ហេតុអ្វីបានជាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥បានបង្កើតអង្គការអាស៊ានកាលពី៤៥ឆ្នាំមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១២
នៅល្ងាចថ្ងៃចន្ទទី ២មេសានេះ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន បានមកដល់ទីក្រុងភ្នំពេញបណ្តើរៗហើយ ដើម្បីចូលរួមក្នុងជំនួបកំពូលដែលនឹងត្រូវផ្តើមឡើងជាផ្លូវការនៅថ្ងៃស្អែក។ ដោយឡែក ឆ្នាំនេះ ២០១២ ជំនួបកំពូលក៏ត្រូវប្រារព្វខួបទី៤៥ឆ្នាំនៃការបង្កើតអាស៊ានឡើងដែរ។ តើនៅក្នុងបរិបទបែបណានិងតើហេតុអ្វី បានជាកាលពី៤៥ឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ បានសម្រេចចិត្តបង្កើតអង្គការតំបន់មួយនេះឡើង?
អាស៊ាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ១៩៦៧ ដោយប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និង ហ្វីលីពីន មានគោលដៅពីរសំខាន់ៗ កាលសម័យនោះ។
គោលដៅទីមួយ គឺរំងាប់ភាពតានតឹងរវាងបណ្តាប្រទេសស្ថាបនិកទាំងប្រាំ។ សូមជំរាបថា កាលណោះប្រទេសម៉ាឡេស៊ីមានទំនាស់ជាមួយប្រទេសឥណ្ឌូណេស៊ី ជុំវិញកោះប័រណេអូ(Bornéo) ហើយនៅឆ្នាំ១៩៦៣ដែនដីប៉ែកខាងជើងនៃកោះនេះ គឺដែនដីកាលីម៉ង់តង់(Kalimantan) បានប្រកាសផ្តាច់ខ្លួនទៅនៅក្រោមការគ្រប់គ្រងនៃប្រទេសម៉ាឡេស៊ី ជាហេតុបានធ្វើឲ្យប្រទេសឥណ្ឌូណេស៊ីខឹងច្រឡោតតោតតូងនិងជាហេតុបានធ្វើឱសង្គ្រាមហៀបតែនឹងផ្ទុះឡើងទៀតផងរវាងប្រទេសភាគីជម្លោះទាំងពីរ។
ម្យ៉ាងវិញទៀត កាលសម័យនោះ ក៏មានដែរភាពតានតឹងរវាងម៉ាឡេស៊ីនិងសិង្ហបុរី ពីព្រោះសិង្ហបុរីក្រោមការដឹកនាំរបស់លោកលី គាន់យូ (Lee Kuan Yew) បានសម្រេចដើរចេញពីសហព័ន្ធរួមម៉ាឡេស៊ី។ ក្រៅពីនេះ ម៉ាឡេស៊ីក៏មានទំនាស់ជាមួយហ្វីលីពីនដែរជុំវិញដែនដីសាបាហ៍(Sabah)ដែលឋិតនៅប៉ែកខាងជើងនៃកោះប័រណេអូ(Bornéo)ពីព្រោះសាបាហ៍បានប្រកាសដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់ប្រទេសម៉ាឡេស៊ី។
គឺភាពរកាំរកូសទាំងអស់នេះហើយ ដែលបានជំរុញឲ្យ ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ីនិងហ្វីលីពីន បង្កើតអាស៊ាន(ASEAN)ឡើងនៅឆ្នាំ១៩៦៧ ដើម្បីងាយស្រួលជជែកគ្នានិងដើម្បីជៀសវាងកុំឲ្យមានសង្គ្រាមផ្ទុះឡើង។ នេះជាគោលដៅទីមួយ។
រីឯគោលដៅទីពីរនៃការបង្កើតអាស៊ានកាលសម័យនោះ គឺរួបរួមគ្នាទប់ទល់នឹងមនោគមវិជ្ជាកុម្មុយនិស្តដែលកំពុងវាយលុកចូលមកដល់អាស៊ីអាគ្នេយ៍តាមរយៈសង្គ្រាមនៅវៀតណាម។
កាលសម័យនោះ សង្គ្រាមវៀតណាម បានផ្តើមរីករាលដាលចូលទៅដល់ប្រទេសកម្ពុជានិងឡាវ។ ទន្ទឹមជាមួយគ្នានោះដែរ ទ័ពព្រៃកុម្មុយនិស្តមានសកម្មភាពខ្លាំងក្លា នៅប្រទេសភូមា ថៃ និងហ្វីលីពីន។ រីឯនៅប្រទេសឥណ្ឌូណេស៊ីវិញ ឧត្តមសេនីយ៍ ស៊ូហារតូ(Suharto) បានវាយបង្ក្រាបក្នុងថ្លុកឈាមពួកសកម្មជនបក្សកុម្មុយនិស្ត ជាហេតុបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងតិច៥០០ ០០០នាក់។
និយាយរួម អាស៊ានត្រូវបានបង្កើតឡើង ដើម្បីខ្ទប់ឥទ្ធិពលកុម្មុយនិស្ត ហើយបើគេពិនិត្យមើលផែនទីតំបន់សម័យនោះ ឃើញថាប្រទេសស្ថាបនិកទាំងប្រាំ ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីនបានបង្កើតជាខ្សែក្រវាត់មួយព័ទ្ធជុំវិញឥណ្ឌូចិនដែលជាជង្រុកនៃមនោគមវិជ្ជានិងបដិវត្តន៍កុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍។
ដោយឡែក អាស៊ានក៏ជាអង្គការតំបន់មួយដែលត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងជាយថាហេតុពីសំណាក់ប្រទេសចិនកុម្មុយនិស្តដែរ ចិនកុម្មុយនិស្តដែល កាលណោះកំពុងផ្តើមធ្វើបដិវត្តន៍វប្បធម៌និងបានផ្តល់អាវុធទៅឱ្យវៀតណាមខាងជើងរបស់ហូ ជីមីន (Ho Chi Minh) ។
មែនទែនទៅ នៅឆ្នាំ១៩៦៧ ការទប់ទល់នឹងមនោគមវិជ្ជាកុម្មុយនិស្ត មិនមែនជាគោលដៅផ្លូវការដែលចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសស្ថានិកអាស៊ានទាំង៥ទេ។ គោលដៅជាផ្លូវការដែលបានចែង គឺបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌រវាងបណ្តាប្រទេសសមាជិកនិង«បង្កើតតំបន់សន្តិភាពមួយដែលមានមូលដ្ឋាននៅលើសេរីភាពនិងអព្យាក្រឹតភាព»។
ទោះជាយ៉ាងណាក៏ដោយ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៧៦ ទើបឃើញបណ្តាប្រទេសសមាជិកអាស៊ានប្រញាប់រួសរាន់ផ្តល់សន្ទុះថ្មីដល់អង្គការតំបន់មួយនេះ។ ជាក់ស្តែង នាឱកាសជំនួបកំពូលអាស៊ាននៅបាលី(Bali)ឆ្នាំ១៩៧៦ ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី
ហ្វីលីពីន និងឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបតិបត្តិការមួយ ដើម្បីពង្រឹងសាមគ្គីភាពរវាងគ្នា នៅចំពោះមុខការគំរាមកំហែងនៃបណ្តាប្រទេសកុម្មុយនិស្ត។ នៅឆ្នាំ១៩៧៦ដដែលនោះ អគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយរបស់អាស៊ានត្រូវបានបង្កើតឡើងនៅហ្សាការតា(Jakarta)ប្រទេសឥណ្ឌូណេស៊ី។
មានមូលហេតុមួយសំខាន់ ដែល បានជំរុញឱ្យ ប្រទេសស្ថាបនិកទាំងប្រាំផ្តល់សន្ទុះថ្មីដល់អង្គការអាស៊ាន នោះគឺនៅខែមេសាឆ្នាំ១៩៧៥ កងទ័ពកុម្មុយនិស្តវៀតណាមខាងជើងបានចូលកាន់កាប់ទីក្រុងសៃហ្គុង(Saigon) កងយោធាកុម្មុយនិស្តខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា និងចលនាកុម្មុយនិស្តប៉ាថេតឡាវ(Pathet Lao)បានឈ្នះសង្គ្រាម នៅប្រទេសឡាវ។
បន្ទាប់មកទៀតនៅឆ្នាំ១៩៧៩ អាស៊ានបានប្រកាន់ជំហរនយោបាយច្បាស់ជាងមុន ក្រោយពីប្រទេសវៀតណាមគាំទ្រដោយសហភាពសូវៀត បានចូលឈ្លានពានប្រទេសកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហមដែលរណបចិនកុម្មុយនិស្ត។ ជំហរនយោបាយរបស់អាស៊ានកាលណោះ គឺឋិតនៅខាងសហរដ្ឋអាមេរិក និងនៅខាងចិនដែលបានជួយគាំទ្រខ្មែរក្រហមក្នុងសង្គ្រាមប្រឆាំងនឹងរបបហេង សំរិននៅកម្ពុជាដែលទ្រទ្រង់ដោយវៀតណាម និងសហភាពសូវៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលប្រទេសថៃបានបើកដៃឱ្យខ្មែរក្រហមប្រើប្រាស់ទឹកដីរបស់គេទុកធ្វើជាសមរភូមិក្រោយ។ ទន្ទឹមនេះ អាស៊ានបានធ្វើការគាបសង្កត់តាមផ្លូវទូតដើម្បីបង្ខំឱ្យវៀតណាមដកទ័ពចេញពីកម្ពុជា។
ក្រោយមកទៀតគឺចាប់ពីដើមទសវត្សរ៍៩០ទៅ ទើបអាស៊ានបានបោះជំហានចូលក្នុងសករាជថ្មី ពីព្រោះសង្គ្រាមត្រជាក់បានចប់ បានផ្លាស់ប្តូរអស់រលីងបរិបទភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍ និងបានធ្វើឱ្យបណ្តាប្រទេសទាំងអស់ក្នុងតំបន់ លែងជាសត្រូវនឹងគ្នាទៀតហើយ។
ចាប់ពីពេលនោះមក អាស៊ានបានសម្រេចបើកទ្វារទទួលបណ្តាប្រទេសមួយចំនួនដែលនៅក្នុងអតីតកាលជាសត្រូវរបស់ខ្លួន។ អាស៊ានបានទទួលយកប្រទេសវៀតណាមនៅឆ្នាំ១៩៩៥ រួចហើយប្រទេសឡាវនិងភូមានៅឆ្នាំ១៩៩៧និងនៅចុងបញ្ចប់ ប្រទេសកម្ពុជានៅឆ្នាំ១៩៩៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ