អានតួអត្ថបទ
ស៊ុយអែត-ណូបែល

ណូបែលរូបវិទ្យា២០២៣បានទៅរូបវិទូ៣នាក់សម្រាប់ស្នាដៃពាក់ព័ន្ធនឹងអេឡិចត្រុង

ថ្ងៃ​អង្គារ ទី៣ តុលា​ជា​ការ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០២៣។ សម្រាប់​រង្វាន់ណូបែល​រូបវិទ្យា​ឆ្នាំ ២០២៣ នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ណូបែល​ផ្តល់​ទៅ​ឲ្យ​រូបវិទូ​ចំនួន ៣រូប​សម្រាប់​ស្នាដៃ​ពាក់ព័ន្ធ​នឹង​អេឡិចត្រុង។

ណូបែលរូបវិទ្យា២០២៣បានទៅរូបវិទូ៣នាក់សម្រាប់ស្នាដៃពាក់ព័ន្ធនឹងអេឡិចត្រុង។
ណូបែលរូបវិទ្យា២០២៣បានទៅរូបវិទូ៣នាក់សម្រាប់ស្នាដៃពាក់ព័ន្ធនឹងអេឡិចត្រុង។ © Nobel Prize Outreach
ផ្សាយពាណិជ្ជកម្ម

ជ័យលាភី​រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០២៣ ទាំង ៣នាក់​មាន​ទី១ លោក Pierre Agostini ជា​ជនជាតិ​បារាំង និង​ដែល​ជា​អ្នកស្រាវជ្រាវ ទី២ លោកស្រី Anne L’Huillier ជា​ជនជាតិ​បារាំង​ដើម​កំណើត​ស៊ុយអែត និង​ជា​សាស្ត្រាចារ្យ​រូបវិទ្យា​អាតូម និង​ទី៣ លោក Feren Krausz ជា​ជនជាតិ​អូទ្រីស​ដើមកំណើត​ហុងគ្រី និង​ជា​រូបវិទ្យា។ ស្នាដៃ​របស់​ជ័យលាភី​រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០២៣ ទាំង ៣នាក់​ពាក់ព័ន្ធ​នឹង​អេឡិចត្រុង។ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម លោកស្រី Anne L’Huillier បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សប្បាយ​រីករាយ និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​រង្វាន់​ណូបែល​សម្រាប់​លោកស្រី​ក្នុង​នាម​ជា​ស្រ្តី និង​ដឹង​ថា​មក​ដល់​សព្វថ្ងៃ មាន​ស្រ្តី​តិចតួច​ណាស់​ដែល​បាន​ទទួល​រង្វាន់​មួយ​នេះ។ ប្រាក់រង្វាន់​សម្រាប់​ណូបែល​រូបវិទ្យា​មាន​ចំនួន ៩២០ ០០០អឺរ៉ូ​ដែល​ត្រូវ​ចែក​ជា ៣ចំណែក។

តាម​ពិត សម្រាប់​រង្វាន់​ណូបែល​រូបវិទ្យា​ឆ្នាំ ២០២៣ មាន​ការ​លើក​ឈ្មោះ​ស្រ្តី​ផ្សេង​ទៀត​សម្រាប់​ស្នាដៃ​ផ្សេង ដូច​ជា​លោកស្រី Olga Botner ជា​ជនជាតិ​ដាណឺម៉ាក និង​លោកស្រី Sharon Glotzer ជា​ជនជាតិ​អាមេរិក។ គួរ​បញ្ជាក់​ថា បើ​គិត​តាំង​ពី​ឆ្នាំ ១៩០១ មក​ទល់​នឹង​ឆ្នាំ ២០២៣ នេះ គឺ​ទើប​មាន​ស្រ្តី ៥នាក់​ដែល​ទទួល​បាន​រង្វាន់​ណូបែល​រូបវិទ្យា។ លោកស្រី Marie Curie ទទួល​បាន​ក្នុង​ឆ្នាំ ១៩០៣ និង​នៅ ៦០ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៦៣ ទើប​មាន​ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ Maria Goeppert Mayer។ បន្ទាប់​មក​ទៀត គេ​ត្រូវ​រង់ចាំ ៥៥ឆ្នាំ ពោល​ក្នុង​ឆ្នាំ ២០១៨ ទើប​រង្វាន់​ណូបែល​រូបវិទ្យា​បាន​ធ្លាក់​ក្នុង​ដៃ​ស្រ្តី​ម្នាក់​ទៀត គឺ​លោកស្រី Donna Strickland សម្រាប់​ការ​រក​ឃើញ Laser និង Optique។

នៅ ២ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ២០២០ មាន​ស្រ្តី​ម្នាក់​ទៀត​លោកស្រី Andrea Ghez បាន​ទទួល​រង្វាន់​ណូបែល​រូបវិទ្យា​សម្រាប់​ការ​ឃើញ « ប្រហោងខ្មៅ » ឬ​ហៅ​ជា​ភាសា​អង់គ្លេស « Black Hole »។ ឥឡូវ​នេះ​ឆ្នាំ ២០២៣ រង្វាន់​ណូបែល​រូបវិទ្យា​បាន​ប្រគល់​ឲ្យ​ស្រ្តី​ម្នាក់​ទៀត​លោកស្រី Anne L’Huillier។ គេ​សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ មាន​ស្រ្តី​កាន់​តែ​ច្រើន​នឹង​ទទួល​បាន​រង្វាន់​ណូបែល មិន​ថា​រូបវិទ្យា គីមីវិទ្យា សេដ្ឋកិច្ច អក្សរសិល្ប៍ វេជ្ជសាស្រ្ត ឬ​សន្តិភាព​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ