តុលាការរក្សាការចោទប្រកាន់អតីតប្រធានាធិបតីបារាំងសាកូហ្ស៊ី ក្នុងសំណុំរឿងគ្រួសារបេតង់គួ
នៅថ្ងៃអង្គារនេះ សាលាឧទ្ទរណ៍បារាំង បានសំរេចបន្តការចោទប្រកាន់លើអតីប្រធានាធិបតីបារាំង គឺលោក នីកូឡា សាកូហ្ស៊ី ក្នុងសំណុំរឿងក្តីក្តាំគ្រួសារលោកស្រីបេតង់គួ ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាងកាយ L’OREAL សេដ្ឋីនីដ៏មានទ្រព្យសម្បត្តិស្តុកស្តមនៅបារាំងនោះ។ គួររំលឹកថា លោកសាកូហ្ស៊ីធ្លាប់រងការចោទប្រកាន់ថា បានទទួលលុយខុសច្បាប់ពីគ្រួសារបេតង់គួ ដើម្បីយកទៅឧបត្ថម្ភការឃោសនាបោះឆ្នោតគណបក្ស UMP របស់លោក នៅឆ្នាំ២០០៧។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣១
នៅថ្ងៃអង្គារនេះ សាលាឧទ្ទរណ៍បារាំងនៅ Bordeaux ភាគខាងនិរតីប្រទេសបារាំង បានសំរេចអនុម័តទទួលយកការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យបារាំង ដែលបានសន្និដ្ឋានថា លោកស្រី បេតង់កួរ អាយុ៩០ឆ្នាំ ជា ម្ចាស់ក្រុមហ៊ុនគ្រឿងសំអាងកាយ L’OREAL បានរងនូវសភាពវង្វេងវង្វាន់ដោយភាពចាស់ជរា តាំងតែពីខែកញ្ញា ឆ្នាំ២០០៦ ម្ល៉េះ គឺកាលគាត់មានអាយុ៨៤ឆ្នាំ។ ដូច្នេះ ជនមួយចំនួន បានឆ្លៀតឳកាសកេងចំណេញប្រាក់កាស ពីភាពទន់ខ្សោយរបស់លោកស្រី។
បែបយ៉ាង អតីតប្រធានាធិបតីបារាំង លោក នីកូឡា សារកូហ្ស៊ី ដែលជាប់ចោទថា បានទទួលយកលុយកាក់ខុសច្បាប់ពីគ្រួសារបេតង់កួរ ដើម្បីឧបត្ថម្ភយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សលោក នៅឆ្នាំ២០០៧។ អតីតគណនេយ្យកររបស់លោកស្រីបេតង់កួ ធ្លាប់បានប្រាប់ប៉ូលិសថា ខ្លួនធ្លាប់បានដកលុយសុទ្ធប្រមាណ ១៥ម៉ឺនអឺរ៉ូ សំរាប់វិភាគទានការឃោសនាបោះឆ្នោតរបស់លោកសាកូហ្ស៊ី។
សាលាឧទ្ទរណ៍សំរេចបន្តការចោទប្រកាន់លើលោកសាកូហ្ស៊ី និងមនុស្ស១១នាក់ទៀត ក្នុងសំណុំរឿងនេះ។ ទន្ទឹមនេះដែរ ចាប់ពីពេលនេះទៅ ចៅក្រមបីរូបអាចសំរេចបានថា តើជនរូបណាដែលគ្មានវត្តមានក្នុងហេតុការណ៍កេងចំណេញភាពទន់ខ្សោយរបស់ស្ត្រីមហាសេដ្ឋីរូបនេះ ហើយជនណាខ្លះទៀត ដែលនឹងត្រូវបញ្ជូនទៅអោយតុលាការជំនុំជម្រះ។
មេធាវីរបស់ជនជាប់ចោទនានា បានសង្ស័យពីភាពមិនអព្យាក្រិតរបស់ចៅក្រម Jean Michel Gentil ព្រោះយោងតាមពួកគេ គ្រូពេទ្យមួយរូបក្នុងចំណោមគ្រូពេទ្យទាំង៥រូប ដែលចេញសេចក្តីវិនិច្ឆ័យនេះ មានទំនាក់ទំនងជិតដិតជាមួយចៅក្រមរូបនេះ។ ហើយចៅក្រមរូបនេះ បានសំរេចយកអ្នកជំនាញផ្លូវការខួរក្បាលពីររូប ដែលគ្មានឈ្មោះក្នុងបញ្ជីផ្លូវការនោះ អោយមកធ្វើការវិនិច្ឆ័យស្ថានភាពសុខភាពលោកស្រីបេតង់គួ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ