អានតួអត្ថបទ
កម្ពុជា

តុលាការ​ខ្មែរក្រហម​បន្ត​សវនាការ​លើ​កាយសម្បទា និង​បញ្ញា​ស្មារតី​អៀង ធីរិទ្ធ

នៅ​ថ្ងៃ​អង្គារ​នេះ ជា​ថ្ងៃ​ទី​២ ដែល​តុលាការ​ខ្មែរក្រហម បាន​បន្ត​សវនាការ​សួរដេញដោល​លើ​អ្នកជំនាញ​វេជ្ជសាស្ត្រ ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព កាយសម្បទា និង​បញ្ញា​ស្មារតី របស់​លោកស្រី អៀង ធីរិទ្ធ។ លោកស្រី អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ ត្រូវបាន​អ្នកជំនាញ​បរទេស​រកឃើញ​ថា លោកស្រី មាន​បញ្ហា​ខាង​ស្មារតី និង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​មិន​អាច​ចូលរួម​ពេញលេញ ក្នុង​ការជំនុំជម្រះ​បានទេ។

អៀង ធីរិទ្ធ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ក្នុង​សម័យ​ខ្មែរក្រហម​ត្រូវ​ចូល​សវនាការ​ស្តី​ពី​ស្មារីត​ចងចាំ​របស់​ជនជាប់ចោទ
អៀង ធីរិទ្ធ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ក្នុង​សម័យ​ខ្មែរក្រហម​ត្រូវ​ចូល​សវនាការ​ស្តី​ពី​ស្មារីត​ចងចាំ​របស់​ជនជាប់ចោទ ©Reuters
ផ្សាយពាណិជ្ជកម្ម

ស្ទើរតែ​ពេញ​មួយ​ថ្ងៃ នៅថ្ងៃទី២ នៃ​សវនាការ សួរដេញដោល​លើ​បញ្ហា​កាយសម្បទា និង​បញ្ញា​ស្មារតី​លើ​អតីត​មេ​ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ​នេះ បាន​ផ្តោត​លើ​បញ្ហា​របស់​លោកស្រី អៀង ធីរិទ្ធ។ លោកស្រី អៀង ធីរិទ្ធ ដែល​បាន​បង្ហាញ​មុខ​ក្នុងពេល​បើក​សវនាការ​ដំបូង នៅ​ព្រឹក​មិញ តែ​មិន​បាន​ថ្លែងការណ៍​អ្វី​មួយ​ម៉ាត់​ឡើយ។

សហ​មេធាវី​អន្តរជាតិ​ការពារ​លោកស្រី​អៀង​ធីរិទ្ធ និង​សហ​ព្រះរាជអាជ្ញា បាន​បន្ត​ចោទសួរ​ទៅកាន់​អ្នកជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​មនុស្ស​ចាស់ លោក Jonh Cambell ជុំវិញ​របាយការណ៍​លើ​ស្មារតី​នៃ​ការចងចាំ កាយសម្បទា ការប្រើប្រាស់​ថ្នាំ និង​ការភ្លេចភ្លាំង​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ។

លោកស្រី អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​សម័យ​ខ្មែរក្រហម ត្រូវបាន​អ្នកជំនាញ​រកឃើញថា លោកស្រី មាន​បញ្ហា​ខាង​ស្មារតី និង​ប្រព័ន្ធ​សរសៃប្រសាទ ដែល​មិន​អាច​ចូលរួម​ពេញលេញ ក្នុង​ការជំនុំជម្រះ​បានទេ។ តុលាការ ក៏​បាន​ចាត់តាំង​អ្នកជំនាញ​វិកល​ចរិត​បន្ថែម ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លោក​ស្រី អៀង ធីរិទ្ធ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

មេធាវី​ការពារ​លោកស្រី អៀង ធីរិទ្ធ បាន​ព្យាយាម​សួរដេញដោល​លើ​អ្នកជំនាញ ដើម្បី​បញ្ជាក់​អង្គ​សវនាការ​ថា ភរិយា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ ពិតជា​មាន​ស្មារតី​ភ្លេចភ្លាំង និង​មានសុខភាព​មិន​ល្អ​គ្រប់គ្រាន់ ដើម្បី​ចូលរួម​សវនាការ​បាន​ឡើយ។

យ៉ាងណា​ក៏ដោយ សវនាការ​រយៈពេល ៣ ថ្ងៃ ដែល​នឹង​ត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃ​៣១​សីហា នេះ មិនទាន់​មាន​ការសម្រេច​បែបណា លើ​បញ្ហា​សុខភាព​របស់​អតីត​មេ​ខ្មែរក្រហម​ចាស់ជរា​នោះឡើយ។ តាម​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក​នេត្រ ភក្ត្រា ក្នុង​សវនាការ​រយៈពេល ៣ ថ្ងៃនេះ គេ​គ្រាន់តែ​លើកឡើង​ពី​របាយការណ៍​ទាក់ទង​នឹង​បញ្ហា​សុខភាព កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោក​នួន​ជា និង​លោកស្រី អៀង ធីរិទ្ធ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ