លោកសាកូហ្ស៊ីជាប់ចោទថាបានទទួលលុយខុសច្បាប់ពីម្ចាស់ក្រុមហ៊ុន L’Oréal
ជម្លោះផ្ទៃក្នុងគ្រួសារម្ចាស់ក្រុមហ៊ុនលក់ គ្រឿងសម្អាងកាយ ឡូរេអាល់ (L’Oréal) នៅពេលនេះ បានរាលដាលមួយកម្រិតទៀតហើយ។ អតីតអ្នកកាន់បញ្ជីលុយកាក់របស់គ្រួសារបេតង់គួរ (Bettencourt) បានចោទលោកសាកូហ្ស៊ីថាបានទទួលលុយ ១៥ម៉ឺនអឺរ៉ូ ពីគ្រួសារបេតង់គួរ សម្រាប់ចំណាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧។ គឺជាចំនួនទឹកប្រាក់ ដែលលើសពីការកំណត់របស់ច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
បទវិភាគរបស់ សេង ឌីណា
អតីតគណនេយ្យកររបស់គ្រួសារបេតង់គួរ (Bettencourt) ម្ចាស់ក្រុមហ៊ុនឡូរេអាល់ (L’Oréal) ត្រូវបានប៉ូលិសកោះហៅទៅសាកសួរ កាលពីថ្ងៃចន្ទ ម្សិលមិញ ជុំវិញសំណុំរឿងពាក់ព័ន្ធនឹងលោកអេរីក វើត (Eric Woerth) រដ្ឋមន្រ្តីក្រសួងការងារ (អតីតរដ្ឋមន្រ្តីទទួលថវិកាជាតិ) និងជាហិរញ្ញិកនៃគណបក្ស UMP ដែលជាគណបក្សកាន់អំណាច។ អតីតគណនេយ្យករនេះ បានប្រាប់ប៉ូលិសថា កាលពីខែមីនា ឆ្នាំ២០០៧ គាត់បានដកលុយសុទ្ធចំនួន ៥ម៉ឺនអឺរ៉ូ បូកជាមួយលុយ ១០ម៉ឺនដកពីធនាគារស្វ៊ីស (ទាំងអស់ ១៥ម៉ឺនអឺរ៉ូ) ដើម្បីឲ្យទៅលោកអេរីក វើត។ គឺជាលុយវិភាគទានសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកសាកូហ្ស៊ី។
វិភាគទាន ១៥ម៉ឺនអឺរ៉ូនេះ បើសិនជាកើតមានពិតដូចការអះអាងរបស់អតីតគណនេយ្យករនេះមែន គឺជារឿងខុសច្បាប់ ពីព្រោះថា តាមច្បាប់បារាំង គេមិនអាចធ្វើវិភាគទានឲ្យគណបក្សនយោបាយមួយ លើសពី ៧ ៥០០អឺរ៉ូទេ ក្នុងមួយឆ្នាំ។ ការធ្វើវិភាគទានជួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនណាមួយ ក៏ត្រូវកំណត់យ៉ាងច្រើនបំផុត ត្រឹមតែ ៤ ៦០០អឺរ៉ូដែរ។
អតីតគណនេយ្យកររបស់គ្រួសារបេតង់គួរ ក៏បានអះអាងផងដែរថា លោកសាកូហ្ស៊ីធ្លាប់ចេញចូលផ្ទះគ្រួសារបេតង់គួរជាញឹកញាប់ តាំងពីគាត់មិនទាន់បានធ្វើប្រធានាធិបតីម៉្លេះ។ ជារៀងរាល់លើក ពេលដែលលោកសាកូហ្ស៊ី ទៅផ្ទះគ្រួសារបេតង់គួរ អតីតគណនេយ្យករនេះ តែងតែទទួលបញ្ជាឲ្យដកលុយសុទ្ធដាក់ក្នុងស្រោមសំបុត្រ ដើម្បីទុកឲ្យលោកសាកូហ្ស៊ី។ ក៏ប៉ុន្តែ អតីតគណនេយ្យករនេះបានទទួលស្គាល់ថា គាត់មិនមានភស្តុតាងបញ្ជាក់ការអះអាងទាំងប៉ុន្មានរបស់គាត់ខាងលើនេះ ទេ ពីព្រោះលុយដែលឲ្យទៅលោកសាកូហ្ស៊ី គឺជាលុយសុទ្ធ ហើយមិនមានទុកក្រដាសស្នាមអ្វីជាតម្រុយនោះទេ។
នៅព្រឹកថ្ងៃអង្គារនេះ លោកសាកូហ្ស៊ី និងលោកអេរីក វើត សុទ្ធតែបានបដិសេធការអះអាងរឿងទទួលលុយខុសច្បាប់ទាំងនេះ។ លោកអេរីក វើត បានអះអាងសាជាថ្មីម្តងទៀតថា លោកនឹងមិនចុះចេញពីតំណែងនោះទេ ព្រោះលោកមិនបានធ្វើអ្វីខុស។
មន្រ្តីខ្លះ ក្នុងជួរថ្នាក់ដឹកនាំគណបក្ស UMP បានស្នើសុំឲ្យលោកសាកូហ្ស៊ីធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ជា ប្រញាប់ ដើម្បីពន្យល់ពលរដ្ឋបារាំងឲ្យបានច្បាស់ ជុំវិញរឿងអាស្រូវនេះ។ មានតំណាងរាស្រ្តគណបក្ស UMP ខ្លះ ថែមទាំងបានស្នើសុំឲ្យលោកសាកូហ្ស៊ីរុះរើគណៈរដ្ឋមន្រ្តីក្នុងពេល ឆាប់ៗនេះទៀតផង ដោយមិនបាច់ចាំដល់ខែតុលា ដូចដែលលោកសាកូហ្ស៊ីបានបង្ហើបឲ្យដឹង កាលពីប៉ុន្មានថ្ងៃមុននេះទេ។ ដូច្នេះ នៅពេលនេះ រឿងអាស្រូវបានធ្វើឲ្យលោកសាកូហ្ស៊ីត្រូវទទួលសម្ពាធមិនត្រឹមតែពី គណបក្សប្រឆាំងនោះទេ ក៏ប៉ុន្តែ ទាំងពីគណបក្សកាន់អំណាចខ្លួនឯងផ្ទាល់ផងដែរ។
កាលពីដំបូង ដែលលោកសាកូហ្ស៊ី ចង់ចាំដល់ខែតុលា ទើបរុះរើគណៈរដ្ឋមន្រ្តី ពីព្រោះលោកចង់ទុកពេល ដើម្បីធ្វើកំណែទម្រង់អាយុចូលនិវត្តន៍ឲ្យបានចប់សព្វគ្រប់ជាមុនសិន។ ក៏ប៉ុន្តែ បើរឿងអាស្រូវបានរីករាលដាលកាន់តែធំបែបនេះទៅហើយ តើលោកសាកូហ្ស៊ីពិតជាអាចចាំដល់ខែតុលាបានដែរឬទេ? បើសិនជាត្រូវបង្ខំចិត្តរុះរើគណៈរដ្ឋមន្រ្តីនៅពេលនេះ តើរដ្ឋមន្រ្តីណាត្រូវទៅ រដ្ឋមន្រ្តីណាត្រូវនៅ? តើលោកអេរីក វើត ត្រូវចេញពីរដ្ឋាភិបាលដែរឬក៏យ៉ាងណា? បើចេញ តើអ្នកណាជាអ្នកមកទទួលសំណុំរឿងកំណែទម្រង់អាយុចូលនិវត្តន៍? ទាំងនេះ សុទ្ធតែជាជម្រើសដ៏ពិបាក ដែលកំពុងតែធ្វើឲ្យលោកសាកូហ្ស៊ី និងរដ្ឋាភិបាលរបស់លោកវិលមុខ។ នេះនៅមិនទាន់និយាយដល់ផងថា តើថ្ងៃស្អែកនឹងមានព័ត៌មានអ្វីថ្មីផ្ទុះឡើងទៀត ជុំវិញសំណុំរឿងបេតង់គួរនេះ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ