អានតួអត្ថបទ
កម្ពុជា

មេទ័ពខ្មែ​រចុះត្រួតពល​នៅពេលថៃ​បង្កើនទ័ព​តាមជាយដែន​

ស្ថានភាព​យោធា​នៅ​តាម​ជាយដែន​ប្រាសាទ​ ព្រះវិហារ​ហាក់​បាន​វិល​ទៅ​រក​ភាព​តាន​តឹង​ជាថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​ ថ្ងៃ​ចុង​ក្រោយ​នេះ។​ មេទ័ព​ជាច្រើន​របស់​កម្ពុជា​បាន​នាំ​គ្នា​ចុះ​ត្រួត​ពល​ជា​បន្ត​បន្ទាប់​នៅ​ តំបន់​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា​មក។​ ការ​ចុះ​ត្រួត​ពល​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍ ​ថា​ ថៃ​បាន​បង្កើន​កម្លាំង​យោធា​ជាច្រើន​នៅ​តាម​ជាយដែន​ក្បែរ​ប្រាសាទ​ ព្រះវិហារ។​ ស្ថានភាព​ប្រុង​ជើងការ​ផ្នែក​យោធា​រវាង​ខ្មែរ​និង​ថៃ​បាន​កើត​ឡើង​ជាថ្មី​ ទៀត​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រ​ទេស​​ ប្រេស៊ីល។ 

មេទ័ពកម្ពុជា​ចុះត្រួតពល​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ​នៅតំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​
មេទ័ពកម្ពុជា​ចុះត្រួតពល​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ​នៅតំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

04:36

សេចក្តីរាយការណ៍​របស់​ ប៉ែន បូណា

ឧត្តម​សេនីយ៍​យោធា​ដែល​ជា​មេទ័ព​កំពូល​ៗ​របស់​កម្ពុជា​បាន​ចុះ​ត្រួត​ពល​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ឯ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។​ជាក់​ស្តែង​ ឧត្តម​សេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​និង​ឧត្តម​សេនីយ៍​ គន់​ គីម​ អគ្គ​បញ្ជាការ​រង ​និង​ជា​នាយ​សេនាធិការ​ចម្រុះ​យោធា​ បាន​ចុះ​ទៅ​កាន់​សមរភូមិ​ជួរ​មុខ​នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ។

 
ដំណើរ​ចុះ​ត្រួត​ពល​របស់​មេទ័ព​កម្ពុជា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា​ ថៃ​បាន​បង្កើន​ចំនួន​កងទ័ព​ជាច្រើន​នៅ​តាម​តំបន់​ជាយដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ​ក្រៅ​ពី​នោះ​ មាន​សេចក្តី​​រាយការណ៍​ថា​ ក្រុម​អាវលឿង​ជ្រុល​និយម​ថៃ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ប្រភព​ពី​សមរភូមិ​ជួរ​មុខ​ឲ្យ​​ដឹង​ថា​​ក្រៅ​ពី​មេទ័ព​ ក៏មាន​មេ​បញ្ជាការ​នគរបាល​ជាតិ​បាន​ចុះ​ត្រួត​ពល ​និង​សួរ​សុខទុក្ខ​កង​កម្លាំង​នគរបាល​ដែល​ឈរ​ជើង​នៅ​ឯ​ទិស​ប្រាសាទ​ព្រះវិហារ​ផងដែរ។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ដាក់​បទ​បញ្ជា​ដោយ​ផ្ទាល់​ដល់​មេទ័ព​ប្រចាំការ​នៅ​តំបន់​ព្រះវិហារ​ឲ្យ​ ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្មែរ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន។​ បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​គំរាម​ពី​ថៃ​ថា​ ពួកគេ​អាច​នឹង​ ចូល​កាន់​កាប់​តំបន់​ដែល​គេ​ហៅ​ថា​ ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កងទ័ព​ថៃ​បាន​ចូល​កាន់កាប់​វត្ត​កែវ​សិក្ខាគីរីស្វារៈ​ក្បែរ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០០៨ ​ពោល​គឺ​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​ចុះ​បញ្ជី​ប្រាសាទ​​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ពួកគេ​មិន​អាច​រារាំង​បាន។​ ចាប់​តាំង​​ពី​ពេល​នោះ​មក​ កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​រហូត។ ​ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​រាំង​ខ្ទប់​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ថៃ​បាន​បន្ត​រារាំង​នៅ​ពេល​នេះ​ទៀត​នូវ​ផែនការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​​របស់​កម្ពុជា។

ប៉ុន្តែ​ នៅ​ថ្ងៃ​សុក្រ​ទី​៣០​ខែ​កក្កដា​នេះ​ គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ បាន​សម្រេច​ទទួល​យក​ផែនការ​នោះ​ហើយ​ ដោយ​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ និង​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ឆ្នាំក្រោយ។ ​ពីនេះ​ដល់​ឆ្នាំ​ក្រោយ​ ថៃ​នឹង​នៅ​តែ​ទាមទារ​ ហើយ​អាច​នឹង​ចូល​កាន់កាប់​ដោយ​កម្លាំង​យោធា​នៅ​លើ​ដែន​ដី​៤,៦​គីឡូម៉ែត្រ​ក្រឡា​ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ជាមួយ​កម្ពុជា​ទេ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ