អានតួអត្ថបទ

អ៊ែរដូហ្កាន ៖ ស៊ុយអែត ចូល​សមាជិក​អូតង់ ទាល់តែឲ្យ​ តួកគី ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប

ថ្ងៃអង្គារ ទី​១១ក​ក្កដា  អង្គការ​សម្ព័ន្ធ​មិត្ត​អូតង់ ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល នៅ​ប្រទេស ​លីទុយ​អានី។ សំណុំ​រឿង​សំខាន់ៗ ​ដែល ​ ​រដ្ឋសមាជិក ទាំង​​៣១ប្រទេស​  ​ត្រូវយក​ចិត្តទុកដាក់​ខ្លាំង គឺ​បញ្ហា​សង្គ្រាម​អ៊ុយក្រែន និង​ការ​ចូល​ជា​សមាជិក​របស់​ អ៊ុយក្រែន ទៅក្នុង​អង្គការ​អូតង់ ហើយ​និង​ បេក្ខភាព​សមាជិក​របស់​ ស៊ុយអែត​។ ចំពោះ​សំណុំ​រឿង​ស៊ុយអែត ត្រូវ​ថ្នាក់ដឹកនាំ​ តួ​កគី យក​ជា​ចំណាប់​ថ្នូរ​ថា តួកគី​នឹង​យល់​ព្រម​បើកភ្លើងខៀវ​ ​អនុញ្ញាតឲ្យ​ ស៊ុយអែត ចូល​ជា​សមាជិក​អង្គការ​អូតង់ ប៉ុន្តែ ត្រូវ​មាន​លក្ខខណ្ឌ​ គឺទាល់តែ​សហភាព​អឺរ៉ុប អនុញ្ញាត​ឲ្យ ​តួកគី ចូល​ជា​រដ្ឋ​សមាជិកដែរ​។

ប្រមុខរដ្ឋតួកគី លោក​ រេសេប តាយីប អ៊ែរដូហ្កាន ​ថា «រ​ដ្ឋបាល​ទីក្រុង​អង់ការ៉ា នឹង​គាំទ្រ​បេក្ខភាព​របស់​ ស៊ុយអែត ក្នុងការ​ចូល​ជា​សមាជិក​របស់ ​អូតង់​ ប្រសិន​បើ​​​ សហភាព​អឺរ៉ុប​​ យល់​ព្រម​បើកផ្លូវចរចា​ឲ្យ​ តួកគី ចូល​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ដែរ​ ​»។
ប្រមុខរដ្ឋតួកគី លោក​ រេសេប តាយីប អ៊ែរដូហ្កាន ​ថា «រ​ដ្ឋបាល​ទីក្រុង​អង់ការ៉ា នឹង​គាំទ្រ​បេក្ខភាព​របស់​ ស៊ុយអែត ក្នុងការ​ចូល​ជា​សមាជិក​របស់ ​អូតង់​ ប្រសិន​បើ​​​ សហភាព​អឺរ៉ុប​​ យល់​ព្រម​បើកផ្លូវចរចា​ឲ្យ​ តួកគី ចូល​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ដែរ​ ​»។ AP - Burhan Ozbilici
ផ្សាយពាណិជ្ជកម្ម

«យើង​សង្ឃឹមថា ស៊ុយអែត ចូល​ជា​សមាជិក​សម្ព័ន្ធ​អូតង់ ក្នុង​ពេល​ឆាប់ៗនេះ ហើយនៅក្នុង​កិច្ចប្រជុំ​កំពូល នៅ​រដ្ឋធានី​ Vilnius ​គឺ​ច្បាស់​ជា​នឹង​មាន​ការ​សម្រេច​ចិត្ត​វិ​ជ្ជមាន​ចំពោះ​បេក្ខភាព​ស៊ុយអែត »។ នេះបើតាម​ប្រសាសន៍​របស់ អគ្គលេខាធិការ​អង្គការ​អូតង់​ លោក​ យែន ស្តុលទែនប៊ែរ (Jens Stoltenberg) ដែល​ថ្លែងនៅថ្ងៃ​ច័ន្ទ​ ១ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អូតង់ បើកទ្វារ​នៅ​ប្រទេស​លីទុយ​អានី​។

សូម​ជ្រាបថា បេក្ខភាព​សមាជិក​របស់​ ស៊ុយអែត សុំ​ចូល​ទៅ​ក្នុង​រង្វង់​អង្គការ​អូតង់ គឺ​ត្រូវ​ប្រទេស​តួកគី ជំទាស់​យក​ជើង​រាទឹក​ ជាយូរ​ខែមកហើយ។ តួកគី ទំនាស់ ក៏ព្រោះតែ ស៊ុយអែត បា​នទទួល​ឲ្យ​ ពួកសកម្មជន​​គួដ ដែល​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋអំណាច​តួកគី បាន​សិទ្ធ​ជ្រកក្រោន​ស្នាក់​នៅ​ទីនោះ​។​ ក៏ប៉ុន្តែ ពីថ្ងៃច័ន្ទ​ ប្រធានាធិបតី​តួកគី មុន​នឹងហោះ​ចេញដំណើរពី​រដ្ឋធានី​អង់ការ៉ា ទៅ​ប្រទេស​លីទុយ​អានី ទីប្រជុំ​កំពូល​អូតង់ លោក​ រេសេប តាយីប អ៊ែរដូហ្កាន ប្រកាស​​លើកឡើងថា «រដ្ឋាភិបាល​តួកគី ជា​សមាជិក​អង្គការ​អូតង់ ជាង​៥០ឆ្នាំមកហើយ។ ​​រដ្ឋបាល​ទីក្រុង​អង់ការ៉ា នឹង​គាំទ្រ​បេក្ខភាព​របស់​ ស៊ុយអែត ក្នុងការ​ចូល​ជា​សមាជិក​របស់ ​អូតង់ គឺ​ដូច​កាល​ដែល តួកគី បើកផ្លូវ​ឲ្យ​ ប្រទេស​ហ្វាំង​ចូល​ជាសមាជិក​អូតង់​ ពេល​ថ្មីៗនេះ​ ប្រសិន​បើជា​​ សហភាព​អឺរ៉ុប​​ យល់​ព្រម​បើកផ្លូវចរចា​ឲ្យ​ តួកគី ចូល​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ដែរ​ ​»។

គួរ​រំលឹកថា តាំងពី​ឆ្នាំ ១៩៨៧ ប្រទេស​តួកគី បាន​ដាក់​បេក្ខភាព​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប តាំងពី​ពេល សហភាព​អឺរ៉ុប នៅជា​សហគម​​សេដ្ឋកិច្ច​អឺរ៉ុប​ម្ល៉េះ​។ ទាល់តែ​ជាង​១០​​ឆ្នាំក្រោយ គឺនៅឆ្នាំ១៩៩៩ ទើប​ សហភាព​អឺរ៉ុប ទទួល​យក​សំណើសុំ​របស់​តួកគី​​ ប៉ុន្តែ ក៏នៅ​មិន​ទាន់​បើក​ នីតិវិធី​ចរចាជាផ្លូវការ​ នោះដែរ​ទេ​។​ ​ទីបំផុត ចាប់ពីឆ្នាំ២០០៥មក ក៏ត្រូវ​ជាប់​ឃាំង ។ ​ ជាប់​ឃាំង​ពីព្រោះតែ​ សហភាព​អឺរ៉ុប​ ទាមទារ​លក្ខខណ្ឌ​ជុំវិញ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាជា​ធិបតេយ្យ ដែល​ខាង​បច្ចិមប្រទេស​​បាន​ចោទប្រកាន់​​​ តួកគី ថា​នៅ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស រំលោភ​គោល​ការណ៍​ប្រជាធិបតេយ្យ​ច្រើន​នៅឡើយ។​ ហេតុនេះគឺមិន​ទាន់​អាច​ចូល​រង្វង់​គ្រួសារ​សហភាព​បានទេ​​​។

ទោះជា​ម្តេច​ក្តី ជា​ចម្លើយ​សារនយោបាយ​តបទៅ​តួកគី  គឺ​ អធិការបតី​អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ ប្រកាស​ថា គេ​មិនត្រូវ​ច្រឡូក​ច្រឡំ​គ្នា រវាង​ការ​ចូល​ជា​សមាជិក​អូតង់ ​និង ការចូល​​សមាជិក​សហភាព​អឺរ៉ុប​នោះឡើយ​។  បើ​តាម​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ សំណុំ​រឿង២នេះ ជា​បញ្ហា២ដាច់​ដោយ​ឡែក​ពីគ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ