ក្តីក្តាំរឿងទ្រព្យសម្បត្តិនៃគ្រួសារម្ចាស់ក្រុមហ៊ុន L’Oréal ក្លាយជាជម្លោះនយោបាយ
នៅថ្ងៃនេះ តុលាការបារាំងចាប់បើកសវនាការជំនុំជម្រះក្តីក្តាំ ក្នុងគ្រួសារបេតង់គួរ (Bettencourt) ដែលជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាងកាយដ៏ល្បីល្បាញរបស់បារាំង គឺក្រុមហ៊ុនឡូរេអាល់ (L’Oréal)។ រឿងក្តីក្តាំនេះ គឺជាជម្លោះក្នុងគ្រួសារ រវាងម្តាយ និងកូន ទាក់ទងនឹងទ្រព្យសម្បត្តិ។ ក៏ប៉ុន្តែ នៅពេលនេះ វាបានរាលដាលទៅជាជម្លោះរវាងរដ្ឋាភិបាលបារាំង និងគណបក្សប្រឆាំងទៅវិញ។
ចុះផ្សាយនៅថ្ងៃ៖
ការពន្យល់របស់សេង ឌីណា
លោកស្រីលីល្យ៉ាន បេតង់គួរ (Liliane Bettencourt) គឺជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅបារាំង។ ទ្រព្យសម្បត្តិរបស់លោកស្រី គិតសរុបជាទឹកប្រាក់មានប្រមាណជា ១៧ពាន់លានអឺរ៉ូ (១៧ ០០០ ០០០ ០០០ អឺរ៉ូ) លោកស្រី គឺជាម្ចាស់ក្រុមហ៊ុនឡូរេអាល់ (L’Oréal) ដែលជាក្រុមហ៊ុនលក់គ្រឿងសម្អាងកាយធំជាងគេបង្អស់ នៅលើពិភពលោក។ លោកស្រីបេតង់គួរ មានអាយុ ៨៧ឆ្នាំ ហើយមានកូនស្រីតែម្នាក់គត់ ដែលជាអ្នកបន្តមរតក។
លោកស្រីបេតង់គួរមានមិត្តភក្តិដ៏ជិតស្និទ្ធិម្នាក់ ដែលជាអ្នកថតរូប ឈ្មោះ ហ្វ្រង់ស័រ-ម៉ារី បានីញេ (François-Marie Banier)។ អ្នកថតរូបនេះ គឺជាមិត្តភក្តិ ដែលលោកស្រីបេតង់គួរស្រឡាញ់ចូលចិត្ត ហើយតែងតែធ្វើអំណោយជាលុយកាក់ និងអំណោយផ្សេងៗទៀត ដែលគិតជាទឹកប្រាក់សរុបប្រមាណជិត ១ពាន់លានអឺរ៉ូ (១ ០០០ ០០០ ០០០ អឺរ៉ូ)។
នៅឆ្នាំ២០០៧ កូនស្រីរបស់លោកស្រីបេតង់គួរ ក៏បានដាក់ពាក្យប្តឹងទៅតុលាការ ដោយចោទប្រកាន់អ្នកថតរូបថា មានគោលបំណងអាក្រក់ ឆ្លៀតកេងចំណេញបោកយកទ្រព្យសម្បត្តិពីលោកស្រីបេតង់គួរ។ ក៏ប៉ុន្តែ លោកស្រីបេតង់គួរបានជួយការពារមិត្តភក្តិរបស់គាត់ ដោយបានលើកឡើងថា ទ្រព្យសម្បត្តិគឺជារបស់គាត់ ដូច្នេះ គាត់មានសិទ្ធិចាត់ចែងតាមតែចិត្តគាត់។ ម្យ៉ាងទៀត គាត់ក៏បានអះអាងផងដែរថា គាត់នៅមានស្មារតីរឹងប៉ឹងធម្មតា មិនដូចការលើកឡើងរបស់កូនស្រីរបស់គាត់នោះទេ។ ជម្លោះនេះ ក៏បានក្លាយទៅជាជម្លោះរវាងម្តាយ និងកូន ត្រកូលបេតង់គួរ។
ប៉ុន្តែ ការរាលដាលនៃជម្លោះមិនឈប់ត្រឹមនេះទេ។ កាលពីខែឧសភា ២០១០ កូនស្រីលោកស្រីបេតង់គួរបានបញ្ជូនខ្សែអាត់សំឡេងមួយ ដែលអ្នកបម្រើក្នុងផ្ទះលួចថតសំឡេងរបស់លោកស្រីបេតង់គួរ។ គោលបំណងរបស់ខ្សែអាត់នេះ គឺចង់បង្ហាញថា លោកស្រីបេតង់គួរ គឺពិតជាមនុស្សមានចិត្តល្អ និងចិត្តទន់ ដែលឆាប់ចាញ់ការលួងលោមបោកប្រាស់គេ។ ក៏ប៉ុន្តែ នៅក្នុងខ្សែអាត់សំឡេងនេះ ក៏មានកន្លែងមួយ ដែលលោកស្រីបេតង់គួរនិយាយអំពីការលួចគេចពន្ធពីរដ្ឋាភិបាលបារាំង និងបាននិយាយអំពីទំនាក់ទំនងរវាងលោកស្រី និងគ្រួសារលោកអេរីក វើត (Eric Woerth)។
លោកអេរីក វើត បច្ចុប្បន្ន ទើបនឹងត្រូវផ្លាស់មកធ្វើជារដ្ឋមន្រ្តីក្រសួងការងារ ក៏ប៉ុន្តែ កាលពីប៉ុន្មានខែមុន គឺជាអតីតរដ្ឋមន្រ្តីក្រសួងថវិកាជាតិ ដែលមានភារកិច្ចទទួលខុសត្រូវខាងសារពើពន្ធ។ ប្រពន្ធរបស់អេរីក វើត ធ្វើការក្នុងក្រុមហ៊ុនមួយ ដែលទទួលខុសត្រូវចាត់ចែងទ្រព្យសម្បត្តិរបស់លោកស្រីបេតង់គួរ។
ក្រោយពីបណ្តាញសារព័ត៌មានចុះផ្សាយអំពីខ្សែអាត់សំឡេងនេះ រឿងរ៉ាវអាស្រូវជុំវិញលោកអេរីក វើត ក៏បានផ្ទុះឡើង។ គណបក្សប្រឆាំង ក្នុងសភាបារាំង បានចោទលោកអេរីក វើត ថាបានប្រើអំណាចជារដ្ឋមន្រ្តី ដើម្បីជួយការពារលោកស្រីបេតង់គួរ ក្នុងរឿងគេចពន្ធ។ គណបក្សប្រឆាំងបានទាមទារឲ្យលោកអេរីក វើត លាចុះចេញពីតំណែង។
ក្រោយពីផ្ទុះរឿងអាស្រូវនេះ ប្រពន្ធរបស់លោកអេរីក វើត បានលាឈប់ពីក្រុមហ៊ុន ដែលទទួលខុសត្រូវចាត់ចែងទ្រព្យសម្បត្តិរបស់លោកស្រីបេតង់គួរ។ ក៏ប៉ុន្តែ លោកអេរីក វើត បានបដិសេធមិនព្រមចុះចេញពីតំណែង ក្នុងហេតុផលថា លោកមិនមានកំហុសអ្វី ដែលត្រូវចុះចេញពីតំណែងនេះទេ។ ខាងរដ្ឋបាលពន្ធដារក៏បានអះអាងដែរថា លោកអេរីក វើត មិនដែលធ្វើអន្តរាគមន៍ណាមួយ ជួយការពារលោកស្រីបេតង់គួរនោះទេ។
នៅពេលនេះ រដ្ឋាភិបាលបារាំងបានបញ្ជាឲ្យរដ្ឋបាលពន្ធដារបើកការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោកស្រីបេតង់គួរ។ ក៏ប៉ុន្តែ សមាជិកសភាខាងគណបក្សអំណាច បូករួមទាំងមន្រ្តីរដ្ឋាភិបាល រហូតដល់នាយករដ្ឋមន្រ្តី និងប្រធានាធិបតីបារាំង សុទ្ធតែបានជួយការពារលោកអេរីក វើត ហើយបានរិះគន់គណបក្សប្រឆាំងថា យកពាក្យចចាមអារ៉ាមមកធ្វើជាលេស ដើម្បីធ្វើការវាយប្រហារលើរដ្ឋាភិបាល។
នៅពេលនេះ នៅក្នុងតុលាការ ជម្លោះរវាងម្តាយ និងកូនស្រី ត្រកូលបេតង់គួរ នៅតែបន្ត ហើយមានសន្ទុះកាន់តែខ្លាំង។ ចំណែក នៅក្នុងរដ្ឋសភាបារាំង និងនៅតាមបណ្តាញសារព័ត៌មានវិញ ជម្លោះពាក្យសម្តីរវាងរដ្ឋាភិបាលបារាំង និងគណបក្សប្រឆាំង ក៏កាន់តែមានសន្ទុះខ្លាំងក្លាដែរ។ គេមិនដឹងថា តើលោកអេរីក វើត នឹងអាចទ្រាំទ្រនឹងរឿងអាស្រូវនេះរហូតដល់ពេលណានោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ