អានតួអត្ថបទ
កម្ពុជា

សាលាក្តី​​ខ្មែរក្រហម​ទទួល​​​បាន​អាហារ​ឡើង​វិញ​

ដំណឹង​​ល្អ​​សម្រាប់​​បុគ្គលិក​​បម្រើ​​ការងារ​​នៅ​​សាលាក្តី​​ខ្មែរ​ក្រហម ​ពិសេស​​បុគ្គលិក​​ភាគី​​ជាតិ។​ កាលពី​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ​​ប្រទេស​​ជប៉ុន​​បាន​​ប្រកាស​​ផ្តល់​​ថវិកា​​៦​​លាន​​ដុល្លារ​​ដល់​​សាលា​ក្តី​​ពិសេស​​ដែល​​កំពុង​​ខ្វះ​​ថវិកា​​នេះ។​ នៅ​​ថ្ងៃ​​សុក្រ​​នេះ​​ទៀត ​​ចក្រភព​​អង់គ្លេស​​ក៏​​បាន​​ប្រកាស​​សន្យា​​ផ្តល់ ​​១ ​លាន​​២​​សែន​​ដុល្លារ​បន្ថែម​​ទៀត​​ដែរ។ ថវិកា​​ជំនួយ​​ទាំង​​នេះ​​ត្រូវ​​បាន​​ប្រកាស​​ផ្តល់​​អោយ​​សាលាក្តី​ក្រោយ​ពី​​មាន​​ការ​​ស្វែង​រក​​ជំនួយ​​ពី​​ថ្នាក់​​ដឹកនាំ​​របស់​​សាលាក្តី​​នៅ​​ការិយាល័យ​​អង្គការ​​សហ​ប្រជាជាតិ​​កាល​ពី​​សប្តាហ៍​​កន្ល​ង​ទៅ។​

សាលាក្តី​ខ្មែរ​ក្រហម ទទួល​បាន​អាហារ​ឡើងវិញ​
សាលាក្តី​ខ្មែរ​ក្រហម ទទួល​បាន​អាហារ​ឡើងវិញ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

យ៉ាង​យូរ​ក្នុង​សប្តាហ៍​ទី​៣​នៃ​ខែ​មិនា​នេះ បុគ្គលិក​ផ្នែក​ច្បាប់​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​សុំ​ព្យួរ​ការងារ​នោះ នឹង​អាច​ត្រឡប់​មក​បន្ត​ការងារ​ជា​ធម្មតា​វិញ ពីព្រោះ​ប្រាក់ខែ​ពួកគេ​បាន​​មក​ដល់​ហើយ។

នោះ​គឺ​ជា​ថវិកា​ជំនួយ​របស់​ប្រទេស​ជប៉ុន​៦​លាន​ដុល្លារ​សម្រាប់​សាលាក្តី​ពិសេស​នេះ។ តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ដំណើរ​ស្វែងរក​ថវិកា​របស់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​របស់​សាលាក្តី​ពី​បុរី​ញូយ៉ក​វិញ នៅ​ថ្ងៃ​ទី​១​មិនា​ម្សិលមិញ រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​មុខ​មុន​គេ​ថ្លែង​ការណ៍​ប្រកាស​ផ្តល់​ជំនួយ​៣លាន​៥សែន​ដុល្លារ​ដល់​ភាគី​កម្ពុជា និង​២លាន​៥​សែន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

នៅ​ថ្ងៃ​សុក្រ​ទី​២​មិនា​នេះ​ទៀត នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ ឯក​អគ្គ​រាជទូត​អង់គ្លេស​បាន​ប្រកាស​សន្យា​ផ្តល់​ថវិកា​ជំនួយ​១លាន​២​សែន​ដុល្លារ​ដល់​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

ថវិកា​ទាំង​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បើក​ប្រាក់​ខែ​អោយ​មន្ត្រី​ច្បាប់ ចៅក្រម ព្រះរាជអាជ្ញា​ដែល​ខ្វះ​ប្រាក់​ខែ​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន និង​អោយ​មន្ត្រី​រដ្ឋបាល​ភាគី​ជាតិ​ដដែល ដែល​មិន​បាន​បើក​ប្រាក់​ខែ​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​មក។

គួរ​បញ្ជាក់​ថា​ថវិការ​ជំនួយ​ជាង​៧​លាន​ដុល្លារ​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្វែង​រក​ថវិកា​របស់​សាលាក្តី​កូនកាត់​អន្តរជាតិ​ដែល​ត្រូវ​ការ​ចំណាយ​ជិត​៩០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១២ និង​២០១៣​ខាងមុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ