អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សហគមន៍​អន្តរជាតិ​ត្រូវ​គាំទ្រ​បុព្វហេតុ​យុត្តិធម៌​របស់​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​មក​ទល់​នឹង​ពេល​នេះ​ មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រះវិហារ​នៅ​តែ​មិន​​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។ ​ទោះបី​ជា​ភាគី​កម្ពុជា​កំពុង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​ក៏ដោយ ​ក៏​គេ​នៅ​មិន​ទាន់​ឃើញ​ថា​ តើ​ផ្លូវ​​ណា​មួយ​ដែល​កម្ពុជា​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រះវិហារ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ជា​ការ​ពិត ​បញ្ហា​នេះ​វា​អាស្រ័យ​ជា​បឋម​ទៅ​លើ​ឆន្ទៈ​របស់​ភាគី​កម្ពុជា​ ប៉ុន្តែ ​ការឆ្លើយ​តប​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​បុព្វហេតុ​យុត្តិធម៌​របស់​កម្ពុជា​នៅ​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។​​​​​

ទង់ជាតិ​កម្ពជា​បក់​រវិចៗ​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ
ទង់ជាតិ​កម្ពជា​បក់​រវិចៗ​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ ©Reuters
ផ្សាយពាណិជ្ជកម្ម

ម្តង​ហើយ​ម្តង​ទៀត ​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ហា​ព្រះវិហារ​ទៅ​ដោះស្រាយ​ជា​​លក្ខណៈ​អន្តរជាតិ​ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង​មិន​ជឿន​លឿន​ទៅ​មុខ​ដូច​ការ​រំពឹង​​ទុក​សោះ។ ​តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?​​ ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​នេះ​ គេ​គួរ​គប្បី​ពិនិត្យ​​មើល​ទិដ្ឋភាព​ជាក់​ស្តែង​មួយ​ចំនួន​ដូច​តទៅ ៖

         ជាការ​ពិត ​បញ្ហា​នេះ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ជា​ទូទៅ​ទៅ​លើ​រដ្ឋាភិបាល​ថា​មិន​បាន​​រួស​រាន់​ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​ព្រះវិហារ​ទៅ​ឲ្យ​សហគមន៍​អន្តរជាតិ​ដោះស្រាយ។​ ការ​ស្តី​បន្ទោស​រដ្ឋាភិបាល​ពិតជា​មិន​ខុស​ឡើយ​ ដោយ​ហេតុ​ថា​ក្នុង​នាម​ជា​ប្រទេស​​រងគ្រោះ​ដោយ​ការ​ឈ្លានពាន​ កម្ពុជា​​ត្រូវ​​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​បន្ទាន់​​ដោយ​មិន​អាច​បង្អែ​បង្អង់​បាន​ឡើយ។

          ដោយ​ហេតុ​ថា​ខ្លួន​ជា​ប្រទេស​តូច​និង​ទន់​ខ្សោយ ​តែ​កម្ពុជា​មាន​ប្រៀប​ខាង​ផ្លូវ​​ច្បាប់​ទៅ​លើ​ភាគី​ថៃ ​មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​ការ​ពឹងពាក់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​​ដោះ​ស្រាយ​បញ្ហា។ ​មាន​ហេតុផល​ច្បាស់​លាស់​ដែល​ត្រូវ​ដាក់​បញ្ហា​នេះ​ទៅ​សហគមន៍​​អន្តរជាតិ ៖ ​ទី១គឺ​ ដើម្បី​បញ្ចៀស​ការ​ប្រើ​កម្លាំង​យោធា​ដែល​នាំឲ្យ​មាន​ការ​បង្ហូរ​ឈាម​​ទាំង​សង​ខាង ​និងទី​២​គឺ ​គ្មាន​ហេតុផល​ដែល​កម្ពុជា​ត្រូវ​ចរចា​ទ្វេភាគី​ជាមួយ​អ្នក​ឈ្លាន​ពាន​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ឡើយ ​ពីព្រោះ​ការ​ចរចា​ក្នុង​ស្ថានភាព​បែប​នេះ​មាន​ន័យ​​ស្មើ​នឹង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក​ឈ្លានពាន។

         ប៉ុន្តែ ​ទន្ទឹម​នឹង​ការ​ស្តី​បន្ទោស​រដ្ឋាភិបាល ​បរិបទ​អន្តរជាតិ​ក៏បាន​ចូល​រួម​ចំណែក​​យ៉ាង​សំខាន់​ក្នុង​ការ​អូស​បន្លាយ​បញ្ហា​ព្រះវិហារ​ដែរ។ ​ពិត​ហើយ​ថា ​ការ​ប្រញាប់​ដាក់​​បញ្ហា​ព្រះវិហារ​ទៅ​សហគមន៍​អន្តរជាតិ​ជា​សិទ្ធិ​​ស្វ័យ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​​ជា​ភាគី​រងគ្រោះ ​ប៉ុន្តែ ​ប្រតិកម្ម​ឆ្លើយ​តប​របស់​សហគមន៍​អន្តរជាតិ​ក៏ជា​បញ្ហា​សំខាន់​​មួយ​ទៀត​ដែរ។ ​អ្វី​ដែល​គេ​អាច​យល់​បាន​នៅ​ពេល​នេះ​គឺ​ ទោះ​អាស៊ាន​ក្តី ​ឬ​ក្រុម​ប្រឹក្សា​​សន្តិសុខ​សហប្រជាជាតិ​ក្តី​ហាក់​ដូច​ជា​រារែក​ក្នុង​ការ​លូក​ដៃ​ចូល​ដោះស្រាយ​បញ្ហា​កម្ពុជា​និង​ថៃ។ ​ប្រតិកម្ម​ជា​បឋម​របស់​សហគមន៍​អន្តរជាតិ​គឺ ​ពួកគេ​នឹង​ជំរុញ​ឲ្យ​ប្រទេស​​ទាំងពីរ​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ចរចា​ទ្វេភាគី​តែ​ដដែល។

         មូលហេតុ​ពិត​ មិន​ពិបាក​យល់​ឡើយ។​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម​​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​នេះ ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​គឺ​ជា​អាទិភាព​ចម្បង​របស់​ប្រទេស​​នីមួយៗ។​ ក្នុង​បរិបទ​នេះ ​ប្រទេស​ដែល​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​ថៃ​ពិត​ជា​​មិន​ចង់​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​ឡើយ​ ដោយ​ហេតុ​ថា​ផលប្រយោជន៍​របស់​ពួកគេ​ជាមួយ​ថៃ​ពិបាក​នឹង​អនុញ្ញាត​ឲ្យ​គេ​កាត់​សេចក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ថៃ​ បើ​ទោះ​បី​ជា​គេ​ដឹង​ច្បាស់​ថា​ថៃ​ជា​អ្នក​ខុស​ទាំង​ស្រុង​ក៏ដោយ។ ​ម្ល៉ោះ​ហើយ​ជម្រើស​របស់​សហគមន៍​​អន្តរជាតិ​មាន​តែ​មួយ​គត់​ គឺ​ការ​យក​រួច​ខ្លួន​ដោយ​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​ដោះស្រាយ​​បញ្ហា​ដោយ​ខ្លួន​ឯង។

         ម្យ៉ាង​ទៀត ​គោលការណ៍​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ផង​គ្នា​ ក៏ជា​ឧបសគ្គ​​មួយ​របស់​អាស៊ាន​ ក៏​ដូចជា​អង្គការ​សហប្រជាជាតិ​ដែរ។ ​គេ​នៅ​ចាំ​បាន​ថា​សហគមន៍​​អន្តរជាតិ​ធ្លាប់​បាន​បណ្តែត​បណ្តោយ​ឲ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​អស់​ជាង​២​លាន​នាក់​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​ដោយ​មិន​បាន​ដឹង​ឮ​ និង​អើពើ​អំពី​បញ្ហា​នៅ​កម្ពុជា​ឡើយ។ ​សូម្បី​តែ​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ភ្លាមៗ​ក៏​អង្គការ​សហប្រជាជាតិ​នៅ​តែ​បន្ត​គាំទ្រ​មេដឹកនាំ​ខ្មែរ​ក្រហម​ជា​តំណាង​ប្រទេស​កម្ពុជា​ដដែល។​ នេះ​ជា​បទពិសោធន៍​ដ៏​ជូរ​ចត់​មួយ​ដែល​កើត​ពី​ការ​ព្រងើយ​កន្តើយ​របស់​សហគមន៍​អន្តរជាតិ។​

         ឥឡូវ​នេះ​កម្ពុជា​កំពុង​អំពាវនាវ​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ថៃ​ដែល​បាន​រំលោភ​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ ​ដូច្នេះ​​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​រួសរាន់​ជួយ​ដោះស្រាយ​និង​គាំទ្រ​បុព្វហេតុ​យុត្តិធម៌​របស់​​កម្ពុជា​ជា​ចាំបាច់។ ​ការ​ធ្វេស​ប្រហែស​ឬ​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​នេះ​ គឺ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ​របស់​​សហគមន៍​អន្តរជាតិ​ ហើយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​កង្វះ​ប្រសិទ្ធិភាព​របស់​អាស៊ាន​​ ឬ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​លើ​ឆាក​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ