អានតួអត្ថបទ

ណូបែលសន្តិភាព២០២៣បានផ្តល់ឲ្យស្រ្តីសកម្មជនអ៊ីរ៉ង់ Narges Mohammadi ដែលកំពុងជាប់ឃុំ

រដូវ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​ឆ្នាំ ២០២៣ កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ បន្ទាប់​ពី​ណូបែល​វេជ្ជសាស្រ្ត រូបវិទ្យា គីមីវិទ្យា និង​អក្សរសាស្រ្ត​មក ថ្ងៃ​សុក្រ ទី៦ តុលា​ជា​ការ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព។ រង្វាន់ណូបែល​សន្តិភាព​ឆ្នាំ ២០២៣ នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ណូបែល​ផ្តល់​ទៅ​ឲ្យ​ស្រ្តី​អ្នកកាសែត និង​សកម្មជន​អ៊ីរ៉ង់​លោកស្រី Narges Mohammadi ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ណូបែលសន្តិភាព២០២៣បានទៅស្រ្តីសកម្មជនអ៊ីរ៉ង់ Narges Mohammadi ដែលកំពុងជាប់ឃុំ
ណូបែលសន្តិភាព២០២៣បានទៅស្រ្តីសកម្មជនអ៊ីរ៉ង់ Narges Mohammadi ដែលកំពុងជាប់ឃុំ via REUTERS - MOHAMMADI FAMILY ARCHIVE PHOTOS
ផ្សាយពាណិជ្ជកម្ម

ជម្រើស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ឲ្យ​លោកស្រី Narges Mohammadi ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​ណូបែល​លោកស្រី Berit Reiss-Andersen លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា លោកស្រី Narges Mohammadi បាន​ប្រយុទ្ធប្រឆាំង​នឹង​ការ​គាប​សង្កត់​លើ​ស្ត្រី​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​បាន​តស៊ូ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សេរីភាព​សម្រាប់​ទាំង​អស់​គ្នា។ មាន​អាយុ ៥១ឆ្នាំ ស្រ្តី​អ្នកកាសែត និង​សកម្មជន​អ៊ីរ៉ង់​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន ១៣ដង និង​កាត់ទោស​ចំនួន ៥ដង​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​សរុប​ចំនួន ៣១ឆ្នាំ​ដោយសារ​តែ​លោកស្រី​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ទោស​ប្រហារ​ជីវិត និង​ប្រឆាំង​កាតព្វកិច្ច​ពាក់កន្សែង​រុំមុខ​របស់​ស្រ្តី​នៅ​អ៊ីរ៉ង់។

ក្រោយ​ពី​ការ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ឲ្យ​លោកស្រី Narges Mohammadi អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋអំណាច​អ៊ីរ៉ង់​ដោះលែង​លោកស្រី​ជា​បន្ទាន់។ សំណើ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រធាន​គណៈកម្មាធិការ​ណូបែល​លោកស្រី Berit Reiss-Andersen ដែរ។ « ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ដោះលែង​លោកស្រីNarges Mohammadi។ ចូរ​អស់លោក​ធ្វើ​អ្វីៗ​ដែល​សមរម្យ ថ្លៃថ្នូរ និង​ដោះលែង​ជ័យលាភី​រង្វាន់ណូបែលសន្តិភាព​ទៅ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Berit Reiss-Andersen។ ការ​សម្រេច​ផ្តល់​រង្វាន់​ណូបែលសន្តិភាព​ឲ្យ​អ្នកកាសែត និង​សកម្មជន​អ៊ីរ៉ង់​លោកស្រី Narges Mohammadi បាន​ធ្វើ​ឡើង ខណៈ​ដែល​អ៊ីរ៉ង់​បាន​ឆ្លង​កាត់​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​ក្នុង​ឆ្នាំ ២០២២។

ចលនា​ប្រឆាំង​មួយ​នេះ​បាន​កើត​ចេញ​ពី​ការ​ស្លាប់​នារី Mahsa Amini វ័យ ២២ឆ្នាំ​ដោយ​សា្នដៃ​ប៉ូលិស​សីលធម៌​ក្នុង​ថ្ងៃទី១៦ កញ្ញា ២០២២។ តាម​អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ Iran Human Rights មហាបាតុកម្ម​កាល​ណោះ​បាន​រង​ការ​វាយបង្រ្កាប​យ៉ាង​ចាស់​ដៃ​ពី​កម្លាំង​ប៉ូលិស និង​ទាហាន​ដោយ​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ចំនួន ៥៥១នាក់ ក្នុង​នោះ​មាន​ស្រ្តី ៤៩នាក់ និង​កូនក្មេង ៦៨នាក់។ « ស្រ្តី ជីវិត សេរីភាព » នេះ​ជា​ពាក្យ​ស្លោក​ដែល​បាន​កើត​ចេញ​ពី​ចលនា​ប្រឆាំង​ពេល​នោះ និង​ដែល​ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​ណូបែល​យក​ទៅ​អាន​នៅ​ក្នុង​ពិធី​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ឲ្យ​អ្នកកាសែត និង​សកម្មជន​អ៊ីរ៉ង់​លោកស្រី Narges Mohammadi។

ចំណែក​គ្រួសារ​លោកស្រី Narges Mohammadi បាន​សាទរ​ដោយ​ចាត់​ទុក​ជា​ពេលវេលា​ប្រវត្តិសាស្រ្ត​សម្រាប់​ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព​នៅ​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា លោកស្រី Narges Mohammadi ជា​ស្រ្តី​អ៊ីរ៉ង់​ទី២ ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព។ កាល​ពី ២០ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ២០០៣ រង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​ផ្តល់​ឲ្យ​ស្រ្តី​ជនជាតិ​អ៊ីរ៉ង់​លោកស្រី Shirin Ebadi។ នៅ​ពេល​ទៅ​ទទួល​រង្វាន់​ផ្ទាល់​ដៃ​នៅ​ក្រុង​អូស្លូ ប្រទេស​ន័រវែស​កាល​ណោះ លោកស្រី Shirin Ebadi បាន​ផ្គើន​របប​ដឹកនាំ​អ៊ីរ៉ង់​ដោយ​មិន​ប្រើ​កន្សែង​រុំ​ក្បាល និង​សក់​ទេ។ សម្រាប់​លោកស្រី Narges Mohammadi វិញ បើ​លោកស្រី​នៅ​បន្ត​ជាប់​ឃុំ លោកស្រី​នឹង​មិន​អាច​ទៅ​ទទួល​ទទួល​រង្វាន់​ណូបែល​ផ្ទាល់​ដៃ​ជាមួយ​នឹង​ប្រាក់​រង្វាន់​ចំនួន ៩០០ ០០០អឺរ៉ូ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ