច ដើម្បី​អាច​យក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស​នៅ​តុលាការ​អន្តរជាតិ​បាន?

នៅក្នុង​ករណី​បទឧក្រិដ្ឋកម្ម​អន្តរជាតិ ដូចជា​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម​នេះ គេ​​ឃើញ​មាន​តែ​លទ្ធភាព​ពីរ​​ប៉ុណ្ណោះ គឺ​ទីមួយ កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ដែល​ជា​តុលាការ​ព្រហ្មទណ្ឌ​អចិន្រ្តៃយ៍ និង​មួយទៀត គឺ​បង្កើត​តុលាការ​អន្តរជាតិ​ពិសេស​មួយ ដើម្បី​កាត់ទោស​ខ្មែរក្រហម។

ថ្វីដ្បិតតែ​បទឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​ខ្មែរក្រហម​ពិតជា​ចូលក្នុង​ប្រភេទ​បទល្មើស ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ក្រុងឡាអេ​ក៏ពិតមែន ក៏ប៉ុន្តែ តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​តែ​ទៅលើ​បទឧក្រិដ្ឋ​ណា ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅក្រោយ​ពេល​តុលាការ​នេះ​ចូល​ជា​ធរមាន ពោលគឺ​ នៅក្រោយ​ឆ្នាំ​២០០២ ប៉ុណ្ណោះ។ ចំណែក​ឯ​បទល្មើស​របស់​ពួកខ្មែរក្រហម បាន​កើតមាន​ឡើង​តាំង​ពី​មុន​ឆ្នាំ​២០០២​ម៉្លេះ។ ដូច្នេះ គេ​មិន​អាច​យក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ​នេះទេ។

លទ្ធភាព​មួយទៀត​ គឺ​ការ​បង្កើត​តុលាការ​អន្តរជាតិ​ពិសេស ដូចជា តុលាការ​សម្រាប់​ប្រទេស​រវ៉ាន់ដា ឬ​សម្រាប់​អតីត​យូហ្គោស្លាវី ជាដើម។ ក៏ប៉ុន្តែ តុលាការ​ពិសេស​បែបនេះ​អាច​បង្កើតឡើង​បាន​លុះត្រា​តែ​មាន​សេចក្តីសម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ បញ្ហា​គឺ​នៅត្រង់​ថា ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍​ទាំង៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​មាន​សិទ្ធិ​វ៉េតូ មាន​ប្រទេស​ពីរ គឺ​សហរដ្ឋអាមេរិក និង​ចិន សុទ្ធសឹងតែ​ធ្លាប់បាន​គាំទ្រ​ ហើយ​ថែមទាំង​បាន​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​ពួក​ខ្មែរក្រហម​ទៀតផង។ ដូចនេះ វាសឹងតែ​ប្រាកដ​ណាស់​ថា ប្រទេស​ទាំងពីរ​នេះ​នឹង​រាំងខ្ទប់​មិនឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​អនុម័ត​សេចក្តីសម្រេច បង្កើត​តុលាការ​អន្តរជាតិ ដើម្បី​កាត់ទោស​ខ្មែរក្រហម ដែល​ខ្លួន​ធ្លាប់​គាំទ្រ​នោះទេ។ ឬក៏​អាច​យល់ព្រម​ឲ្យ​បង្កើត​ដែរ ប៉ុន្តែ ត្រូវ​ដាក់​កម្រិត​ដែន​សមត្ថកិច្ច ដើម្បី​រារាំង​កុំ​ឲ្យ​តុលាការ​នេះ​អាច​ ​ធ្វើ​ការ​ស៊ើបអង្កេត និង​​ជំនុំជម្រះ​ដោយ​សេរី​ស្រេច​នឹង​ចិត្ត ចៀសវាង​ខ្លាច​ប៉ះលើ​ខ្លួនឯង ដែល​ធ្លាប់​គាំទ្រ​ពួកខ្មែរក្រហម។

បើ​ដូច្នេះ តើ​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល​សុទ្ធសឹងតែ​ចាស់ជរា​អស់ទៅហើយ​នេះ ពិតជា​អាច​នៅ​មាន​ជីវិត​រង់ចាំ​តុលាការ​ពិសេស ដែល​មើលទៅ​ហាក់ដូចជា​ស្រមោល​នេះ បង្កើតឡើង​មក​កាត់ទោស​ពួកគេ​បានទេ?

សម្រាប់​អ្នក​ដែល​គាំទ្រ​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​សព្វថ្ងៃ គេ​យល់ថា​ តុលាការ​កូនកាត់​បច្ចុប្បន្ន​នេះ គឺ​ជា​ផ្លូវ​កណ្តាល​មួយ​ រវាង​ការ​អង្គុយ​ចាំ​តុលាការ​អន្តរជាតិ​ពិសេស​មួយ ដែល​អាច​មាន​ឯករាជ្យ និង​អព្យាក្រឹតភាព​ជាង ក៏ប៉ុន្តែ មិនដឹងជា​អាច​បង្កើត​បាន​ឬមិនបាន និង​ការណ៍​ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​ស្លាប់​បាត់​អស់​ ហើយ​មិនអាច​មាន​ការ​កាត់ទោស​ជា​រៀងរហូត។

ក៏ប៉ុន្តែ មាន​មនុស្ស​មួយក្រុមទៀត​យល់ថា បើ​មិនមាន​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជារៀងរហូត​នោះ ក៏​ជា​ការ​ល្អម្យ៉ាង​ដែរ ព្រោះថា ការ​កាត់ទោស​លើ​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​តាំង​ពី​៣០ឆ្នាំ​មុននោះ ហាក់​ដូចជា​មិនបាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​ទេ។ ទំព័រ​ខ្មែរក្រហម​នេះ​ ល្មម​ដល់ពេល​ត្រូវ​បិទ​បញ្ចប់​ ហើយ​នាំគ្នា​គិតពី​បញ្ហា​ចំពោះមុខ ដូចជា ការ​បំបាត់​ភាព​ក្រីក្រ​ឯណោះ​វិញ ទើប​មាន​ប្រយោជន៍​ជាង។ លុយ​រាប់សិប​លាន​ដុល្លារ ដែល​គេ​ត្រូវ​ចំណាយ​ ដើម្បី​រៀបចំ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ គួរ​យក​ទៅ​ជួយ​ប្រជាជន​ក្រីក្រ​វិញ វា​ប្រសើរ​ជាង។

ជាការពិតណាស់​ថា គេ​គួរតែ​រស់​ សម្រាប់​ថ្ងៃនេះ និង​ថ្ងៃស្អែក ហើយ​​​មិន​គួរ​បន្ត​រស់នៅ​ក្នុង​អតីតកាល​ជា​រៀងរហូត​នោះទេ។ ប្រជាជន​កម្ពុជា​រងទុក្ខ​វេទនា​យូរណាស់​មកហើយ។ ទំព័រ​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម​ដ៏​ខ្មៅងងឹត​មួយនេះ​គួរ​តែ​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ​ហើយ។

ប៉ុន្តែ សំណួរ​សួរ​ថា តើ​គេ​ពិតជា​អាច​បិទ​ទំព័រ​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម ដោយ​គ្មាន​ការ​ស្វែងរក​យុត្តិធម៌​ គ្មាន​ការ​ស្វែងរក​ការពិត​បែបនេះ​បានទេ? ដើម្បី​អាច​បិទ​ទំព័រ​មួយ ហើយ​បើក​ទៅ​ទំព័រ​ថ្មី គេ​គួរតែ​សរសេរ​ឲ្យចប់​ទំព័រ​ចាស់​នេះ​ជាមុនសិន។

ជាការពិតណាស់​ថា ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅពេល​នេះ​ មិនមាន​លក្ខណៈ​ល្អ​ឥតខ្ចោះ​នោះទេ។ វា​ជា​ដំណើរការ​ស្វែងរក​យុត្តិធម៌​ដែល​ធ្វើឡើង ៣០ឆ្នាំ ក្រោយពី​បទឧក្រិដ្ឋ​ត្រូវបាន​ប្រព្រឹត្ត។ ជា​ការ​កាត់ទោស​ដែល​មាន​ដែនកំណត់ ពោលគឺ ធ្វើឡើង​តែ​ទៅលើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចាស់ៗ​ប៉ុន្មាន​នាក់ និង​ចំពោះ​តែ​បទល្មើស​ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង​៣ឆ្នាំ ដែល​ខ្មែរក្រហម​កាន់អំណាច។ ក៏ប៉ុន្តែ យ៉ាងហោច​ណាស់​ក៏​វា​ប្រសើរ​ជាង​ទុកឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​បណ្តាល​ឲ្យ​ប្រជាជន​ស្លូតត្រង់​រាប់លាន​នាក់​បាត់បង់​ជីវិត​ បែរជា​រស់នៅ​ដោយ​សេរី ដោយ​គ្មាន​ការ​កាត់ទោស​អ្វីសោះ​នោះដែរ។ ដំណើរការ​កាត់ទោស​នេះ​ បើ​សិន​ជា​វា​អាច​ជួយ​ស្វែងរក​យុត្តិធម៌ និង​គាស់កកាយ​ការពិត​បាន​ត្រឹម​មួយផ្នែក​ណាមួយ​នោះ ក៏​វា​ប្រសើរ​ដែរ ដើម្បី​អនុញ្ញាត​ឲ្យ​កម្ពុជា​សរសេរ​បញ្ចប់​ទំព័រ​ដ៏​ខ្មៅងងឹត​មួយនេះ។

ក៏ប៉ុន្តែ ​សំណួរចោទ​ថា តើ​ការកាត់ទោសនេះ​ពិតជា​នឹង​អាច​ដំណើរការ​បានរហូតដល់​ចប់ចុង​ចប់ដើម អាច​​ជួយ​រក​យុត្តិធម៌ និង​ស្វែងរក​ការពិត ដើម្បី​បិទទំព័រ​ខ្មែរក្រហម​នេះ​បានមែន​ដែរ​ឬទេ បើ​​​ក្នុង​ដំណើរការ​សាលាក្តីខ្មែរក្រហម គេ​ឃើញ​មាន​តែ​​​​ភាព​ចម្រូងចម្រាស​​មិនចេះចប់​ ពេលវេលា​ក៏​ចេះ​អូសបន្លាយ​​ ឯ​អាយុ​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ក៏​ចេះ​តែ​ចាស់ជរា ​ថវិកា​ក៏​ចេះ​ខ្វះខាត​ រក​បាន​មួយ​ថ្ងៃ សម្រាប់​រស់​បានតែ​មួយថ្ងៃ ហើយ​​តួនាទី​របស់​ជនរងគ្រោះ ក្នុង​ដំណើរការ​សវនាការ ក៏​កំពុង​ចោទ​ជា​បញ្ហា​ចម្រូងចម្រាស​ដូចជា​សព្វថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ