អានតួអត្ថបទ
កម្ពុជា

តុលាការ​ខ្មែរក្រហម​បដិសេធ​សំណើ​សុំ​ឲ្យ​ដោះលែង អៀងសារី, ខៀវ សំផន និងអៀងធីរិទ្ធ

អង្គបុរេ​ជំនុំជម្រះ​របស់​តុលាការ​ខ្មែរក្រហម​បាន​បដិសេធ​ច្រាន​ចោល​បណ្តឹង​ ឧទ្ធរណ៍ ប្រឆាំង​នឹង​ការបន្ត​ថេរវេលា​ឃុំខ្លួន​បណ្តោះ​​អាសន្ន ដែល​ប្តឹង​ដោយ​ជន​ត្រូវចោទ លោក​អៀងសារី លោកខៀវ សំផន និង​លោកស្រី អៀង ធីរិទ្ធ។

អង្គ​បុរេ​ជំនុំ​ជម្រះ​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​មេដឹកនាំ​ខ្មែរ​ក្រហមដែល​កំពុង​ជាប់ឃុំ
អង្គ​បុរេ​ជំនុំ​ជម្រះ​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​មេដឹកនាំ​ខ្មែរ​ក្រហមដែល​កំពុង​ជាប់ឃុំ ©ECCC
ផ្សាយពាណិជ្ជកម្ម

02:25

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

សេចក្តី​សម្រេចនេះ ត្រូវ​បានលោកចៅក្រម ប្រាក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះ ដែលមានចៅក្រម ៥ រូប បានប្រកាសជាសាធារណៈ ដាក់ដោយឡែកពី​គ្នា ជាបន្ត​បន្ទាប់ នៅថ្ងៃទី៣០ ខែមេសានេះ។

 
ក្នុងបន្ទប់សវនាការ នៅពេលតុលាការ​ប្រកាសសេចក្តីសម្រេចបន្តឃុំខ្លួននោះ លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងភរិយារបស់លោក គឺលោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបង្ហាញខ្លួនដាក់ដោយឡែកពីគ្នា នៅក្នុងរង្វង់ក្រចកសេះ។ ក៏ប៉ុន្តែ លោក ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម មិនបានបង្ហាញមុខទេ ដោយសារ​តែ​អវត្តមាន​មេធាវី​ពីរ​រូប​របស់​លោក។

ដោយ​មិនព្រម​ដោះលែង​មេដឹកនាំ​ខ្មែរក្រហម​ទាំង​បី​រូប​នោះ លោក​ចៅក្រម ប្រាក់ គឹមសាន ប្រធាន​អង្គបុរេ​ជំនុំ​ជម្រះ លើក​ហេតុផល​ស្រដៀង​គ្នា​មក​​ពន្យល់​ថា ការបន្ត​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ នៅ​តែជាវិធានការ​ដ៏​ចាំបាច់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជន​ត្រូវ​ចោទ​គេច​ខ្លួន គាប​សង្កត់​សាក្សី និង​បំផ្លាញ​ភស្តុតាង។ លើស​ពីនេះទៀត ការបន្តថេរវេលាឃុំខ្លួនបណ្តោះ​អាសន្ននេះ ក៏ចាំបាច់ដើម្បីការពារសន្តិសុខជនត្រូវចោទ ព្រមទាំងរក្សាសន្តិសុខសាធារណៈ។

ការបដិសេធច្រានចោលបណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​ការបន្ត​ថេរវេលា​ឃុំខ្លួន​បណ្តោះ​អាសន្ន លើ​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ទាំង​បីនេះ មាន​ន័យ​ថា ជន​ត្រូវ​ចោទ លោក​អៀងសារី, លោក ខៀវសំផន និងលោកស្រី អៀង ធីរិទ្ធ នឹង​អាច​បន្ត​ថេរវេលា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន រហូត​ដល់​ថ្ងៃ​ទី ១២ និង​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០១០។

តាម​​ច្បាប់ ឆ្នាំ​២០១០​នេះ ជា​ពេលវេលា​ចុងក្រោយ​នៃ​ការឃុំ​ខ្លួន​មេខ្មែរ​ក្រហម គម្រប់ ៣ ឆ្នាំ ដែល​ចៅក្រម​មិន​អាច​ពន្យារ​ពេល​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ជា​មេខ្មែរ​ក្រហម​ទៀត​ទេ។

សេចក្តី​ប្រកាសរបស់​តុលាការ​ខ្មែរ​ក្រហម នៅ​​ថ្ងៃ​នេះ បាន​​បញ្ជាក់ថា ប្រសិន​បើ​ជន​ត្រូវ​ចោទ មិន​ត្រូវ​បាន​នាំ​មក​ជំនុំ​ជម្រះ​កាត់ទោស ក្នុង​រយៈពេល ៤ ខែ​នោះ​ទេ ដោយ​គិត​ចាប់​ពី​ពេល​កំណត់ បញ្ជូន​រឿងទៅជំនុំជម្រះ នោះការឃុំខ្លួនលើជនត្រូវចោទ លោក អៀងសារី, លោក ខៀវសំផន និងលោកស្រី អៀង ធីរិទ្ធ នឹងអស់ប្រសិទ្ធិភាព រាប់ទាំងលោក នួនជា អតីតប្រធានរដ្ឋសភាខ្មែរក្រហម។

ក៏ប៉ុន្តែលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យតុលាការខ្មែរក្រហម បានបញ្ជាក់ថា សហ​ចៅក្រម​ស៊ើប​អង្កេត អាចនឹងបញ្ជូនសំណុំរឿង០០២ ដែលរួមមានជនត្រូវចោទ នួនជា, ខៀវសំផន អៀងសារី អៀងធីរិទ្ធ និងកាំងហ្គេកអ៊ាវ ហៅឌុច ទៅជំនុំជម្រះ នៅក្នុងខែកញ្ញាឆ្នាំ២០១០។ ចំណែក​សំណុំ​រឿង០០១ របស់ ឌុច ដែល​បាន​កាត់ទោស​រួច​ហើយ​នោះ នឹង​ត្រូវ​ប្រកាស នា​ពាក់​កណ្តាល​ឆ្នាំ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ